ព្រះ‌យេស៊ូ​ប្រោស​មនុស្ស​ពិការ​ម្នាក់​ឲ្យ​ជា

1 ក្រោយ​មក​ទៀត មាន​ពិធី​បុណ្យ​មួយ​របស់​ជន​ជាតិ​យូដា ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​ក្រុង​យេរូ‌សា‌ឡឹម។ 2 នៅ​ក្រុង​យេរូ‌សា‌ឡឹម ជិត​ខ្លោង​ទ្វារ​ឈ្មោះ «ទ្វារ​ចៀម» មាន​ស្រះ​មួយ​ដែល​គេ​ហៅ​ជា​ភាសា​ហេប្រឺ​ថា «ស្រះ​បេតសា‌ថា» ក្បែរ​ស្រះ​នោះ មាន​ថែវ​ប្រាំ។ 3 មាន​អ្នក​ជំងឺ មនុស្ស​ខ្វាក់ មនុស្ស​ខ្វិន មនុស្ស​ខូច​ជើង និង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ជា​ច្រើន ដេក​នៅ​តាម​ថែវ​ទាំង​នោះ [រង់‌ចាំ​ទឹក​កម្រើក 4 ដ្បិត​យូរៗ​ម្ដង មាន​ទេវទូត*​មួយ​រូបចុះ​មក​ធ្វើ​ឲ្យ​ទឹក​ស្រះ​កម្រើក អ្នក​ណា​ចុះ​ទៅ​ក្នុង​ទឹក​កម្រើក​បាន​មុន​គេ អ្នក​នោះ​នឹង​បាន​ជា ទោះ​បី​មាន​ជំងឺ​អ្វី​ក៏​ដោយ]។ 5 នៅ​ទី​នោះ មាន​បុរស​ម្នាក់​ពិការ​តាំង​ពី​សាម‌សិប​ប្រាំ​បី​ឆ្នាំ​មក​ហើយ។ 6 ព្រះ‌យេស៊ូ​ទត​ឃើញ​គាត់​ដេក​ដូច្នេះ ព្រះ‌អង្គ​ជ្រាប​ថា គាត់​នៅ​ទី​នោះ​ជា​យូរ​មក​ហើយ ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ថា៖ «តើ​អ្នក​ចង់​ជា​ឬ​ទេ?»។ 7 អ្នក​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់​អើយ ពេល​ទឹក​កម្រើក គ្មាន​នរណា​យក​ខ្ញុំ​ទៅ​ដាក់​ក្នុង​ស្រះ​សោះ ហើយ​ពេល​ណា​ខ្ញុំ​ទៅ​ដល់ មាន​ម្នាក់​ចុះ​ទៅ​មុន​ខ្ញុំ​ស្រេច​ទៅ​ហើយ»។ 8 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក ហើយ​ដើរ​ទៅ​ចុះ»។ 9 ពេល​នោះ ស្រាប់​តែ​បុរស​នោះ​បាន​ជា​ភ្លាម គាត់​ក៏​យក​គ្រែ​ស្នែង​របស់​គាត់​ដើរ​ទៅ។ 10 រីឯ​ថ្ងៃ​នោះជា​ថ្ងៃ​សប្ប័ទ* ជន​ជាតិ​យូដា​ស្ដី​ឲ្យ​បុរស​ដែល​បាន​ជា​នោះ​ថា៖ «ថ្ងៃ​នេះ​ជា​ថ្ងៃ​សប្ប័ទ អ្នក​គ្មាន​សិទ្ធិ​លី​គ្រែ​ស្នែង​របស់​អ្នក​ដូច្នេះ​ឡើយ»។ 11 គាត់​ឆ្លើយ​ទៅ​គេ​ថា៖ «លោក​ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ជា ប្រាប់​ខ្ញុំ​ថា “ចូរ​យក​គ្រែ​ស្នែង​របស់​អ្នក​ដើរ​ទៅ​ចុះ!”»។ 12 គេ​សួរ​គាត់​ថា៖ «តើ​លោក​ណា​ប្រាប់​អ្នក​ឲ្យ​យក​គ្រែ​ស្នែង​ដើរ​ទៅ​ដូច្នេះ?»។ 13 ប៉ុន្តែ បុរស​ដែល​បាន​ជា មិន​ដឹង​ថា​នរណាបាន​ប្រោស​គាត់​ឲ្យ​ជា​ឡើយ ដ្បិត​ព្រះ‌យេស៊ូ​បាន​យាង​ចេញ​ពី​បណ្ដា‌ជន​ដែល​នៅ​កន្លែង​នោះ​ផុត​ទៅ​ហើយ។

