ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​អំពី​ការ​បំផ្លាញ​ព្រះ‌វិហារ*

(ម៉ាថាយ ២៤.១-២, លូកា ២១.៥-៦)
1 ពេល​ព្រះ‌យេស៊ូ​យាង​ចេញ​ពី​ព្រះ‌វិហារ*​ទៅ មាន​សាវ័ក*​ម្នាក់​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌គ្រូ សូម​មើល​ថ្ម​នុ៎ះ​ស្អាត​ណាស់! វិមាន​ទាំង​នេះ​ល្អ​វិសេស‌វិសាល​បំផុត»។ 2 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​សាវ័ក​នោះ​វិញ​ថា៖ «ថ្ងៃ​ក្រោយ វិមាន​ដ៏​ស្កឹម‌ស្កៃ​ដែល​អ្នក​ឃើញ​នេះ នឹង​ត្រូវ​រលំ​បាក់‌បែក​អស់ លែង​មាន​ថ្ម​ត្រួត​ពី​លើ​ថ្ម​ទៀត​ហើយ»។

ហេតុ‌ការណ៍​នៅ​គ្រា​ចុង​ក្រោយ
(ម៉ាថាយ ២៤.៣-១៤ លូកា ២១.៧-១៩)
3 ព្រះ‌អង្គ​គង់​នៅ​លើ​ភ្នំ​ដើម​អូលីវ ទល់​មុខ​ព្រះ‌វិហារ*។ លោក​សិលា លោក​យ៉ាកុប លោក​យ៉ូហាន និង​លោក​អន់ដ្រេ ទូល​សួរ​ព្រះ‌អង្គ​ដាច់​ឡែក​ពី​គេ​ថា៖ 4 «សូម​ព្រះ‌គ្រូ​ប្រាប់​ឲ្យ​យើង​ខ្ញុំ​ដឹង​ផង ហេតុ‌ការណ៍​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? តើ​មាន​អ្វី​ជា​សម្គាល់​ឲ្យ​យើង​ខ្ញុំ​ដឹង​ថា ព្រឹត្តិ‌ការណ៍​ទាំង​នេះ​នឹង​ដល់​ទី​បញ្ចប់?»។ 5 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ប្រុង‌ប្រយ័ត្ន កុំ​បណ្ដោយ​នរណា​មក​បញ្ឆោត​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង​បាន​ឡើយ 6 ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ​មក​ប្រើ ដោយ​ពោល​ថា៖ “ខ្ញុំ​នេះ​ហើយ​ជា​ព្រះ‌គ្រិស្ដ*!”។ គេ​នឹង​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង។ 7 កាល​ណា​អ្នក​រាល់​គ្នា​ឮ​គេ​និយាយ​អំពី​សង្គ្រាម និង​ឮ​ដំណឹង​ថា​មាន​សង្គ្រាម​ផ្ទុះ​ឡើង មិន​ត្រូវ​ជ្រួល‌ច្របល់​ឡើយ ដ្បិត​ហេតុ‌ការណ៍​ទាំង​នេះ​ត្រូវ​តែ​កើត​ឡើង ប៉ុន្តែ មិន​ទាន់​ដល់​អវសាន‌កាល​នៃ​ពិភព‌លោក​នៅ​ឡើយ​ទេ។ 8 ប្រជា‌ជាតិ​មួយ​នឹង​ធ្វើ​សង្គ្រាម​ត‌ទល់​នឹង​ប្រជា‌ជាតិ​មួយ​ទៀត ប្រទេស​មួយ​ត‌ទល់​នឹង​ប្រទេស​មួយ​ទៀត​ក។ នៅ​កន្លែង​ខ្លះ​នឹង​មាន​រញ្ជួយ​ផែន‌ដី ព្រម​ទាំង​មាន​កើត​ទុរ្ភិក្ស​ផង។ ហេតុ‌ការណ៍​ទាំង​នេះ​ប្រៀប​បាន​នឹង​ការ​ឈឺ​ចាប់​ដើម​ដំបូង​របស់​ស្ត្រី