ព័ត៌មានភូមិភាគភ្នំពេញ

ការីតាស់​កម្ពុជា បើក​ដំណើរ​ការ​គម្រោង​លើក​កម្ពស់​បរិយា​បន្នសង្គម​ដល់​ជន​មាន​ពិការ​ភាព

អង្គការ​ការីតាស​កម្ពុជា​ សហការ​ជា​មួយ​អង្គការ​ការីតាស់​អាល្លឺម៉ង់ ​បាន​បើក​ដំណើរ​ការ​លើ​គម្រោង​លើក​កម្ពស់​បរិយា​ប័ន្នសង្គម ​ដើម្បី​ធ្វើ​ការ​ចែក​រំលែក​ និង​លើក​កម្ពស់​ដល់​ជន​រង​គ្រោះ​គ្រប់​ស្ថានភាព​ដែល​មាន​នៅ​ក្នុង​សង្គម​ទាំង​ផ្លូវ​ចិត្ត​និង​រាង​កាយ​នា​ព្រឹក​ថ្ងៃទី 9 មេសា​ឆ្នាំ 2019 នៅ​អង្គការ​ការីតាស​កម្ពុជា​សង្កាត់​បឹង​ព្រលឹត​ខណ្ខ​7 មករា រាជធានី​ភ្នំពេញ ដោយ​មាន តំណាង​អង្គការ និង​ស្ថាប័ន​ពាក់​ព័ន្ធ​មួយ​ចំនួន​បាន​ចូល​រួម​ជា​ច្រើន​កុះករ។

លោក គឹម រតនា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ការីតាស​កម្ពុជា បាន​ថ្លែង​ថា​គម្រោង​ថ្មី​របស់​អង្គការ​ការីតាស​នេះ​គឺ​ដើម្បី​ជួយ​ដល់​ជនរង​គ្រោះ​មាន​រយៈ​ពេល 3 ឆ្នាំ ដោយ​មាន សហប្រតិបត្តិការ​ពី​ការីតាស​អាល្លឺម៉ង់ និង​អនុវត្ត​ដោយ ការីតាស់​កម្ពុជា នៅក្រុង​តាខ្មៅ​និង​សៀមរាប​។ លោក​បាន​បន្ត​ថា​នេះ​ជា​គម្រោង​បន្ថែម​លើ​ការងារ​ដែល​ការីតាស​កម្ពុជា​បាន​ធ្វើ​ក្នុង​ពេល​បច្ចុប្បន្ន​ដែល​កំពុង​ជួយ​ដល់​អ្នកក្រីក្រ និង​អ្នក​ដែល​គ្មាន​ឱកាស​នៅ​ក្នុង​សង្គម។ 

លោក​សង្ឃឹម​ថា​គម្រោង​នេះ និង​ពង្រឹង​សមត្ថភាព​ការីតាស់​កម្ពុជា ដើម្បី​លើក​កម្ពស់​បរិយាប័ន្ន ដោយ​មាន​គោល​ដៅ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ជា​ពិសេស​សិទ្ធិ​ជន​មាន​ពិការ​ភាព​។ 

លោក​នាយកប្រតិបត្តិ​រូប​នេះ​ក៏​បាន​លើក​ផង​ដែរ​ថា បន្ទាប់​ពី​សង្គ្រាម 40 ឆ្នាំ​កម្ពុជា​មាន​ការ​រីក​ចម្រើន​ប៉ុន្តែ​ក៏​មាន​ឧបសគ្គ មួយ​ចំនួន​ដល់​ជន​ងាយ​រងគ្រោះ ជា​ពិសេស​ជន​មាន​ពិការ​ភាព ដើម្បី​ចូល​រួម​ក្នុង​វិស័យ​នានា​ទាំង​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ គោល​នយោបាយ​និង​សេដ្ឋកិច្ច​ជា​ដើម។ លោក​ថា​ការ​ធ្វើ​បរិយាប័ន្ន​នេះ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​សង្គម​របស់​យើង​មាន​ការ​យល់​ដឹង​មាន​បរិយាកាស​មួយ​ដែល​អាច​ផ្ដល់​លទ្ធភាព​ដោះ​ស្រាយ​រាល់​ឧបសគ្គ​ទាំង​អស់ និង​ស្វាគមន៍ ក៏​ដូចជា​ការ​ផ្ដល់​ឱកាស ឲ្យ​អ្នក​ងាយ​រង​គ្រោះ​មាន​ភាព​ស្មើគ្នា ដើម្បី​ជួយ​ឱ្យ​ជីវិត​របស់​គេ​កាន់​តែ​ប្រសើរ​ឡើង​។

