ស្វែងរក
The replica watches uk country for this brand for everyone, I believe replica watches most people are more understanding of its home pilots watch, who let people rely on the rolex replicaflight table from the home? Whether it is the original Mark series, or the replica rolex Navy Air Force forces MIRAMAR or Antoine De Saint Exupéry special models have a lot of fans.
បុណ្យព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ

បុណ្យព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ - ១៣ សីហា ២០១៧
 
 បាត់ដំបង៖កាលពីថ្ងៃទី១៣ ខែ​សីហា ឆ្នាំ​២០​១​៧ នៅ​ព្រះសហគមន៍កាតូលិកបាត់ដំបង បាន​ប្រារព្ធពិធីបុណ្យ ព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ ដែល​ជា​បុណ្យ​​យ៉ាងឱឡារិកនៃព្រះសហគមន៍ កាតូ​លិក បាត់ដំបង ដោយមាន​ក្បួន​ដង្ហែរចេញ​ពី​គេ​ហដ្ឋាន អ្នកស្រី ជឹម បូរ៉ា ដោយ​មាន​ក្រុម​ឆៃយ៉ាំ នាំមុខធ្វើដំណើរជុំវិញភូមិ ឆ្ពោះ​ទៅកាន់ព្រះវិហារ ដើម្បីថ្វាយ​អភិ​បូជា​។ 
 នៅក្នុងពីធីបុណ្យនោះមានការចូលរួមពីសំណាក់ លោកអភិបាល គីគេ ​ព្រម​ទាំង​លោកបូជាចារ្យ ៤អង្គទៀតផង ហើយក្នុងនោះដែលក៏មានវត្តមានគ្រីស្ដបរិស័ទ ជា​ច្រើនកុះករផងដែរ។ 
 ក្នុង​ឱកាស​នោះផងដែរ លោក​បូជា​ចារ្យ ស្ទេ​ផា នុស បាន​សម្ដែង​ធម្ម​ទេសនា​យ៉ាង​ពិរោះ ដោយលោកបាន​មានប្រសាសន៍​ថា "អ្វីដែលខ្ញុំចាប់អារម្មណ៍នៅក្នុងព្រះគម្ពីរថ្ងៃនេះគឺ ព្រះនាងម៉ារីទុកនូវអ្វីដែលគាត់បាន ទទួលនេះ ថ្វាយឡើងទៅព្រះជាម្ចាស់" បន្​ទា​ប់​​​មក​លោកបូជាចារ្យបន្តថា ពេល​នោះ​​នាង​ម៉ារី​​បានថ្លែងថា "ព្រលឹងខ្ញុំសូម​លើក​​តម្កើង​ព្រះជាម្ចាស់ ព្រះ​ដ៏​មាន​ឫ​ទ្ធា​​នុ​ភាព​ដែល​បាន​សម្ដែងការអស្ចារ្យចំពោះរូប​ខ្ញុំ"។ 
 លោក​បូជាចារ្យ ស្ទេផានុស បន្តទៀត​ថា "យើ​ង​អាច​រ​ៀនពីព្រះនាងម៉ារីដោយ​យក​​ព្រះ​​នាង​ជាគំរូ" ដោយចេះបន្ទាបខ្លួន ចេះ​លះបង់ ចេះជួយអ្នកដទៃ និង​ចេះ​ស្រលាញ់​​អ្នក​ដទៃ ដោយចិត្តសុភាពរាបសារ ដើម្បី​លើក​តម្កើងព្រះជាម្ចាស់។
 ជាចុងក្រោយនៃ​ពិធ​ី​បុណ្យនេះ គ្រីស្ដ​-​បរិស័ទ​ទាំងអស់បាន​ឡើង​ទទួល​ព្រះ​ពរពី​លោក​​អភិបាល គីគេ  ដែល​​ជ​ាព្រះ​ពរ​ក្នុង​បុណ្យ ព្រះជា​ម្ចាស់​លើក​ព្រះ​នាង​ម៉ារី​ឡើង​ស្ថានបរមសុខ។   ដោយ យៀប អេងវិជ្ជណា

 

ព័ត៌មានច្រើនទៀត
២៩ តុលា ២០១៧

រាជធានីភ្នំពេញ៖ បេក្ខជន បេក្ខនារីចំនួន២៦នាក់ មកពីព្រះវិហារព្រះមាតានៃសន្តិភាព (អរិយក្សត្រ) ព្រះវិហារសន្តសិលា(ពោធិ៍ធំ) ព្រះវិហារសន្តយ៉ូសែប(ក្តីកណ្តាល) និងព្រះវិហារ​សន្តីម៉ារី(តួតាំង) បានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីផ្តល់កម្លាំងក្នុងការចេញទៅប្រកាស​ដំណឹងល្អ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ នៅព្រះវិហារព្រះមាតានៃសន្តិភាព (អរិយក្សត្រ) ដោយមានលោក អូលីវីយេ ជ្មីតអ៊ីស្ល៊ែរ ជាអធិបតី និងមានបងប្អូន គ្រីស្តបរិស័ទ​ចូល​រួមជាច្រើនកុះករ។
          លោកអូលីវីយេ  បានមានប្រសាសន៍ថា៖ នេះជាថ្ងៃចុងក្រោយសម្រាប់ឆ្នាំនេះ ក្នុងការ​ធ្វើ​អគ្គសញ្ញាលាបថ្ងាស ហើយគឺជាឱកាសមួយដើម្បីជួបជាមួយគ្រីស្តបរិស័ទ ជួបជាមួយ​បេក្ខជនផ្ទាល់ និងក៏ជាឱកាសដើម្បីផ្តល់កម្លាំងដល់ព្រះសហគមន៍ផងដែរ។ ពេលទៅតាម​មណ្ឌល​សកម្មភាព គឺខ្ញុំរំឭកដល់គ្រីស្តបរិស័ទឲ្យនឹកឃើញថាព្រះវិញ្ញាណដ៏វិសុទ្ធ​ដែលយាង​មក គឺមិនសម្រាប់តែបងប្អូនដែលកំពុងទទួលអគ្គសញ្ញាតែប៉ុណ្ណោះទេ ក៏ប៉ុន្តែគឺសម្រាប់ពួក​យើងទាំងអស់គ្នា ដើម្បីទទួលខុសត្រូវខ្ពស់នៃជីវិតព្រះសហគមន៍។