ដែល​ហៀប​នឹង​សម្រាល​កូន។ 9 ចូរ​អ្នក​រាល់​គ្នា​ប្រុង‌ប្រយ័ត្ន​ខ្លួន​ឲ្យ​មែន‌ទែន ដ្បិត​គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​កន្លែង​កាត់​ទោស គេ​នឹង​យក​រំពាត់​វាយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​សាលា​ប្រជុំ* គេ​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​ទេសា‌ភិបាល និង​ឲ្យ​ស្ដេច​កាត់​ទោស ព្រោះ​តែ​អ្នក​រាល់​គ្នា​តាម​ខ្ញុំ។ ប៉ុន្តែ ជា​ឱកាស​សម្រាប់​អ្នក​រាល់​គ្នា​ផ្ដល់​សក្ខី‌ភាព​ឲ្យ​គេ​ដឹង​ឮ។ 10 ត្រូវ​ប្រកាស​ដំណឹង‌ល្អ*​ឲ្យ​មនុស្ស​គ្រប់​ជាតិ​គ្រប់​សាសន៍​បាន​ឮ​ជា​មុន​សិន។ 11 ពេល​គេ​ចាប់​អ្នក​រាល់​គ្នា​បញ្ជូន​ទៅ​កាត់​ទោស កុំ​ភ័យ​បារម្ភ​ជា​មុន​នឹង​រក​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ​នោះ​ឡើយ ត្រូវ​និយាយ​តាម​តែ​ព្រះ‌ជា‌ម្ចាស់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​និយាយ នៅ​ពេល​នោះ ដ្បិត​មិន‌មែន​អ្នក​រាល់​គ្នា​ទេ​ដែល​និយាយ គឺ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជា‌ម្ចាស់​ទេ​តើ ដែល​នឹង​មាន​ព្រះ‌បន្ទូល។ 12 បង‌ប្អូន​នឹង​ចាប់​បញ្ជូន​គ្នា​ទៅ​ឲ្យ​គេ​សម្លាប់ ឪពុក​នឹង​ចាប់​បញ្ជូន​កូន​ទៅ​ឲ្យ​គេ​សម្លាប់ ហើយ​កូនៗ​លើក​គ្នា​ប្រឆាំង​នឹង​ឪពុក​ម្ដាយ ព្រម​ទាំង​បញ្ជូន​ទៅ​ឲ្យ​គេ​សម្លាប់​ទៀត​ផង។ 13 មនុស្ស​គ្រប់​រូប​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​ឈ្មោះ​ខ្ញុំ។ ប៉ុន្តែ អ្នក​ណា​ស៊ូ‌ទ្រាំ​រហូត​ដល់​ទី​បញ្ចប់ ព្រះ‌ជា‌ម្ចាស់​នឹង​សង្គ្រោះ​អ្នក​នោះ»។

គ្រា​មាន​ទុក្ខ​លំបាក​វេទនា
(ម៉ាថាយ ២៤.១៥-២៨ លូកា ២១.២០-២៤)
14 «ពេល​ណា​អ្នក​រាល់​គ្នា​ឃើញ​ជន​ចង្រៃ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ខឈរ​នៅ​កន្លែង​ដែល​មិន​ត្រូវ​ឈរ – សូម​ឲ្យ​អ្នក​អាន​យល់​ពាក្យ​នេះ​ចុះ – ពេល​នោះ អស់​អ្នក​ដែល​រស់​ក្នុង​ស្រុក​យូដា ត្រូវ​នាំ​គ្នា​រត់​ទៅ​ជ្រក​នៅ​តាម​ភ្នំ។ 15 រីឯ​អ្នក​នៅ​លើ​ដំបូល​ផ្ទះ មិន​ត្រូវ​ចុះ​មក​យក​របស់​អ្វី​ដែល​នៅ​ក្នុង​ផ្ទះ​ឡើយ 16 