ព័ត៌មាន

កុមារចូលរួមបោះជំរំ ដើម្បីយល់ដឹងអំពីរបៀបរស់នៅ

[:kh]

រាជធានីភ្នំពេញ៖ កុមារ​ចំនួន៨៤នាក់​ ដែលមាន​អាយុ៨ឆ្នាំដល់​ដប់បីឆ្នាំ​មក​ពី​ព្រះសហគមន៍​ផ្សារតូច អរិយក្សត្រព្រែកតាទែន សែនសុខ និង​ស្វាយប៉ាកបាន​ចូល​រួម​ក្នុង​កម្មវិធី​បោះ​ជំរំកុមារ​នៅ​ព្រះ​វិហារសន្ត​យ៉ូសែប ផ្សារតូចក្រោម​ប្រធានបទ “កូនល្អ សិស្សល្អ និង​មិត្តល្អ” ដើម្បី​យល់​ដឹង​អំពី​របៀប​នៃការរស់នៅ និង​ទំនាក់​ទំនង​នៅក្នុង​សង្គម​​។កម្មវិធី​នេះ​ប្រព្រឹត្តឡើង​​​ចាប់ពី​ថ្ងៃ​ទី​៧​ដល់​១០ ខែកញ្ញា ឆ្នាំ​២០១៧ ក្រោម​ការដឹកនាំដោយ​លោក​បូជាចារ្យ​ទទួលខុសត្រូវ​មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ជើង ប៉ូល រឿង​ ឆ័ត្រ​សិរី។

តាមប្រសាសន៍​របស់​លោក​បូជាចារ្យសិរី​ បាន​ឲ្យ​ដឹង​ថា ការ​បោះ​ជំរំគឺ​ជាការអប់រំទាំង​យុវជន និង​កុមារ ដោយ​យុវជន​អាច​ចាត់ចែង និង​គ្រប់គ្រង​ក្នុង​ការ​រៀបចំកម្មវិធីសម្រាប់​មណ្ឌល​​សកម្មភាព​​ភ្នំពេញ​ខាង​ជើង​។ លោក​បន្ត​ថា​ បាន​ឃើញ​យុវជន​បើក​ចិត្ត​ទូលាយ​ក្នុង​ការ​សហការគ្នា​ដូចអ្វី​ដែល​លោក​បាន​ស្នើ គឺ​ការលះបង់ភាព​អាត្មានិយម មាន​ទំនួលខុសត្រូវ និង​ចេះ​យល់ចិត្តអធ្យាល័យ​ដល់​គ្នា។

រីឯកុមារវិញ ព្រះសហគមន៍​បាន​ជ្រើស​រើស​ប្រធាបទនេះគឺដោយសារ គ្រួសារ​ជា​មូល​ដ្ឋាន​​គ្រឹះ​នៃ​​​ព្រះសហគមន៍ ដូច្នេះ​​​ត្រូវ​គ្នា​ក្នុង​ឆ្នាំ​គ្រួសារ​ នៃ​ព្រះសហគមន៍​​​កាតូលិក ​ភូមិ​ភាគ​​​ភ្នំពេញ​ ​ដើម្បី​​ជួយ​ឲ្យ​កុមារ​ស្គាល់ពី​អ្វី​ដែល​ពួកគេ​ត្រូ​ធ្វើ​ទាំងនៅក្នុង​គ្រួសារ ព្រះសហគមន៍ និង​សង្គម​​។ លោកបញ្ជាក់​​ថាសារៈសំខាន់នៃ​ប្រធានបទ​នេះ​ គឺ​ការអប់រំ​នៅក្នុង​ព្រះ​សហគមន៍​ព្រោះ​​យើង​មាន​ព្រះ​យេស៊ូ​ជាព្រះគ្រូ ហើយ​យើង​គឺ​ជាសិស្ស មិនតែប៉ុណ្ណោះ​យើង​មាន​ព្រះបិតា​ជាឪពុកដ៏ល្អ​ និង​​យើង​គឺ​ជាកូន ព្រមទាំង​យើង​មាន​ព្រះយេស៊ូ​ដែល​មិនបាន​ចាត់ទុកយើង​ជាអ្នក​បម្រើ​តែជាមិត្ត​សម្លាញ់​របស់ព្រះ​អង្គ។​​

កុមារី​មកពី​ព្រះ​សហគមន៍​ផ្សារតូច ពេជ្រ ចាន់ពិដោរ បាន​ឲ្យ​រៀបរាប់​ថា នេះជាលើក​ដំបូង​ដែលបាន​ចូលរួម​កម្មវិធី​បោះជំរំ ហើយ​រយៈ​ពេល​ប៉ុន្មាន​​ថ្ងៃមកនេះ​។ ក្មេងស្រី​១១ឆ្នាំ​រូប​នេះ​និយាយ​ទៀត​ថា ការអធិដ្ឋាន លេងល្បែង​ រឿងនិទានអំពី​ព្រះ​យេស៊ូ និង​ទំនាក់ទំនង​រវាងគ្នា​និងគ្នា​ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ចាប់អារម្មណ៍ទៅ​លើ​ប្រធានបទ​ កូនល្អ សិស្សល្អ និង​មិត្តល្អ។

ពិដោរថា​ នៅពេល​ដែលបាន​ថតវីដេអូ គឺបាន​បង្ហាញ​ថា​​កូនល្អ​​ត្រូវចេះ​ស្តាប់​បង្គាប់​ឪពុកម្តាយ មិត្ត​ល្អ​ត្រូវចេះជួយគ្នា សាមគ្គីគ្នា និង​ចេះណែនាំគ្នាឲ្យធ្វើទង្វើល្អ​សម្រាប់សង្គម ចំណែកឯ​​សិស្សល្អ​ត្រូវចេះ​ស្តាប់បង្គាប់គ្រូដែលជាមាតាបិតាទីពីរ​របស់យើង។​

យុវជន រ័ត្ន មនោ ជាអ្នកសម្របសម្រួល​កម្មវិធី​បោះ​ជំរំ​ទាំងមូល​ បាន​ឲ្យ​ដឹងថាគោល​បំណង​សំខាន់​​គឺ​ដើម្បី​ជួយ​ដល់​កុមារ​ឲ្យ​ចេះ​អនុវត្តន៍​មេរៀន​អំពីជីវិត ​តាម​របៀប​ទំនាក់​ទំនង​ប្រចាំ​ថ្ងៃ​ ជាពិសេស​សុជីវធម៌​ដែលជួយឲ្យ​ប្អូនៗអាចរស់នៅក្នុង​សង្គម​បាន​ល្អ ព្រោះថា​សកម្មភាព និង​របៀបនិយាយស្តី​អាចនាំមកនូវ​ផលវិជ្ជមាន និង​អវិជ្ជមាន​នៅចំពោះ​​ទំនាក់ទំនង​ក្នុង​សង្គម។​ មនោបន្ថែមថា កម្មវិធីនេះ​ក៏ចង់ឲ្យ​ប្អូនៗ​ចេះ​រស់នៅ​ដោយឯករាជ្យផងដែរ។

ដោយដាលីស[:]

Leave a Reply

Your email address will not be published.