ស្ត្រីៗ​ដែល​បម្រើ​ព្រះ‌យេស៊ូ 

1 បន្ទាប់​មក​ទៀត ព្រះ‌យេស៊ូ​យាង​ទៅ​តាម​ក្រុង តាម​ភូមិ​នានា ទាំង​ប្រកាស និង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​អំពី​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជា‌ម្ចាស់។ គ្រីស្ត‌ទូត*​ទាំង​ដប់‌ពីរ​រូប​ទៅ​ជា​មួយ​ព្រះ‌អង្គ 2 ហើយ​មាន​ស្ត្រី​ខ្លះ​ទៀត​ដែល​ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​ជា​ពី​ជំងឺ និង​បណ្ដេញ​វិញ្ញាណ​អាក្រក់​ចេញ ក៏​តាម​ទៅ​ជា​មួយ​ដែរ គឺ​មាន​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា ដែល​ព្រះ‌អង្គ​បាន​ដេញ​ខ្មោច​ប្រាំ​ពីរ​ចេញ​ពី​នាង 3 នាង​យ៉ូហាណា ភរិយា​របស់​ឃូសា ជា​មហា‌តលិក​របស់​ព្រះ‌បាទ​ហេរ៉ូដ នាង​ស៊ូសាណា ព្រម​ទាំង​ស្ត្រី​ឯ​ទៀតៗ​ជា​ច្រើន ដែល​បាន​ចំណាយ​ធន‌ធាន​របស់​ខ្លួន ដើម្បី​ទំនុក​បម្រុង​ព្រះ‌យេស៊ូ និង​សាវ័ក*​របស់​ព្រះ‌អង្គ។

ប្រស្នា​អំពី​គ្រាប់​ពូជ
(ម៉ាថាយ ១៣.១-៩ ម៉ាកុស ៤.១-៩)
4 មាន​បណ្ដា‌ជន​ច្រើន​កុះ‌ករ​ចេញ​ពី​ទី‌ក្រុង​នានា មក​រក​ព្រះ‌យេស៊ូ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​ដូច​ត​ទៅ៖

5 «មាន​បុរស​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ។ ពេល​គាត់​ព្រោះ មាន​គ្រាប់​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើ​ផ្លូវ ត្រូវ​គេ​ដើរ​ជាន់ ហើយ​សត្វ​មក​ចឹក​ស៊ី​អស់​ទៅ។ 6 មាន​គ្រាប់​ពូជ​ខ្លះ​ទៀតធ្លាក់​ទៅ​លើ​ដី​មាន​ថ្ម កាល​ពន្លក​ដុះ​ឡើង ក៏​ក្រៀម​ស្វិត​ទៅ​វិញ ព្រោះ​ខ្វះ​ទឹក។ 7 មាន​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា។ បន្លា​ដុះ​ឡើង​ជា​មួយ​គ្រាប់​ពូជ ហើយ​រួប‌រឹត​គ្រាប់​ពូជ​នោះ​មិន​ឲ្យ​ដុះ​ឡើង​បាន។ 8 មាន​គ្រាប់​ពូជ​ខ្លះ​ទៀត ធ្លាក់​ទៅ​លើ​ដី​មាន​ជី‌ជាតិ​ល្អ គ្រាប់​ពូជ​ដុះ​ឡើង ឲ្យ​ផល​មួយ​ជា​មួយ‌រយ»។ ព្រះ‌យេស៊ូ​បន្លឺ​ព្រះ‌សូរ‌សៀង​ថែម​ទៀត​ថា៖ «អស់​អ្នក​ដែល​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ!»។

ព្រះ‌យេស៊ូ​ពន្យល់​ពាក្យ​ប្រស្នា​ស្ដី​អំពី​គ្រាប់​ពូជ
(ម៉ាថាយ ១៣.១០-២៣ ម៉ាកុស ៤.១០-២០)
