អ្នក​ភូមិ​ណាសា‌រ៉ែត​បដិសេធ​មិន​ព្រម​ទទួល​ព្រះ‌យេស៊ូ


(លូកា ៤.១៦-៣០)
1 ព្រះ‌យេស៊ូ​យាង​ចេញ​ពី​ទី​នោះ​ត្រឡប់​ទៅ​ភូមិ​ស្រុក​របស់​ព្រះ‌អង្គ​វិញ ពួក​សាវ័ក*​ក៏​ទៅ​តាម​ព្រះ‌អង្គ​ដែរ។ 2 លុះ​ដល់​ថ្ងៃ​សប្ប័ទ* ព្រះ‌អង្គ​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ*។ មនុស្ស​ជា​ច្រើន​ដែល​បាន​ស្ដាប់​ព្រះ‌អង្គ​ងឿង‌ឆ្ងល់​ក្រៃ‌លែង។ គេ​និយាយ​គ្នា​ថា៖ «តើ​គាត់​ដឹង​សេចក្ដី​ទាំង​នេះ​មក​ពី​ណា? ប្រាជ្ញា​ដែល​គាត់​បាន​ទទួល​នេះជា​ប្រាជ្ញា​អ្វី​ទៅ? ការ‌អស្ចារ្យ​ដែល​គាត់​បាន​ធ្វើ​នេះកើត​ឡើង​ដោយ​វិធី​ណា? 3 តើ​អ្នក​នេះ​មិន‌មែន​ជា​ជាង​ឈើ ជា​កូន​នាង​ម៉ារី ជា​បង‌ប្អូន​របស់​យ៉ាកុប យ៉ូសេ យូដាស និង​ស៊ីម៉ូន​ទេ​ឬ​អី? ប្អូន​ស្រី​របស់​គាត់​ទាំង​ប៉ុន្មានក៏​រស់​នៅ​ក្នុង​ភូមិ​នេះ​ជា​មួយ​យើង​ដែរ!»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​មិន​អាច​ជឿ​ព្រះ‌អង្គ​ឡើយ។ 4 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ធម្មតា គេ​មើល‌ងាយ​ព្យាការី*​តែ​ក្នុង​ស្រុក​កំណើត ក្នុង​ក្រុម​គ្រួសារ និង​ក្នុង​ផ្ទះ​របស់​លោក​ប៉ុណ្ណោះ»។ 5 នៅ​ទី​នោះ ព្រះ‌អង្គ​ពុំ​អាច​ធ្វើ​ការ‌អស្ចារ្យ​អ្វី​ឡើយ បាន​ត្រឹម​តែ​ដាក់​ព្រះ‌ហស្ដ​លើ​អ្នក​ជំងឺ​ខ្លះ ដើម្បី​ប្រោស​គេ​ឲ្យ​ជា​ប៉ុណ្ណោះ។ 6 ព្រះ‌អង្គ​នឹក​ឆ្ងល់ ដោយ​ឃើញ​គេ​គ្មាន​ជំនឿ​បែប​នេះ។

ព្រះ‌យេស៊ូ​ចាត់​សាវ័ក​ទាំង​ដប់‌ពីរ​រូប​ឲ្យ​ទៅ​ប្រកាស​ដំណឹង‌ល្អ
(ម៉ាថាយ ១០.៥-១៥ លូកា ៩.១-៦)
ព្រះ‌យេស៊ូ​យាង​ទៅ​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ហើយ​ទ្រង់​បង្រៀន​អ្នក​ស្រុក។ 7 ពេល​នោះ ព្រះ‌អង្គ​ត្រាស់‌ហៅ​សាវ័ក*​ទាំង​ដប់‌ពីរ​រូប​មក រួច​ទ្រង់​ចាត់​គេ​ពីរៗ​នាក់​ឲ្យ​ទៅ ទាំង​ប្រទាន​ឲ្យ​គេ​មាន​អំណាច​ដេញ​លើ​វិញ្ញាណ​អាក្រក់​ផង។ 