ព័ត៌មានភូមិភាគភ្នំពេញ

ក្រុមបងស្រីមេត្តាករុណាជាឧបករណ៍នៃសន្តិភាព

ភ្នំពេញៈ “ភូមិគ្រឹះ សន្តិភាព” ជាផ្ទះទី២ នៃក្រុមបងស្រីមេត្តាករុណាចោមចៅ បានរៀបចំពិធីអរព្រះគុណព្រះជាម្ចាស់​សម្រាប់ខួប​២៥ឆ្នាំ ដែលក្រុមគ្រួសារបងស្រីមេត្តាករុណមកបំពេញបេសកកម្មនៅចោមចៅ។ ពិធីនេះបានប្រារព្ធទៅកាលពីថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលមានការចូលរូមពីប្រជាពលរដ្ឋ គ្រីស្តបរិស័ទ បងប្រុសបងស្រី លោក​បូជាចារ្យ យ៉ាងច្រើនកុះករ ក្រោមអធិបតីលោកអភិបាល អូលីវីយេ។

ថ្លែងក្នុងធម្មទេសនា លោកអភិបាល អូលីវីយេ មានប្រសាសន៍ថា “បងប្អូនទាំងអស់ដែល​ចេញ​ចូលនៅក្នុងផ្ទះនេះ បានទទួលជីវិតថ្មីដោយសារព្រះហឫទ័យស្រឡាញ់ និងព្រះហឫទ័យ​មេត្តាករុណា ដែលបងស្រីបានយកចិត្តទុកដាក់អនុវត្ត និងរស់នៅក្នុងព្រះបន្ទូល​របស់ព្រះជា​ម្ចាស់​។”

លោកថា កន្លែងនេះជាកន្លែងមួយពិសេស ដើម្បីអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ ធ្វើ​តាម​ព្រះហឫទ័យរបស់ព្រះអង្គ ណែនាំឲ្យជីវិតរបស់យើងពោរពេញដោយអំណរសប្បាយ។

លោកអភិបាលបានបន្តថា ពេលយើងមកដល់ផ្ទះបងស្រីមេត្តាករុណា ណែនាំឲ្យយើងយល់ថា ពិតមែនព្រះជាម្ចាស់បានរៀបចំ​ដើម្បីឲ្យបងប្អូនដែលគ្មានទីពឹង អាចរកឃើញគ្រួសារថ្មីមួយ។ ហើយអ្វីៗដែលបងស្រីធ្វើ គឺធ្វើដោយទឹកចិត្តម្តាយ ដែលស្រឡាញ់កូន លើកទឹកចិត្តកូន ធ្វើ​ដំណើរ​ជាមួយកូន ថែរក្សាកូន លើកលែងទោសឲ្យកូនជានិច្ច ដើម្បីឲ្យកូនទៅមុខបាន ដូច្នេះ​នៅទីនេះ ជាផ្ទះនៃសេចក្តីសុខសាន្ត ជាផ្ទះនៃសុខសន្តិភាព។

ក្នុងកម្មវិធីនេះមានបងស្រីតំណាងឲ្យក្រុមគ្រួសារបងស្រី​មេត្តា​ករុណាចោមចៅ បានថ្លែងថា យើងខ្ញុំសូមអរគុណដល់ព្រះជាម្ចាស់ដែល​បានត្រាស់​ហៅ​យើងខ្ញុំ ឲ្យធ្វើជាឧបករណ៍នៃសន្តិភាព សូមអរគុណដល់រាជរដ្ឋា​ភិបាល​កម្ពុជា ដែល​បាន​អនុញ្ញាតិឲ្យយើងខ្ញុំបម្រើដល់ប្រជាពលរដ្ឋក្រីក្រនៅប្រទេសកម្ពុជា។ យើងខ្ញុំសូមអរគុណ​បង​ប្អូន​ទាំងអស់គ្នា ដែលបានផ្តល់ឱកាសឲ្យយើងខ្ញុំបានបម្រើអ្នកក្រីក្រនៅក្នុងប្រទេសកម្ពុជា យើង​ខ្ញុំ​រីករាយក្នុងការបម្រើបងប្អូនទាំងនោះ ដោយស្នាមញញឹម អស់រយៈពេល២៥ឆ្នាំកន្លង​មក​នេះ។