ចំណែក​លោក អេនរីកេ ហ្វីការេដូ ជា​អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​បាត់ដំបង និង​ជា​អភិបាល​ទទួល​ខុស​ត្រូវ​នៃ​អង្គការ​ការីតាស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា កម្មវិធី​នេះ​មាន​សារៈសំខាន់​សម្រាប់​ការីតាស់​កម្ពុជា​ចូល​ទៅ​ក្នុង​សង្គម​ដើម្បី​ជួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​និង​ជួយ​ដល់​ជន​មាន​ពិការ​ភាព​។​ លោក​មាន​ប្រសាសន៍​បន្ត​ទៀត​ថា កម្មវិធី​នេះ​ជួយ​ឱ្យ​គ្រួសារ​ដែល​មាន​ជនពិកា​ភាព​ដែល​មិន​ហ៊ាន​ចូល​ទៅ​ក្នុង​សង្គម​។ លោក​បញ្ជាក់​ថា​សព្វថ្ងៃ​យើង​មាន មនុស្ស​មាន​ជំងឺ​អូទីសឹម​ច្រើន ហើយ​កម្មវិធី​នេះ​អាច​ជួយ​ឲ្យ​គាត់​ចូល​រៀន នៅ​ក្នុង​សង្គម​បាន។ 

លោក​អភិបាល​ថា​ឥឡូវ​នេះ​មាន​កម្មវិធី​ពិសេស​ថ្មី​គឺ​ជួយ​ឲ្យ​បង​ប្អូន​ដែល​មាន​ពិការ​ភាព​ទូទៅ​អាច​ចូល​រួម​នៅ​ក្នុង​សង្គម ដូច​មនុស្ស​ទូទៅ។ លោក​បន្ត​ទៀត​ថា​ឧបសគ្គ​ដែល​ជនពិការ​មាន​គឺ​មិន​មែន​មក​ពី​ខ្លួន​គាត់​ផ្ទាល់​ទេ​គឺ​ជា​សង្គម​មួយ​ដែល​ត្រូវ​មាន​យុត្តិធម៍​សម្រាប់​ទាំង​អស់​គ្នា ដូច​ជា​ពេល​ដែល​ជន​ពិការ​ចូល​ក្នុង​បន្ទប់​ទឹក​គឺ​អាច​ឲ្យ​រទេះ​របស់​គាត់​ចូល​បាន​។ លោក​អភិបាល​គីគេ សង្ឃឹម​ថា​ចាប់​ពី​ពេល​នេះ​ទៅ​យើង​មាន​ទស្សនៈ​ថ្មី គឺ​គិត​ពី​សមត្ថភាព​ដែល​ជនពិការ​មាន ច្រើន​ជាង​បញ្ហា​ប្រឈម​របស់​គេ​។​គេ​មាន​សមត្ថភាព ច្រើន​ជាង​ឧបសគ្គ​ដែល​គេ​មាន​។

ក្រៅ​ពី​កិច្ច​ស្វាគមន៍​និង​អនុសាសន៍​ផ្សេងៗ​របស់​ថ្នាក់​ដឹក​នាំ​អង្គការ​ការីតាស​កម្ពុជា​និង​អង្គការការីតាស​អាឡឺម៉ង់ អស់​អ្នក​ដែល​បាន​ចូលរួម​ទាំង​អស់ ក៏​បាន​ស្ដាប់​អំពី​សក្ខីភាព​របស់មាតាបិតា ដែល​មាន​កូន​ជា​ជន​ពិការ និង​យុវជន​ដែល​ជាជន​ពិការ​ផ្ទាល់ ដែល​ធ្លាប់​ទទួល​រង​នូវ​ការ​ប្រមាថ​មើល​ងាយ​ពី​អ្នក​ជុំវិញ​ក៏​ប៉ុន្តែ ពួក​គាត់​នៅ​តែ​មាន​ក្ដី​សង្ឃឹម​ថា​អាច​ចូល​រួម​នៅ​ក្នុង​សង្គម​ដូច​គេ​ដូច​ឯង​បាន​។

គម្រោង លើក​កម្ពស់​បរិយាប័ន្នសង្គម​នេះ​នឹង​ដាក់​ឲ្យ​ដំណើរ​ការ​រយៈពេល 3​ឆ្នាំ​គឺ​ចាប់​ពី​ឆ្នាំ 2019 រហូត​ដល់​ឆ្នាំ 2021​។ ក្រៅ​ពី​គម្រោង​នេះ ការី​តាស​កម្ពុជា​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ផ្ដល់​សេវា​កម្ម​ពង្រឹង​សមត្ថភាព​សម្រប​សម្រួល​លើ​គ្រប់​វិស័យ​ដើម្បី​លើក​កម្ពស់​ជន​ក្រីក្រ​ដែល​មក​ពី​គ្រួសារ​ជន​មាន​ពិការ​ភាព ជា​ពិសេស មាន​ការ​អប់រំ​ជា​ប្រព័ន្ធ​សម្រាប់​ស្ត្រី និង​អប់រំវិជ្ជាជីវៈ​ដល់​ស្ត្រី​ដែល​រងគ្រោះ​ដោយ​សារការ​បំពាន​ផ្លូវភេទ​ព្រម​ទាំង​យុវជន​យុវនារី​ទាំង​អស់​ក៏​ដូច​ជា​កុមារ​ឲ្យ​មាន​បំណិន​ជីវិត និង​ស្វែង​រក​ឱកាស​ដើម្បី​ចូល​រួម​នៅ​ក្នុង​សង្គម ក៏​ដូច​ជា​ការ​រួម​ចំណែក​នៃ​ការ​អភិវឌ្ឍ​សង្គម​កម្ពុជា​ទាំង​មូល​ផង​ដែរ​។