ព័ត៌មាន

ក្រុមការងារ នៃក្រសួងបរិស្ថាន ចុះពិនិត្យលើព្រំដី ដែលនឹងត្រូវប្រគល់ជូន ដល់ព្រះសហគមន៍ កាតូលិកនៅបូកគោ

[:kh]កំពត៖ ក្រុមការងារ នៃក្រសួងបរិស្ថាន និង ព្រះសហគមន៍សហគមន៍ បានចុះទៅដល់ទីតាំងបរិវេណព្រះវិហារកាតូលិកដ៏ចំណាស់ នៅលើកំពូលភ្នំបូកគោនាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីពិនិត្យឡើងវិញ នូវព្រំដីបរិវេណព្រះវិហារ ដែលបានចុះវាស់វែងនាពេលកន្លងទៅ។

ក្រុមការងារនេះ ដឹកនាំដោយ លោក សូឃុន ឫទ្ធិគុណ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួម ពីសំណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកំពត ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពត លោកបូជាចារ្យ យ៉ាំងលូកា បូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពព្រះសហគមន៍កាតូលិក ខេត្តកំពត និងលោកគឹម រតនា ប្រធានអង្គការការីតាសកម្ពុជា ។ ក្រុមការងារបានពិនិត្យមើល ព្រំដីទាំងប៉ុន្មាន ដែលបានវាស់រួចហើយ ដោយមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពត និងក្រុមការងារព្រះសហគមន៍កាតូលិក នាពេលកន្លងមក។ ដីដែលបានវាស់ហើយ មានពីរជម្រើស គឺ ជម្រើសទីមួយមានទំហំ ២,៧ ហិចតា និងជម្រើសទី២ មានទំហំ ៤,៨ ហិចតា។
ក្រោយពិនិត្យរួចរាល់លើព្រំដីដែលបានវាស់ហើយ លោកសូឃុន ឫទ្ធិគុណ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានផ្តល់យោបល់ដល់ក្រុមការងារនៃមន្ទីរបរិស្ថាន និងតំណាង ព្រះសហគមន៍កាតូលិក ឲ្យពិនិត្យឡើងវិញនូវព្រំដែលបានកំណត់រួចហើយ និងស្នើរឲ្យព្រះសហគនន៍កាតូលិក រៀបចំប្លង់មេនៅលើដី ដែលនឹងទទួលនោះឲ្យបានឆាប់រហ័ស ដើម្បីដាក់ជូនដល់រដ្ឋមន្ត្រី ធ្វើការសម្រេច និងប្រគល់ជូនព្រះសហគមន៍កាតូលិកវិញបានឆាប់រហ័ស។ 

លោកក៏បានស្នើដែរថា នៅក្នុងប្លង់មេ ធ្វើយ៉ាងណាត្រូវរក្សាឲ្យបាននូវបរិស្ថានធម្មជាតិ ជីវ ចម្រុះ ដែលមាននៅកន្លែងនោះ ហើយត្រូវតែអនុញ្ញាត ឲ្យសាធារណជនទាំងឡាយចេញចូលក្នុងបរិវេណនេះ នៅពេលក្រោយការកែលំអររួចហើយនោះ។ ជាការពិតណាស់ នៅជុំវិញបរិវេណ នៃព្រះវិហារនេះ មានរុក្ខជាតិចម្រុះ ដូចជា ដើមឈើ វល្លិ៍ផ្តៅ ដើមប៉ប្រក់ អូគីដេរភ្នំ និងមានរុក្ខជាតិជាច្រើនមុខទៀត ដែលបានបញ្ចេញផ្កាយ៉ាងស្រស់ស្អាតនៅទីនោះ។ 

ព្រះវិហារកាតូលិកចំណាស់នៅក្នុងឧទ្យាជាតិព្រះមន្នីវង្ស នៅលើកំពូលភ្នំបូកគោនេះ បានកសាងឡើងតាំងពីទសវត្សឆ្នាំ១៩២០ ក្នុងសម័យអាណានិគមនិយមបារាំង ធ្វើអាណាព្យាបាលលើកម្ពុជា និង បានបោះបងចោល តាំងពីប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល។
រាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន បានប្រគល់ព្រះវិហារនេះដល់ព្រះសហគមន៍កាតូលិកនៅកម្ពុជា គ្រប់គ្រង ជួសជុល ថែរក្សាវិញ កាលពីថ្ងែទី២៤ ខែធ្នូ ឆ្នាំ២០១៧ ក្នុងឱកាសដែលព្រះសហគមន៍កាតូលិក កំពុងប្រារព្ធពិធីបុណ្យអបអរសាទរព្រះយេស៊ូប្រសូត។ ពិធីនោះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកអូលីវីយេ ជ្មីតហស្ល៊េរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។[:]

Leave a Reply

Your email address will not be published.