8 ព្រះ‌អង្គ​ផ្ដែ‌ផ្ដាំ​គេ​មិន​ឲ្យ​យក​អ្វី​ទៅ​ជា​មួយ ក្នុង​ពេល​ធ្វើ​ដំណើរ​ឡើយ លើក‌លែង​តែ​ដំបង​ប៉ុណ្ណោះ៖ «កុំ​យក​ចំណី​អាហារ ថង់​យាម ឬ​យក​ប្រាក់​កាស​ជាប់​នឹង​ខ្លួន 9 ចូរ​ពាក់​ស្បែក​ជើង តែ​មិន​ត្រូវ​យក​អាវ​ពីរ​បន្លាស់​ទៅ​ជា​មួយ​ឡើយ»។ 10 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​អ្នក​រាល់​គ្នា​ចូល​ផ្ទះ​ណា ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ​ទៅ។ 11 បើ​នៅ​កន្លែង​ណា គេ​មិន​ព្រម​ទទួល មិន​ព្រម​ស្ដាប់​អ្នក​រាល់​គ្នា ចូរ​ចេញ​ពី​កន្លែង​នោះ​ទៅ ហើយ​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​អ្នក​រាល់​គ្នា​ផង ទុក​ជា​សញ្ញា​ព្រមាន​គេ»។

12 ពួក​សាវ័ក​ក៏​ចេញ​ទៅ ប្រកាស​ឲ្យ​មនុស្ស‌ម្នា​កែ‌ប្រែ​ចិត្ត​គំនិត។ 13 គេ​បាន​ដេញ​អារក្ស​ជា​ច្រើន​ចេញ​ពី​មនុស្ស ព្រម​ទាំង​ចាក់​ប្រេង​លើ​អ្នក​ជំងឺ​ច្រើន​នាក់ ដើម្បី​ប្រោស​ឲ្យ​គេ​ជា​សះ‌ស្បើយ។

ស្ដេច​ហេរ៉ូដ​សម្លាប់​លោក​យ៉ូហាន‌បាទីស្ដ
(ម៉ាថាយ ១៤.១-១២ លូកា ៩.៧-៩)
14 ព្រះ‌បាទ​ហេរ៉ូដ​បាន​ជ្រាប​អំពី​ហេតុ‌ការណ៍​ទាំង​អស់​នោះ ដ្បិត​ព្រះ‌កិត្តិ‌នាម​របស់​ព្រះ‌យេស៊ូ​បាន​ល្បី​ឮ​ខ្ចរ‌ខ្ចាយ។ មាន​គេ​និយាយ​ថា៖ «លោក​យ៉ូហាន‌បាទីស្ដ​បាន​រស់​ឡើង​វិញ។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​មាន​អំណាច​នឹង​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​នេះ»។ 15 អ្នក​ខ្លះ​ថា៖ «លោក​ជា​ព្យាការី​អេលី» ហើយ​ខ្លះ​ទៀត​ថា៖ «លោក​ជា​ព្យាការី*​ម្នាក់​ដូច​ព្យាការី​ឯ​ទៀតៗ​ពី​ជំនាន់​ដើម​ដែរ»។ 16 រីឯ​ព្រះ‌បាទ​ហេរ៉ូដ​វិញ កាល​បាន​ជ្រាប​ដំណឹង​នេះ ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «អ្នក​នេះ​ពិត​ជា​លោក​យ៉ូហាន ដែល​យើង​បាន​ឲ្យ​គេ​កាត់​ក​មែន ឥឡូវ​នេះ គាត់​រស់​ឡើង​វិញ»។

