“ពេលដឹងថាចៅហ្នឹងអីចឹង តាំងពីអាយុ២ឆ្នាំ។ បើយើងគិតពីពូជពង្សអីគឺគ្មានហ្មង។ តាំងពីខ្ញុំកើតមកអត់ដែលមាន។ ប៉ុន្តែបញ្ហាខ្ញុំគិតថា ប្រហែលជា ពីតូចមកកំហុសរបស់ម៉ាក់គេខ្លះដែរ ឲ្យលេងទូរសព្ទ មើលទូរទស្សន៍”។
“វារពឹសហ្មង អត់មានទំនេរសោះហ្មង។ ទំនេរតែពេលគេងមួយទេ។ រពឹសខ្លាំង ហើយនៅផ្ទះចចេសខ្លាំង បោកប្រាស់ស្អីៗខ្ទេចខ្ទីអស់ហើយ។ សក់យើងអីបោចខ្ទេចខ្ទីអស់ហើយ។ ថាពិបាកខ្លាំងហ្មង”។
“ពិបាក ដោយសារខ្ញុំអត់យល់ពីជំងឺហ្នឹង។ ហើយខ្ញុំដើរសួរគេទៅ គេថា អត់មានផ្លូវអីព្យាបាលបានទេ មានតែយើងខ្លួនឯងជួយ ហើយនឹងមកមជ្ឍដ្ឋានខាងក្រៅ គឺថាមកប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ពីព្រោះគាត់អត់ចេះ លេងចូលជាមួយគេទេ ព្រោះ គាត់អត់ចូលសង្គមបាន ហើយបើគាត់ចង់បានអីគាត់យកហ្នឹងទាល់តែបាន”។
ទាំងនេះ គឺជាសំដីរបស់អ្នកម្តាយ និងជីដូន ដែលមានកូននិងចៅកើតជំងឺអូទីស៊ឹម។ ពួកគាត់បានយកកូននិងចៅរបស់គាត់មកទទួលការអប់រំនៅសាលាអប់រំពិសេសនៃការលូតលាស់ ដែលស្ថិតនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សាលានេះ ទទួលកុមារដែលមានជំងឺអូទីស៊ឹម ជាជំងឺមួយដែលធ្វើឲ្យកុមារពិបាកក្នុងការនិយាយ មានអកប្បកិរិយាចម្លែក និងគ្មានទំនាក់ទំនងជាមួយអ្នកដទៃ។ គ្រួសារដែលមានកុមារប្រភេទនេះ គឺមានការលំបាកជាខ្លាំងក្នុងការអប់រំនិងណែនាំពូកគេ។
អ្នកស្រីឆេញ សុនី វ័យ៦៥ឆ្នាំ បាននាំចៅរបស់គាត់មកទទួលការអប់រំនៅសាលាអប់រំពិសេសនៃការលូតលាស់ បានរយៈពេលជិតមួយឆ្នាំហើយ។ អ្នកស្រីបានឲ្យដឹងថា ចៅប្រុសរបស់គាត់មានជំងឺនេះ តាំងពីអាយុ២ឆ្នាំ។ ហើយគាត់និងកូនបានយកទៅផ្ញើនៅសាលាជាច្រើនតែខាងសាលាមិនអាចទទួលបាន។ អ្នកស្រី សុនី“ខ្ញុំដើរច្រើនសាលាហើយណា ដល់មកសាលានេះទៅដូចថា ពេញចិត្តណាស់។ គាត់បង្រៀនអីបានចេះ ល្អច្រើន។ ចៅខ្ញុំឥឡូវគ្រាន់បើច្រើន ចេះជាងមុន។ ពីដើមរពឹសណាស់”។