9 សាវ័ក*​របស់​ព្រះ‌យេស៊ូទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​ពាក្យ​ប្រស្នា​នោះមាន​ន័យ​ដូច​ម្ដេច?»។ 10 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ព្រះ‌ជា‌ម្ចាស់​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា យល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​ព្រះ‌រាជ្យ*​របស់​ព្រះ‌អង្គ។ ចំពោះ​អ្នក​ដទៃ ព្រះ‌អង្គ​ប្រើ​ជា​ពាក្យ​ប្រស្នា​វិញ។ ដូច្នេះ ទោះ​បី​គេ​មើលក៏​ពុំ​ឃើញ ទោះ​បី​គេ​ស្ដាប់ក៏​ពុំ​យល់​ដែរ។ 11 រីឯ​ប្រស្នា​នោះ​មាន​ន័យ​ដូច​ត​ទៅ: គ្រាប់​ពូជ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់។ 12 មនុស្ស​ខ្លះប្រៀប​បី​ដូច​ជា​ផ្លូវ ដែល​គ្រាប់​ពូជ​ធ្លាក់ គេ​បាន​ស្ដាប់​ព្រះ‌បន្ទូល តែ​មារ​សាតាំង*​មក​ឆក់​យក​ពី​ចិត្ត​គេ ដើម្បី​កុំ​ឲ្យ​គេ​ជឿ និង​កុំ​ឲ្យ​គេ​រួច​ជីវិត។ 13 មនុស្ស​ខ្លះ​ទៀត​ប្រៀប​បី​ដូច​ជា​ដី​មាន​ថ្ម កាល​បាន​ស្ដាប់​ព្រះ‌បន្ទូល​ហើយ គេ​ទទួល​យក​ដោយ​អំណរ។ ប៉ុន្តែ គេ​ជឿ​តែ​មួយ‌ភ្លែត ពុំ​ទុក​ឲ្យ​ព្រះ‌បន្ទូល​ចាក់​ឫស​ឡើយ គេ​បោះ‌បង់​ចោល​ជំនឿនៅ​ពេល​ណា​មាន​ការ​ល្បួង។ 14 គ្រាប់​ពូជ​ដែល​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា ប្រៀប​បី​ដូច​ជា​អស់​អ្នក​ដែល​បាន​ស្ដាប់​ព្រះ‌បន្ទូល តែ​ចិត្ត​ខ្វល់‌ខ្វាយ ចិត្ត​លោភ‌លន់​ចង់​បាន​ទ្រព្យ‌សម្បត្តិ និង​ចិត្ត​ស្រើប‌ស្រាល មក​រួប‌រឹត​ផល​ផ្លែ​មិន​ឲ្យ​ទុំ​បាន​ឡើយ។ 15 រីឯ​គ្រាប់​ពូជ​ធ្លាក់​ទៅ​លើ​ដី​មាន​ជី‌ជាតិ​ល្អ ប្រៀប​បី​ដូច​ជា​អស់​អ្នក​ដែល​ស្ដាប់​ព្រះ‌បន្ទូល ហើយ​ចង​ចាំ​ទុក​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត រហូត​ដល់​បាន​បង្កើត​ផល​ផ្លែ​ជា​ច្រើន ដោយ​ចិត្ត​ស៊ូ‌ទ្រាំ»។

ប្រស្នា​អំពី​ចង្កៀង
(ម៉ាកុស ៤.២១-២៥)
16 «ពុំ​ដែល​មាន​នរណា​អុជ​ចង្កៀង ហើយ​យក​ធុង​មក​គ្រប​ពី​លើ ឬ​យក​ទៅ​ដាក់​ក្រោម​គ្រែ​ឡើយ។ គេ​តែង​យក​ចង្កៀង​ទៅ​ដាក់​លើ​ជើង​ចង្កៀង ដើម្បី​បំភ្លឺ​អស់​អ្នក​ដែល​ចូល​ក្នុង​ផ្ទះ។ 17 គ្រប់​ការ​លាក់​កំបាំងនឹង​ត្រូវ​បើក​ឲ្យ​គេ​ដឹង ហើយ​គ្រប់​អាថ៌‌កំបាំងក៏​នឹង​លេច​មក​ឲ្យ​មនុស្ស​គ្រប់​គ្នា​ស្គាល់​ច្បាស់​ដែរ។ 18 ដូច្នេះ ចូរ​ប្រុង‌ប្រយ័ត្ន​អំពី​របៀប​ដែល​អ្នក​រាល់​គ្នា​ស្ដាប់ ព្រោះ​អ្នក​ណា​មាន​ហើយ ព្រះ‌ជា‌ម្ចាស់​នឹង​ប្រទាន​ឲ្យ​ថែម​ទៀត តែ​អ្នក​ណា​ដែល​គ្មាន ព្រះ‌អង្គ​នឹង​ហូត​យក​នូវ​អ្វីៗ​ដែល​ខ្លួន​ស្មាន​ថា​មាន​នោះ​ផង»។

