ស្វែងរក
The replica watches uk country for this brand for everyone, I believe replica watches most people are more understanding of its home pilots watch, who let people rely on the rolex replicaflight table from the home? Whether it is the original Mark series, or the replica rolex Navy Air Force forces MIRAMAR or Antoine De Saint Exupéry special models have a lot of fans.
គ្រីស្តបរិស័ទ៣០នាក់ ទទួលអគ្គសញ្ញាលាបថ្ងាស នៅព្រះវិហារ សន្ត សិលានិងសន្តប៉ូល

. - ២២ តុលា ២០១៧
 

រាជធានីភ្នំពេញ៖ បេក្ខជន បេក្ខនារីចំនួន ៣០នាក់មកពីព្រះវិហារ​សន្តសិលានិង​សន្ត ប៉ូល​ព្រះវិហារ​សន្ត​ សិលា​(ពោធិ៍ចិនតុង) និងព្រះវិហារ​សន្តយ៉ូសែប​(កំពង់ស្ពឺ) បានទទួល អគ្គសញ្ញាលាបថ្ងាស ដើម្បី​ផ្តល់កម្លាំង​ក្នុង​ការ​ចេញទៅប្រកាស​ដំណឹងល្អ​កាលពីថ្ងៃទី ២២ ខែតុលា​២០១៧ នៅ​ព្រះវិហារ​សន្ត​ សិលានិងសន្តប៉ូល​ នៃ​មណ្ឌល​សកម្មភាពភ្នំពេញថ្មី​​ដោយ​មានលោក អូលីវីយេ ជ្មីតអ៊ីស្ល៊ែរ ជាអធិបតី និងមានបងប្អូន គ្រីស្តបរិស័ទចូលរួមជា​ច្រើន​កុះករ។​

នៅក្នុងធម្មទេសនាលោកអូលីវីយេ ​ បាន​មា​នប្រសាសន៍ទៅ​កាន់​បេក្ខជនថា“នេះជា​ឱកាស​មួយ​ដើម្បីយកព្រះគ្រីស្តជាទីពឹង”។ លោកបញ្ជាក់បន្ថែម​ថាគ្រីស្ត​បរិស័ទ​គឺ​ជា​បរិស័ទ​ដែល​​ជាប់​ជាមួយព្រះគ្រីស្តផ្ទាល់ ប្រសិនបើគ្មានព្រះគ្រីស្តដឹកនាំ​ជីវិត​យើង​ឲ្យ​មាន​សេចក្តី​ស្រឡាញ់​និងអំណរសប្បាយនោះយើង​មិនខុសពីអង្គការមនុស្សធម៌ឡើយតែយើង​ខុសគ្នាដោយសារយើងមានព្រះគ្រីស្ត​ជាផ្លូវជាជីវិតនិងជាសេចក្តីពិត។​

លើសពីនេះទៅទៀត​ លោក​អូលីវីយេក៏បាន​ផ្តាំផ្ញើរដល់បេក្ខជននិង​គ្រីស្ត​បរិស័ទ​ទាំង​អស់​ ដោយលើកយកពីរចំនុច​នៃ​​សារលិខិតសម្តេចប៉ាបហ្វ្រង់ស៊ីស្កូក្នុង​ឱកាសទិវាប្រកាស​ដំណឹងល្អ​៖ ១)​​ឲ្យ​យកចិត្ត​ទុកដាក់​ធ្វើជា​គ្រូគង្វាល​ដ៏សប្បុរសដោយស្រឡាញ់ ថែទាំ​គ្នា​ទៅវិញ​ទៅមក​ និង​ចេះលើកទឹកចិត្តគ្នាជាពិសេស​ដល់បងប្អូន​ដែល​លែង​ចូលព្រះវិហារ។​ ២)​​ត្រូវធ្វើជា​អ្នក​សប្បុរសដូច​ជនសាម៉ារី ដោយណែនាំ​សេចក្តីស្រឡាញ់​ដែលជាថ្នាំ​ព្យាបាន​គ្រប់​ជំងឺ ​ដល់​បងប្អូន​មួយ​ចំនួន​ដែល​មិនមែន​ជា​គ្រីស្តបរិស័ទ​​ និងគ្មាន​សេចក្តីសង្ឃឹម។​

បន្ទាប់​ពី​ធម្មទេសនា​លោក​អភិបាល​​បាន​សួរ​បញ្ជាក់​អំពី​ជំនឿ​របស់​បេក្ខជន​ចំពោះ​ព្រះជា​ម្ចាស់​​​នៅក្នុង​ពិធី​ទទួល​អគ្គសញ្ញាលាបថ្ងាស និង​ប្រកាស​ធម៌ជឿ​រួមជាមួយ​គ្រីស្ត​បរិស័ទ​ទាំងអស់ រួចទូលអង្វរព្រះ​ជាម្ចាស់​រួម​ជាមួយ​សន្ត​បុគ្គល​ទាំងអស់​ដើម្បី​សូម​ព្រះ​វិញ្ញាណ​​យាង​មក​គង់​សណ្ថិត​ជាមួយ​បេក្ខជន​ទាំង​នោះ ដើម្បីឲ្យ​ពួកគេ​ទទួល​បាន​ផលផ្លែ​នៃព្រះ​វិញ្ញាណ​គឺ ១) មាន​ប្រាជ្ញាឈ្លាសវៃ។ ២) ដឹងខុសដឹងត្រូវ​។ ៣) ដឹងអំពី​សេចក្តីពិត។ ៤) មាន​យោបល់ល្អ។ ៥) មាន​សេចក្តី​អង់អាច។ ៦) ប្រព្រឹត្តតាម​ការណែនាំ​របស់​ព្រះវិញ្ញាណ​។ និង​៧) ចេះគោរពកោតខ្លាចព្រះបិតា។

បេក្ខនារីឈៀងរចនាជាបុគ្គលិក​នៃអង្គការផ្នែក​ត្រចៀក​នៅកម្ពុជា​ បាន​និយាយ​​ថា “ថ្ងៃនេះ​ ខ្ញុំ​បានទទួលកម្លាំង​ដ៏រឹងមាំ ដើម្បី​បន្តដំណើរ​​ទៅមុខជាមួយព្រះយេស៊ូដើម្បី​បន្ត​ប្រកាស​​​​ដំណឹងល្អ​ ដោយ​មានគម្រោង​ប្រមូលកុមារនៅតំបន់​អង្គស្នួលជាមួយ​បងស្រី​កាមែល​ ​ឲ្យស្គាល់​ព្រះជាម្ចាស់​​តាមរយៈ​អំណរ​សប្បាយជាមួយយើង”។ រចនាបានស្គាល់​ព្រះសហគមន៍​​នៅឆ្នាំ២០១១ តាមរយៈបព្វជីតាកាតូលិក​នៅសាលាពេទ្យដោយ​ចាប់​អារម្មណ៍​​​​លើ​ភាពជិតស្និទ្ធ​ដែលជាសេចក្តីស្រឡាញ់​​ប្តកបដោយភាពកក់ក្តៅទើប​អាច​ទទួលអគ្គសញ្ញាជ្រមុជទឹកនិង​លាបថ្ងាស​នៅ​ឆ្នាំ​២០១៧នេះ។​

តាមឯកសារអប់រំជំនឿនៃព្រះសហគមន៍កាតូលិកបាននិយាយថា ៖ អ្នកដែលទទួល​អគ្គសញ្ញា លាបថ្ងាស គឺអស់អ្នកដែលទទួលអគ្គសញ្ញាជ្រមុជទឹករួចហើយ។ អគ្គសញ្ញានេះ គឺបញ្ជាក់បន្ថែមថា បងប្អូនជាគ្រីស្តបរិស័ទ ពេញលក្ខណៈ ព្រះជាម្ចាស់ត្រាស់ហៅ បងប្អូន​ឲ្យ​ទទួលព្រះវិញ្ញាណដ៏វិសុទ្ធ​ដើម្បីបញ្ជាក់ជំនឿរបស់ខ្លួន និងចាត់ឲ្យបងប្អូនចេញ​ទៅ ប្រកាស ដំណឹងល្អអំពីជំនឿរបស់ខ្លូន ​ធ្វើជាសាក្សី​នៃធម៌មេត្តាករុណា​របស់​ព្រះ​ជាម្ចាស់​​ ដល់​មនុស្ស ដែលនៅជុំវិញយើង។ 

សរសេរដោយ ដាលីស

ព័ត៌មានច្រើនទៀត
១៨ កុម្ភៈ ២០១៨

បេក្ខជន បេក្ខនារី៥៦នាក់ ដែលមកពីមណ្ឌលសកម្មភាព កំពត កំពង់សោម ភ្នំពេញខាងជើង ភ្នំពេញខាងត្បូង មណ្ឌលសកម្មភាពតាខ្មៅ​ និងមណ្ឌលសកម្មភាពភ្នំពេញថ្មី នៃភូមិភាគភ្នំពេញ បានទទួលការត្រាស់ហៅយ៉ាងឱឡារិក (ជំហ៊ានទីពីរ) ពីលោកអូលីវីយេ ជ្មីតអីស្ល៊ែរ ដើម្បីទទួលអគ្គសញ្ញាជ្រមុជទឹកនៅរាត្រីបុណ្យចម្លងខាងមុខ។

            កម្មវិធីនេះធ្វើឡើងកាលពីថ្ងៃទី១៨ កុម្ភៈ ២០១៨ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល នៃមណ្ឌលសម្មភាពភ្នំពេញថ្មី ដោយមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ។