17 ព្រះ‌បាទ​ហេរ៉ូដ​បាន​បញ្ជា​ឲ្យ​គេ​ចាប់​លោក​យ៉ូហាន​ដាក់​ច្រវាក់​យក​ទៅ​ឃុំ‌ឃាំង ដោយ​ទ្រង់​ជឿ​តាម​ព្រះ‌នាង​ហេរ៉ូ‌ឌី‌យ៉ាដា ដែល​ត្រូវ​ជា​មហេសី​របស់​ស្ដេច​ភីលីព ជា​អនុជ ហើយ​ព្រះ‌អង្គ​យក​មក​ធ្វើ​ជា​មហេសី។ 18 លោក​យ៉ូហាន​បាន​បន្ទោស​ស្ដេច​ហេរ៉ូដ​ថា៖ «ព្រះ‌ករុណា​គ្មាន​សិទ្ធិ​នឹង​យក​មហេសី​របស់​អនុជ​មក​ធ្វើ​ជា​មហេសី​ទេ»។ 19 ព្រះ‌នាង​ហេរ៉ូ‌ឌី‌យ៉ាដា​ចង​គំនុំ ប៉ង​សម្លាប់​លោក​យ៉ូហាន តែ​រក​សម្លាប់​ពុំ​កើត 20 ដ្បិត​ព្រះ‌បាទ​ហេរ៉ូដ​ខ្លាច​លោក​យ៉ូហាន ព្រោះ​ទ្រង់​ជ្រាប​ថា លោក​ជា​មនុស្ស​សុចរិត* និង​ជា​អ្នក​ដ៏‌វិសុទ្ធ*។ ដូច្នេះ ទ្រង់​ការ‌ពារ​លោក។ កាល​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​លោក​យ៉ូហាន ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ជា​ខ្លាំង តែ​ទ្រង់​រារែក​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា។

21 មាន​ថ្ងៃ​មួយ ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះ‌ជន្ម​របស់​ព្រះ‌បាទ​ហេរ៉ូដ ព្រះ‌អង្គ​បាន​រៀប‌ចំ​ពិធី​ជប់‌លៀង ដោយ​អញ្ជើញ​អស់​លោក​មន្ត្រី មេ‌ទ័ព និង​នាម៉ឺន​ធំៗ ក្នុង​ស្រុក​កាលី‌ឡេ​មក​ចូល​រួម។ ពេល​នោះ ជា​ឱកាស​ល្អ​ដល់​ព្រះ‌នាង​ហេរ៉ូ‌ឌី‌យ៉ាដា។ 22 បុត្រី​របស់​ព្រះ‌នាង​ក៏​ចូល​មក​រាំ ធ្វើ​ឲ្យ​ស្ដេច​ហេរ៉ូដ និង​ភ្ញៀវ​ទាំង​អស់​ពេញ​ចិត្ត​ណាស់។ ស្ដេច​ក៏​មាន​រាជ‌ឱង្ការ​ទៅ​កាន់​នាង​ថា៖ «បើ​នាង​ចង់​បាន​អ្វី ចូរ​សុំ​ពី​យើង​ចុះ យើង​នឹង​ឲ្យ​នាង»។ 23 រួច​ស្ដេច​ស្បថ​នឹង​នាង​ថា៖ «អ្វីៗ​ដែល​នាង​សុំ​ពី​យើង យើង​នឹង​ឲ្យ​នាង ទោះ​បី​នគរ​មួយ​ចំហៀង​ក៏​ដោយ»។ 24 នាង​ក៏​ចេញ​ទៅ​សួរ​មាតា​ថា៖ «តើ​ខ្ញុំ​ម្ចាស់​ត្រូវ​សុំ​អ្វី?»