ហើយ​អ្នក​ដែល​នៅ​ឯ​ចម្ការ ក៏​មិន​ត្រូវ​វិល​ទៅ​ផ្ទះ​យក​អាវ​ធំ​របស់​ខ្លួន​ដែរ។ 17 គ្រា​នោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​បំបៅ​កូន មុខ​ជា​វេទនា​ពុំ‌ខាន។ 18 ចូរ​ទូល‌អង្វរ​ព្រះ‌ជា‌ម្ចាស់ សូម​កុំ​ឲ្យ​ហេតុ‌ការណ៍​ទាំង​នេះ​កើត​ឡើង​នៅ​រដូវ​ត្រជាក់​ឡើយ 19 ដ្បិត​ពេល​នោះ ជា​ពេល​មានទុក្ខ​វេទនា​យ៉ាង​ខ្លាំង តាំង​ពី​ដើម​កំណើត​ពិភព‌លោក​មក គឺ​ចាប់​ពី​ពេល​ដែល​ព្រះ‌ជា‌ម្ចាស់​បង្កើត​អ្វីៗ​ទាំង​អស់ មក​ទល់​សព្វ​ថ្ងៃ ហើយ​ទោះ​ជា​ទៅ​ថ្ងៃ​មុខ​ទៀត ក៏​ពុំ​ដែល​មាន​ទុក្ខ​លំបាក​ខ្លាំង​យ៉ាង​នេះ​ដែរ។ 20 ប្រសិន​បើ​ព្រះ‌អម្ចាស់​មិន​បន្ថយ​ចំនួន​ថ្ងៃ​ទាំង​នោះ​ទេ មុខ​ជា​គ្មាន​មនុស្ស​ណា​បាន​រួច​ជីវិត​ឡើយ ប៉ុន្តែ ព្រះ‌អង្គ​បន្ថយ​ចំនួន​ថ្ងៃ​ទាំង​នោះ ដោយ​យោគ‌យល់​ដល់​ពួក​អ្នក​ដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស។ 21 ប្រសិន​បើ​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា “ព្រះ‌គ្រិស្ដ*​គង់​នៅ​ទី​នេះ ឬ​នៅ​ទី​នោះ” កុំ​ជឿ​គេ​ឡើយ 22 ដ្បិត​នឹង​មាន​មនុស្ស​ក្លែង​ខ្លួន​ធ្វើ​ជា​ព្រះ‌គ្រិស្ដ ព្រម​ទាំង​មាន​ព្យាការី​ក្លែង‌ក្លាយ នាំ​គ្នា​សម្ដែង​ទី​សម្គាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិ​បាដិ‌ហារិយ៍​ផ្សេងៗ ដើម្បី​បញ្ឆោត​មនុស្ស​រហូត​ដល់​ទៅ​នាំ​ពួក​អ្នក​ដែល​ព្រះ‌អង្គ​ជ្រើស‌រើស​ឲ្យ​វង្វេង​ថែម​ទៀត​ផង ប្រសិន​បើ​គេ​អាច​ធ្វើ​បាន។ 23 ចូរ​ប្រុង‌ប្រយ័ត្ន ដ្បិត​ខ្ញុំ​និយាយ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ជា​មុន សព្វ​គ្រប់​ហើយ»។

បុត្រ​មនុស្ស​នឹង​យាង​មក​វិញ
(ម៉ាថាយ ២៤.២៩-៤៤ លូកា ២១.២៥-៣៣)
24 «លុះ​ទុក្ខ​លំបាក​នេះ​កន្លង​ផុត​ទៅ នៅ​គ្រា​នោះ ព្រះ‌អាទិត្យ​នឹង​បាត់​រស្មី ព្រះ‌ច័ន្ទ​លែង​មាន​ពន្លឺ​ទៀត​ហើយ 25 រីឯ​ផ្កាយ​ទាំង‌ឡាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ​គ អំណាច​នានា​នៅ​លើ​មេឃ​នឹង​ត្រូវ​កក្រើក​រំពើក។ 26 ពេល​នោះ គេ​នឹង​ឃើញបុត្រ​មនុស្ស*​យាង​មក​ក្នុង​ពពក ប្រកប​ដោយ​ឫទ្ធា‌នុភាព​ដ៏​ខ្លាំង​ក្លា និង​ដោយ​សិរី‌រុង​រឿង។ 27 លោក​នឹង​ចាត់​ពួក​ទេវទូត*​របស់​លោក​ឲ្យ​ទៅ​ទិស​ទាំង​បួន ចាប់​តាំង​ពី​ជើង​មេឃ​ម្ខាង​ទៅ​ជើង​មេឃ​ម្ខាង​ទៀត ដើម្បី​ប្រមូល​ពួក​អ្នក​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ជ្រើស‌រើស»។