            អ្នកស្រី ភោគ ម៉ានី តំណាងក្រុមគ្រូអប់រំជំនឿ បានស្នើសុំ និងបង្ហាញជូនលោកអភិបាលនូវអស់អ្នកដែលលោកត្រូវត្រាស់ហៅ ដោយថ្លែងថា បេក្ខជនទាំងនេះបានផ្ញើជីវិតលើព្រះហឫទ័យមេត្តាករុណាព្រះជាម្ចាស់។ សហគមន៍គ្រីស្តបរិស័ទគាំទ្រពួកគាត់ដោយ​ពាក្យអធិដ្ឋានរបស់ខ្លួន និងដាស់តឿនពួកគេឲ្យខិតខំរស់នៅតាមដំណឹងល្អ។ អ្នកស្រីម៉ានី បន្ថែមថា បេក្ខជនទាំងនេះសូមឲ្យលោកអភិបាល ទទួលពួកគាត់ក្នុងចំណោមអស់អ្នកដែលទទួលអគ្គសញ្ញាជ្រមុជទឹក អគ្គសញ្ញាលាបថ្ងាស និងអគ្គសញ្ញាអរព្រះគុណព្រះជាម្ចាស់នៅថ្ងៃបុណ្យចម្លងខាងមុខនេះ។ តំណាងគ្រូអប់រំជំនឿរូបនេះបញ្ជាក់ទៀតថា “យើងយល់ឃើញថា ពួកគាត់មានជំនឿល្មមឲ្យលោកត្រាស់ហៅគាត់មែន”។

            បន្ទាប់ពីបានស្តាប់ពាក្យ ស្នើសុំ និងការអះអាងរបស់អតំណាងគ្រូអប់រំជំនឿរួចមក លោកអភិបាល បានសួរបញ្ជាក់ទៅកាន់ក្រុមបងធម៌ គ្រូអប់រំជំនឿ និងបូជាចារ្យ ហើយពួកគាត់បានបង្ហាញអំពីសក្ខីភាពនៃជំនឿរបស់បេក្ខជនទាំងអស់។

            ក្រោយមកលោកអភិបាលបានសួរបញ្ជាក់បន្ថែមទៅកាន់បងប្អូនជាំបេក្ខជន បេក្ខនារីដែលត្រូវទទួលការត្រាស់ហៅ ឲ្យប្រកាស​អំពីបំណងរបស់ខ្លួននៅចំពោះមុខព្រះសហគមន៍។ បេក្ខជនទាំង៥៦នាក់បានប្រកាសថា “ ពិតជាចង់រួមក្នុងព្រះកាយ​ព្រះគ្រីស្តដោយទទួលអគ្គសញ្ញា ជ្រមុជទឹក អគ្គសញ្ញាលាបថ្ងាស និងអគ្គសញ្ញាអរព្រះគុណព្រះជាម្ចាស់ពិតមែន”។

            បន្ទាប់មក លោកអភិបាលបានត្រាស់ហៅបងប្អូន បេក្ខជន បេក្ខនារីតាមមណ្ឌលសកម្មភាពព្រះសហគមន៍នីមួយៗ ដើម្បីចុះឈ្មោះក្នុងបញ្ជី រួមជាមួយបងធម៌។ ក្រោយមកលោកអភិបាលលាបប្រេងក្នុងដៃបេក្ខជន បេក្ខនារីទាំងអស់ និងបំពាក់កន្សែងពណ៌ស្វាយ ដែលជាសញ្ញាថាបងប្អូនបានត្រៀមខ្លួន និងកែប្រែចិត្តគំនិតដើម្បីទទួលអគ្គសញ្ញាជ្រមុជទឹកនារាត្រីបុណ្យចម្លងខាងមុខ។

            លោកអភិបាលបានប្រកាសទទួលបេក្ខជនទាំងនោះ គ្រីស្តបរិស័ទទាំងអស់បានទះដៃអបអរសាទរ ស្វាគមន៍បងប្អូនដែលទើបតែទទួលពិធីត្រាស់ហៅជាឱឡារិក(ជំហ៊ានទីពីរ)។

            លោកអភិបាលអូលីវីយេបានមានប្រសាសន៍មកកាន់អ្នកយកព័ត៌មានយើងថា៖ ថ្ងៃនេះជាថ្ងៃមួយយ៉ាងពិសេស​សម្រាប់ពិភពលោកទាំងមូល ដោយសារថ្ងៃទីមួយនៃរដូវ៤០ថ្ងៃ លោកអភិបាលក្នុងនាមព្រះសហគមន៍ត្រាស់ហៅបេក្ខជន​ឲ្យទទួលពិធីជ្រមុជទឹក​នៅក្នុងថ្ងៃបុណ្យចម្លង ដែលមានន័យថាទទួលជីវិតថ្មីរួមជាមួយព្រះយេស៊ូ។ លោកបន្តថាថ្ងៃនេះភូមិភាគភ្នំពេញ​បានត្រាស់ហៅ៥៦នាក់ និងកាលពីពីរថ្ងៃមុនបានត្រាស់ហៅបេក្ខជន២០នាក់នៅមណ្ឌលសកម្មភាពទន្លេបាសាក់ផងដែរ។

            លោកបញ្ជាក់ថាទាំងអស់នេះណែនាំឲ្យព្រះសហគមន៍មានជីវិត ដោយសារព្រះសហគមន៍បានប្រកាសដំណឹងល្អ និងណែនាំឲ្យបងប្អូនខ្លះៗស្គាល់ ទទួលជីវិតថ្មី និងធ្វើដំណើរជាមួយព្រះយេស៊ូអស់មួយជីវិត។ លោកក៏បានផ្តាំផ្ញើទៅកាន់គ្រីស្តបរិស័ទ លោកបូជាចារ្យ និងបងធម៌ទាំងអស់ ត្រូវតែអធិដ្ឋានក្នុងអំណរសប្បាយដើម្បីបេក្ខជនដែលរៀបចំខ្លួនទទួលពិធីជ្រមុជទឹក ចេះតស៊ូ និងត្រៀមចិត្តគំនិតភ្ជាប់ជាមួយព្រះយេស៊ូពិតប្រាកដ ព្រមទាំងអាចនាំដំណឹងល្អទៅដល់អស់បងប្អូនឯទៀតឲ្យមានក្តីសង្ឃឹម។

            ជាងនេះទៅទៀតលោកបានផ្តាំផ្ញើជាពិសេសដល់គ្រីស្តបរិស័ទនៃព្រះសហគមន៍ភូមិភាគភ្នំពេញទាំងមូលឲ្យយកចិត្តទុកដាក់តមអាហារ ចែករំលែកសេចក្តីស្រឡាញ់ ពេលវេលា និងទ្រព្យសម្បត្តិដល់អស់អ្នកតូចតាច។

លោកអូលីវីយេបន្ថែមថា ជាពិសេសក្នុងឆ្នាំគ្រួសារ សូមអធិដ្ឋាន លើកទឹកចិត្ត យកចិត្តទុកដាក់លើគ្រួសារដែលមានទុក្ខលំបាកផងដែរ។

            បេក្ខជន ជុំ គឿន ជាជនពិការ ដែលរស់នៅក្នុងមណ្ឌលជនពិការបន្ទាយព្រាបបានឲ្យដឹងថា៖ “ដោយហេតុបានឃើញ​គ្រីស្តបរិស័ទ​​ចេះស្រឡាញ់គ្នា ចេះចែករំលែកបទពិសោធន៍នៃជីវិតពិតៗឲ្យគ្នា​ ធ្វើឲ្យខ្ញុំពេញចិត្តហើយស្រឡាញ់ព្រះសហគមន៍ និងស្រឡាញ់ព្រះយេស៊ូ ទើបសម្រេចចិត្តចូលមកព្រះសហគមន៍​កាតូលិកដើម្បីធ្វើជាគ្រីស្តបរិស័ទ”។

            ព្រះសហគន៍កាតូលិកភូមិភាគភ្នំពេញ បានត្រាស់ហៅបងប្អូនចំនួន ៧៦ នាក់ដើម្បីចុះឈ្មោះក្នុងបញ្ជីព្រះសហគមន៍ ត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹកក្នុងឳកាសបុណ្យចម្លងខាងមុខ។ ក្នុងរយៈពេល៤០ថ្ងៃមុនបុណ្យចម្លងនេះបងប្អូននឹងទទួល​ពិធីផ្សេងតាមក្បួនអប់រំជំនឿរបស់ព្រះសហគមន៍កាតូលិក ដូចជាពិធីទទួលធម៌ជឿ ធម៌ឳព្រះបិតា ពិធីជំរះចិត្តគំនិត និងបណ្តេញមារ។​ល។

 ដោយដាលីស

១៦ កុម្ភៈ ២០១៨

ស្គធំ និងឆាប់ បានប្រគំយ៉ាងរំពងតាមទម្រង់វង់ភ្លេងម៉ុងសាយចិន វៀតណាម នៅពេលវត្តមានរបស់លោកអភិបាល អូលីវីយេ បានឈានជើងដល់ក្លោងទ្វារភូមិ​គ្រីស្តបរិស័ទ​នៅចំប៉ា ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៨។ លោកបូជាចារ្យ​ទទួលខុសត្រូវ និង​គ្រីស្តបរិស័ទជាច្រើននាក់ ដែលរងចាំជាស្រេចហើយនះ បានមកទទួល​ស្វាគមន៍​​​លោកអភិបាល​ដោយអំណរសប្បាយ និងឱឡារិក ហើយបន្តដំណើរមកកាន់​ព្រះវិហារ​សន្តហ្វ្រង់ស្វ័រសាវីយ៉េ ដោយមានក្រុងម៉ុងសាយនាំមុខ។