មិនសូវខុសពីអ្នកស្រី ឆេញ សុនី ទេ មានម្តាយជាច្រើនទៀតដែលកំពុងនៅក្បែររបងសាលាដើម្បីរង់ចាំមើលកូននិងចៅរបស់ខ្លួន ទោះបីជាកុមារទាំងនោះកំពុងរៀនក្នុងសាលាហើយក៏ដោយ។ ម្នាក់ៗបានអះអាងថា កូននិងចៅរបស់គាត់ពេលដែលពួកគេត្រូវការជំនួយគឺពិបាកគ្រប់គ្រងសូម្បីតែគ្រូបង្រៀនផ្ទាល់។ អ្នកស្រីខ្វាន់ ចាន់ដានីន បាននិយាយដូច្នេះថា “ អត់ទៅផ្ទះផង។ ខ្ញុំនៅចាំ ព្រោះភាគច្រើន ជួនកាលទៅគាត់ឈឺ ជួនកាលត្រូវការបញ្ចុកនំអីចឹងទៅ។ ពេលឥឡូវគាត់ទៅរៀនថ្នាក់លើទៅ គាត់ឡើងថ្នាក់ទៅ អត់ពិបាកទេ អាចញ៉ាំបាយបានទៀតឥឡូវ។ ហើយពីមុនស្លៀកខោទឹកនោមរហូត តែឥឡូវផ្តាច់បានហើយ ស្រួល”។
អ្នកស្រីហេង ចិត្រា អាយុ៣៨ឆ្នាំ ដែលនៅក្បែរនោះបានឲ្យដឹងថា កូនរបស់គាត់ពីមុនមកមិនខ្លាចអ្វីទាំងអស់ ព្រោះតែគាត់មិនយល់ថាអ្វីខ្លះមានគ្រោះថ្នាក់ចំពោះខ្លួន ប៉ុន្តែក្រោយពីទទួលបានការអប់រំនៅសាលា កូនរបស់គាត់ស្គាល់ពីរបៀបនៃទំនាក់ទំនងនិងអ្វីដែលអាចធ្វើបាបដល់គាត់។
អ្នកស្រី ភោគ ម៉ានី អ្នកសម្របសម្រួលសាលាអប់រំពិសេសនៃការលូតលាស់បានមានប្រសាសន៍ថា ទិសដោយសំខាន់នៃការបង្កើតសាលានេះ គឺដើម្បីជួយសម្រួលដល់ការអប់រំរបស់ឪពុកម្តាយដែលមានកូនមានជំងឺអូទីស៊ឹម។ អ្នកស្រី ភោគ ម៉ានី “ដោយសារផលវិបាកនៃឪពុកម្តាយដែលគាត់មានកូនអូទីស៊ឹមហ្នឹងគឺយើងអត់អាចបញ្ជូនកូនទៅរៀននៅតាមសាលា ទោះបីសាលាឯកជនដែលយើងត្រូវបង់លុយគេ ទោះបីសាលារដ្ឋក៏ដោយគឺគេអត់ទទួលទេ។ អីចឹងអ្វីដែលយើងបង្កើតសាលានេះ គឺយើងសង្ឃឹមថា ឲ្យក្មេងដែលមានពិការអូទីស៊ឹមនេះ គាត់មានការលូតលាស់ទាំងភាសា អាកប្បកិរិយា និងសង្គម ដើម្បីទៅថ្ងៃអនាគត គាត់អាចចូលរៀននៅសាលាឯកជនឬសាលារដ្ឋ បាន។ នេះជាគោលដៅចម្បងរបស់សាលានេះ”។