28 «ចូរ​អ្នក​រាល់​គ្នា​យក​ពាក្យ​ប្រស្នាស្ដី​អំពី​ដើម​ឧទុម្ពរ*​ទៅ​រិះ‌គិត​ចុះ។ កាល​ណា​មែក​របស់​វា​មាន​ស្លឹក​លាស់​ខៀវ​ខ្ចី អ្នក​រាល់​គ្នា​ដឹង​ថា រដូវ​ប្រាំង​ជិត​មក​ដល់​ហើយ។ 29 ដូច្នេះ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ព្រឹត្តិ‌ការណ៍​ទាំង​នោះ​កើត​ឡើង ត្រូវ​ដឹង​ថាបុត្រ​មនុស្ស*​ក៏​ជិត​មក​ដល់​ហើយ​ដែរ គឺ​លោក​មក​ជិត​បង្កើយ​ហើយ។ 30 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ហេតុ‌ការណ៍​ទាំង​នោះ​នឹង​កើត​ឡើង នៅ​ពេល​ដែល​មនុស្ស​ជំនាន់​នេះ​មាន​ជីវិត​នៅ​ឡើយ។ 31 ផ្ទៃ​មេឃ និង​ផែន‌ដី នឹង​រលាយ​បាត់​ទៅ តែ​ពាក្យ​ដែល​ខ្ញុំ​និយាយ​មិន​រលាយ​បាត់​ទេ។ 32 រីឯ​ថ្ងៃ​កំណត់ និង​ពេល​វេលា គ្មាន​នរណា​ដឹង​ឡើយ ទោះ​បី​ទេវទូត*​នៅ​ស្ថាន​បរម‌សុខ* ឬ​ព្រះ‌បុត្រា​ក៏​ពុំ​ជ្រាប​ដែរ មាន​តែ​ព្រះ‌បិតា​ប៉ុណ្ណោះ​ដែល​ជ្រាប។ 33 អ្នក​រាល់​គ្នា​មិន​ដឹង​ថា ពេល​ណា​ជា​ពេល​កំណត់​ទេ ដូច្នេះ ចូរ​ប្រុង‌ប្រយ័ត្ន ប្រុង​ស្មារតី​ឲ្យ​មែន‌ទែន 34 ដ្បិត​ពេល​កំណត់​នោះ​ប្រៀប​បាន​នឹង​បុរស​ម្នាក់ ដែល​ចេញ​ដំណើរ​ពី​ផ្ទះ​ទៅ គាត់​ទុក​ឲ្យ​ពួក​អ្នក​បម្រើ​មើល​ខុស​ត្រូវ​ក្នុង​ផ្ទះ ដោយ​ចែក​មុខ‌ងារ​ឲ្យ​រៀងៗ​ខ្លួន ព្រម​ទាំង​បង្គាប់​ឲ្យ​អ្នក​យាម​ផ្ទះ​ប្រុង​ស្មារតី​ផង។ 35 អ្នក​រាល់​គ្នា​ក៏​ត្រូវ​ប្រុង​ស្មារតី​ដូច្នោះ​ដែរ ដ្បិត​អ្នក​រាល់​គ្នា​ពុំ​ដឹង​ថា ម្ចាស់​ផ្ទះ​នឹង​វិល​មក​វិញ​នៅ​ពេល​ណា​ឡើយ មិន​ដឹង​ជា​យប់ ពាក់​កណ្ដាល​អធ្រាត្រ ពេល​មាន់​រងាវ ឬ​ពេល​ព្រលឹម​ទេ 36 ក្រែង​លោក​ត្រឡប់​មក​វិញ ដោយ​មិន​បាន​ឲ្យ​ដំណឹង​មុន ហើយ​ឃើញ​អ្នក​រាល់​គ្នា​កំពុង​តែ​ដេក​លក់។ 37 ពាក្យ​ដែល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​នេះ ខ្ញុំ​ក៏​ចង់​និយាយ​ប្រាប់​អ្នក​ឯ​ទៀតៗ​គ្រប់​គ្នា​ដែរ គឺ​ថា ចូរ​ប្រុង​ស្មារតី!»។