          ក្នុងពេលធ្វើដំណើរតាមដងផ្លូវចូលនោះលោកអភិបាលបានប្រទានពរដល់បងប្អូនចំនួន ដែលមានផ្ទះតាមដងផ្លូវ ហើយមានគ្រីស្តបរិស័ទជាច្រើនក៏សម្រុកចូល​មកទទួលព្រះពរ​ផងដែរ។ ក្បួនហែរបន្តរហូតដល់ព្រះវិហារ ដែលមានគ្រីស្តជាច្រើនកំពុងរងចាំដែរនោះ បានទះដៃ​ស្វាគមន៍គណៈអធិបតីយ៉ាងកងរំពង។

         នៅមុខព្រះវិហារមានតុបតែងយ៉ាងស្អាត និងមានពាក្យស្លោក សួស្តីឆ្នាំថ្មី​ដែលសរសេរជាភាសារកំណើត​របស់គេ ចំណែកនៅខាងក្នុងក៏មានតុបតែងផ្កាផ្ញីស្រស់បំព្រង ដែលបង្ហាញថា ជាបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន វៀតណាម។

ព្រះសហគមន៍​កាតូលិក​ចំប៉ា​ ប្រារព្ធ​ពិធី​​អភិបូជាអបអរសាទរឆ្នាំថ្មី ដើម្បី​អរព្រះគុណព្រះជាម្ចាស់សម្រាប់ឆ្នាំ​ចាស់កន្លងទៅ​និង​ទូល​អង្វរ​សុំ​សេចក្តីសុខសាន្ត​សម្រាប់ឆ្នាំថ្មី​។

          មុនចាប់ផ្តើមពិធីបុណ្យ​អភិបូជាក្រុម​កុមារ​នៃព្រះសហគមន៍​ចំប៉ាបាន​រាំរបាំ​ដើម្បី​អរព្រះគុណ​ព្រះជាម្ចាស់​ដែលបាន​ថែរក្សា​ការពារ​​។

          ​ក្នុង​ឱកាសនេះដែរ ពេលធម្មទេសនា​ លោក​អភិបាល អូលីវិយេដែលជាអធិបតីបាន​​​បង្ហាញ​អំពីចំណាប់អារម្មណ៍​ចំពោះ​អត្ថន័យ​នៃ​របាំ​ និងបានបង្ហាញភាពរីករាយរួមជាមួយបងប្អូន។ លោកថាថ្ងៃនេះ យើងជូនពរ គ្នារទៅវិញទៅមក សូមឲ្យមានសេចក្តីសុខ សូមឲ្យគ្រួសារនីមួយៗ​បានប្រកបដោយ សុភមង្គល និងសេចក្តីសុខសាន្ត។​​

            លោកអភិបាលអូលីវីយេ ក៏មានប្រសាសន៍ទៅកាន់បងប្អូនគ្រីស្ត បរិស័ទទាំងអស់ នៅក្នុងឆ្នាំថ្មីនេះ សូមឲ្យយកគំរូតាម របៀបរស់នៅនៃគ្រួសារដ៏វិសុទ្ធ។ គឺត្រូវ ​គោរពព្រះយេស៊ូ​ដែលនៅលើ​ឈើឆ្កាងជាគំរូ គោរពព្រះនាងម៉ារី ជាគំរូ និងគោរព​សន្ត​យ៉ូសែបជាគំរូ។

​​លោក​បន្ត ​ថា​ គ្រីស្ត​បរិស័ទត្រូវ​គោរពព្រះយេស៊ូ​នៅលើ​ឈើឆ្កាង​ជាគំរូ​​ ដែលព្រះអង្គ​បាន​លះបង់​ចោល​អ្វី​ៗ​ទាំង​អស់​ព្រោះតែ​សេចក្តីស្រឡាញ់​ដ៏ពិតប្រាកដ ដោយបូជាព្រះជន្មផ្ទាល់របស់ព្រះអង្គ ដើម្បី​ឲ្យ​យើង​មានជីវិត​ មានសេចក្តីសង្ឃឹម មានមាន​កម្លាំង​​​ និង​សេចក្តីស្រឡាញ់ ដោយស្រឡាញ់គ្នាទៅវិញទៅមក។ គឺមិនគ្រាន់តែ​ស្រឡាញ់ មនុស្សដែល​យើង​មាននិស្ស័យ​ តែ​ត្រូវ​ស្រឡាញ់​ខ្មាំង​សត្រូវ​​ មនុស្សដែលយើងស្អប់ ត្រូវលើកលែងទោសឲ្យគេផង ដូចព្រះយេស៊ូ​ សូម​ព្រះបិតា​​លើកលែងទោស​ដល់​សត្រូវ​​ដែល​សម្លាប់ព្រះអង្គផងដែរ។​

            ចំពោះការគោរពព្រះនាងម៉ារីជាគំរូ លោកអភិបាលបញ្ជាក់ថា៖ ​ព្រះនាងម៉ារី គឺជាគ្រីស្តទូតដំបូង និងជាមាតារបស់យើងទាំងអស់គ្នា។ ព្រះនាងបាន​ស្រឡាញ់​ព្រះយេស៊ូជានិច្ច ​តាមរបៀប​ស្លូតបូត ដាក់ខ្លួនបម្រើ និងស្តាប់។ ព្រះនាងប្រាប់ឲ្យយើងកូនចៅ សូមស្តាប់ព្រះយេស៊ូទៅក្នុងឆ្នាំនេះ​។

 ជាចុងក្រោយលោករំឭកថា យើងត្រូវគោរព​សន្ត​យ៉ូសែបជាគំរូ​ព្រោះ ព្រះជាម្ចាស់បានជ្រើសរើសលោក ជាឲ្យធ្វើជាឪពុករបស់ព្រះយេស៊ូក្នុងលោកនេះ លោកស្រឡាញ់រក្សាការពារ គ្រួសារ កូន និងប្រពន្ធយ៉ាងល្អបំផុតឲ្យរស់នៅក្នុងសេចក្តីសុខសាន្តយ៉ាងបរិបូរណ៍។ លោកបញ្ជាក់ថា ហេតុនេះបុរសជាប្តី ជាឪពុកទាំងអស់ ត្រូវយកចិត្តទុកដាក់​ជាមួយ​ប្រពន្ធកូន​ និងគ្រួសារតាមគំរូរបស់សន្តយ៉ូសែប​ ដើម្បី​ឲ្យ​គ្រួសារ​មាន​ភាពរីកចម្រើន និងសុភមង្គល។

ដោយសារពិធីបុណ្យចូលឆ្នាំថ្មីនេះត្រូវក្នុងរដូវអប់រំពិសេស ហើយឆ្នាំនេះជាឆ្នាំគ្រួសារ​តាមគម្រោងការរបស់ព្រះសហគមន៍ផង លោកអភិបាលព្រះសហគមន៍​កាតូលិកភូមិភាគភ្នំពេញ ក៏បានណែនាំឲ្យគ្រួសារគ្រីស្ត​បរិស័ទនីមួយៗយកចិត្តទុកដាក់រួមគ្នា​ក្នុងគ្រួសារ​​  អធិដ្ឋាន អានព្រះបន្ទូល និងរិះគិតស្មឹងស្មាធ ដើម្បីទទួលបានអត្ថន័យ​ព្រះបន្ទូលដំណឹងល្អ។ លោកថាគ្រួសារពិតណាស់តែងជួប ការលំបាក ឧបសគ្គនានា​ និងបញ្ហាផ្សេងៗ។ ប៉ុន្តែយើងជឿលើគ្រួសារដ៏វិសុទ្ធ យកគំរូតាមគ្រួសារដ៏វិសុទ្ធ យើងទទួលកម្លាំ និងនាំឲ្យគ្រួសារយើងចម្រើនឡើង និងមានសេចក្តីសុខជានិច្ច។

មុនបញ្ចប់ពិធីបុណ្យក្រុមម៉ុងសាយ ប្រចាំព្រះសហគមន៍​ នៃព្រះវិហារ​សន្តហ្វ្រង់ស្វ័រសាវីយ៉េ(ចំប៉ា)បានសម្តែង ជូនលោកអភិបាលទស្សនា ហើយលោកអភិបាល អូលីវីយេក៏បានចែកអំណេសប្បាយជាមួយបងប្អូន គឺជូនអាំងប៉ាវដល់អ្នកចូលរួមគ្រប់គ្នា ដោយនៅសំបកអាំងប៉ាវនោះមាន រូបសញ្ញាឆ្នាំគ្រួសារ និង ឃ្លាព្រះបន្ទូលថា៖ “អ្នកមានចិត្តស្រឡាញ់ តែងតែអត់ឱនឲ្យ ជឿ សង្ឃឹម ទ្រាំទ្រ ក្នុងគ្រប់កាលៈទេសៈ” ដែលជាពាក្យស្លោកសម្រាប់ឆ្នាំគ្រួសារ។

១៤ កុម្ភៈ ២០១៨

          ក្នុងពេលវេលានេះ គឺជាពេលវលាមួយ ដែលនាំឱ្យយើងម្នាក់ៗចូលយ៉ាងជ្រៅទៅក្នុងជីវិតផ្ទាល់ខ្លួនម្នាក់ៗ ដើម្បីកែប្រែចិត្តគំនិត ដោយជឿលើដំណឹងល្អ។

