ព្រះ‌យេស៊ូ​ប្រោស​មនុស្ស​ខ្មោច​ចូល​ម្នាក់

(ម៉ាថាយ ៨.២៨-៣៤ លូកា ៨.២៦-៣៩)
       1 ព្រះ‌យេស៊ូ និង​ពួក​សាវ័ក​បាន​ទៅ​ដល់​ត្រើយ​ម្ខាង ក្នុង​តំបន់​កេរ៉ាសា។ 2 កាល​ព្រះ‌អង្គ​យាង​ឡើង​ពី​ទូក​ភ្លាម មាន​បុរស​ម្នាក់​ខ្មោច​ចូល ចេញ​ពី​ទី​បញ្ចុះ​សព ដើរ​តម្រង់​មក​រក​ព្រះ‌អង្គ។ 3 បុរស​នេះ​ស្នាក់​នៅ​តែ​តាម​ទី​បញ្ចុះ‌សព គ្មាន​នរណា​អាច​ចង​គាត់​បាន​ឡើយ សូម្បី​តែ​យក​ច្រវាក់​មក​ចង​ក៏​មិន​ជាប់​ដែរ។ 4 គេ​ដាក់​ខ្នោះ​ជើង និង​យក​ច្រវាក់​ចង​គាត់​ច្រើន​ដង ប៉ុន្តែ គាត់​នៅ​តែ​កាច់​បំបាក់​ច្រវាក់ និង​ខ្នោះ​ទាំង​នោះ​ជា‌និច្ច គ្មាន​នរណា​អាច​បង្ក្រាប​គាត់​ឡើយ។ 5 គាត់​រស់​នៅ​តាម​ទី​បញ្ចុះ​សព និង​តាម​ភ្នំ ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ចេះ​តែ​ស្រែក ព្រម​ទាំង​យក​ថ្ម​មក​អារ​សាច់​ខ្លួន​ឯង​ថែម​ទៀត​ផង។ 6 កាល​គាត់​ឃើញ​ព្រះ‌យេស៊ូ​ពី​ចម្ងាយ ក៏​រត់​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ 7 ហើយ​ស្រែក​យ៉ាង​ខ្លាំង​ថា៖ «ឱ​ព្រះ‌យេស៊ូ ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​អើយ តើ​ព្រះ‌អង្គ​ចង់​ធ្វើ​អ្វី​ទូល‌បង្គំ? ទូល‌បង្គំ​អង្វរ​ព្រះ‌អង្គ​ក្នុង​ព្រះ‌នាម​ព្រះ‌ជា‌ម្ចាស់ សូម​មេត្តា​កុំ​ធ្វើ​ទុក្ខ‌ទោស​ទូល‌បង្គំ​អី!»។ 8 ខ្មោច​និយាយ​ដូច្នេះ ព្រោះ​ព្រះ‌យេស៊ូ​បាន​បញ្ជា​វា​ថា៖ «នែ៎​ខ្មោច​បិសាច ចូរ​ចេញ​ពី​អ្នក​នេះ​ទៅ!»។ 9 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​វិញ្ញាណ​អាក្រក់​ថា៖ «ឯង​ឈ្មោះ​អី?» ខ្មោច​ទូល‌ឆ្លើយ​ថា៖ «ទូល‌បង្គំ​ឈ្មោះ​កង‌ទ័ព ដ្បិត​យើង​ខ្ញុំ​មាន​គ្នា​ច្រើន»។ 10 វា​ទទូច​អង្វរ សូម​កុំ​ឲ្យ​ព្រះ‌អង្គ​បណ្ដេញ​ពួក​វា​ចេញ​ពី​ស្រុក​នោះ។ 11 នៅ​ក្បែរ​នោះ មាន​ជ្រូក​មួយ​ហ្វូង​ធំកំពុង​រក​ស៊ី​នៅ​តាម​ចង្កេះ​ភ្នំ។ 12 ខ្មោច​អង្វរ​ព្រះ‌យេស៊ូ​ថា៖ «សូម​បញ្ជូន​យើង​ខ្ញុំ​ឲ្យ​ទៅ​ចូល​ក្នុង​ជ្រូក​ទាំង​នោះ​ទៅ!»