ដំណឹង‌ល្អ​រៀប‌រៀង​ដោយ

លោក​លូកា
ពាក្យ​លំនាំ

លោក លូកា ជា​គ្រូ​ពេទ្យ​ជាតិ​ក្រិក​មួយ​រូប។ លោក​ពុំ​បាន​ស្គាល់​ព្រះ‌យេស៊ូ​ដោយ​ផ្ទាល់​ខ្លួន​លោក​ទេ ហើយ​លោក​ក៏​ពុំ​មែន​ជា​សាវ័ក​ដំបូង ឬ​ជា​គ្រិស្ដ‌ទូត​របស់​ព្រះ‌អង្គ​ដែរ តែ​លោក​ជា​គ្រិស្ដ‌បរិស័ទ​មួយ​រូប​ដែល​ជា​សហ‌ការី​របស់​គ្រិស្ដ‌ទូត​ប៉ូល ក្នុង​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ប្រកាស​ផ្សាយ​ដំណឹង‌ល្អ នៅ​មជ្ឈិម‌បូព៌ា​ប្រទេស។

លោក​លូកា​បាន​តែង​គម្ពីរ​ពីរ​កណ្ឌ គឺ​គម្ពីរ «ដំណឹង‌ល្អ​លូកា» និង​គម្ពីរ «កិច្ច‌ការ​របស់​គ្រិស្ដ‌ទូត»។ លោក​បាន​ប្រមូល​ឯក‌សារ​ផ្សេងៗ​ស្តី​អំពី​ព្រះ‌យេស៊ូ ហើយ​បាន​ពិនិត្យ​មើល​ដោយ​ហ្មត់‌ចត់ តាម​របៀប​អ្នក​ប្រាជ្ញ​ក្នុង​សម័យ​នោះ។ លោក​បាន​តែង​គម្ពីរ​នេះក្រោម​ការ​បំភ្លឺ​របស់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់។ លោក​លូកា​បាន​តែង​គម្ពីរ​ដំណឹង‌ល្អ​នេះ​នៅ​ចន្លោះ​គ.ស.៨០-៩០។

គោល​បំណង​លោក​លូកា
លោក​លូកា​បាន​តែង​គម្ពីរ​នេះ សម្រាប់​ឲ្យ​ជន​ជាតិ​ក្រិក​អាន។ លោក​រ៉ាយ‌រ៉ាប់​ប្រវត្តិ​របស់​ព្រះ‌យេស៊ូ ដោយ​ចង់​ពន្យល់​ថា ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជា‌ម្ចាស់​បាន​ណែ‌នាំ​ព្រះ‌យេស៊ូ តាំង​ពី​មុន​ព្រះ‌អង្គ​ប្រសូត​មក រហូត​ដល់​ពេល​ព្រះ‌អង្គ​សោយ​ទិវង្គត នៅ​ក្រុង​យេរូ‌សា‌ឡឹម។ ក្រោយ​ព្រះ‌យេស៊ូ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រះ‌វិញ្ញាណ​បាន​ណែ‌នាំ​ក្រុម​គ្រិស្ដ‌បរិស័ទ​ឲ្យ​ប្រកាស​ផ្សាយ​ដំណឹង‌ល្អ​អំពី​ព្រះ‌គ្រិស្ដ រហូត​ដល់​ចុង​កាត់​មាត់‌ញក​នៃ​ផែន‌ដី។

លោក​ប្រៀន‌ប្រដៅ​អ្នក​ដែល​ជឿ​លើ​ព្រះ‌យេស៊ូ​ឲ្យ​មាន​ចិត្ត​មេត្តា​ករុណាដូច​ព្រះ‌ជា‌ម្ចាស់ ដែល​មាន​ព្រះ‌ហឫ‌ទ័យ​មេត្តា​ករុណា។ លោក​ប្រៀន‌ប្រដៅ​គេ​ឲ្យ​ចេះ​ស្រឡាញ់​រាប់​អាន​ជន​ជាតិ​ដទៃ ជា​ពិសេស​ជា​មួយ​ជន​ជាតិ​ដែល​រស់​នៅ​ជិត​ខាង ឲ្យ​ចេះ​អត់‌ទោស​គ្នា​ទៅ​វិញ​ទៅ​មក ឲ្យ​យក​ចិត្ត​ទុក​ដាក់​ជួយ​អ្នក​ក្រីក្រ និង​សុខ​ចិត្ត​លះ‌បង់​អ្វីៗ​ទាំង​អស់ ដោយ​យល់​ដល់​ព្រះ‌គ្រិស្ដ។ អ្នក​ជឿ​ព្រះ‌យេស៊ូ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​អធិ‌ស្ឋាន គឺ​និយាយ​សារ‌ស័ព្ទ​ជា​មួយ​ព្រះ‌បិតា​ដោយ​ស្និទ្ធ‌ស្នាល ត្រូវ​មាន​អំណរ​សប្បាយ​ជា‌និច្ច ព្រោះ​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រិស្ដ​គង់​នៅ​ជា​មួយ និង​ត្រូវ​យល់​ច្បាស់​ថា​ព្រះ‌ជា‌ម្ចាស់​សង្គ្រោះ​អ្នក​ជឿ​ឥឡូវ​នេះ។

គម្រោង​របស់​គម្ពីរ​លូកា
• បុព្វ‌កថា (១.១-៤)
• កំណើត​របស់​លោក​យ៉ូហាន‌បាទីស្ដ និង​ព្រះ‌យេស៊ូ (១.៥‑២.៥២)
• សេចក្ដី​ប្រកាស​របស់​លោក​យ៉ូហាន‌បាទីស្ដ (៣.១-២០)
• ព្រះ‌យេស៊ូ​ទទួល​ពិធី​ជ្រមុជ​ទឹក និង​ឈ្នះ​ការ​ល្បួង (៣.២១‑៤.១៣)
• ព្រះ‌យេស៊ូ​ប្រកាស​ដំណឹង‌ល្អ​នៅ​ស្រុក​កាលី‌ឡេ (៤.១៤‑៩.៥០)
• ព្រះ‌យេស៊ូ​យាង​ពី​ស្រុក​កាលី‌ឡេ​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សា‌ឡឹម (៩.៥១‑១៩.២៧)
• សប្តាហ៍​ចុង​ក្រោយ​នៅ​ក្រុង​យេរូ‌សា‌ឡឹម និង​ភូមិ​ដែល​នៅ​ជុំ‌វិញ (១៩.២៨‑២៣.៥៦)
• ព្រះ‌យេស៊ូ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ និង​បង្ហាញ​ខ្លួន​ឲ្យ​អ្នក​ជឿ​ឃើញ (២៤.១-៥៣)