          នេះជាប្រសាសន៍របស់លោកអភិបាលអូលីវីយេ ជ្មីតហស៊្លែរ បានថ្លែងដូចនេះនៅក្នុងពិធីថ្វាយអភិបូជានៅព្រះវិហារសន្តយ៉ូសែប ផ្សារតូច កាលពីរសៀលថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ ដែលត្រូវនិងថ្ងៃពុធ ពិធីរោយផេះ ចូលរដូវអប់រំពិសេស របស់ព្រះសហគមន៍កាតូលិក ។

          នៅក្នុងធម្មទេសនានាឱកាសនោះ លោកអូលីវីយេ ជ្មីតហស៊្លែរ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានមានប្រសាសន៍ក្រើនរំលឹកគ្រីស្តបរិស័ទថា ដូចក្នុងអត្ថបទព្រះគម្ពីរ ដែលយើងបានស្តាប់អំបាញ់មិញនេះ នាំឱ្យយើងរិះគិតអំពីជីវិតរបស់យើងម្នាក់ៗ ដែលនៅក្នុងថ្ងៃនេះព្រះបន្ទូលរបស់ព្រះជាម្ចាស់ណែនាំឱ្យយើងធ្វើទាន និងធ្វើអ្វីៗទាំងអស់ ដោយព្រះអង្គមិនណែនាំឱ្យយើងបង្ហាញមុខ និងបង្ហាញខ្លួននៅពេលយើងជួយអ្នកដទៃនៅពេលយើងអធិដ្ឋាន នៅពេលយើងតមអាហារ យើងធ្វើ គឺយើងធ្វើនៅក្នុងភាពស្ងាត់ស្ងៀម នៃដួងចិត្តរបស់យើង ។សម្លេង

លោកបន្តថា  រដូវអប់រំពិសេសជួយយើងឱ្យគិតដល់ព្រះហឫទ័យមេត្តាករុណារបស់ព្រះជាម្ចាស់ ដែលបានប្រោសប្រទានមកយើងម្នាក់ៗ គឺបំពេញនូវបេសកកម្មនៃការប្រកាសដំណឹងល្អរបស់ព្រះអង្គលើផែនដីនេះ ។ នៅពេលយើងធ្វើទានដល់ជនក្រីក្រ សូមកុំធ្វើបុណ្យទាននៅមុខមនុស្សម្នា ដើម្បីឲ្យតែគេឃើញនោះឡើយ។

ជាមួយគ្នានេះ​លោកអភិបាលបានលើកយកនូវព្រះបន្ទូលរបស់សម្តេចប៉ាប ដែលបានណែនាំដល់គ្រីស្តបរិស័ទកាតូលិកទូទាំងពិភពលោកថា ដោយសារតែអំពើអាក្រក់របស់មនុស្សបានប្រព្រឹត្ត ណែនាំឱ្យធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ថយទៅៗ នៅលើពិភពលោកនេះ ។ ដូច្នេះយើងជាគ្រីស្តបរិស័ទរិះគិត និងពិចារណា ថាតើមានអ្វីខ្លះក្នុងជីវិតរបស់ខ្ញុំផ្ទាល់ ដែលណែនាំឱ្យធម៌មេត្តាករុណារបស់ព្រះជាម្ចាស់មិនអាចឮដល់បងប្អូនឯទៀតៗ ។ សម្លេង

          លោកអភិបាលបានគូសបញ្ជាក់ថា​ នៅរដូវត្រណម ឬ រដូវសែសិបថ្ងៃ (រដូវអប់រំពិសេស)នេះ ជួយយើងជាគ្រីស្តបរិស័ទ ឱ្យចេះទូលអង្វរព្រះជាម្ចាស់ដោយសុំព្រះអង្គលើកលែងទោស និងកែប្រែចិត្តគំនិតរបស់យើង។

          នៅក្រោយធម្មទេសនាលោកអភិបាលបានប្រសិទ្ធព្រះពរលើផេះ ដោយមានពាក្យអធិដ្ឋាន ដើម្បីសូមអង្វរព្រះជាម្ចាស់ ប្រទានពរឲ្យអស់គ្រីស្តបរិស័ទដែលហៀបនឹងទទួលផេះនេះ គឺគ្រីស្តបរិស័ទទទួលផេះពីលោកអភិបាល និងលោកបូជាចារ្យ ដោយលោកយកផេះមួយចំនួនតូច ដាក់លើក្បាល ឬគូសជាសញ្ញាឈើឆ្កាងលើថ្ងាស រំលឹកព្រះយេស៊ូក្នុងជីវិតរបស់ពួកគេ ដោយពោលពាក្យថា “ចូរប្រែចិត្តគំនិត ហើយជឿដំណឹងល្អចុះ” ឬ “ចូរអ្នកនឹកថា អ្នកកើតពីធូលីដីមក ហើយអ្នកក៏នឹងត្រឡប់ទៅជាធូលីដីដែរ”។ បន្ទាប់មកគ្រីស្តបរិស័ទទាំងអស់រួមគ្នា ដោយបន្តចូលរូមពិធីអភិបូជា ព្រមទាំងអរព្រះគុណ និងលើកតម្កើងព្រះជាម្ចាស់។

          គួរបញ្ជាក់ថា ពិធីរោយផេះ គឺជាសញ្ញាមួយក្នុងពិធីបុណ្យ ជាពិសេសក្នុងព្រះសហគមន៍កាតូលិក ដើម្បីប្រកាសថា ចាប់ពីថ្ងៃនេះទៅ គឺយើងនឹងចូលក្នុងរដូវដែលយើងត្រូវតែបង្គាប់ចិត្តខ្លួនឯង ដោយទូលអង្វរព្រះជាម្ចាស់សូមព្រះអង្គកែប្រែចិត្តគំនិតយើងដោយពិចារណាអំពីជីវិតរបស់ព្រះយេស៊ូ ហើយដើរតាមព្រះអង្គឱ្យកាន់តែជិតស្និទ្ធឡើងៗ តាមរយៈការអធិដ្ឋាន តមអាហារ និងចែកទានដល់អ្នកក្រីក្រជាដើម ៕

២៧ មករា ២០១៨

អាគារមួយខ្នង ដែលមានបន្ទប់សម្រាប់អធិដ្ឋាន ថ្នាក់សាលាមត្តេយ្យ និងបន្ទប់ស្នាក់នៅ មានទីធ្លាទូលាយជាន់ផ្ទាល់ដី បានបើសម្ពោធ និងប្រារព្ធពិធីប្រោះទឹក ព្រះពរដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីថ្ងៃទី២៧ ខែមករាឆ្នាំ២០១៨។

            ពិធីនេះប្រារព្ធទៅក្រោម អធិបតីភាពលោក អូលីវីយេ ជ្មីតអីស្ល៊េរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដោយមានវត្តមានលោកបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពភ្នំពេញខាងជើង លោកបូជាចារ្យ នៃគ្រឹះស្ថានរបស់សម្តេចប៉ាបនៅកម្ពុជា ដូនជីកាតូលិកពីប្រទេសថៃ ដែលជាម្ចាស់ជំនួយ និងគ្រីស្តបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ។ អគារថ្មីនេះជាមណ្ឌលសកម្មភាព ព្រះសហគមន៍នៅព្រែកតាទែន តាមបណ្តោយផ្លូវជាតិលេខប្រំា (លេខ៥) ស្រុកពញាឮ ខេត្តកណ្តាល ដែលមានឈ្មោះថា “ព្រះហឫទ័យព្រះបេះដូងព្រះយេស៊ូ”។

 

            ជាកិច្ចចាប់ផ្តើម មានតំណាងគ្រីស្តបរិស័ទ បានអានប្រវត្តិរបស់ព្រះសហគមន៍នៅក្នុងភូមិ បន្ទាប់មក លោក កាលេណានី ឆារលេស ជាបូជាចារ្យទទួលខុសត្រូវ បានមានប្រសាសន៍ស្វាគមន៍នូវវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកអភិបាលអូលីវីយេជាអធិបតី និងដល់ភ្ញៀវកិត្តិយសជិតឆ្ងាយ ដែលបានចូលរួមក្នុងពិធីដ៏មានអត្ថន័យនេះដើម្បីអរព្រះគុណព្រះជាម្ចាស់សម្រាប់អំណោយទានថ្មីដែលបានទទួល។

 

            ក្នុងធម្មទេសនា លោកអូលីវីយេ បានមានប្រសាសន៍ រំឭកដល់ព្រះសហគមន៍កាតូលិកក្នុងភូមិព្រែកតាទែននេះ ឲ្យយកចិត្តទុកដាក់នឹងកុមារ ហើយលោកបានជំរុញឲ្យបងប្អូន និងលោកបូជាចារ្យទទួលខុសត្រូវ សូមធ្វើឲ្យទីនេះទៅជាកន្លែងពិសេស ទទួលស្វាគមន៍កុមារ ដើម្បីឲ្យគេមានភាពកក់ក្តៅ ទទួលបានសេចក្តីស្រឡាញ់ដែលមកពីព្រះជាម្ចាស់។ លោកអភិបាលក៏បានរំលឹកអំពីស្ថានភាពទារក និងកុមារនៅកម្ពុជា ដែលនៅតែទទួលរងគ្រោះ ដោយសារឪពុកម្តាយបោះបង់ចោល និងលក់ដល់អ្នកដទៃព្រោះតែភាពខ្វះខាត។ លោកបានសង្កត់ធ្ងន់ចំពោះគ្រីស្តបរិស័ទឲ្យភ្ញាក់ស្មារតីថា តួនាទីរបស់យើងគឺ ប្រគល់ភាពកក់ក្តៅ សេចក្តីស្រឡាញ់ និងក្នុងឆ្នាំគ្រួសារនេះ សូមឲ្យព្រះសហគមន៍ ធ្វើជាឪពុក ជាម្តាយចំពោះកុមារដែលខ្វះសេចក្តីស្រឡាញ់ ខ្វះការយកចិត្តទុកដាក់ ខ្វះការអប់រំ ថែរទាំ និងថ្នាក់ថ្នម... ។