។ 13 ព្រះ‌យេស៊ូ​ក៏​យល់​ព្រម។ ខ្មោច​ចេញ​ពី​បុរស​នោះ​ទៅ​ចូល​ក្នុង​ជ្រូក ហ្វូង​ជ្រូក​ដែល​មាន​ចំនួន​ប្រមាណ​ជា​ពីរ‌ពាន់​ក្បាល ក៏​បោល​ចុះ​តាម​ជម្រាល​ភ្នំ តម្រង់​ទៅ​សមុទ្រ លង់​ទឹក​ងាប់​អស់។ 14 ពួក​អ្នក​ថែ‌រក្សា​ហ្វូង​ជ្រូក​យក​រឿង​នេះ​រត់​ទៅ​ប្រាប់​អ្នក​នៅ​ទីក្រុង និង​អ្នក​នៅ​ស្រុក​ស្រែ មនុស្ស‌ម្នា​ក៏​នាំ​គ្នា​មក​មើល​ហេតុ‌ការណ៍​នោះ។ 15 គេ​ចូល​មក​រក​ព្រះ‌យេស៊ូ ឃើញ​បុរស​ដែល​មាន​ខ្មោច​ចូល​កាល​ពី​មុន អង្គុយ មាន​សម្លៀក‌បំពាក់ ហើយ​ដឹង​ស្មារតី នោះ​គេ​ក៏​នាំ​គ្នា​កោត​ស្ញប់‌ស្ញែង។ 16 អស់​អ្នក​ដែល​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក រៀប‌រាប់​ប្រាប់​គេ​អំពី​ហេតុ‌ការណ៍ ដែល​កើត​មាន​ដល់​បុរស​នោះ និង​អំពី​ហ្វូង​ជ្រូក។ 17 គេ​ទូល‌អង្វរ​ព្រះ‌យេស៊ូឲ្យ​ចាក‌ចេញ​ពី​ស្រុក​ភូមិ​របស់​គេ។ 18 ពេល​ព្រះ‌អង្គ​កំពុង​យាង​ចុះ​ទូក បុរស​ដែល​ខ្មោច​ចូល​ពី​មុន បាន​អង្វរ​សុំ​នៅ​ជា​មួយ​ព្រះ‌អង្គ។ 19 ព្រះ‌យេស៊ូ​មិន​យល់​ព្រម​ទេ ផ្ទុយ​ទៅ​វិញ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​អ្នក​ត្រឡប់​ទៅ​ផ្ទះ ទៅ​នៅ​ជា​មួយ​ក្រុម​គ្រួសារ​វិញ​ចុះ ហើយ​រៀប‌រាប់​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​ប្រោស​ដល់​អ្នក​ដោយ​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ»។
       20 បុរស​នោះ​ក៏​ចេញ​ទៅ ហើយ​ចាប់‌ផ្ដើម​ប្រកាស​ប្រាប់​ឲ្យ​ប្រជា‌ជន​ក្នុង​ស្រុក​ដេកា‌ប៉ូល ដឹង​អំពី​ការ​ទាំង​អស់ ដែល​ព្រះ‌យេស៊ូ​បាន​ប្រោស​ដល់​គាត់។ អស់​អ្នក​ដែល​បាន​ឮ​ពាក្យ​គាត់ កោត​ស្ញប់‌ស្ញែង​ក្រៃ‌លែង។

ព្រះ‌យេស៊ូ​ប្រោស​ស្ត្រី​មាន​ជំងឺ​ធ្លាក់​ឈាម​ឲ្យ​បាន​ជា និង​ប្រោស​កូន​ស្រី​លោក​យ៉ៃរ៉ូស​ឲ្យ​រស់​ឡើង​វិញ
(ម៉ាថាយ ៩.១៨-២៦ លូកា ៨.៤០-៥៦)
      21 ព្រះ‌យេស៊ូ​ឆ្លង​ទូក​ពី​ត្រើយ​ម្ខាង​មក​វិញ ព្រះ‌អង្គ​គង់​នៅ​ឆ្នេរ​សមុទ្រ។ មាន​បណ្ដា‌ជន​ច្រើន​កុះ‌ករ​មក​ចោម‌រោម​ព្រះ‌អង្គ​ម្ដង​ទៀត។ 22 ពេល​នោះ មាន​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ​ម្នាក់​ឈ្មោះ​យ៉ៃរ៉ូស​មក​ដល់។ កាល​គាត់​ឃើញ​ព្រះ‌យេស៊ូ គាត់​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌អង្គ 23 ហើយ​ទទូច​អង្វរ​ព្រះ‌អង្គ​ថា៖ «កូន​ស្រី​របស់​ខ្ញុំ​ប្របាទ​ឈឺ​ធ្ងន់ ជិត​ស្លាប់ សូម​លោក​អាណិត​មេត្តា​អញ្ជើញ​ទៅ​ដាក់​ដៃ​លើ​នាង ដើម្បី​សង្គ្រោះ​នាង​ឲ្យ​មាន​ជីវិត»។ 24 ព្រះ‌យេស៊ូ​យាង​ទៅ​ជា​មួយ​គាត់។ មាន​បណ្ដា‌ជន​ជា​ច្រើន​កុះ‌ករ​តាម​ព្រះ‌អង្គ​ទៅ ទាំង​ប្រជ្រៀត​គ្នា​ជុំ‌វិញ​ព្រះ‌អង្គ។
       25 នៅ​ពេល​នោះ មាន​ស្ត្រី​ម្នាក់​កើត​ជំងឺ​ធ្លាក់​ឈាម​ដប់‌ពីរ​ឆ្នាំ​មក​ហើយ។ 26 គ្រូ​ពេទ្យ​ជា​ច្រើន​បាន​ព្យាបាល​នាង តែ​នាង​ឈឺ​ចុក‌ចាប់​រឹត​តែ​ខ្លាំង។ នាង​បាន​ចំណាយ​ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​នាង​មាន តែ​ជំងឺ​របស់​នាង​នៅ​តែ​មិន​បាន​ធូរ‌ស្រាល​ទេ ផ្ទុយ​ទៅ​វិញ នាង​កាន់​តែ​ឈឺ​ខ្លាំង​ឡើងៗ។ 27 នាង​បាន​ឮ​គេ​និយាយ​អំពី​ព្រះ‌យេស៊ូ ក៏​ចូល​ក្នុង​ចំណោម​បណ្ដា‌ជន ពាល់​ព្រះ‌ពស្ដ្រ​របស់​ព្រះ‌អង្គ​ពី​ខាង​ក្រោយ 28 ដ្បិត​នាង​នឹក​ក្នុង​ចិត្ត​ថា៖ «បើ​ខ្ញុំ​បាន​ពាល់​អាវ​របស់​លោក ខ្ញុំ​មុខ​ជា​ទទួល​ការ​សង្គ្រោះ​មិន​ខាន»។ 29 រំពេច​នោះ ឈាម​ឈប់​ធ្លាក់​ភ្លាម ហើយ​នាង​ដឹង​ថា​ខ្លួន​នាង​បាន​ជា​សះ‌ស្បើយ​ពី​រោគា។ 30 នៅ​ពេល​នោះ ព្រះ‌យេស៊ូ​ជ្រាប​ភ្លាម​ថា មាន​ឫទ្ធា‌នុភាព​មួយ​ចេញ​ពី​ព្រះ‌អង្គ ព្រះ‌អង្គ​បែរ​ទៅ​រក​បណ្ដា‌ជន មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ណា​ពាល់​អាវ​ខ្ញុំ?»។ 31 ពួក​សាវ័ក​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌គ្រូ​ឃើញ​ស្រាប់​ហើយ បណ្ដា‌ជន​ប្រជ្រៀត​ប៉ះ​នឹង​ព្រះ‌គ្រូ​គ្រប់​គ្នា ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌គ្រូ​សួរ​ថា អ្នក​ណា​ពាល់​ព្រះ‌គ្រូ​ដូច្នេះ?»។ 32 ព្រះ‌យេស៊ូ​ទត​មើល​ជុំ‌វិញ ដើម្បី​ឲ្យ​ដឹង​ថា អ្នក​ណា​បាន​ពាល់​ព្រះ‌អង្គ។ 33 ស្ត្រី​នោះ​ភ័យ​ញ័រ​រន្ធត់ ព្រោះ​នាង​ដឹង​អំពី​ហេតុ​ដែល​កើត​ដល់​ខ្លួន​នាង។ នាង​មក​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌យេស៊ូ ហើយ​ទូល​ការ​ពិត​ទាំង​អស់​ថ្វាយ​ព្រះ‌អង្គ។ 34 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «កូន​ស្រី​អើយ! ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ សូម​អញ្ជើញ​ទៅ​ឲ្យ​បាន​សុខ‌សាន្ត ហើយ​សូម​ឲ្យ​នាង​ជា​សះ‌ស្បើយ​ពី​ជំងឺ​ចុះ!»។
