ប្រស្នា​អំពី​អ្នក​ថែ‌រក្សា​ចម្ការ​ទំពាំង‌បាយ‌ជូរ

(ម៉ាថាយ ២១.៣៣-៤៦ លូកា ២០:៩-១៩)
1 បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ជា​ប្រស្នា​ថា៖ «មាន​បុរស​ម្នាក់​ដាំ​ទំពាំង‌បាយ‌ជូរ​មួយ​ចម្ការ។ គាត់​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ គាត់​រៀប‌ចំ​កន្លែង​មួយ ដើម្បី​បញ្ជាន់​ផ្លែ​ទំពាំង‌បាយ‌ជូរ ព្រម​ទាំង​សង់​ខ្ទម​មួយ​ផង។ បន្ទាប់​មក គាត់​ប្រវាស់​ឲ្យ​ពួក​កសិករ​មើល​ថែ‌ទាំ រួច​ចេញ​ដំណើរ​ពី​ស្រុក​នោះ​ទៅ។ 2 លុះ​ដល់​ទំពាំង‌បាយ‌ជូរ​ទុំ គាត់​ក៏​ចាត់​អ្នក​បម្រើ​ម្នាក់​ឲ្យ​មក​ទទួល​ផល ដែល​ជា​ចំណែក​របស់​គាត់​ពី​ពួក​អ្នក​ថែ​ចម្ការ។ 3 គេ​នាំ​គ្នា​ចាប់​អ្នក​បម្រើ​នោះ​វាយ‌ដំ ហើយ​បណ្ដេញ​ឲ្យ​ត្រឡប់​ទៅ​វិញ​ដៃ​ទទេ។ 4 ម្ចាស់​ចម្ការ​ក៏​ចាត់​អ្នក​បម្រើ​ម្នាក់​ទៀត​ឲ្យ​មក ប៉ុន្តែ ពួក​អ្នក​ថែ​ចម្ការ​នាំ​គ្នា​វាយ​ក្បាល​អ្នក​បម្រើ​នោះ ហើយ​ជេរ​ស្ដី​ទៀត​ផង។ 5 ម្ចាស់​ចម្ការ​ចាត់​អ្នក​បម្រើ​ម្នាក់​ផ្សេង​ទៀត​ឲ្យ​មក។ អ្នក​ថែ​ចម្ការ​បាន​សម្លាប់​អ្នក​បម្រើ​នោះ។ បន្ទាប់​មក អ្នក​បម្រើ​ផ្សេង​ទៀត​ជា​ច្រើន​រូប​ក៏​រង​គ្រោះ​ដូច្នោះ​ដែរ ខ្លះ​ត្រូវ​គេ​វាយ‌ដំ ខ្លះ​ត្រូវ​គេ​សម្លាប់។ 6 ម្ចាស់​ចម្ការ​មាន​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​តែ​មួយ​គត់ គាត់​ចាត់​បុត្រ​នោះ​ឲ្យ​មក​ក្រោយ​គេ​បង្អស់ ដោយ​យល់​ថា 7 “គេ​មុខ​ជា​គោរព​កោត​ខ្លាច​កូន​ប្រុស​ខ្ញុំ​មិន​ខាន”។ ប៉ុន្តែ ពួក​កសិករ​ថែ​ចម្ការ​ទាំង​នោះ​ពិគ្រោះ​គ្នា​ថា “អ្នក​នេះ​ជា​អ្នក​ទទួល​កេរ‌មត៌ក​ពី​ម្ចាស់​ចម្ការ​ទៅ​ថ្ងៃ​ក្រោយ យើង​នាំ​គ្នា​សម្លាប់​វា​ទៅ ចម្ការ​នេះ​នឹង​ធ្លាក់​មក​ជា​សម្បត្តិ​របស់​យើង”។ 8 គេ​ក៏​ចាប់​កូន​ប្រុស​ម្ចាស់​ចម្ការ​យក​មក​សម្លាប់ រួច​បោះ​ទៅ​ក្រៅ​ចម្ការ​ទំពាំង‌បាយ‌ជូរ។ 9 តើ​ម្ចាស់​ចម្ការ​ធ្វើ​យ៉ាង​ដូច​ម្ដេច? គាត់​មុខ​ជា​មក​សម្លាប់​អ្នក​ថែ‌រក្សា​ចម្ការ​ទាំង​នោះ​មិន​ខាន រួច​ប្រគល់​ចម្ការ​ទំពាំង‌បាយ‌ជូរទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត។ 10 អ្នក​រាល់​គ្នា​ពិត​ជា​ធ្លាប់​អាន​អត្ថ‌បទ​គម្ពីរ ដែល​មាន​ចែង​ថាៈ
“ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​ចោល 
