ព្រះបន្ទូលប្រចាំថ្ងៃ

ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩

អត្ថបទទី១ ១យ៉ូហាន ៤,៧-១០
ព្រះគម្ពីរដំណឹងល្អ ម៉ាកុស ៦,៣៤-៤៤

34កាលព្រះយេស៊ូយាងឡើងពីទូកមក ទតឃើញមហាជនច្រើនយ៉ាងនេះ ទ្រង់មានព្រះហឫទ័យអាណិតអាសូរគេពន់ពេកណាស់ ព្រោះអ្នកទាំងនោះប្រៀបបីដូចជាចៀម ដែលគ្មានគង្វាលថែទាំ។ ព្រះអង្គក៏បង្រៀនគេអំពីសេចក្ដីផ្សេងៗជាច្រើន។ 35ពេលនោះថ្ងៃកាន់តែជ្រេណាស់ហើយ សិស្សនាំគ្នាចូលមកគាល់ព្រះយេស៊ូ ទូលព្រះអង្គថា៖ «ទីនេះស្ងាត់ណាស់ ថ្ងៃក៏ជិតលិចផង 36សូមប្រាប់អ្នកទាំងនេះអោយត្រឡប់ទៅវិញទៅរកទិញម្ហូបអាហារបរិភោគ តាមផ្ទះ តាមភូមិជិតៗនេះ»។ 37ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេវិញថា៖«ចូរអ្នករាល់គ្នាយកម្ហូបអាហារអោយគេបរិភោគទៅ!»។ គេទូលព្រះអង្គថា៖ «តើយើងត្រូវយកប្រាក់ពីររយដួង ទៅទិញម្ហូបអាហារអោយគេបរិភោគឬ?»។ 38ព្រះអង្គមានព្រះបន្ទូលសួរគេថា៖«ទៅមើលមើល៍អ្នករាល់គ្នាមាននំបុ័ងប៉ុន្មានដុំ?»។ កាលបានដឹងហើយ គេទូលព្រះអង្គថា៖«យើងខ្ញុំមាននំបុ័ងប្រាំដុំ និង ត្រីងៀតពីរកន្ទុយ»។ 39ព្រះយេស៊ូបង្គាប់ពួកសិស្សអោយប្រាប់បណ្ដាជន អង្គុយជាក្រុមៗនៅលើស្មៅខៀវខ្ចី។ 40គេអង្គុយជាជួរ ជួរខ្លះមានមួយរយនាក់ ជួរខ្លះមាន ហាសិបនាក់។ 41ព្រះយេស៊ូយកនំបុ័ងទាំងប្រាំដុំ និង ត្រីពីរកន្ទុយនោះមកកាន់ ទ្រង់ងើបព្រះភ័ក្ដ្រឡើង សរសើរតម្កើងព្រះជាម្ចាស់ ហើយកាច់នំបុ័ងប្រទានអោយពួកសិស្ស ដើម្បីអោយគេចែកបណ្ដាជនបរិភោគ ព្រះអង្គក៏ចែកត្រីពីរកន្ទុយនោះអោយគេទាំងអស់គ្នាដែរ។ 42អ្នកទាំងនោះបរិភោគឆ្អែតគ្រប់ៗគ្នា។ 43ពួកសិស្សប្រមូលនំបុ័ង និង ត្រីដែលនៅសល់ ដាក់បានពេញដប់ពីរល្អី។ 44ក្នុងចំណោមអ្នកដែលបរិភោគនំបុ័ង មានប្រុសៗចំនួនប្រាំពាន់នាក់។