លោកសង្ឃឹមលោកឪពុកនិងគ្រីស្តបរិស័ទព្រែកតទែន នឹងជួយឲ្យកន្លែងនេះទៅជាកន្លែងអប់រំ ឲ្យកូនៗ ទទួលការអប់រំ ណែនាំកូនក្មេង ដោយបង្ហាញសេចក្តីស្រលាញ់លើកទឹកចិត្តកូនក្មេង ថ្នាក់ថ្នមកូនក្មេង ឲ្យគេមានអនាគតយ៉ាងល្អ ។

លោកអូលីវីយេបន្ថែមថា សូមព្រះសហគមន៍នៅទីនេះ ទៅជាកន្លែងសម្តែងធម៌មេត្តាករុណាពិតៗ ដូចព្រះយេស៊ូបានទទួលស្វាគមន៍កុមារដែរ។ លោកអភិបាលថា ចំពោះមនុស្សពេញវ័យ ត្រូវចេះពឹងផ្អែកលើព្រះឧបការគុណរបស់ព្រះជាម្ចាស់ ហើយចូរមានចិត្ត ដូចកូនក្មេងដើម្បីចូលក្នុងព្រះរាជរបស់ព្រះជាម្ចាស់។

លោកអភិបាលបន្តថា មានកុមារជាច្រើនកើតឡើងដោយអយុត្តិធម៌ គ្មានសំណាងដូចកុមារដទៃ។ តាមសិទ្ធិមនុស្ស មនុស្សទាំងអស់មានសិទ្ធិស្មើៗគ្នា តែខ្លះមានវាសនាខុសគ្នា ខ្លះជាកូនអ្នកមាន ខ្លះស្រណុក ខ្លះលំបាក កុមារចេះតែទទួលឥទ្ធិពល ពីមនុស្សពេញវ័យ។ ហេតុដូច្នេះតួនាទីឪពុកម្តាយត្រូវតែស្រលាញ់កូនក្មេង ចិញ្ចឹមកូនណែនាំកូនអប់រំកូន។ យើងជាព្រះសហគមន៍កាតូលិកអាទិភាពរបស់យើង គឺជាឪពុកម្តាយសម្រាប់កុមារ។

លោករំឭកថាកុំភ្លេចព្រះបន្ទូលមួយឃ្លាថា៖ “ ត្រចៀកកាំ និងចាប់ធ្វើសំបុក នៅជិតអសនៈ” កូនក្មេងក៏ចង់នៅ ក្បែរព្រះយេស៊ូ ដើម្បីទទួល ព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ និងទទួលកម្លាំងកាយចិត្ត។ ការទាំងនេះកើតឡើងគឺអាស្រ័យលើយើងទាំងអស់គ្នា ជាព្រះសហគមន៍ ធ្វើជាឪពុកម្តាយសម្រាប់កូនទាំងឡាយ។

 

            តំណាងគ្រីស្តបរិស័ទដែលបានអាន ប្រវត្តិព្រះសហគមន៍កាតូលិកនៅព្រែកតាទែនបានរៀបរាប់ថា៖ តាមប្រវត្តិព្រះសហគមន៍កាតូលិកនៅកម្ពុជា វត្តមាននៅក្នុងស្រុកពញ្ញាឮនេះតាំងសតវត្សទី១៦ មកម្លេះ តែដោយសារសង្គ្រាម ព្រះសហគមន៍កាតូលិកត្រូវបំផ្លាញគ្មានសល់។ ក្រោយរបបប៉ុលពត មានគ្រីស្តបរិស័ទនៃភូមិព្រះមាតាភ្នំពេញ មួយគ្រួសារដែលបានភៀសខ្លួនទៅប្រទេសវៀតណាម បានត្រលប់មកវិញក្នុងឆ្នាំ១៩៧៩ ហើយបានតាំងទីលំនៅ ក្នុងភូមិព្រែកតាទែន។ ក្នុងឆ្នាំ២០០៤ មានគ្រីស្តបរិស័ទនៅស្វាយប៉ាក ដែលធ្លាប់ស្គាល់គ្រួសារនោះបាន មកសួរសុខទុក្ខជារឿយៗ។ រហូតដល់ឆ្នាំ២០០៨ ចាប់ផ្តើមមានសកម្មភាពខ្លះៗ ជាមួយបងប្អូន និងកុមារក្នុងភូមិ។ មានការជួបជុំអធិដ្ឋាន និងអប់រំជំនឿដើម្បីពង្រឹងជំនឿគ្រីស្តបរិស័ទ។

 

            ក្នុងឆ្នាំ២០១១ មានសកម្មភាពបន្ថែមលើការអប់រំជំនឿ គឺ សកម្មភាពអប់រំកុមារកាយឫទ្ធិ ដោយមានការជួយជ្រោមជ្រែងព្រះសហគមន៍ផ្សារតូច និងក្រុមស្មាគ្រចិត្តជនជាតិបារំាង។ ក្នុង២០១២ ក៏បានទិញដីមួយកន្លែងបម្រុងទុកកសាងព្រះវិហារ និងមណ្ឌលសកម្មភាព។ ក្នុង២០១៤ ពេលលោកបូជាចារ្យ រឿងឆ័ត្រសិរី ទទួលខុសត្រូវលោកបានចាក់ដីបំពេញដីដែលបានទិញនោះ ហើយសាងសង់ផ្ទះតូចមួយដើម្បីជួបជុំគ្នា អធិដ្ឋាន និងអប់រំជំនឿ។ ក្នុងឆ្នាំ២០១៥ មានជំនួយពីសប្បុរសជន ក៏បានចាប់ផ្តើម កសាងអាគារមណ្ឌលសកម្មភាព ដែលបានសម្ពោធនៅថ្ងៃនេះ។

២០ មករា ២០១៨

ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកអភិបាលអូលីវីយេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដោយមានបងប្អូនគ្រីស្តបរិស័ទ និងបព្វជិតចូលរួមជាច្រើនកុះករ។

ពេលចាប់ផ្តើមពិធីបុណ្យ លោកអ៊ុន សុន ជាបូជាចារ្យ ទទួលខុសត្រូវ នៃមណ្ឌលសកម្មភាពព្រះសហគមន៍កាតូលិកកំពង់សោម បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោកអភិបាល និងបងប្អូនទាំងអស់ដែលចូលរួមក្នុងពិធីបុណ្យនេះ។
ហើយលោកក៏បានរំលឹកអំពីការរៀបចំ ប្រមូលថវិកាសាងសង់ព្រះវិហារ ដោយនឹករំលឹកដល់ លោកបូជាចារ្យដេនីស ដែលបានរកប្រពភថវិកាកសាងព្រះវិហារ នៅពេលលោកនៅមានជីវិត។

ព្រះសហគមន៍ស្រែអំបិលនេះបានកើតឡើងតាំងពីឆ្នាំ១៩៩៦ ដោយគ្រីស្តបរិស័ទមួយចំនួនមកប្រកបរបរចិញ្ចឹមជីវិតនៅក្នុងតំបន់នេះ។ ពួកគេតែងជួបជុំគ្នាអធិដ្ឋាន ជារៀងរាល់ថ្ងៃអាទិត្យ តាមលទ្ធភាពរបស់គេនៅតាមផ្ទះរបស់គ្រីស្តបរិ័ទ។
ពេលអភិបាលអ៊ីវ រ៉ាមូស ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភ្នំពេញនាពេលនោះ បានទទួលដំណឹងអំពីវត្តមានរបស់គ្រីស្តបរិស័ទនៅស្រែអំបិល ក៏បានអញ្ជើញទៅសួរសុខទុក្ខ និងបានចាត់លោកបូជាចារ្យវិនណេ ទៅជួយណែនាំបងប្អូននៅទីនោះនាឆ្នាំ២០០០។ ចាប់ពីពេលនោះមកព្រះសហគមន៍មានជីវិតរស់រវើក និងបានបន្តដំណើររួមគ្នាជាមួយបូជាចារ្យជាច្រើនតំណ តែមិនទាន់មានព្រះវិហារច្បាស់លាស់នោះទេ។ ក្រោយមកព្រះសហគមន៍ បានទិញដី និងបានចាប់ផ្តើមកសាងព្រះវិហារ នៅឆ្នាំ២០១៣ ដោយលោកបូជាចារ្យ ដេនីសជាបូជាចារ្យនៃក្រុមសាសនទូត កេប៊ិច បានប្រមូលថវិការពីក្រុមរបស់លោកផ្ទាល់ មកកសាងព្រះវិហារ និងសាលាមត្តេយ្យ ដែលយើងធ្វើបុណ្យឆ្លងរួមគ្នានៅថ្ងៃនេះ មានឈ្មោះថា “ព្រះវិហារសន្តីតេរេសានៃព្រះកុមារយេស៊ូ”។