បាន​ត្រឡប់​មក​ជា​គ្រឹះ​ដ៏​សំខាន់​បំផុត។ 
11 ព្រះ‌អម្ចាស់​បាន​សម្រេច​ការ‌អស្ចារ្យ​នេះ 
យើង​បាន​ឃើញ ហើយ​ស្ងើច​សរសើរ​ផង”»។
12 ពួក​មេ​ដឹក​នាំ​សាសន៍​យូដា​យល់​ថា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​នេះ សំដៅ​លើ​ពួក​គេ គេ​ក៏​នាំ​គ្នា​រក​មធ្យោ‌បាយ​ចាប់​ព្រះ‌អង្គ ប៉ុន្តែ គេ​ខ្លាច​បណ្ដា‌ជន ដូច្នេះ គេ​ក៏​ចាក‌ចេញ​ពី​ព្រះ‌យេស៊ូ​ទៅ។

អំពី​ពន្ធដារ
(ម៉ាថាយ ២២.១៥-២២ លូកា ២០:២០-២៦)
13 គេ​ចាត់​ពួក​ខាង​គណៈ​ផារី‌ស៊ី* និង​ពួក​ខាង​ស្ដេច​ហេរ៉ូដ​ខ្លះ​ឲ្យ​ទៅ​ជិត​ព្រះ‌យេស៊ូ ចាំ​ចាប់​កំហុស នៅ​ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល។ 14 គេ​នាំ​គ្នា​មក​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ! យើង​ខ្ញុំ​ដឹង​ថា លោក​មាន​ប្រសាសន៍​សុទ្ធ​តែ​ពិត​ទាំង​អស់ លោក​គ្រូ​ពុំ​យោគ‌យល់ ហើយ​ក៏​ពុំ​រើស​មុខ​នរណា​ឡើយ គឺ​លោក​គ្រូ​ប្រៀន‌ប្រដៅ​អំពី​របៀប​រស់​នៅ​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌ជា‌ម្ចាស់ តាម​សេចក្ដី​ពិត។ តើ​វិន័យ*​របស់​យើង​អនុញ្ញាត​ឲ្យ​បង់​ពន្ធដារ​ថ្វាយ​ព្រះចៅ​អធិ‌រាជ​រ៉ូម៉ាំង​ឬ​ទេ? តើ​យើង​ត្រូវ​បង់ ឬ​មិន​ត្រូវ​បង់?»។ 15 ព្រះ‌យេស៊ូ​ឈ្វេង​យល់​ពុត‌ត្បុត​របស់​គេ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចង់​ចាប់​កំហុស​ខ្ញុំ​ដូច្នេះ? សុំ​យក​ប្រាក់​មួយ​កាក់​មក​ឲ្យ​ខ្ញុំ​មើល​មើល៍»។ 16 គេ​ក៏​យក​ប្រាក់​មួយ​កាក់​មក​ថ្វាយ​ព្រះ‌យេស៊ូ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «តើ​លើ​កាក់​នេះ មាន​រូប​នរណា ឈ្មោះ​នរណា?»។ គេ​ឆ្លើយ​ថា៖ «រូប និង​ឈ្មោះ​ព្រះចៅ​អធិរាជ!»។ 17 ព្រះ‌យេស៊ូ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្វីៗ​ដែល​ជា​របស់​ព្រះចៅ​អធិ‌រាជ ចូរ​ថ្វាយ​ទៅ​ព្រះចៅ​អធិ‌រាជ​វិញ​ទៅ ហើយ​អ្វីៗ​ដែល​ជា​របស់​ព្រះ‌ជា‌ម្ចាស់ ចូរ​ថ្វាយ​ទៅ​ព្រះ‌ជា‌ម្ចាស់​វិញ​ដែរ»។ គេ​ងឿង‌ឆ្ងល់​នឹង​ព្រះ‌យេស៊ូ​យ៉ាង​ខ្លាំង។

អំពី​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ
(ម៉ាថាយ ២២.២៣-៣៣ លូកា ២០:២៧-៤០)