មាតា និង​បង‌ប្អូន​របស់​ព្រះ‌យេស៊ូ
(ម៉ាថាយ ១២.៤៦-៥០ ម៉ាកុស ៣.៣១-៣៥)
19 មាតា និង​បង‌ប្អូន​របស់​ព្រះ‌យេស៊ូ​នាំ​គ្នា​មក​រក​ព្រះ‌អង្គ ប៉ុន្តែ មិន​អាច​ចូល​ទៅ​ជិត​ព្រះ‌អង្គ​បាន​ឡើយ ព្រោះ​មាន​មនុស្ស​ច្រើន​ពេក។ 20 មាន​គេ​ទូល​ព្រះ‌អង្គ​ថា៖ «ម្ដាយ​លោក និង​បង‌ប្អូន​លោក​នៅ​ខាង​ក្រៅ ចង់​ជួប​លោក»។ 21 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អស់​អ្នក​ដែល​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់ ហើយ​ប្រតិ‌បត្តិ​តាម គឺ​អ្នក​នោះ​ហើយ​ជា​ម្ដាយ និង​ជា​បង‌ប្អូន​របស់​ខ្ញុំ»។

ព្រះ‌យេស៊ូ​ធ្វើ​ឲ្យ​រលក​ស្ងប់
(ម៉ាថាយ ៨.២៣-២៧ ម៉ាកុស ៤.៣៥-៤១)
22 ថ្ងៃ​មួយ ព្រះ‌យេស៊ូ​យាង​ចុះ​ទូក​ជា​មួយ​សាវ័ក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នាំ​គ្នា​ឆ្លង​ទៅ​ត្រើយ​ម្ខាង»។ ពួក​សាវ័ក​ក៏​ចេញ​ទូក​ទៅ​ជា​មួយ​ព្រះ‌អង្គ។ 23 ពេល​ឆ្លង​ទៅ​នោះ ព្រះ‌យេស៊ូ​ផ្ទំ​លក់ ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់‌បោក​យ៉ាង​ខ្លាំងមក​លើ​បឹង បណ្ដាល​ឲ្យ​ទឹក​ជះ​ចូល​ពេញ​ទូក ហើយ​ទាំង​អស់​គ្នា​ស្ថិត​ក្នុង​ភាព​អាសន្ន។ 24 ពួក​សាវ័ក​ចូល​ទៅ​ជិត​ព្រះ‌យេស៊ូ ដាស់​ព្រះ‌អង្គ​ថា៖ «ព្រះ‌គ្រូ! ព្រះ‌គ្រូ! យើង​ស្លាប់​ឥឡូវ​ហើយ»។ ព្រះ‌យេស៊ូ​តើន​ឡើង មាន​ព្រះ‌បន្ទូល​គំរាម​ខ្យល់​ព្យុះ និង​រលក​យ៉ាង​ម៉ឺង‌ម៉ាត់។ ខ្យល់​ព្យុះ និង​រលក​ក៏​ស្ងប់ ហើយ​ផ្ទៃ​ទឹក​ក៏​រាប​ស្មើ​ដូច​ធម្មតា​វិញ។ 25 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សាវ័ក​ថា៖ «ជំនឿ​របស់​អ្នក​រាល់​គ្នា​នៅ​ឯ​ណា?»។ ពួក​សាវ័ក​ភ័យ​ស្ញប់‌ស្ញែង ព្រម​ទាំង​ស្ងើច​សរសើរ​ផង គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​លោក​នេះ​មាន​ឋានៈ​អ្វី បាន​ជា​បញ្ជា​ទៅ​ខ្យល់ និង​ទឹក ហើយ​ខ្យល់ និង​ទឹក​ស្ដាប់​តាម​បង្គាប់​លោក​ដូច្នេះ?»។

ព្រះ‌យេស៊ូ​ប្រោស​បុរស​ខ្មោច​ចូល​ម្នាក់
(ម៉ាថាយ ៨.២៨-៣៤ ម៉ាកុស ៥.១-២០)
