សាលាដុនបូស្កូបានរៀបចំកម្មវិធីរំលឹកអំពីលោកឪពុកបូស្កូ ដើម្បីឲ្យសិស្សានុសិស្សទាំងអស់បានយល់បន្ថែមអំពីគុណូបការៈនិងវីរភាពរបស់លោកសម្រាប់កុមារ និងយុវជន។ កម្មវិធីនេះបានធ្វើឡើងកាលពីថ្ងៃម្សិលមិញ (01-02-2019) ដែលមានសិស្សានុសិស្សបឋមសិក្សាមកពីភូមិច្រេសនិងទឹកថ្លា និងវិទ្យាល័យទឹកថ្លាចូលរួមប្រមាណជិត២ពាន់នាក់ នៅសាលាដុនបូស្កូទឹកថ្លា។
បងស្រី អេង សារិន មានប្រសាសន៍ថា «កម្មវិធីរំលឹកបុណ្យលោកពុកបូស្កូ ធ្វើជារៀងរាល់ឆ្នាំ គឺយើងមានគោលបំណងឲ្យយុវជន-នារីទាំងអស់ចងចាំលោពុកបូស្កូ។ ដោយសារតែលោកពុកបូស្កូទើបយើងមានសាលាដុនបូស្កូនៅថ្ងៃនេះ ហើយយើងមានវត្តមានរបស់លោកគ្រូអ្នកគ្រូ បងស្រី ជាអ្នកគ្រប់គ្រង ហើយនិងសិស្សានុសិស្សទាំងអស់ ទាំងប្រុសទាំងស្រី តាំងពីថ្នាក់មត្តេយ្យរហូតដល់វិទ្យាល័យ រហូតដល់ថ្ងៃនេះ។ គឺយើង រំលឹកអំពីគាត់។ ហើយយើងចង់ឲ្យយុវជន-នារី ចេះអរគុណព្រះជាម្ចាស់ដែលបានប្រទានលោកពុកបូស្កូមកឲ្យពួកគេ។»
យុវតី ប៊ុនថង ប្រាជ្ញមាលា រៀននៅថ្នាក់ទី១២ និយាយថា លោកពុកបូស្កូជាមនុស្សម្នាក់ដែលមានឆន្ទៈ និងទស្សនវិស័យទូលំទូលាយ មិនអាត្មានិយម ។ ប្រាជ្ញមាលា «គឺគាត់មានសុបិនធំ គឺចង់ឲ្យយុវជននៅលើពិភពលោក រស់នៅតាមគំរូមួយដែលល្អ ជាបុគ្គលល្អសម្រាប់សង្គម សម្រាប់ខ្លួនឯង សម្រាប់គ្រួសារ។ គាត់បាននិយាយថា សុខចិត្តឲ្យយុវជនរត់ លេង ស្រែកអស់ពីអំណរសប្បាយ ប៉ុន្តែចៀសវាងពីការធ្វើអំពើបាប»។
មាលាបន្ថែមថា «ខ្ញុំគិតថា គាត់មានឥទ្ធិពលខ្លាំងសម្រាប់យុវជនយើង ទាំងការសិក្សានិងការរស់នៅ»។
កុមារី គីម ស្រីលាភ ជាសិស្សបឋមសិក្សានៅទឹកថ្លាឲ្យដឹងថា «លោកពុកដុនបូស្កូមានបួនចំណុចធំៗជាគំរូល្អរបស់ខ្ញុំ ចំណុចទី១ គាត់គឺជាកូនល្អ ទី២គាត់ជាសិស្សល្អ ទី៣គាត់គឺជាមិត្តល្អ និងទីបួនគាត់គឺជាយុវជនល្អនៅក្នុងសង្គម»។
រីឯកុមារា ឆេង ប្រសិទ្ធ ឲ្យដឹងដែរថា «លោកពុកបូស្កូជាhero (វីរបុរស)របស់ខ្ញុំ ព្រោះគាត់ជាមនុស្សដែលចេះលះបង់នូវអ្វីដែលគាត់មាន គាត់ចេះទទួលខុសត្រូវនូវកំហុសរបស់គាត់ គាត់លះបង់អ្វីដែលគាត់មានទៅអ្នកដែលគាត់មិនធ្លាប់ស្គាល់ពីមុន ហើយគាត់ក៏ក្លាយជាមិត្តភក្តិជាមួយគ្នា។ គាត់លះបង់អ្វីៗឲ្យគេ ដោយមិនទាមទារពីគេវិញ»។
នៅក្នុងកម្មវិធីនេះ សិស្សានុសិស្សទាំងអស់បានចូលរួមជាមួយគ្នារយៈពេលពេញមួយថ្ងៃ ដោយមានការប្រកួតកីឡា ការប្រកួតនិយាយភាសាអង់គ្លេសនិងខ្មែរអំពីវីរភាពរបស់លោកពុកបូស្កូ ប្រកួតចម្រៀងដែលពួកគេនិពន្ធដោយខ្លួនឯងជាដើម។
លោកឪពុកបូស្កូ ជាបព្វជិតកាតូលិក ឬហៅថាជាសង្ឃកាតូលិក ហើយលោកគឺជាស្ថាបនិកនៃក្រុមគ្រួសារសាលេស៊ានដុនបូស្កូនិងជាអ្នកបង្កើតឲ្យមានសាលាអប់រំដុនបូស្កូជាច្រើននៅទូទាំងពិភពលោក។ សព្វថ្ងៃនេះ នៅក្នុងប្រទេសកម្ពុជា សាលាដុនបូស្កូមានពីកម្រិតមត្តេយ្យរហូតដល់វិទ្យាល័យ និងមានបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសមួយចំនួន ដែលមានទីតាំងនៅទីក្រុងភ្នំពេញ និងនៅខេត្តបាត់ដំបង។