ព័ត៌មានភូមិភាគបាត់ដំបង

ករុណា​បាត់​ដំបងបើក​យុទ្ធនា​ការ​ផ្សព្វ​ផ្សាយ​ពីសិទ្ធិ​ជន​មាន​ពិការ​ភាព

អង្គការ​ករុណា​បាត់​ដំបង​បើក​យុទ្ធនាការ​ដើរ​ផ្សព្វផ្សាយ​ពីសិទ្ធិ​ជនមាន​ពិការ​ភាព​ក្រោម​ប្រធានបទ «ពិការភាព​មិនមែន​ជាបញ្ហា​ទេ​អ្វី​ដែល​ជា​បញ្ហានោះ គឺឧបសគ្គ​រារាំង​នៅ​ក្នុង​សង្គម» បាន​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ២០១៩ នៅ​ខេត្តកំពង់ឆ្នាំង ក្រោម​អធិបតីភាព​របស់ លោក សែម សុខា រដ្ឋលេខា​ធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនី​តិសម្បទា និងលោក អេនរីគេ ហ្វីការេដូ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​បាត់ដំបង និង​ជាស្ថាប​និក​អង្គការ​ករុណា​បាត់បង។

នៅ​ក្នុង​ឱកាស​ដ៏វិសេស​វិសាលនេះ​លោក អេនរីគេ ហ្វីហ្គារ៉េដូ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិ​ភាគ​បាត់​ដំបង និង​ជាស្ថាបនិក​អង្គការ​ករុណា​បាត់បង បាន​លើក​ឡើងថា យុទ្ធនា​ការ​នេះ គឺប្រារព្ធ​ធ្វើ​ឡើង​ក្រោម​គម្រោង​ឈ្មោះ «សមត្ថភាព​ជនពិការ»​ ដែល​មាន​ប្រធានបទ «ពិការ​ភាព មិនមែន​ជាបញ្ហាទេ អ្វី​ដែល​ជាបញ្ហានោះគឺ​ឧបសគ្គ​រារាំង​នៅ​ក្នុង​សង្គម» ក្នុង​គោល​បំណង «ជំរុញ​ឲ្យ​មាន​ការគោរព​សិទ្ធិ និងកាត់​បន្ថយ ឧបសគ្គ​រារាំង​ដល់ ជនមាន​ពិការភាព​ក្នុងការ​ចូលរួម​ជាមួយ​ការងារ​នៅក្នុង​សង្គម ជាពិសេសស​កម្ម​នៅក្នុង​ផ្ទះរបស់ពួកគេ» សម្រាប់ ជួយ​ដល់កុមារ​ពិការ​សតិបញ្ញា ដែល​អង្គការ​ករុណា​បាត់ដំបង បាន​អនុវត្ត​គម្រោងនេះ ចាប់​តាំង​ពីថ្ងៃ​ទី០១ ខែមករា ឆ្នាំ២០១៧។

លោក​បាន​បន្តថា យុទ្ធនា​ការ​នេះ ក៏ធ្វើឡើង​ក្នុងគោល​ដៅជំរុញ​ឲ្យជន​មានពិការ​ភាព​បាន​ចូលរួម យ៉ាង​ពេញ​លេញ​នៅ​ក្នុង​សកម្មភាព​គ្រួសារ និងសង្គម។ ព្រមទាំង​ជម្រុញ​ឲ្យសហគមន៍ មើល​ឃើញ​ពីសមត្ថភាព​ជន មានពិការភាព ជាង​ភាព​ពិការ​របស់​ពួកគេ។

លោក ទុំ ឈៀត នាយក​ប្រតិបត្តិ​អង្គការ​ករុណា​បាត់​ដំបង​ក៏បាន​បញ្ជាក់ដែរថា សម្រាប់​យុទ្ធនាការ​នេះ គឹសកម្មភាព​មួយ​ដ៏សំខាន់​នៃ​គម្រោង សមត្ថភាព​ជនពិការ ដែលបាន​នឹងកំពុង​អនុវត្ត នៅក្នុង​ខេត្តចំនួន៣ គឺ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង។ គម្រោង​នេះ បាន​នឹងធ្វើការ​ជាមួយ​កុមារ​មានភាព​ខ្សោយ​សតិបញ្ញា​ក្នុង គោល​បំណង «ដើម្បី​ឲ្យមាន​ល័ក្ខខ័ណ្ឌ​សម​ស្រប​សម្រាប់ការ ចូល​រួម​របស់​ជន​មាន​ពិការភាព​នៅក្នុង​សម្មភាព​សង្គម សេដ្ឋកិច្ចរបស់ គ្រួសារ និង សហគមន៍​ក្នុង​គោលបំណង​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​គុណតម្លៃ និងសេចក្តីថ្លៃថ្នូរ​របស់​ជន​មាន​ពិការ​ភាព​ព្រម​ទាំងការ​គោរព ចំពោះ​ជនមានពិការភា»។

លោក ទុំ ឈៀត បានបន្ថែមថា បើទោះ​ជាមាន​ការ​ខិតខំ​ប្រឹងប្រែង​ពីអង្គការ សង្គមស៊ីវិល និងរាជ​រដ្ឋាភិបាល​ក៏ដោយ ក៏នៅ​តែមាន​ការរំលោភ​បំពាន​សិទ្ធិ ការ​រើសអើង នៅ​តំបន់​មួយ​ចំនួន។ នេះបើយោង​តាមបទ​ពិសោធន៍ និង​ការសិក្សា​របស់​អង្គការ​ករុណា​បាត់ដំបង នៅក្នងការ​ធ្វើការ​ជាមួយ​កុមារ ​ខ្សោយ​សតិ​បញ្ញា​អស់​រយៈពេលជាង ១០ឆ្នាំ​កន្លង​មកនេះ៕

សព្វថ្ងៃរដ្ឋាភិបាល​កម្ពុជា​មាន​ការ​យក​ចិត្ត​ទុក​ដាក់ជាខ្លាំង​ក្នុង​កិច្ចការ​លើក​ស្ទួយ​សិទ្ធិ​របស់​ជន​មាន​ពិការភាព​និង​ការ​លប់​បំបាត់​ការ​រើសអើង។ លើស​ពីនេះ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ព្យាយាម ធ្វើ​បរិយាបន្ន​ជន​មាន​ពិការភាព​ចូល​ក្នុង​វិស័យ​ការងារ។ ក្នុង​នោះ រដ្ឋាភិបាល​បាន​កំណត់​ឱ្យស្ថាប័ន​រដ្ឋ​ទទួល​ជន​មាន​ពិការភាព អោយ​បម្រើ​ការងារ​បាន ២%​នៃ​ចំនួន​មន្ត្រីសរុប និង​តម្រូវឱ្យ​ក្រុម​ហ៊ុន​ឯក​ជន​ជ្រើស​រើស​ជនមាន​ពិការភាព​ចូល​បម្រើ​ការងារ​ឱ្យបាន ១%នៃ​ចំនួន​បុគ្គលិក​សរុប​របស់ខ្លួន៕  អត្ថបទ និងរូបថត ដោយ៖ អាន រិទ្ធីរ័ត្ន