26 ព្រះ‌យេស៊ូ និង​សាវ័ក* បាន​មក​ដល់​ក្រុង​កេរ៉ាសា​នៅ​ត្រើយ​ម្ខាង ទល់​មុខ​ស្រុក​កាលី‌ឡេ។ 27 កាល​ព្រះ‌អង្គ​យាង​ឡើង​គោក មាន​បុរស​ម្នាក់​ចេញ​ពី​ក្រុង​មក​រក​ព្រះ‌អង្គ។ គាត់​មាន​ខ្មោច​ចូល ហើយ​មិន​ស្លៀក​ពាក់ មិន​រស់​នៅ​ក្នុង​ផ្ទះ​តាំង​ពី​យូរ​មក​ហើយ គឺ​គាត់​ស្នាក់​នៅ​តែ​តាម​ទី​បញ្ចុះ​សព។ 28 ពេល​គាត់​ឃើញ​ព្រះ‌យេស៊ូ គាត់​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌អង្គ ហើយ​ស្រែក​យ៉ាង​ខ្លាំង​ថា៖ «ឱ​ព្រះ‌យេស៊ូ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​អើយ! តើ​ព្រះ‌អង្គ​ចង់​ធ្វើ​អ្វី​ទូល‌បង្គំ? សូម​មេត្តា​កុំ​ធ្វើ​ទុក្ខ‌ទោស​ទូល‌បង្គំ​អី»។ 29 ខ្មោច​ទូល‌អង្វរ​ដូច្នេះ ព្រោះ​ព្រះ‌យេស៊ូ​បាន​បញ្ជា​វា​ឲ្យ​ចេញ​ពី​បុរស​នោះ វា​ចូល​គាត់​ច្រើន​លើក​ច្រើន​សា​មក​ហើយ។ គេ​បាន​យក​ច្រវាក់ចង​ដៃ​ចង​ជើង​គាត់ និង​ដាក់​ខ្នោះ​ទុក​មួយ​កន្លែង តែ​គាត់​កាច់​ច្រវាក់​បាន ហើយ​ខ្មោច​នាំ​គាត់​ទៅ​ទី​ស្ម‌សាន។ 30 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «ឯង​ឈ្មោះ​អី?»។ វា​ឆ្លើយ​ថា៖ «ទូល‌បង្គំ​ឈ្មោះ​កង‌ទ័ព»។ វា​ឆ្លើយ​ដូច្នេះ ព្រោះ​មាន​ខ្មោច​ជា​ច្រើន​ចូល​ក្នុង​បុរស​នោះ។ 31 ខ្មោច​ទាំង​នោះ​បាន​ទទូច​អង្វរ​ព្រះ‌យេស៊ូ សូម​កុំ​ឲ្យ​ព្រះ‌អង្គ​បញ្ជូន​ពួក​វា​ទៅ​នរក​អវិចី​ឡើយ។ 32 នៅ​ក្បែរ​នោះ មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រក​ស៊ី​តាម​ចង្កេះ​ភ្នំ។ ពួក​ខ្មោច​បាន​អង្វរ​ព្រះ‌អង្គ សូម​អនុញ្ញាត​ឲ្យ​វា​ចូល​ក្នុង​ជ្រូក​ទាំង​នោះ ព្រះ‌យេស៊ូ​ក៏​អនុញ្ញាត​ឲ្យ។ 33 ខ្មោច​ចេញ​ពី​បុរស​នោះ​ចូល​ទៅ​ក្នុង​ជ្រូក ហ្វូង​ជ្រូក​បោល​ចុះ​តាម​ជម្រាល​ភ្នំ តម្រង់​ទៅ​បឹង លង់​ទឹក​ងាប់​អស់​ទៅ។ 34 ពេល​អ្នក​ថែ‌រក្សា​ហ្វូង​ជ្រូក​ឃើញ​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នេះ ក៏​រត់​យក​រឿង​នេះ​ទៅ​ប្រាប់​អ្នក​នៅ​ទី‌ក្រុង និង​អ្នក​នៅ​ស្រុក​ស្រែ។ 35 មនុស្ស‌ម្នា​នាំ​គ្នា​ចេញ​ទៅ​មើល​ហេតុ‌ការណ៍​នោះ។ គេ​ចូល​មក​រក​ព្រះ‌យេស៊ូ ឃើញ​បុរស​ដែល​ខ្មោច​ចូល​ពី​មុន អង្គុយ​នៅ​ទៀប​ព្រះ‌បាទា​ព្រះ‌អង្គ គាត់​ស្លៀក​ពាក់​ដឹង​ស្មារតី​ដូច​ធម្មតា គេ​ក៏​ស្ញែង​ខ្លាច​ព្រះ‌អង្គ។ 36 អស់​អ្នក​ដែល​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក នាំ​គ្នា​រៀប‌រាប់​អំពី​របៀប​ដែល​ព្រះ‌យេស៊ូ​ប្រោស​បុរស​ខ្មោច​ចូល​នោះ​ឲ្យ​បាន​ជា។ 