ក្នុងធម្មទេសនា លោកអភិបាលអូលីវីយេ បានមានប្រសាសន៍រំលឹកដល់គ្រីស្តបរិស័ទទាំងអស់អំពីរបៀបព្រះយេស៊ូ ដែលព្រឹកល្ងាច តែងអធិដ្ឋាននៅលើភ្នំ។ លោកថា នៅទីនេះមានព្រះវិហារនៅលើភ្នំ សូមគ្រីស្តបរិស័ទទាំងអស់ មកព្រះវិហារដើម្បីអធិដ្ឋានរាល់ថ្ងៃ កុំចាំមកតែថ្ងៃអាទិត្យ ដែលមានលោកបូជាចារ្យមកថ្វាយអភិបូជា។ លោកបន្តថា៖ ការអធិដ្ឋានជាកម្លាំងរបស់យើង ពេលយើងអធិដ្ឋាន យើងនៅជាប់ជាមួយព្រះយេស៊ូ។
ពេលយើងជាប់ជាមួយព្រះយេស៊ូ យើងបានពោរពេញដោយសេចក្តីស្រឡាញ់ ចំពោះអ្នកដទៃ ពោរពេញដោយ សេចក្តីសង្ឃឹម និងជំនឿរឹងមាំ ដើម្បីណែនាំឲ្យបងប្អូនស្គាល់ព្រះជាម្ចាស់។ លោកអភិបាលបន្តទៀតថា ព្រះយេស៊ូប្រកាសដំណឹងល្អដំបូងនៅលើភ្នំ។ សូមឲ្យបងប្អូនមកទីនេះដើម្បីប្រកាសដំណឹងល្អឲ្យបងប្អូនឯទៀតៗបានដឹង តាមរយៈក្រុមកាយឫទ្ធិ តាមរយៈសាលាមត្តេយ្យ ដោយចិត្តមេត្តាករុណា។ លោកបន្ថែមថា ត្រូវកសាងភាពសុខដុមរមនា និងនាំមនុស្សឲ្យមានសេចក្តីស្ឃឹម ដោយទៅសួរសុខទុក្ខ អ្នកជំងឺ អ្នកក្រីក្រ ចែករំលែក សេចក្តីស្រឡាញ់ពិតៗតាមរយៈសកម្មភាពជាក់ស្តែង ដែលនាំកន្លែងនេះជាភ្នំដែលមានពន្លឺ និងមានជីវិតដោយសារបងប្អូន។

ព្រះសហគមន៍នៅស្រែអំបិលមានគ្រីស្តបរិស័ទប្រមាជា ១០គ្រួសារ តែព្រះសហគមន៍នេះមានជីវិតយ៉ាងរស់រវើក និងសកម្មក្នុងការបម្រើបងប្អូនដូចជា ការសួរសុខទុក្ខអ្នកជំងឺ និងអ្នកក្រីក្រ ហើយមានសាលាមត្តេយ្យ ដែលទទួលកុមារក្នុងភូមិឲ្យមានចំណេះដឹងពិតប្រាកដ ព្រមទាំងមានសកម្មភាពជាមួយក្រុមស្ត្រីជាដើម។

ពេលចប់អភិបូជាចារ្យ មានពិធីផ្លូវការជាមួយរដ្ឋអំណាចឃុំ ដើម្បីកាត់ខ្សែបូសម្ពោធអាគារសាលាមត្តេយ្យ ។ ក្នុងពិធីនេះ លោកបូជាចារ្យ អ៊ុន សុន បានមានប្រសាសន៍ថា ពិតជាមានអំណរសប្បាយ ដែលយើងមានសាលាមត្តេយ្យសម្រាប់អប់រំកូនតូចៗឲ្យមានចំណេះដឹងជាមូលដ្ឋានគ្រឹះ ឲ្យកូនៗមានឱកាសបានចូលសាលារៀន ហើយសាលាមត្តេយ្យជាប្រយោជន៍ដល់សហគមន៍ក្នុងតំបន់នេះទាំងមូល។

លោក សៀង សុខមង្គល មេឃុំស្រែអំបិល ក្នុងនាមអជ្ញាធរ មានចិត្តត្រេកអរណាស់ និងអរគុណដល់ព្រះសហគមន៍កាតូលិក ដែលបានកសាងសាលារៀននៅក្នុងតំបន់ដើម្បីរួមចំណែកកសាងធនធានមនុស្សនៅក្នុងឃុំ និងសម្រាប់ប្រទេសកម្ពុជាផងដែរ។

១៩ មករា ២០១៨

អាណាព្យាបាលទាំងអស់របស់កុមារដែលទទួលសេវាថែទាំ និងព្យាបាលនៅមណ្ឌលភូមិសុខសាន្ត សរុបមានចំនួនប្រមាណជា ២០០នាក់។ ដំណើរកំសាន្តរយៈពេលមួយថ្ងៃនៅ ឆ្នេរសមុទ្រដ៏ស្រស់ស្អាតចំណាត់ថ្នាក់ពិភពលោក នៅកំពង់សោម នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ។ តាមការរៀបរាប់របស់លោក កែវ ភោគ ប្រធានមណ្ឌលភូមិសុខសាន្តបានឲ្យដឹងថា នេះជាកម្មវិធីមួយរបស់ភូមិសុខសាន្ត ដើម្បីលើកទឹកចិត្តដល់កុមារជាជនពិការ និងមាតាបិតា។ ក្នុងន័យឲ្យកុមារមានកម្លាំងចិត្ត បានចូលរួមក្នុងសង្គម និងជាមួយបរិយាកាសខាងក្រៅ។ លោកថានៅភូមិសុខសាន្ត គឺបីខែម្តងមានជប់លៀង និងចុងឆ្នាំដំណើរកំសាន្តមកកំពង់សោម។ ក្នុងដំណើរកំសាន្តនេះឲ្យមាតាបិតាយកចិត្តទុកដាក់ និងបានកំសាន្តរួមគ្នា ជាមួយកូនៗ។ នាំកុមារហែលទឹក ដើម្បីលើកទឹកចិត្តថា កុមារពិការគេអាចធ្វើបាន។

លោកកែវ ភោគ បន្តថា មកទីនេះទំាងមាតាបិតា និងកូនៗគេមានអំណរសប្បាយ។ គេចេញស្នាមញញឹមយ៉ាងពិតប្រាកដ។ ទោះបីជាមានកុមារពិការធ្ងន់ចំនួន៧៧ ក្នុងចំណោម ៩០នាក់។ ក្នុងនោះក៏មានកុមារពខ្សោយសតិបញ្ញាផងដែរ។

មណ្ឌលភូមិសុខសាន្តបើតាមការរៀបរាបរបស់លោកកែវ ភោគ មានសកម្មភាពធំៗចំនួនបួន គឺ៖ មណ្ឌលថែរទាំកុមារពិការធ្ងន់ និងស្រាល ក្នុងមួយថ្ងៃមានកុមារចំនួនប្រាណ២០នាក់មកទទួលសេវានៅមណ្ឌល។

មានកុមាពិការស្នាក់ក្នុងមណ្ឌលចំនួន១២នាក់ ដែលពួករៀនជំនាញកាត់ដេរ និងចំណេះទូទៅនៅសាលារដ្ឋ។

កុមារមួយចំនួនស្នាក់នៅតាមផ្ទះ មណ្ឌលមានអ្នកជំនាញទៅធ្វើការថែរទាំ ផ្តល់សេវាដល់ផ្ទះ ដែលមានចំនួនជាង៧០នាក់។ សេវាកម្មទាំងនោះគឺមណ្ឌលផ្តល់ជូនអាហារបំប៉ុន វីតាមីន និងការព្យាបាលដោយម៉ាហ្ស៉ា និងចលនាសសៃ ព្រមទាំងជូនទៅមន្ទីរពេទ្យនានា តាមសេចក្តីត្រូវការ។

នៅក្នុងមណ្ឌលនេះក៏មានមត្តេយ្យសិក្សាមួយថ្នាក់ផងដែរ សម្រាបប់កុមារទូទៅនៅជុំវិញនោះ មានសិស្សចំនួន ២៧នាក់។ សកម្មភាពមួយទៀត គឺកម្មវិធីផ្ទះស្នាក់ គឺសម្រាប់គ្រួសារដែលផ្ទុកមេរោគអេដស៍ និងគ្រួសារចាស់ជរា ដែលគ្មានទីពឹង។

គ្រួសារផ្ទុកមេរោគអេដស៍គេទទួលដីជុំវិញផ្ទះប្រមាណ៧០អា ដើម្បីធ្វើកសិកម្មទ្រទ្រង់គ្រួសាររបស់គេ ស្របពេលដែលមណ្ឌលសុខសាន្តបានផ្តល់សេវា និងទ្រទ្រង់គ្រួសាររបស់គេហើយនោះ។ ចំពោះសកម្មភាពមួយទៀតគឺ បង្រៀនប្រជាជន ឲ្យចេះពីកសិកម្មគ្រួសារ ដាំដំណា ជុំវិញផ្ទះ និងចិញ្ចឹមសត្វជាដើម។

ក្រៅពីសកម្មភាពទាំងបួនខាងលើមណ្ឌលក៏មានសកម្មភាពផ្សេងទៀតសម្រាប់ជួយបងប្អូន ដែលត្រូវការសេវាផ្នែកសុខភាព។ ចំពោះសកម្មភាពជាមួយកុមារពិការធ្ងន់ ពេលនេះមានកុមារមួយចំនួនអាចដើរបាន និងបានប្រសើរឡើងផងដែរ។

ពួកគេមានស្នាមញញឹមពោរពេញដោយសេចក្តីសង្ឃឹម ឪពុកម្តាយមានសេចក្តីសង្ឃឹម ចេះយកចិត្តថែរទាំងជាងមុន ញញឹមស្រស់ស្រាយ លែងចាត់ទុកកូនពិការ ថាជាបន្ទុកសម្រាប់គ្រួសារ ពិសេសមិនបោះបង់គេទៀតឡើយ! ទាំងអស់គ្នាមានស្នាមញញឹមឡើងវិញ និងសង្ឃឹមឡើងវិញដែរ។