មកដល់ត្រង់នេះ អ្នកស្រីភោគ ម៉ានី បានឈប់បន្តិចហើយនិយាយថា គាត់ក៏ជាម្តាយដែលមានកូនអូទីស៊ឹមនេះដែរ ហើយកុមារអូទីស៊ឹម មានលក្ខណៈបីដែលប្លែកពីកុមារដទៃទៀតដែលត្រូវការអភិវឌ្ឍ គឺភាសា អាកប្បកិរិយា និងទំនាក់ទំនងសង្គម។ អ្នកស្រីបានពន្យល់ថា “តាមធម្មតាក្មេងអូទីស៊ឹម គឺមានបីចំណុចដែលពួកគាត់ត្រូវការអភិវឌ្ឍ។ ទី១គឺភាសា។ យើងឃើញថា នៅពេលគាត់មានអាយុមួយឆ្នាំគាត់នៅមានភាសាខ្លះៗ ពេលដល់អាយុ៣ឆ្នាំគាត់បាត់ភាសាគាត់ទៅវិញ។ ឪពុកម្តាយដែលមានកូនអូទីស៊ឹម គឺប្រាកដជាឆ្ងល់ថាហេតុអីបានអីចឹង តែនេះជាជំងឺហ្នឹង។ ទី២គឺអាកប្បកិរិយា។ ក្មេងអូទីស៊ឹមទាំង៤០នាក់មានអាកប្បកិរិយាប្លែទាំង៤០។ មានក្មេងខ្លះយំ បោកក្បាលនឹងជញ្ជាំង មានក្មេងខ្លះដំខ្លួនឯង មានក្មេងខ្លះដើរលោត ដើរចំទើត។ ហើយមួយទៀតគឺសង្គមរបស់គាត់ គឺគាត់ចូលចិត្តលេងតែឯង។ គាត់ទៅកន្លែងណា គាត់អត់អាចចូលជាមួយគេបានទេ។ គឺបីចំណុចនេះ យើងកត់សម្គាល់ថាក្មេងហ្នឹងមានជំងឺអូទីស៊ឹមហើយ”។
នៅក្នុងការស្រាវជ្រាវរបស់សហរដ្ឋអាមេរិកបានរកឃើញថា ក្នុងប្រទេសរបស់ខ្លួននៅក្នុងឆ្នាំ២០១១-២០១៣ មានកុមារម្នាក់ក្នុងចំណោម៨០នាក់កើតជំងឺអូទីស៊ឹម។ ហើយក្នុងឆ្នាំ២០១៤ ទិន្នន័យថ្មីបានបង្ហាញថា មានកុមារយ៉ាងហោចណាស់ម្នាក់ក្នុងចំណោម៤៥នាក់ដែលបានកើតជំងឺនេះ។ រីឯប្រទេសកូរ៉េខាងត្បូងវិញ មានអត្រាម្នាក់ក្នុងចំណោម៣៨នាក់។ ចំណែកនៅក្នុងប្រទេសកម្ពុជាមិនទាន់មានការសិក្សាអំពីចំនួននៃអ្នកកើតជំងឺនេះនៅឡើយទេ។
ទោះបីជាយ៉ាងណាក៏ដោយ ជំងឺអូទីស៊ឹមរបស់កុមារនេះ មិនត្រូវបានបញ្ជាក់ឲ្យដឹងច្បាស់ពីមូលហេតុនៃការកើតជំងឺនេះនៅឡើយទេ គឺមានតែការសន្និដ្ឋានមួយចំនួនប៉ុណ្ណោះ ដែលរួមមានទាំងកត្តាបរិស្ថាន កត្តាជីវសាស្រ្ត និងកត្តាតំណរពូជ ដែលទាំងនេះជាកត្តាបណ្តាលធ្វើឱ្យកុមារមានបញ្ហា។
សាលាអប់រំពិសេសនៃការលូតលាស់ សព្វថ្ងៃនេះមានគ្រូបង្រៀនចំនួន១១នាក់ ដែលកំពុងបង្រៀនកុមារចំនួន៤០នាក់ និងអភិវឌ្ឍកុមារទាំងនោះឲ្យអាចចូលទៅក្នុងសង្គមបានដូចកុមារដទៃទៀត។ សាលានេះត្រូវបានបង្កើតឡើងក្នុងខែមិថុនា ឆ្នាំ២០១៧ និងមានការគាំទ្រដោយព្រះសហគមន៍កាតូលិក។
កំពុងអង្គុយបង្រៀនសិស្សឲ្យចេះផាត់ពណ៌និងតម្រៀបរូប អ្នកគ្រូ ស៊ូ ភូណា ជាគ្រូបន្ទុកថ្នាក់កម្រិតទី១បានឲ្យដឹងថា ដំបូងឡើយគាត់មិនដឹងថា តើត្រូវធ្វើអ្វីខ្លះជាមួយកុមារទាំងនេះទេ ព្រោះមិនធ្លាប់បានធ្វើការងារជាមួយពួកគាត់។ ក្រោយមកអ្នកចាត់តាំងសាលាបានផ្តល់វគ្គបណ្តុះបណ្តាលដល់គាត់និងគ្រូឯទៀតៗដើម្បីឈ្វេងយល់បន្ថែមអំពីកុមារអូទីស៊ឹមនេះ។ អ្នកគ្រូបានឲ្យដឹងថា “ពេលយើងចាប់ផ្តើមចូលបង្រៀនយើងរៀនពីពួកគាត់ផង និងពីមេរៀនអ្នកគ្រូផល្លាផង និងពីគ្រូហ្វីលីពីនមកបណ្តុះបណ្តាល រយៈពេលមួយអាទិត្យ។ នៅពេលគាត់មកបង្រៀន គាត់ឲ្យយើងអនុវត្តជាមួយកូនក្មេងហ្នឹង។ យើងចង់ថា យើងធ្វើម៉េចដើម្បីឲ្យវាបានប្រសើរល្អ ជាមួយក្មេងយើង អីចឹងយើង ទៅមើលយូធូប(Youtube) ផង មើលសៀវភៅផង យើងរៀនពីគ្រូបរទេសផង ពីគ្រូខ្មែរផង”។
អ្នកគ្រូបានបន្តទៀតថា ការបង្រៀនកុមារអូទីស៊ឹមនេះ ពិតជាលំបាក ហើយក្នុងចំណោមកូនសិស្សម្នាក់ៗ ពួកគាត់ជាគ្រូបង្រៀនត្រូវតែយកចិត្តទុកដាក់អំពីអាកប្បកិរិយារបស់កុមារ និងសិក្សាអំពីពួកគេថាពួកគាត់យ៉ាងម៉េចៗ បន្ទាប់មកយើងជាគ្រូត្រូវធ្វើក្រដាសឲ្យគាត់ដើម្បីឲ្យគាត់អាចរៀនសូត្របាន ហើយត្រូវមានកាលវិភាគសម្រាប់គាត់ម្នាក់ៗ។ អ្នកគ្រូឲ្យដឹងទៀតថា ក្រៅពីកិច្ចការបង្រៀន យើងក៏សូមឲ្យឪពុកម្តាយចូលរួមជួយកុមារទាំងនោះដែរ ដើម្បីយល់អំពីកូនរបស់ពួកគាត់ថាគេចង់បានអ្វី។
សាលាអប់រំពិសេសនៃការលូតលាស់នេះ បង្រៀនពីថ្ងៃចន្ទ ដល់សុក្រ ចែកចេញជា២វេនក្នុងមួយថ្ងៃ មានព្រឹកនិងរសៀល ដែលមានបីកម្រិតដូចសាលាមេត្តេយ្យសិក្សារបស់រដ្ឋ។ ក្នុងនោះដែរសាលានេះ ក៏មានបន្ទប់កាយវិញ្ញាណសម្រាប់កុមារអាចយល់ដឹងបន្ថែមរបៀបនៃការរស់នៅ ស្គាល់របស់របរផ្សេងៗដែលចាំបាច់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃផងដែរ។