។ មាតា​ឆ្លើយ​ថា៖ «ត្រូវ​សុំ​ក្បាល​របស់យ៉ូហាន‌បាទីស្ដ!»។ 25 នាង​ក៏​ប្រញាប់​ត្រឡប់​ទៅ​គាល់​ស្ដេច​វិញ​ភ្លាម រួច​ទូល​ថា៖ «ខ្ញុំ​ម្ចាស់​ចង់​បាន​ក្បាល​របស់យ៉ូហាន‌បាទីស្ដ​ដាក់​លើ​ថាស​ឥឡូវ​នេះ!»។ 26 ស្ដេច​ព្រួយ​ព្រះ‌ហឫ‌ទ័យ​ក្រៃ‌លែង តែ​មិន​ហ៊ាន​បដិសេធ​ឡើយ ព្រោះ​ទ្រង់​បាន​ស្បថ​នៅ​មុខ​ភ្ញៀវ​ទាំង​អស់​គ្នា។ 27 ទ្រង់​បញ្ជា​ទាហាន​ម្នាក់ ឲ្យ​ទៅ​យក​ក្បាល​លោក​យ៉ូហាន​មក​ភ្លាម។ 28 ទាហាន​ទៅ​គុក​កាត់ ក​លោក​យ៉ូហាន យក​ក្បាល​ដាក់​លើ​ថាស​មួយ​មក​ប្រគល់​ឲ្យ​នាង ហើយ​នាង​យក​ទៅ​ថ្វាយ​មាតា។ 29 កាល​ពួក​សិស្ស​របស់​លោក​យ៉ូហាន​បាន​ឮ​ដំណឹង​នេះ គេ​នាំ​គ្នា​មក​យក​សព​របស់​លោក​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។

ព្រះ‌យេស៊ូ​ប្រទាន​នំបុ័ង​ឲ្យ​មនុស្ស​ប្រាំ‌ពាន់​នាក់​បរិភោគ
(ម៉ាថាយ ១៤.១៣-២១ លូកា ៩.១០-១៧ យ៉ូហាន ៦.១-៤)
30 ពួក​សាវ័ក*​វិល​ត្រឡប់​មក​គាល់​ព្រះ‌យេស៊ូ​វិញ រៀប‌រាប់​ទូល​ព្រះ‌អង្គ​អំពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ធ្វើ និង​សេចក្ដី​ទាំង​អស់​ដែល​គេ​បាន​បង្រៀន។

31 មនុស្ស​ជា​ច្រើន​ធ្វើ​ដំណើរ​ទៅ​មក ធ្វើ​ឲ្យ​ព្រះ‌យេស៊ូ និង​ពួក​សាវ័ក* រក​ពេល​បរិភោគ​ពុំ​បាន​សោះ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សាវ័ក​ថា៖ «ចូរ​នាំ​គ្នា​មក​រក​កន្លែង​ស្ងាត់​ដាច់​ឡែក​ពី​បណ្ដា‌ជន សម្រាក​បន្ដិច​សិន»។ 32 ព្រះ‌យេស៊ូ​ក៏​យាង​ចុះ​ទូក​ជា​មួយ​ពួក​សាវ័ក ឆ្ពោះ​ទៅ​កាន់​កន្លែង​មួយ​ស្ងាត់​ដាច់​ឡែក។ 33 ប៉ុន្តែ មាន​មនុស្ស​ជា​ច្រើន​បាន​ឃើញ​ព្រះ‌យេស៊ូ និង​ពួក​សាវ័ក​ចេញ​ដំណើរ​ទៅ គេ​ក៏​ស្គាល់​ព្រះ‌អង្គ និង​សាវ័ក ហើយ​នាំ​គ្នា​រត់​ចេញ​ពី​ទី‌ក្រុង​នានា​ទៅ​មុន។