១៨ មករា ២០១៨

 ព្រះសហគមន៍កាតូលិកនៅខេត្តព្រះសីហនុ ដែលមានលោកបូជាចារ្យអ៊ុន សុន ជាអ្នកទទួលខុសត្រូវ បានរៀបចំដំណើរសួរសុខទុក្ខបងប្អូនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែខេត្តព្រះសីហនុ នាព្រឹកថ្ងៃទៅ១៨ ខែមករា ឆ្នាំ២០១៨នេះ ដោយមានតំណាងសាសនាធំៗនៅក្នុងខេត្តព្រះសីហនុចូលរួមមានដូចជា ព្រះពុទ្ធសាសនាថេរវាទ ព្រះសហគមន៍កាតូលិក ក្រុមជំនុំ ព្រះពុទ្ធសាសនាមហាយាន និងឥស្លាមសាសនា។

 ពិធីនេះបានប្រព្រឹត្តក្រោមអធិបតីភាពរបស់លោក អូលីវីយេ ជ្មីតអីស្ល៊ែរអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ព្រះធម្មធម៌ចាន់ សុវណ្ណ មេគណខេត្តព្រះសីហនុ លោកឧត្តមអគារនុរក្សថ្នាក់លេខពីរ សំ សុផល ប្រធានមណ្ឌលអប់រំកែប្រែខេត្តព្រះសីហនុ។

 ជាកិច្ចចាប់ផ្តើមកម្មវិធីលោក សំ សុផល ប្រធានមណ្ឌលអប់រំកែប្រែ ខេត្តបានមានមតិស្វាគមន៍គណៈប្រតិភូទាំងអស់យ៉ាងកក់ក្តៅ និងរាក់ទាក់ជាទីបំផុត។ លោកក៏បានអរគុណដល់ប្រតិភូសាសនាទាំងអស់ដែលបានយកចិត្តទុកដាក់ មកសួរសុខទុក្ខបងប្អូនជាប់ឃុំ តាំងពីឆ្នាំ២០១២មក។ ក្នុងពេលនោះលោកក៏បានរំលឹកដល់បងប្អូនជាប់ឃុំទាំងអស់ ឲ្យចិត្តទុកដាក់ស្តាប់ថេរដីកា និងប្រសាសន៍ប្រៀនប្រដៅនានារបស់មេដឹកនាំសាសនា។ យើងគ្មានអីតបស្នងសងគុណដល់ពួកគាត់មានតែស្តាប់ និងខិតខំកសាងខ្លួនឲ្យសើរឡើង កុំប្រព្រឹត្តបទល្មើសបន្ថែមទៀតក្នុងពន្ធនាគារ។  តាមប្រសាសន៍របស់លោកឧត្តមអគារនុរក្ស ជនជាប់ឃុំទាំងអស់មានចំនួនប្រមាណ ១០៥២នាក់  ក្នុងនោះស្ត្រីមានចំនួន ១០២នាក់។

 ព្រះសង្ឃ ចាន់ សុវណ្ណ មានសង្ឃដីកាថា សត្វលោកទាំងអស់សុទ្ធតែមានបំណងប្រាថ្នា សុច្ឆន្ទៈ ចង់មានសេចក្តីសុខទាំងផ្លូវកាយនិងផ្លូវចិត្ត។ តាមព្រះឱវាតរបស់ព្រះសាម្មាសម្ពុទ្ធបាន​ប្រៀនប្រដៅ បើចង់បានសេចក្តីសុខត្រូវលះបង់សេចក្តីអាក្រក់ ដើម្បីទទួលបាននូវសេចក្តីសុខមកវិញ។ បុណ្យ មិនបានភ្លេចនូវម្ចាស់ដែលបានបំពេញទង្វើជាកុសលនោះឡើយ។ ចំពោះអំពើបាបក៏មិនបានបំភ្លេចនូវម្ចាស់ដែលបានប្រព្រឹត្តនូវអំពើបាប គឺបានទទួលបាននូវអ្វីដែល​ខ្លួនបានប្រព្រឹត្តដែរ។ លោកក៏បានពន្យល់អំពីអត្ថន័យនៃអភ័យទានផងដែរ ដែលជាប្រភពនៃសេចក្តីសុខ គឺការមិនលួច មិនសម្លាប់ មិនចងគំនុំគ្នាទៅវិញទៅមក។ ជាពិសេសលោកមានសង្ឃដីកាសង្កត់ធ្ងន់ថា៖ “មានព្រះនៅក្នុងចិត្ត គឺយើងមានសេចក្តីសុខហើយ”។

 ក្នុងពេលនោះដែរលោកអភិបាលព្រះសហគមន៍កាតូលិក អូលីវីយេ ជ្មីតអីស្ល៊ែរ មានប្រសាសន៍ទៅកាន់បងប្អូនជាប់ឃុំអំពីអ្វីជាសេចក្តីសុខ។ តាមមនុស្សជា ច្រើនបានគិតថា សេចក្តីសុខគឺកើតមានដោយសារមានលុយច្រើន។ តែលោកអភិបាលបានមានប្រសាសន៍ថា សេចក្តីសុខគឺមានបានដោយសារយើងមានសេចក្តីស្រឡាញ់។ លោកបន្តថា មានមនុស្សជាច្រើនបានឲ្យតម្លៃសេចក្តីសុខលើលុយ គឺមានលុយ មានសេចក្តីសុខ។ តែដើម្បីមានលុយត្រូវការ ធ្វើការច្រើន គ្មានពេលវេលាល្មមដើម្បីនៅជាមួយក្រុមគ្រួសារប៉ុន្មានទេ។ មានអ្វីផ្សេងទៀត ដោយដឹងថា មានគេស្រឡាញ់យើង មានគេយកចិត្តទុកដាក់នឹងយើង លើកទឹកចិត្តយើង គេស្តាប់យើង គេចាប់អារម្មណ៍លើយើង មានគេនឹកយើង។ លោកន្ថែមថា សេចក្តីសុខចេញពីសេរីភាព។ បងប្អូនមានសេរីភាពនៅទីនេះ  តែតាមរូបកាយបងប្អូនមានព្រំដែន ។ ប៉ុន្តែបងអាចកសាងសេរីភាពក្នុងខ្លួនម្នាក់ៗ តាមផ្លូវចិត្ត តើខ្ញុំរៀបចំខ្លួនដូចម្តេច នៅក្នុងមណ្ឌលអប់រំកែប្រែនេះ  ធ្វើជាមនុស្សល្អទៅៗ គឺយើងត្រូវជួយគ្នាទៅវិញទៅមក លើកទឹកចិត្តគ្នាទៅវិញទៅមក។ លោកអភិបាលបន្តថា ពេលនេះមានមេដឹកនាំសាសនាទាំងអស់មកជួបបងប្អូន ជាមហាគ្រួសារតែមួយ ចែកសេចក្តីស្រលាញ់ជាមួយបងប្អូន។ បងប្អូននៅទីនេះប្រហែលគិតថាឯកា គ្មាននរណារវីរវល់តទៅទៀត តែកុំភ្លេចយើងមានព្រះ។ តាមព្រះពុទ្ធសាសនា យើងមានព្រះធម៌។ គ្រីស្តសាសនា មានព្រះយេស៊ូដែលស្រលាញ់យើង ។ ឥស្លាមសាសនាមានអាឡោះដែលលើកទឹកចិត្តយើង មានព្រះជាម្ចាស់ដែលបានបង្កើតយើង ជាបុរស ជាស្ត្រីដើម្បីមានសេចក្តីសុខនៅក្នុងសេចក្តីស្រឡាញ់។ ទាំងនេះជាកម្លាំងពិសេសសម្រាប់យើង។ ពេលខ្លះមិនចេះនិយាយគ្នាសូមនិយាយទៅព្រះទៅ ដើម្បីលើកទឹកចិត្តយើង។

 បន្ទាប់ពីសំណេះសំណាលជាមួយបបងប្អូនជាប់ឃុំ ព្រះសង្ឃបានសូត្រធម៌បោះព្រំលើបងប្អូន ហើយតាមកាតូលិកលោកអភិបាល រួមនិងគ្រីស្តបរិស័ទទាំងអស់អធិដ្ឋាន និងបាចទឹកព្រះពរលើបងប្អូនផងដែរ។ ក្រោយមកក៏មានចែកអាហារជានិមិត្តរូបដល់បងប្អូន និងសម្ភារៈមួយចំនួនសម្រាប់កុមារដែលស្នាក់នៅជាមួយម្តាយដែលជាប់ឃុំ។

 ព្រះសហគមន៍កាតូលិក នៅប្រទេសកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើកិច្ចការ សន្ទនាជាអន្តរសាសនា ដើម្បីសុខដុមរមនីយ៍កម្មសាសនា និងសន្តិភាពក្នុងប្រទេស ក្នុងតំបន់ និងពិភពលោកទាំងមូល។