14 ក្រោយ​មក ព្រះ‌យេស៊ូ​ជួប​គាត់​ក្នុង​ព្រះ‌វិហារ ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ឥឡូវ​នេះ អ្នក​បាន​ជា​ហើយ កុំ​ប្រព្រឹត្ត​អំពើ​បាប​ទៀត​ឲ្យ​សោះ ក្រែង​លោ​កើត​ការ​អាក្រក់​ដល់​អ្នក លើស​មុន​ទៅ​ទៀត»។ 15 បុរស​នោះ​ចេញ​ទៅ​ប្រាប់​ជន​ជាតិ​យូដា​ឲ្យ​ដឹង​ថា គឺ​ព្រះ‌យេស៊ូ​ដែល​បាន​ប្រោស​គាត់​ឲ្យ​ជា។ 16 ហេតុ​នេះ​ហើយ​បាន​ជា​ជន​ជាតិ​យូដា​នាំ​គ្នា​បៀត‌បៀន​ព្រះ‌យេស៊ូ ព្រោះ​ព្រះ‌អង្គ​ធ្វើ​ការ​នោះ​នៅ​ថ្ងៃ​សប្ប័ទ។ 17 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ព្រះ‌បិតា​របស់​ខ្ញុំ​ធ្វើ​ការ​រហូត​មក​ទល់​សព្វ​ថ្ងៃ ខ្ញុំ​ក៏​ធ្វើ​ការ​ដូច​ព្រះ‌អង្គ​ដែរ»។ 18 កាល​ឮ​ព្រះ‌បន្ទូល​នេះ ជន​ជាតិ​យូដា​រឹត​តែ​ចង់​ធ្វើ​គុត​ព្រះ‌អង្គ​ខ្លាំង​ឡើងៗ មិន‌មែន​មក​ពី​ព្រះ‌អង្គ​មិន​បាន​គោរព​តាម​វិន័យ* សម្រាប់​ថ្ងៃ​សប្ប័ទ​ប៉ុណ្ណោះ​ទេ គឺ​មក​ពី​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា ព្រះ‌ជា‌ម្ចាស់​ជា​ព្រះ‌បិតា​របស់​ព្រះ‌អង្គ​ផ្ទាល់​ថែម​ទៀត ព្រះ‌អង្គ​លើក​ខ្លួន​ឡើង​ស្មើ​នឹង​ព្រះ‌ជា‌ម្ចាស់។

អំណាច​របស់​ព្រះ‌យេស៊ូ
19 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ព្រះ‌បុត្រា​ពុំ​អាច​ធ្វើ​អ្វី​ដោយ​ព្រះ‌អង្គ​ផ្ទាល់​បាន​ឡើយ គឺ​ព្រះ‌បុត្រា​ធ្វើ​តែ​កិច្ច‌ការ​ណា ដែល​ទ្រង់​បាន​ឃើញ​ព្រះ‌បិតា​ធ្វើ​ប៉ុណ្ណោះ។ កិច្ច‌ការ​អ្វី​ដែល​ព្រះ‌បិតា​ធ្វើ ព្រះ‌បុត្រា​ក៏​ធ្វើ​កិច្ច‌ការ​នោះ​ដែរ។ 20 ព្រះ‌បិតា​មាន​ព្រះ‌ហឫ‌ទ័យ​ស្រឡាញ់​ព្រះ‌បុត្រា និង​បង្ហាញ​ឲ្យ​ព្រះ‌បុត្រា​ឃើញ​គ្រប់​កិច្ច‌ការ​ដែល​ព្រះ‌អង្គ​ធ្វើ ព្រះ‌បិតា​នឹង​បង្ហាញ​ឲ្យ​ព្រះ‌បុត្រា​ឃើញ​កិច្ច‌ការ​ធំ​ជាង​នេះ​ទៅ​ទៀត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ងឿង‌ឆ្ងល់។ 21 ដូច​ព្រះ‌បិតា​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ ព្រះ‌បុត្រា​ប្រទាន​ជីវិត​ឲ្យ​នរណា​ក៏​បាន ស្រេច​តែ​នឹង​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ។ 22 ព្រះ‌បិតា​មិន​ដាក់​ទោស​នរណា​ឡើយ គឺ​ព្រះ‌អង្គ​បាន​ប្រគល់​អំណាច​ដាក់​ទោស​ទាំង​អស់​ឲ្យ​ព្រះ‌បុត្រា​វិញ 23 ដើម្បី​ឲ្យ​មនុស្ស​គ្រប់ៗ​គ្នា​គោរព​ព្រះ‌បុត្រា ដូច​គេ​គោរព​ព្រះ‌បិតា។ អ្នក​ណា​មិន​គោរព​ព្រះ‌បុត្រា​ទេ អ្នក​នោះ​ក៏​មិន​គោរព​ព្រះ‌បិតា ដែល​បាន​ចាត់​ព្រះ‌បុត្រា​ឲ្យ​យាង​មក​នោះ​ដែរ។ 24 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​និយាយ ហើយ​ជឿ​លើ​ព្រះ‌អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក អ្នក​នោះ​មាន​ជីវិត​អស់​កល្ប‌ជានិច្ច គេ​មិន​ត្រូវ​ទទួល​ទោស​ឡើយ គឺ​បាន​ឆ្លង​ផុត​ពី​សេចក្ដី​ស្លាប់​ទៅ​រក​ជីវិត។ 25 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ដល់​ពេល​កំណត់​គឺ​ឥឡូវ​នេះ​ហើយ មនុស្ស​ស្លាប់​នឹង​ឮ​ព្រះ‌សូរ‌សៀង​ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់ ហើយ​អស់​អ្នក​ដែល​ឮ​ព្រះ‌សូរ‌សៀង​នោះ​នឹង​មាន​ជីវិត​រស់​នៅ 26 ដ្បិត​ព្រះ‌បិតា​ជា​ប្រភព​នៃ​ជីវិត​យ៉ាង​ណា ព្រះ‌អង្គ​ក៏​ប្រទាន​ឲ្យ​ព្រះ‌បុត្រា​ធ្វើ​ជា​ប្រភព​នៃ​ជីវិត​យ៉ាង​នោះ​ដែរ 27 ហើយ​ព្រះ‌បិតា​ក៏​ប្រទាន​ឲ្យ​ព្រះ‌បុត្រា​មាន​អំណាច​ដាក់​ទោស​ថែម​ទៀត​ផង ព្រោះ​ព្រះ‌បុត្រា​ជា​បុត្រ​មនុស្ស*។ 28 សុំ​កុំ​ងឿង‌ឆ្ងល់​ឡើយ ដ្បិត​ដល់​ពេល​កំណត់ មនុស្ស​ស្លាប់​ទាំង​ប៉ុន្មាន​នឹង​ឮ​ព្រះ‌សូរ‌សៀង​របស់​ព្រះ‌បុត្រា 29 ហើយ​ចេញ​ពី​ផ្នូរ​មក។ អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្អ​នឹង​រស់​ឡើង​វិញ ដើម្បី​ទទួល​ជីវិត រីឯ​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នឹង​រស់​ឡើង​វិញ ដើម្បី​ទទួល​ទោស»។

សក្ខី‌ភាព​អំពី​អំណាច​របស់​ព្រះ‌យេស៊ូ
30 «ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​ដោយ​អំណាច​ខ្ញុំ​ផ្ទាល់​បាន​ឡើយ ខ្ញុំ​វិនិច្ឆ័យ​គ្រប់​ការ​ទាំង​អស់ តាម​សេចក្ដី​ដែល​ព្រះ‌បិតា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ហើយ​ការ​វិនិច្ឆ័យ​របស់​ខ្ញុំ​ត្រឹម‌ត្រូវ ព្រោះ​ខ្ញុំ​មិន​ប្រាថ្នា​ធ្វើ​តាម​បំណង​ចិត្ត​ខ្ញុំ​ឡើយ គឺ​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​ដែល​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​នោះ​វិញ។ 31 ប្រសិន​បើ​ខ្ញុំ​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្លួន​ខ្ញុំ​ផ្ទាល់ សក្ខី‌ភាព​របស់​ខ្ញុំ​មិន​ពិត​ទេ។ 32 ប៉ុន្តែ មាន​ម្នាក់​ទៀត​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្ញុំ ហើយ​ខ្ញុំ​ដឹង​ថា​សក្ខី‌ភាព​ដែល​អ្នក​នោះ​ថ្លែង​អំពី​ខ្ញុំ ស្រប​តាម​សេចក្ដី​ពិត។ 33 អ្នក​រាល់​គ្នា​បាន​ចាត់​គេ​ឲ្យ​ទៅ​សួរ​លោក​យ៉ូហាន លោក​ក៏​ផ្ដល់​សក្ខី‌ភាព​អំពី​សេចក្ដី​ពិត។ 34 ចំពោះ​ខ្ញុំ ខ្ញុំ​មិន​ត្រូវ​ការ​សក្ខី‌ភាព​ពី​មនុស្ស​ណា​ឡើយ តែ​ខ្ញុំ​ពោល​ដូច្នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ការ​សង្គ្រោះ។ 35 លោក​យ៉ូហាន​នេះ​ប្រៀប​បាន​នឹង​ចង្កៀង​ដែល​កំពុង​ឆេះ​បំភ្លឺ ហើយ​អ្នក​រាល់​គ្នា​ក៏​ចង់​រីក‌រាយ​នឹង​ពន្លឺ​នោះមួយ​ស្របក់​ដែរ។ 36 រីឯ​ខ្ញុំ​វិញ ខ្ញុំ​មាន​សក្ខី‌ភាព​មួយ​ប្រសើរ​ជាង​សក្ខី‌ភាព​របស់​លោក​យ៉ូហាន​ទៅ​ទៀត។ ព្រះ‌បិតា​ប្រទាន​ឲ្យ​ខ្ញុំ​បង្ហើយ​កិច្ច‌ការ​ទាំង​អំបាល​ម៉ាន គឺ​កិច្ច‌ការ​ដែល​ខ្ញុំ​ធ្វើ​នេះ​ហើយ ជា​សក្ខី‌ភាព​បញ្ជាក់​ថា ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន។ 37 ព្រះ‌បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ក៏​បាន​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្ញុំ​ដែរ តែ​អ្នក​រាល់​គ្នា​មិន​ដែល​បាន​ឮ​ព្រះ‌សូរ‌សៀង​របស់​ព្រះ‌អង្គ ហើយ​ក៏​មិន​ដែល​បាន​ឃើញ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ​ផង។ 38 អ្នក​រាល់​គ្នា​គ្មាន​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​នៅ​ក្នុង​ចិត្ត​ទេ ព្រោះ​អ្នក​រាល់​គ្នាពុំ​ជឿ​អ្នក​ដែល​ព្រះ‌បិតា​បាន​ចាត់​ឲ្យ​មក។ 39 អ្នក​រាល់​គ្នា​ខំ​ពិនិត្យ‌ពិច័យ​មើល​គម្ពីរ ព្រោះ​នឹក​ស្មាន​ថា នឹង​បាន​ជីវិត​អស់​កល្ប‌ជានិច្ច ដោយ‌សារ​គម្ពីរ​ទាំង​នេះ គឺ​គម្ពីរ​នេះ​ហើយ​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្ញុំ 40 ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ចង់​មក​រក​ខ្ញុំ ដើម្បី​ឲ្យ​បាន​ជីវិត​ឡើយ។ 41 ខ្ញុំ​មិន​ចង់​ទទួល​សិរី‌រុង​រឿង​ពី​មនុស្ស​ទេ។ 42 ម្យ៉ាង​ទៀត ខ្ញុំ​ស្គាល់​ចិត្ត​អ្នក​រាល់​គ្នាហើយ អ្នក​រាល់​គ្នា​គ្មាន​ចិត្ត​ស្រឡាញ់​ព្រះ‌ជា‌ម្ចាស់​សោះ។ 43 ខ្ញុំ​មក ក្នុង​ព្រះ‌នាម​ព្រះ‌បិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​ខ្ញុំ​ឡើយ។ ប្រសិន​បើ​មាន​ម្នាក់​ទៀត​មក​ក្នុង​នាម​ខ្លួន​គេ​ផ្ទាល់ អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​គេ​មិន​ខាន! 44 តើ​ឲ្យ​អ្នក​រាល់​គ្នា​អាច​ជឿ​ដូច​ម្ដេច​បាន​បើ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ទទួល​សិរី‌រុង​រឿង​តែ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ដូច្នេះ ហើយ​ពុំ​ស្វែង​រក​សិរី‌រុង​រឿង​ពី​ព្រះ‌ជា‌ម្ចាស់​តែ​មួយ​គត់​សោះ​នោះ? 45 កុំ​នឹក​ស្មាន​ថា ខ្ញុំ​នឹង​ចោទ​ប្រកាន់​អ្នក​រាល់​គ្នានៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌បិតា​ឡើយ គឺ​លោក​ម៉ូសេ​ជា​ទី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា​វិញ​ទេ ដែល​នឹង​ចោទ​ប្រកាន់។ 46 ប្រសិន​បើ​អ្នក​រាល់​គ្នា​ជឿ​ពាក្យ​លោក​ម៉ូសេ អ្នក​រាល់​គ្នា​មុខ​ជា​ជឿ​ខ្ញុំ​មិន​ខាន ព្រោះ​លោក​បាន​សរសេរ​ទុក​ក្នុង​គម្ពីរ​ស្ដី​អំពី​ខ្ញុំ 47 ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ជឿ​សេចក្ដី​ដែល​លោក​បាន​សរសេរ​ទុក​ទៅ​ហើយ​នោះ ធ្វើ​ម្ដេច​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​ពាក្យ​របស់​ខ្ញុំ​បាន!»។