37 អ្នក​ស្រុក​នៅ​តំបន់​កាដារ៉ា​ទាំង​អស់អង្វរ​ព្រះ‌យេស៊ូ ឲ្យ​ចាក‌ចេញ​ពី​ស្រុក​ភូមិ​របស់​គេ ដ្បិត​គេ​ភ័យ‌ខ្លាច​ខ្លាំង​ណាស់។ ព្រះ‌យេស៊ូ​ក៏​យាង​ចុះ​ទូក​ត្រឡប់​ទៅ​វិញ។ 38 បុរស​ដែល​ខ្មោច​ចូល​ពី​មុន​នោះបាន​អង្វរ​សុំ​នៅ​ជា​មួយ​ព្រះ‌អង្គ​ដែរ ប៉ុន្តែ ព្រះ‌យេស៊ូ​មិន​យល់​ព្រម​ទេ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ 39 «ចូរ​អ្នក​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ហើយ​រៀប‌រាប់​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ប្រោស​ដល់​អ្នក»។ បុរស​នោះ​ចេញ​ទៅ ប្រកាស​ប្រាប់​ឲ្យ​អ្នក​ក្រុង​ដឹង​អំពី​ការ​ទាំង​អស់ ដែល​ព្រះ‌យេស៊ូ​បាន​ប្រោស​ដល់​គាត់។

ព្រះ‌យេស៊ូ​ប្រោស​ស្ត្រី​មាន​ជំងឺ​ធ្លាក់​ឈាម​ឲ្យ​ជា និង​ប្រោស​កូន​ស្រី​លោក​យ៉ៃរ៉ូស​ឲ្យ​រស់​ឡើង​វិញ
(ម៉ាថាយ ៩.១៨-២៦ ម៉ាកុស ៥.២១-៤៣)
40 ពេល​ព្រះ‌យេស៊ូ​យាង​ត្រឡប់​មក​ពី​ត្រើយ​ម្ខាង​វិញ បណ្ដា‌ជន​នាំ​គ្នា​មក​ទទួល​ព្រះ‌អង្គ ព្រោះ​គេ​ចាំ​មើល​ផ្លូវ​ព្រះ‌អង្គ​គ្រប់ៗ​គ្នា។ 41 មាន​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ*​ម្នាក់ ឈ្មោះ​យ៉ៃរ៉ូស ចូល​មក​ជិត​ព្រះ‌យេស៊ូ ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌អង្គ អង្វរ​សូម​ព្រះ‌អង្គ​យាង​ទៅ​ផ្ទះ​គាត់ 42 ដ្បិត​គាត់​មាន​កូន​ស្រី​តែ​មួយ អាយុ​ប្រហែល​ដប់‌ពីរ​ឆ្នាំ កំពុង​ឈឺ ជិត​ស្លាប់។ កាល​ព្រះ‌យេស៊ូ​យាង​ទៅ នៅ​តាម​ផ្លូវ​មាន​មហា‌ជន​ប្រជ្រៀត​គ្នា​ជុំ‌វិញ​ព្រះ‌អង្គ។ 43 ពេល​នោះ មាន​ស្ត្រី​ម្នាក់ កើត​ជំងឺ​ធ្លាក់​ឈាម​ដប់‌ពីរ​ឆ្នាំ​មក​ហើយ នាង​បាន​ចំណាយ​ទ្រព្យ‌សម្បត្តិ​ដែល​នាង​មាន​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​គ្រូ​ពេទ្យ​ព្យាបាល តែ​គ្មាន​គ្រូ​ពេទ្យ​ណា​អាច​មើល​នាង​ជា​បាន​ឡើយ។ 44 នាង​មក​ពី​ក្រោយ​ព្រះ‌យេស៊ូ ហើយ​ពាល់​ជាយ​ព្រះ‌ពស្ដ្រ​ព្រះ‌អង្គ ស្រាប់​តែ​ឈាម​ឈប់​ធ្លាក់​មួយ​រំពេច។ 45 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «នរណា​ពាល់​ខ្ញុំ?»