34 កាល​ព្រះ‌យេស៊ូ​យាង​ឡើង​ពី​ទូក​មក ទត​ឃើញ​មហា‌ជន​ច្រើន​យ៉ាង​នេះ ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ​គេ​ពន់‌ពេក​ណាស់ ព្រោះ​អ្នក​ទាំង​នោះ​ប្រៀប‌បី​ដូច​ជា​ចៀម ដែល​គ្មាន​គង្វាល​ថែ​ទាំ។ ព្រះ‌អង្គ​ក៏​បង្រៀន​គេ​អំពី​សេចក្ដី​ផ្សេងៗ​ជា​ច្រើន។ 35 ពេល​នោះ ថ្ងៃ​កាន់​តែ​ជ្រេ​ណាស់​ហើយ សាវ័ក​នាំ​គ្នា​ចូល​មក​គាល់​ព្រះ‌យេស៊ូ ទូល​ព្រះ‌អង្គ​ថា៖ «ទី​នេះ​ស្ងាត់​ណាស់ ថ្ងៃ​ក៏​ជិត​លិច​ផង 36 សូម​ប្រាប់​អ្នក​ទាំង​នេះ​ឲ្យ​ត្រឡប់​ទៅ​វិញ ទៅ​រក​ទិញ​ម្ហូប​អាហារ​បរិភោគ​តាម​ផ្ទះ តាម​ភូមិ​ជិតៗ​នេះ»។ 37 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​ឲ្យ​គេ​បរិភោគ​ទៅ!»។ គេ​ទូល​ព្រះ‌អង្គ​ថា៖ «តើ​យើង​ត្រូវ​យក​ប្រាក់​ពីរ‌រយ​ដួង* ទៅ​ទិញ​ម្ហូប​អាហារ​ឲ្យ​គេ​បរិភោគ​ឬ?»។ 38 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «ទៅ​មើល​មើល៍ អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន​ដុំ?»។ កាល​បាន​ដឹង​ហើយ គេ​ទូល​ព្រះ‌អង្គ​ថា៖ «យើង​ខ្ញុំ​មាន​នំបុ័ង​ប្រាំ​ដុំ និង​ត្រី‌ងៀត​ពីរ​កន្ទុយ»។ 39 ព្រះ‌យេស៊ូ​បង្គាប់​ពួក​សាវ័ក​ឲ្យ​ប្រាប់​បណ្ដា‌ជន អង្គុយ​ជា​ក្រុមៗ​នៅ​លើ​ស្មៅ​ខៀវ​ខ្ចី។ 40 គេ​អង្គុយ​ជា​ជួរ ជួរ​ខ្លះ​មាន​មួយ‌រយ​នាក់ ជួរ​ខ្លះ​មាន​ហា‌សិប​នាក់។ 41 ព្រះ‌យេស៊ូ​យក​នំបុ័ង​ទាំង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ​នោះ​មក​កាន់ ទ្រង់​ងើប​ព្រះ‌ភ័ក្ត្រ​ឡើង សរសើរ​តម្កើង​ព្រះ‌ជា‌ម្ចាស់ ហើយ​កាច់​នំបុ័ង​ប្រទាន​ឲ្យ​ពួក​សាវ័ក ដើម្បី​ឲ្យ​គេ​ចែក​បណ្ដា‌ជន​បរិភោគ ព្រះ‌អង្គ​ក៏​ចែក​ត្រី​ពីរ​កន្ទុយ​នោះ​ឲ្យ​គេ​ទាំង​អស់​គ្នា​ដែរ។ 42 អ្នក​ទាំង​នោះ​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា។ 43 ពួក​សាវ័ក*​ប្រមូល​នំបុ័ង និង​ត្រី​ដែល​នៅ​សល់ ដាក់​បាន​ពេញ​ដប់‌ពីរ​ល្អី។ 44 ក្នុង​ចំណោម​អ្នក​ដែល​បរិភោគ​នំបុ័ង មាន​ប្រុសៗ​ចំនួន​ប្រាំ‌ពាន់​នាក់។