១៥ មករា ២០១៨

សម្ព័នអង្គការកាតូលិក ដើម្បីមេត្តាករុណានិងការអភិវឌ្ឍ ចំនួនជាង២០ ស្ថាប័ន បានជួបជុំក្នុងជំនួបប្រចាំឆ្នាំរបស់ខ្លួន នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨។ ការជួបជុំនេះ បានប្រព្រឹត្តទៅនៅមណ្ឌលសកម្មភាពព្រះសហគមន៍កាតូលិកភ្នំពេញថ្មី ក្រោមអធិបតីភាពលោកអូលីវីយេ ជ្មីតហស្ល៊េរ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងលោករ័ត្ន វីរៈ ទីប្រឹក្សានៃក្រសួងបរិស្ថាន។ កិច្ចប្រជុំនេះ បានរិះគិតលើប្រធានបទអំពីការការពារបរិស្ថាន “Laudato Si ” and the Journey to care for Enviroment ដោយមានការណែនាំដោយវាគ្មិន សំខាន់ៗមកក្រសួងបរិស្ថាន និងលោកបូជាចារ្យកាព្រីអែល មកពីក្រុមគ្រួសារសហជីវិនព្រះយេស៊ូ ។

ជាកិច្ចស្វាគមន៍លោក អូលីវីយេ ជាអធិបតី បានមានប្រសាសន៍ស្វាគមន៍ ប្រកបដោយភាពកក់ក្តៅចំពោះវត្តមាន នៃតំណាងអង្គការទាំងអស់ដែលបានអញ្ជើញចូលរួម។ លោកថា នេះជាអំណរសប្បាយដែលជួបជុំគ្នា ប្រចាំឆ្នាំ។ ពេលជួបជុំគ្នាយើងតែងរិះគិតលើប្រធានបទមួយ ថ្ងៃនេះយើងរិះគិតអំពីធម្មជាតិ និងបរិស្ថាន។ លោកបន្តថា ព្រះសហគមន៍កំនត់យកឆ្នាំនេះ ជាឆ្នាំគ្រួសារ ពិតណាស់វាមានការទាក់ទងគ្នា។ គ្រួសារនិមួយៗរស់យ៉ាងជិតស្និទ្ធនឹងបរិស្ថានធម្មជាតិ ដែលជាព្រះអំណោយទានរបស់ព្រះជាម្ចាស់។ នាំឲ្យយើងនឹកឃើញព្រះជាម្ចាស់ ប្រទានឲ្យគ្រួសារដំបូង បង្កើតកូនចៅដូចហ្វូងផ្កាយនៅលើមេឃ និងទទួលខុសត្រូវទាំងស្រុងលើធម្មជាតិ និងបរិស្ថាន។ នាសព្វថ្ងៃនេះមាតាបិតាទាំងអស់មានតួនាទីអប់រំកូនចៅឲ្យស្រលាញ់បរិស្ថាន។ ក្នុងនោះដែរដោយមានវត្តមានមន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាន លោកអភិបាលក៏បានថ្លែងអំណរគុណម្តងទៀត ដែលរាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថានបានប្រគល់វិហារដ៏ចំណាស់លើភ្នំបូកគោ ឲ្យមកព្រះសហគមន៍ដើម្បីថែរក្សា និងកាន់កាប់ទុកជាប្រយោជន៍ប្រតិបត្តិតាមជំនឿសាសនា។

ក្នុងពេលនេះដែរលោកបូជាចារ្យ ការព្រីអែល មកពីក្រុមគ្រួសារសហជីវិនព្រះយេស៊ូ បានបង្ហាញចំនុចមួយចំនួននៅក្នុសារលិខិតរបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ ដែលមានចំណងជើងថា “ សូមកោតសរសើរព្រះជាម្ចាស់របស់ខ្ញុំ” ដែលជាលិខិតដែលវែងជាងគេចំណោមលិខិតទាំងឡាយរបស់សម្តេចប៉ាប ដែលរិះគិតអំពីបរិស្ថានធម្មជាតិ។ លោកបូជាចារ្យបានលើកយកជំពូកទីមួយមកនិយាយ ដែលសម្តេចប៉ាបលើកឡើងថា “យើងមានបញ្ហា” គឺយើងមើលមិនឃើញអ្វីៗដែលបានកើតឡើងនៅជុំវិញពិភពលោកទាំងមូល។ ហើយសកម្មភាពតូចៗជាច្រើនអាចធ្វើឲ្យមានឥទ្ធិពលយ៉ាងខ្លាំង។ អ្នកដែលនឹងរងគ្រោះពីឥទ្ធិពលនេះមុនគេ និងខ្លាំងជាងគេគឺ អ្នកក្រីក្រជាងគេ។ ក្នុងលិខិតនេះដែរចំនុចដែលជាបញ្ហាគឺយើងទាំងអស់គ្នា មិនចេះប្រើកម្លាំង ឬបច្ចេកទេសដែលយើមាន ដោយយុត្តិធម៌ ប្រាជ្ញា និង មនសិការ ។ លោកបូជាចារ្យក៏បានលើកឡើងនូវគន្លឹះ ដែលយើងម្នាក់ៗតែយកចិត្តទុកដាក់ គឺ រុក្ខជាតិ សត្វ និងអ្វីៗទាំងអស់ព្រះជាម្ចាស់ជាអ្នកបង្កើត វាមានតម្លៃ និងឯករាជ្យភាពរបស់វា។ យើងទាំងអស់គ្នាត្រូវបានរួមបញ្ចូលយ៉ាងជិតស្និទ្ធជាមួយគ្នា។

បញ្ហាសង្គម និង បរិស្ថានគឺជាបញ្ហាតែមួយ។ ហេតុនេះម្នាក់ៗអាចធ្វើបានចំពោះកិច្ចការរួម គឺ យកពេលខ្លះគយគន់សោភណ្ឌភាពនៅជុំវិញខ្លួន។ អ្វីៗដែលបង្រៀន និងរៀន ក្នុងក្រុមគ្រួសារ គឺមានសារៈសំខាន់សម្រាប់សង្គមរបស់យើង។ សកម្មភាពនៃការបង្ការ និងការពារបរិស្ថាន គឺជាការងារដ៏ថ្លៃថ្នូមួយ។ សូមពិនិត្យមើលវប្បធម៌ទំនើប មិនកុំឆាប់ទទួលអ្វី ដែលអ្នកមើលឃើញក្នុងសង្គមថាល្អ ១០០%។ សូមពិនិត្យមើលបែបផែននៃជីវិតរស់នៅផ្ទាល់ខ្លួន។ តើរបៀបដែលអ្នកធ្វើប៉ះពាល់ដល់បរិស្ថាន និងអ្នកដទៃឬទេ? ។

អង្គប្រជុំក៏បានឈ្វេងយល់អំពីផែនការសកម្មភាពជាតិស្តីពីបរិស្ថាន ឆ្នាំ២០១៦­-២០២៣ ដែលមានគោលដៅយុទ្ធសាស្ត្រ ជំរុញការកែទម្រង់ស៊ីជម្រៅនិងការធ្វើទំនើបកម្មការគ្រប់គ្រង និងការអភិរក្សបរិស្ថាន និងធនធានធម្មជាតិតាមរយៈសកម្មភាព មានផែនការច្បាស់លាស់និងអនុវត្តបានត្រឹមត្រូវ ដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពនិងផលិតភាពនៃការប្រើប្រាស់ធនធាន យន្តការហិរញ្ញប្បទាននិរន្តភាព និងកាត់បន្ថយកាកសំណល់ និងការបំពុល ព្រមទាំងធ្វើឲ្យប្រសើរឡើងនូវសុខមាលភាពប្រជាពលរដ្ឋ ។ ការបង្វែការគ្រប់គ្រង និង ផ្តល់ជូនដីសប្បទានសេដ្ឋកិច្ចទៅក្នុងសមត្ថកិច្ចរបស់ក្រសួងកសិកម្មក៏ជាផ្នែកមួយ នៃកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងបរិស្ថានដែរ ដើម្បីធ្វើឲ្យមានភាពច្បាសលាស់។ ក្រសួងបរិស្ថានគ្រប់គ្រងតែតំបន់ព្រៃអភិរក្ស និងឧទ្យានជាតិ ដែលសព្វថ្ងៃមានផ្ទៃដីប្រមាណជា ២លានហិតា។ ក្នុងស្មារតីនៃការ ពារ ថែរក្សាបរិស្ថាន ។ សិក្ខាកាមទាំងអស់មិនគ្រាន់តែអង្គុយស្តាប់ទទួលយកខ្លឹមសារនៃបទបង្ហាញជាទ្រឹស្តី គឺបានរួមគ្នាដាំដើមឈើរួមគ្នាផងដែរ ក្នុងបរិវេណនៃមណ្ឌលសកម្មភាពព្រះសហគមន៍កាតូលិកភ្នំពេញថ្មី នៃភូមិភាគភ្នំពេញ ក្នុងបរិយាកាសសប្បាយរីករាយនិងស្និទ្ធស្នាល។

គួរបញ្ជាក់ថា សម្ព័នអង្គការកាតូលិក ដើម្បីមេត្តាករុណា និងការអភិវឌ្ឍ តែងតែជួបប្រជុំគ្នាជាប្រចាំ ចំនួន៣ដងក្នុងមួយឆ្នាំ ដើម្បីចែករំលែកអំណរសប្បាយ និងភាតរភាពរវាងគ្នានិងគ្នា។ ក្នុងអង្គប្រជុំនីមួយៗ តែងរិះគិតទៅលើប្រធានផ្សេងៗ ដែលស៊ីជម្រៅទៅនឹងបេសកកម្មរបស់ខ្លួនកំពុងបំពេញនៅក្នុងប្រទេសកម្ពុជា ៕

  1 2 3 4 5 6 7 8 9 10  ...   
 

© Copyright 2014 Catholic Cambodia - All rights reserved.