។ គេ​ប្រកែក​គ្រប់​គ្នា​ថា គេ​មិន​បាន​ពាល់​ព្រះ‌អង្គ​ទេ។ លោក​សិលា​ទូល​ថា៖ «ព្រះ‌គ្រូ​អើយ បណ្ដា‌ជន​ប្រជ្រៀត​គ្នា​នៅ​ជុំ‌វិញ​ព្រះ‌គ្រូ ហើយ​គេ​ប៉ះ​ព្រះ‌គ្រូ​ទាំង​អស់​គ្នា»។ 46 ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​ម្នាក់​ពិត​ជា​បាន​ពាល់​ខ្ញុំ ព្រោះ​ខ្ញុំ​ដឹង​ថា​មាន​ឫទ្ធា‌នុភាព​មួយ​ចេញ​ពី​ខ្លួន​ខ្ញុំ​ទៅ»។ 47 ស្ត្រី​នោះ​មក​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌យេស៊ូ ទាំង​ញ័រ​រន្ធត់ ព្រោះ​ដឹង​ថា​ខ្លួន​លាក់​រឿង​នេះ​មិន​ជិត។ នាង​ទូល​ព្រះ‌អង្គ​នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទាំង​មូល អំពី​ហេតុ​ដែល​នាំ​ឲ្យ​នាង​ពាល់​ព្រះ‌អង្គ ហើយ​នាង​បាន​ជា​ពី​ជំងឺ​ភ្លាម។ 48 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «កូន​ស្រី​អើយ! ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ សូម​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ»។

49 កាល​ព្រះ‌យេស៊ូ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ មាន​បុរស​ម្នាក់​មក​ពី​ផ្ទះ​លោក​យ៉ៃរ៉ូស ជម្រាប​គាត់​ថា៖ «កូន​ស្រី​លោក​ផុត​ដង្ហើម​ទៅ​ហើយ សូម​កុំ​រំខាន​លោក​គ្រូ​ធ្វើ​អ្វី​ទៀត!»។ 50 ព្រះ‌យេស៊ូ​ឮ​ពាក្យ​បុរស​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​យ៉ៃរ៉ូស​ថា៖ «កុំ​ខ្លាច​អី ឲ្យ​តែ​លោក​ជឿ កូន​លោក​នឹង​បាន​រួច​ជីវិត​ពុំ‌ខាន»។ 51 លុះ​ព្រះ‌អង្គ​យាង​ទៅ​ដល់​ផ្ទះ​ហើយ ព្រះ‌អង្គ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ចូល​ជា​មួយ​ឡើយ លើក‌លែង​តែ​លោក​សិលា លោក​យ៉ូហាន លោក​យ៉ាកុប និង​ឪពុក‌ម្ដាយ​ក្មេង​ស្រី​នោះ​ប៉ុណ្ណោះ។ 52 អ្នក​ដែល​នៅ​ទី​នោះ​យំ​សោក​អាណិត​ក្មេង​នោះ​គ្រប់ៗ​គ្នា តែ​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​យំ​អី នាង​មិន​ស្លាប់​ទេ នាង​គ្រាន់​តែ​ដេក​លក់​ទេ​តើ!»។ 53 គេ​ចំអក​ដាក់​ព្រះ‌អង្គ ដ្បិត​គេ​ដឹង​ច្បាស់​ថា​នាង​បាន​ស្លាប់​ពិត​មែន។ 54 ព្រះ‌យេស៊ូ​ចាប់​ដៃ​ក្មេង​ស្រី​នោះ ហើយ​បន្លឺ​ព្រះ‌សូរ‌សៀង​យ៉ាង​ខ្លាំង​ថា៖ «នាង​អើយ! ក្រោក​ឡើង»។ 55 រំពេច​នោះ ព្រលឹង​នាង​ក៏​ត្រឡប់​មក​វិញ ហើយ​នាង​ក្រោក​ឡើង​ភ្លាម។ ព្រះ‌យេស៊ូ​សុំ​ឲ្យ​គេ​យក​ចំណី​អាហារ​មក​ឲ្យ​នាង​បរិភោគ។ 56 ឪពុក‌ម្ដាយ​របស់​នាង​ងឿង‌ឆ្ងល់​ក្រៃ‌លែង តែ​ព្រះ‌យេស៊ូ​ហាម​គេ​មិន​ឲ្យ​ប្រាប់​នរណា​ដឹង​រឿង​នេះ​ឡើយ។