ព្រះ‌យេស៊ូ​យាង​លើ​ទឹក​សមុទ្រ
(ម៉ាថាយ ១៤.២២-៣៣ យ៉ូហាន ៦.១៥-២១)
45 រំពេច​នោះ ព្រះ‌យេស៊ូ​បញ្ជា​ពួក​សាវ័ក*​ឲ្យ​ចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង ឆ្ពោះ​ទៅ​ភូមិ​បេត‌សៃដា​មុន​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ប្រាប់​បណ្ដា‌ជន​ឲ្យ​ត្រឡប់​ទៅ​វិញ។ 46 កាល​ឲ្យ​បណ្ដា‌ជន​ចេញ​ផុត​អស់​ហើយ ព្រះ‌យេស៊ូ​យាង​ទៅ​អធិ‌ស្ឋាន​នៅ​លើ​ភ្នំ។ 47 លុះ​ដល់​យប់ ទូក​បាន​ទៅ​ដល់​កណ្ដាល​សមុទ្រ រីឯ​ព្រះ‌យេស៊ូ​វិញ​ទ្រង់​គង់​នៅ​លើ​គោក​តែ​មួយ​ព្រះ‌អង្គ​ឯង។ 48 ព្រះ‌អង្គ​ទត​ឃើញ​សាវ័ក​កំពុង​តែ​អុំ​ទូក​យ៉ាង​លំបាក ដ្បិត​បញ្ច្រាស​ខ្យល់។ ពេល​ជិត​ភ្លឺ ព្រះ‌អង្គ​យាង​លើ​ទឹក​ឆ្ពោះ​ទៅ​រក​ពួក​គេ ហើយ​ធ្វើ​ដូច​ជា​ចង់​យាង​បង្ហួស។ 49 កាល​ពួក​សាវ័ក​ឃើញ​ព្រះ‌អង្គ​យាង​លើ​ទឹក​សមុទ្រ​ដូច្នេះ គេ​ស្មាន​ថា​ខ្មោច​លង ក៏​នាំ​គ្នា​ស្រែក 50 ដ្បិត​គេ​បាន​ឃើញ​ព្រះ‌អង្គ​គ្រប់ៗ​គ្នា ហើយ​ភ័យ​រន្ធត់​ជា​ខ្លាំង។ ព្រះ‌យេស៊ូ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ភ្លាម​ថា៖ «ចូរ​តាំង​ចិត្ត​ក្លា‌ហាន​ឡើង ខ្ញុំ​ទេ​តើ​ក កុំ​ខ្លាច​អី!»។ 51 បន្ទាប់​មក ព្រះ‌អង្គ​យាង​ចូល​ក្នុង​ទូក​ជា​មួយ​គេ ហើយ​ខ្យល់​ក៏​ស្ងប់។ ពួក​សាវ័ក​ងឿង‌ឆ្ងល់​ពន់‌ពេក​ណាស់ 52 ដ្បិត​គេ​ពុំ​ទាន់​បាន​យល់​អំពី​រឿង​នំបុ័ង មក​ពី​គេ​មាន​ចិត្ត​រឹង‌រូស។

45 រំពេច​នោះ ព្រះ‌យេស៊ូ​បញ្ជា​ពួក​សាវ័ក*​ឲ្យ​ចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង ឆ្ពោះ​ទៅ​ភូមិ​បេត‌សៃដា​មុន​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ប្រាប់​បណ្ដា‌ជន​ឲ្យ​ត្រឡប់​ទៅ​វិញ។ 46 កាល​ឲ្យ​បណ្ដា‌ជន​ចេញ​ផុត​អស់​ហើយ ព្រះ‌យេស៊ូ​យាង​ទៅ​អធិ‌ស្ឋាន​នៅ​លើ​ភ្នំ។ 47 លុះ​ដល់​យប់ ទូក​បាន​ទៅ​ដល់​កណ្ដាល​សមុទ្រ រីឯ​ព្រះ‌យេស៊ូ​វិញ​ទ្រង់​គង់​នៅ​លើ​គោក​តែ​មួយ​ព្រះ‌អង្គ​ឯង។ 48 ព្រះ‌អង្គ​ទត​ឃើញ​សាវ័ក​កំពុង​តែ​អុំ​ទូក​យ៉ាង​លំបាក ដ្បិត​បញ្ច្រាស​ខ្យល់។ ពេល​ជិត​ភ្លឺ ព្រះ‌អង្គ​យាង​លើ​ទឹក​ឆ្ពោះ​ទៅ​រក​ពួក​គេ ហើយ​ធ្វើ​ដូច​ជា​ចង់​យាង​បង្ហួស។ 49 កាល​ពួក​សាវ័ក​ឃើញ​ព្រះ‌អង្គ​យាង​លើ​ទឹក​សមុទ្រ​ដូច្នេះ គេ​ស្មាន​ថា​ខ្មោច​លង ក៏​នាំ​គ្នា​ស្រែក 50 ដ្បិត​គេ​បាន​ឃើញ​ព្រះ‌អង្គ​គ្រប់ៗ​គ្នា ហើយ​ភ័យ​រន្ធត់​ជា​ខ្លាំង។ ព្រះ‌យេស៊ូ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ភ្លាម​ថា៖ «ចូរ​តាំង​ចិត្ត​ក្លា‌ហាន​ឡើង ខ្ញុំ​ទេ​តើ​ក កុំ​ខ្លាច​អី!»។ 51 បន្ទាប់​មក ព្រះ‌អង្គ​យាង​ចូល​ក្នុង​ទូក​ជា​មួយ​គេ ហើយ​ខ្យល់​ក៏​ស្ងប់។ ពួក​សាវ័ក​ងឿង‌ឆ្ងល់​ពន់‌ពេក​ណាស់ 52 ដ្បិត​គេ​ពុំ​ទាន់​បាន​យល់​អំពី​រឿង​នំបុ័ង មក​ពី​គេ​មាន​ចិត្ត​រឹង‌រូស។

ព្រះ‌យេស៊ូ​ប្រោស​អ្នក​ជំងឺ​នៅ​ស្រុក​កេនេ‌សា‌រ៉ែត
(ម៉ាថាយ ១៤.៣៤-៣៦)
53 កាល​ព្រះ‌យេស៊ូ និង​ពួក​សាវ័ក*​បាន​ឆ្លង​ទៅ​ដល់​ត្រើយ​ម្ខាង​ក្នុង​ស្រុក​កេនេ‌សា‌រ៉ែត​ហើយ គេ​ក៏​នាំ​គ្នា​ចត​ទូក។ 54 ព្រះ‌អង្គ​យាង​ឡើង​លើ​គោក​ជា​មួយ​សាវ័ក* ពេល​នោះ មនុស្ស‌ម្នា​ស្គាល់​ព្រះ‌អង្គ​ភ្លាម។ 55 គេ​រត់​ទៅ​គ្រប់​កន្លែង​ក្នុង​តំបន់ ហើយ​នាំ​គ្នា​សែង​អ្នក​ជំងឺ​ទៅ​កន្លែង ដែល​គេ​ឮ​ថា​ព្រះ‌អង្គ​គង់​នៅ។ 56 គ្រប់​កន្លែង​ដែល​ព្រះ‌យេស៊ូ​យាង​ទៅ ទោះ​បី​នៅ​ក្នុង​ភូមិ​ក្នុង​ក្រុង ឬ​តាម​ស្រុក​ស្រែ​ក្តី គេ​យក​អ្នក​ជំងឺ​មក​ដាក់​នៅ​តាម​ទី‌ផ្សារ ទូល‌អង្វរ​សុំ​គ្រាន់​តែ​ពាល់​ជាយ​ព្រះ‌ពស្ដ្រ​ព្រះ‌អង្គ​ប៉ុណ្ណោះ អស់​អ្នក​ដែល​ពាល់​ព្រះ‌អង្គ បាន​ជា​សះ‌ស្បើយ​ខគ្រប់ៗ​គ្នា។