      35 កាល​ព្រះ‌យេស៊ូ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ មាន​គេ​មក​ពី​ផ្ទះ​លោក​យ៉ៃរ៉ូស ជម្រាប​គាត់​ថា៖ «កូន​ស្រី​លោក​ផុត​ដង្ហើម​ទៅ​ហើយ ម្ដេច​ក៏​នៅ​រំខាន​លោក​គ្រូ​ធ្វើ​អ្វី?»។ 36 ព្រះ‌យេស៊ូ​មិន​យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​នឹង​ពាក្យ​របស់​អ្នក​ទាំង​នោះ​ឡើយ តែ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​យ៉ៃរ៉ូស​ថា៖ «កុំ​ខ្លាច​អី គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ​បាន​ហើយ»។ 37 ព្រះ‌អង្គ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ទៅ​តាម​ព្រះ‌អង្គ​ឡើយ លើក‌លែង​តែ​លោក​សិលា លោក​យ៉ាកុប និង​លោក​យ៉ូហាន​ជា​ប្អូន​របស់​គាត់។ 38 កាល​ទៅ​ដល់​ផ្ទះ​លោក​យ៉ៃរ៉ូស ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ ព្រះ‌យេស៊ូ​ទត​ឃើញ​មនុស្ស‌ម្នា​ជ្រួល‌ច្របល់ ព្រម​ទាំង​ទ្រហោ​យំ​ជា​ខ្លាំង​ផង។ 39 ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ជ្រួល‌ច្របល់ ហើយ​ទ្រហោ​យំ​ដូច្នេះ? ក្មេង​នេះ​មិន​ស្លាប់​ទេ នាង​គ្រាន់​តែ​ដេក​លក់​ទេ​តើ!»។ 40 គេ​នាំ​គ្នា​ចំ‌អក​ដាក់​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​ដេញ​គេ​ឲ្យ​ចេញ​ទៅ​ក្រៅ​ទាំង​អស់​គ្នា រួច​ទ្រង់​នាំ​តែ​ឪពុក​ម្ដាយ​ក្មេង និង​សាវ័ក​ទាំង​បី​រូប ចូល​ទៅ​ក្នុង​បន្ទប់​ដែល​ក្មេង​ស្រី​នោះ​ដេក។ 41 ព្រះ‌អង្គ​ចាប់​ដៃ​ក្មេង​ស្រី​នោះ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «តាលី‌ថា‌គូម!» (ប្រែ​ថា “នាង​តូច​អើយ ខ្ញុំ​ប្រាប់​នាង​ថា ចូរ​ក្រោក​ឡើង!”)។ 42 ក្មេង​ស្រី​ក៏​ក្រោក​ឡើង ដើរ​មួយ​រំពេច ដ្បិត​នាង​មាន​អាយុ​ដប់‌ពីរ​ឆ្នាំ​ហើយ។ គេ​ងឿង‌ឆ្ងល់​ពន់​ប្រមាណ 43 ប៉ុន្តែ ព្រះ‌យេស៊ូ​ហាម‌ប្រាម​គេ មិន​ឲ្យ​ប្រាប់​នរណា​ដឹង​រឿង​នេះ​ឡើយ។ បន្ទាប់​មក ព្រះ‌អង្គ​ប្រាប់​គេ​ឲ្យ​យក​ចំណី​អាហារមក​ឲ្យ​ក្មេង​ស្រី​នោះ​បរិភោគ។