អ្នកស្រីម៉ានី ជាស្ថាបនិកសាលានេះ បានឲ្យដឹងទៀតថា នៅមានកុមារជាច្រើនទៀត ស្ថិតនៅក្នុងបញ្ជីរង់ចាំទទួលការសិក្សាពីសាលានេះ។ អ្នកស្រី ម៉ានី “ដូច្នេះក្នុងWaiting List (បញ្ជីរង់ចាំ)ដែលក្មេងមករកយើង មានដល់២៤នាក់ ដែលយើងមិនទាន់អាចជួយពួកគេបាន។ ក៏ប៉ុន្តែយើងនិងលោកបូជាចារ្យ អ្នកផ្តល់យោបល់ផ្សេងៗទៀត យើងនឹងមើលថាតើ២៤នាក់ថ្មី តើយើងនឹងអាចជួយពួកគេបានយ៉ាងម៉េច?”។
និយាយពីអនាគតរបស់កុមារដែលមានជំងឺអូទីស៊ឹមនៅកម្ពុជា សម្រាប់ឪពុកម្តាយពួកគេ បានត្រឹមតែសង្ឃឹមថា កូនៗរបស់គាត់គ្រាន់តែអាចរស់នៅបានដោយខ្លួនឯង និងអាចជួយខ្លួនឯងបានខ្លះប៉ុណ្ណោះ។ ពួកគាត់ម្នាក់ៗបានពោលយ៉ាងដូច្នេះ ៖
អ្នកស្រីឆេញ សុនី “ដូចថា ចេះតែនឹកឃើញថា មិនដឹងថាយ៉ាងណាទេ ឥឡូវវាចេះអីចឹង អ៊ំដូចសង្ឃឹមថា ធ្វើម៉េចក៏គេចេះជួយខ្លួនឯងបានឬក៏លើសហ្នឹងទៅទៀត។ ឥឡូវនេះ គេចូលចិត្តខាងទាត់បាល់”។
អ្នកស្រីខ្វាន់ ចាន់ដានីន ឲ្យដឹងថា “មិនសង្ឃឹមថា គាត់ចូលរៀនបានដល់សកលដូចគេអត់ទេ! សង្ឃឹមថាគាត់អាចជួយខ្លួនឯងបាន គាត់យល់ គាត់ចង់បានអ្វីមួយ គាត់នឹងប្រាប់យើងថាគាត់ចង់បានអី។ ខ្ញុំសង្ឃឹមតែប៉ុណ្ណឹងបានហើយ បើថាលើសហ្នឹងទៀតមិនអាច”។
ស្រដៀងគ្នានេះដែរ អ្នកស្រី ហេង ចិត្រា បាននិយាយថា “គ្រាន់ថាពេលធំឡើង យើងខ្ញុំថាគាត់អាចជួយខ្លួនឯងបាន។ មិនដែលបានធ្វើការងារធំដុំនឹងគេ មិនសង្ឃឹមអីចឹងទេ។ គ្រាន់ថា គាត់អាចរស់នៅដោយខ្លួនឯង ញ៉ាំបាយខ្លួនឯង មើលខ្លួនឯង ងូតទឹកខ្លួនឯង។ តែរាល់ថ្ងៃ សាលាគេបង្រៀនសរសេរអក្សរដែរ តែខ្ញុំមើលទៅក្មេងៗហ្នឹងវិវដ្តទៅខុសពីនៅតូច វាមិននៅដដែលៗទេ”។
ផ្ទុយពីការរំពឹងគិតរបស់ឪពុកម្តាយខាងលើ អ្នកសម្របសម្រួលសាលាអប់រំពិសេសនៃការលូតលាស់ អ្នកស្រីម៉ានី ហាក់ដូចជាមានសុទិដ្ឋិនិយមជាខ្លាំង។ គាត់នៅតែមានក្តីសង្ឃឹមចំពោះអនាគតរបស់កុមារអូទីស៊ឹម ព្រោះប្រទេសជិតខាងកម្ពុជា ដូចជាប្រទេសថៃជាដើម បានជ្រោមជ្រែងលើការអប់រំរបស់កុមារទាំងនោះ ហើយពួកគេបានទទួលជោគជ័យ ដោយកុមារខ្លះបានទទួលការងារធ្វើនៅការិយាល័យ និងបើកអាជីវកម្មផ្ទាល់ខ្លួន។
អត្ថបទដោយ កញ្ញា កែវ កញ្ញា