18 មាន​ពួក​ខាង​គណៈ‌សាឌូ‌ស៊ី*​ចូល​មក​គាល់​ព្រះ‌អង្គ។ ពួក​សាឌូ‌ស៊ី​មិន​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ទេ។ គេ​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ 19 «លោក​គ្រូ! លោក​ម៉ូសេ*​បាន​ចែង​ច្បាប់​ទុក​ឲ្យ​យើង​ថា “បើ​បុរស​ណា​មាន​ប្រពន្ធ ហើយ​ស្លាប់​ចោល​ប្រពន្ធ​ទៅ តែ​គ្មាន​កូន​សោះ ត្រូវ​ឲ្យ​ប្អូន​ប្រុស​របស់​បុរស​នោះ​រៀប‌ការ​នឹង​បង​ថ្លៃ ដើម្បី​បន្ដ​ពូជ​ឲ្យ​បង​ប្រុស​របស់​ខ្លួន”។ 20 ឧបមា​ថា មាន​បង‌ប្អូន​ប្រុសៗ​ប្រាំ​ពីរ​នាក់។ បុរស​បង​បង្អស់​បាន​រៀប‌ការ ហើយ​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ។ 21 ប្អូន​បន្ទាប់​រៀប‌ការ​នឹង​បង​ថ្លៃ​មេ‌ម៉ាយ រួច​ស្លាប់​ទៅ ទាំង​ឥត​មាន​កូន រីឯ​ប្អូន​ទី​បី​ក៏​ដូច្នោះ​ដែរ។ 22 បង‌ប្អូន​ទាំង​ប្រាំ​ពីរ​នាក់​សុទ្ធ​តែ​គ្មាន​កូន​ដូច​គ្នា។ នៅ​ទី​បំផុត នាង​ក៏​ស្លាប់​ទៅ​ដែរ។ 23 លុះ​ដល់​ពេល​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ តើ​នាង​ត្រូវ​បាន​ទៅ​ជា​ប្រពន្ធ​របស់​អ្នក​ណា បើ​ប្រាំ​ពីរ​នាក់​សុទ្ធ​តែ​យក​នាង​ធ្វើ​ជា​ប្រពន្ធ​ដូច្នេះ?»។ 24 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​យល់​ខុស​ហើយ ដ្បិត​អ្នក​រាល់​គ្នា​មិន​ស្គាល់​គម្ពីរ ហើយ​មិន​ស្គាល់​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជា‌ម្ចាស់​ផង។ 25 ពេល​មនុស្ស​ស្លាប់ មាន​ជីវិត​រស់​ឡើង​វិញ គេ​មិន​រៀប‌ការ​ប្ដី​ប្រពន្ធ​ទៀត​ឡើយ គឺ​គេ​នឹង​បាន​ដូច​ទេវទូត*​នៅ​ស្ថាន​បរម‌សុខ*។ 26 លោក​ម៉ូសេ*​បាន​ចែង​អំពី​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ នៅ​ក្នុង​អត្ថ‌បទ​ស្ដី​អំពី​គុម្ព​បន្លា តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​ឬ​ទេ?។ ព្រះ‌ជា‌ម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ថា “យើង​ជា​ព្រះ​របស់​អប្រាហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប”។ 27 ព្រះ‌ជា‌ម្ចាស់​មិន‌មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​ដែល​មាន​ជីវិត។ អ្នក​រាល់​គ្នា​យល់​ខុស​ទាំង​ស្រុង​ហើយ!»។

វិន័យ​សំខាន់​ជាង​គេ
(ម៉ាថាយ ២២.៣៤-៤០ លូកា ១០:២៥-២៦)