កញ្ញា ប៉ាញ ចិន្ដា តំណាងកូនកំព្រា ដែលបានក្រុមគ្រួសារបង​ស្រីមេត្តា​ករុណា​ចោមចៅ​ចិញ្ចឹម ថែរក្សា បានអរគុណបងស្រីទាំងអស់​គ្នាសម្រាប់​ការថែរក្សា ការយកចិត្តទុកដាក់ និងសេចក្តីស្រឡាញ់ដែលបងស្រី​មានសម្រាប់នាងផ្ទាល់ក៏ដូចជាកុមារផ្សេងៗទៀតនៅក្នុងផ្ទះបងស្រី។ សូមអររគុណសម្រាប់អ្វីៗដែលនាងនិងមិត្តភក្តីបានទទួល និងរៀនពីបងស្រីទាំងអស់ ជាពិសេសកម្លាំងចិត្ត នឹងមិត្តភាពដែលគេមាននៅទីនេះ។ នាងថា “អរគុណដែលបងស្រី​បាន​បង្រៀន​ឲ្យពួកកូនមានជីវិតឯករាជ្យ និងចេះទទួលខុសត្រូវសម្រាប់ជីវិត​ផ្ទាល់ខ្លួនរបស់ពួកកូន ដើម្បីឲ្យពួកកូនមានជីវិតថ្មី។”

បន្ទាប់ពីពិធីអរព្រះគុណព្រះជាម្ចាស់រួចហើយ ក៏មានការសម្តែង​សិល្បះផ្សេងៗ ជាពិសេសរឿងដំណើរជីវិតរបស់អ្នកម្តាយតេរេសា ដែលជាអ្នកបង្កើតក្រុម​គ្រួសារបងស្រីមេត្តាករុណា។ ក្រោយមកក៏មាន ចែកសម្ភារៈជាក្រឿងបរិភោគ ដល់ក្រុមគ្រួសារក្រីក្រចំនួន២៥គ្រួសារ​ផងដែរ។

ក្រុមបព្វជិតា កាតូលិក បងស្រីមេត្តាករុណា នៃអ្នកម្តាយតេរេសា បានមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩២ តបតាមការអញ្ជើញរបស់សម្តេចហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សម្តេចហ៊ុន សែន បានផ្តល់ផ្ទះនិងដី មួយកន្លែងនៅក្នុងក្រុងភ្នំពេញ។ ក្រោយមកដីសម្រាប់សាងសងអាគារ មួយកន្លែងនៅចោមចៅសព្វថ្ងៃនេះ។ ដូច្នេះក្នុងក្រុងភ្នំពេញមានចំនួន២កន្លែងសម្រាប់បងស្រី បំពេញបេសកកម្ម បម្រើអ្នកក្រីក្រ កុមារកំព្រា កុមារ និងទារកដែលម្តាយបោះបង់ចោល អ្នកជំងឺធ្ងន់ធ្ងរ ចាសជរា ជាពិសេសអ្នកជំងឺរបេង ជំងឺរាំរ៉ែ និងអ្នកជំងឺអេដស៍ ។ល។ សព្វថ្ងៃនេះបងស្រីមានផ្ទះចំនួនបីកន្លែងនៅក្នុងប្រទេសកម្ពុជា គឺ២កន្លែងនៅភ្នំពេញ និងមួយកន្លែងនៅក្នុងខេត្តសៀមរាប។

លោកអភិបាល បូជាចារ្យតំបន់ភ្នំពេញខាងជើង និងគ្រួសារបងស្រីមេត្តាករណាក្នុងកម្មវិធីខួបទី ២៥ នៃគ្រួសារមេត្តាករណានៅកម្ពុជា