28 មាន​បណ្ឌិត​ខាង​វិន័យ*​ម្នាក់​បាន​ឮ​ពួក​គេ​ជជែក​ជា​មួយ​ព្រះ‌យេស៊ូ ហើយ​ឃើញ​ថា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល‌ឆ្លើយ​ត្រឹម‌ត្រូវ គាត់​ក៏​ចូល​ទៅ​ជិត​ទូល​ព្រះ‌អង្គ​ថា៖ «ក្នុង​បណ្ដា​វិន័យ*​ទាំង​អស់ តើ​បទ‌បញ្ជា​ណា​សំខាន់​ជាង​គេ?»។ 29 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល‌ឆ្លើយ​ថា៖ «នេះ​ជា​វិន័យ​ទី​មួយៈ “អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់! មាន​តែ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង​មួយ​ព្រះ‌អង្គ​គត់ ដែល​ពិត​ជា​ព្រះ‌អម្ចាស់។ 30 ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី អស់​ពី​ប្រាជ្ញា និង​អស់​ពី​កម្លាំង​កាយ”​ក។ 31 រីឯ​វិន័យ​ទី​ពីរ​មាន​ចែង​ថា “ត្រូវ​ស្រឡាញ់​បង‌ប្អូន​ឯ​ទៀតៗ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង”។ គ្មាន​វិន័យ​ណា​សំខាន់​ជាង​វិន័យ​ទាំង​ពីរ​នេះ​ទេ»។ 32 បណ្ឌិត​ខាង​វិន័យ​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ លោក​មាន​ប្រសាសន៍​ត្រូវ​ណាស់ ហើយ​ពិត​ផង។ មាន​ព្រះ‌ជា‌ម្ចាស់​តែ​មួយ​ព្រះ‌អង្គ​គត់ ក្រៅ​ពី​ព្រះ‌អង្គ គ្មាន​ព្រះ​ឯ​ណា​ទៀត​ឡើយ។ 33 បើ​យើង​ស្រឡាញ់​ព្រះ‌អង្គ​អស់​ពី​ចិត្ត​គំនិត អស់​ពី​បញ្ញា និង​អស់​ពី​កម្លាំង​កាយ ហើយ​បើ​យើង​ស្រឡាញ់​បង‌ប្អូន​ឯ​ទៀតៗឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង នោះ​ប្រសើរ​ជាង​ថ្វាយ​តង្វាយ​ដុត និង​ថ្វាយ​យញ្ញ‌បូជា​ទៅ​ទៀត»។ 34 កាល​ព្រះ‌យេស៊ូ​ឮ​គាត់​ឆ្លើយ​ដោយ​ប្រាជ្ញា​វាង‌វៃ​ដូច្នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​នៅ​មិន​ឆ្ងាយ​ពី​ព្រះ‌រាជ្យ​របស់​ព្រះ‌ជា‌ម្ចាស់​ទេ»។ បន្ទាប់​មក គ្មាន​នរណា​ហ៊ាន​ដេញ‌ដោល​សួរ​ព្រះ‌អង្គ​ទៀត​ឡើយ។

ព្រះ‌គ្រិស្ដ​ជា​ព្រះ‌អម្ចាស់​លើ​ស្ដេច​ដាវីឌ
(ម៉ាថាយ ២២.៤១-៤៦ លូកា ២០:៤១-៤៤)
35 ព្រះ‌យេស៊ូបង្រៀន​មនុស្ស‌ម្នា​នៅ​ក្នុង​ព្រះ‌វិហារ*​ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​បណ្ឌិត​ខាង​វិន័យ​និយាយ​ថា ព្រះ‌គ្រិស្ដ​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​ដូច្នេះ?។ 36 ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជា‌ម្ចាស់​បាន​បំភ្លឺ​ព្រះ‌បាទ​ដាវីឌឲ្យ​មាន​រាជ‌ឱង្ការ​ថាៈ
“ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់ 
ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ថា សូម​គង់​ខាង​ស្ដាំ​យើង 
ទម្រាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ 
មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌អង្គ”​ខ។
37 បើ​ព្រះ‌បាទ​ដាវីឌ​ផ្ទាល់​ហៅ​ព្រះ‌គ្រិស្ដ*​ថា “ព្រះ‌អម្ចាស់” ដូច្នេះ តើ​ឲ្យ​ព្រះ‌គ្រិស្ដ​ត្រូវ​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌អង្គ​ដូច​ម្ដេច​កើត?»។

ព្រះ‌យេស៊ូ​ប្រាប់​បណ្ដា‌ជន​ឲ្យ​ប្រយ័ត្ន​នឹង​ពួក​បណ្ឌិត​ខាង​វិន័យ
(ម៉ាថាយ ២៣.១-៣៦ លូកា ២០:៤៥-៤៧)
បណ្ដា‌ជន​ជា​ច្រើន​ចូល​ចិត្ត​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូ​ណាស់។ 38 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​បង្រៀន​គេ​ថា៖ «ចូរ​ប្រយ័ត្ន​នឹង​ពួក​បណ្ឌិត​ខាង​វិន័យ*​ឲ្យ​មែន‌ទែន អ្នក​ទាំង​នោះ​ចូល​ចិត្ត​ពាក់​អាវ​វែង ដើរ​ចុះ​ដើរ​ឡើង ហើយ​ចូល​ចិត្ត​ឲ្យ​គេ​អោន​កាយ​គោរព​នៅ​តាម​ផ្សារ 39 ព្រម​ទាំង​រើស​កន្លែង​អង្គុយ​មុខ​គេ ក្នុង​សាលា​ប្រជុំ* និង​ចូល​ចិត្ត​កន្លែង​កិត្តិ‌យស​នៅ​ពេល​ជប់‌លៀង។ 40 គេ​តែង​នាំ​គ្នា​ឆបោក​យក​ទ្រព្យ‌សម្បត្តិ​របស់​ស្ត្រី​មេ‌ម៉ាយ ដោយ​ធ្វើ​ឫក​ជា​សូត្រ​ធម៌​យ៉ាង​យូរ។ អ្នក​ទាំង​នេះ​នឹង​ត្រូវ​ទទួល​ទោស​យ៉ាង​ធ្ងន់​បំផុត​ជា​មិន​ខាន»។

តង្វាយ​របស់​ស្ត្រី​មេ‌ម៉ាយ
(លូកា ២១.១-៤)
41 ព្រះ‌យេស៊ូ​គង់​នៅ​មុខ​ហិប​តង្វាយ ព្រះ‌អង្គ​ទត​មើល​របៀប​ដែល​បណ្ដា‌ជន​យក​ប្រាក់​មក​ដាក់​ក្នុង​ហិប​នោះ។ អ្នក​មាន​ច្រើន​នាក់​ដាក់​ប្រាក់​ជា​ច្រើន។ 42 មាន​ស្ត្រី​មេ‌ម៉ាយ​ក្រីក្រ​ម្នាក់​មក​ដល់ នាង​យក​ប្រាក់​ពីរ‌សេន​ជា​ចំនួន​ដ៏​តិច‌តួច​បំផុត ដាក់​ក្នុង​ហិប​តង្វាយ​នោះ​ដែរ។ 43 ព្រះ‌យេស៊ូ​ត្រាស់‌ហៅ​ពួក​សាវ័ក*​មក ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ច្បាស់​ថា ស្ត្រី​មេ‌ម៉ាយ​ក្រីក្រ​នេះ​បាន​ដាក់​ប្រាក់​ក្នុង​ហិប​ច្រើន​ជាង​គេ​ទាំង​អស់ 44 ដ្បិត​ពួក​អ្នក​ទាំង​នោះ​យក​ប្រាក់​សំណល់​របស់​ខ្លួន​មក​ដាក់។ រីឯ​ស្ត្រី​មេ‌ម៉ាយ​នេះ​វិញ ទោះ​បី​នាង​ក្រីក្រ​យ៉ាង​ណា​ក៏​ដោយ ក៏​នាង​បាន​យក​ប្រាក់​ដែល​នាង​ត្រូវ​ការ​ជា​ចាំ‌បាច់​មក​ដាក់​ដែរ គឺ​ប្រាក់​ទាំង​ប៉ុន្មាន​ដែល​នាង​មាន​សម្រាប់​ចិញ្ចឹម​ជីវិត»។