          លោកអភិបាល បានបញ្ជាក់បន្ថែមអំពីផលផ្លែនៃព្រះវិញ្ញាណដ៏វិសុទ្ធ ជាពិសេសគឺ ព្រះវិញ្ញាណផ្តល់ សេចក្តីស្រឡាញ់ ជំនឿ សេចក្តីសុខសាន្ត និងចិត្តអត់ធ្មត់ ដែលណែនាំឲ្យ​យើង​បង្កើតសង្គមយើងទៅជាព្រះសហគមន៍។
          លោកបានរំឭកថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជួយ៖ ១)ណែនាំឲ្យយើងទទួលអំណរ​សប្បាយ ដោយស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ២)ណែនាំឲ្យយើងទៅជាគ្រីស្តបរិស័ទ​ដែល​ទទួល​ខុស​ត្រូវ​ខ្ពស់ ដើម្បីធ្វើជាគំរូដល់បងប្អូនឯទៀតៗ រួមទាំងបងប្អូនដែលជាគ្រីស្ត​បរិស័ទ​ដែលលែងបានចូលព្រះវិហារ និងបងប្អូនដែលមិនទាន់ស្គាល់ព្រះយេស៊ូ។ ៣) ត្រូវ​ស្រឡាញ់​ព្រះជាម្ចាស់អស់ពីដួងចិត្ត អស់ពីប្រាជ្ញា និងអស់ពីកម្លាំងរបស់ពួកយើង និង​ស្រឡាញ់​បងប្អូនឯទៀតៗដូចព្រះយេស៊ូបានស្រឡាញ់យើងដែរ។ លោកថា ទាំងនេះជា​គោល​ដៅសម្រាប់ជីវិតយើង ដោយដឹងថាព្រះសហគមន៍មានជីវិត និងរីកចម្រើនប្រសិន​បើ​យើងយកចិត្តទុកដាក់ប្រតិបត្តិតាមព្រះ អំណោយទានដែលយើងទទួលតាមរយៈ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ។ សម្រាប់បងប្អូនថ្មី ត្រូវចេញសកម្មភាពធ្វើជាគម្រូ ដល់បងប្អូនឯទៀតៗ ត្រូវអធិដ្ឋាន បម្រើ និង ស្រឡាញ់។

          បន្ទាប់ពីធម្មទេសនាលោកអភិបាល បានសួរបញ្ជាក់អំពីជំនឿរបស់បេក្ខជនចំពោះ ព្រះជាម្ចាស់នៅក្នុងពិធីទទួលអគ្គសញ្ញាលាបថ្ងាស និងប្រកាសធម៌ជឿរួមជាមួយគ្រីស្តបរិស័ទ​ទាំងអស់ រួចទូលអង្វរព្រះជាម្ចាស់រួមជាមួយសន្តបុគ្គលទាំងអស់ ដើម្បីសូមព្រះវិញ្ញាណយាង​មក​គង់សណ្ឋិតជាមួយបេក្ខជនទាំងនោះ ដើម្បីឲ្យពួកគេទទួលបានផលផ្លែនៃព្រះវិញ្ញាណ។
ព្រះសហគមន៍កាតូលិកបានប្រកាសថា៖ អគ្គសញ្ញាលាបថ្ងាសនេះ គឺបញ្ជាក់បន្ថែមថា ជា​គ្រីស្តបរិស័ទពេញលក្ខណៈ ព្រះជាម្ចាស់ត្រាស់ហៅឲ្យ ទទួលព្រះវិញ្ញាណដ៏វិសុទ្ធដើម្បីបញ្ជាក់​ជំនឿរបស់ខ្លួន និងចាត់ឲ្យបងប្អូនចេញទៅ ប្រកាសដំណឹងល្អអំពីជំនឿរបស់ខ្លូន ធ្វើជាសាក្សី​នៃធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ ដល់មនុស្សដែលនៅជុំវិញយើង។

២២ តុលា ២០១៧

រាជធានីភ្នំពេញ៖ បេក្ខជន បេក្ខនារីចំនួន ៣០នាក់មកពីព្រះវិហារ​សន្តសិលានិង​សន្ត ប៉ូល​ព្រះវិហារ​សន្ត​ សិលា​(ពោធិ៍ចិនតុង) និងព្រះវិហារ​សន្តយ៉ូសែប​(កំពង់ស្ពឺ) បានទទួល អគ្គសញ្ញាលាបថ្ងាស ដើម្បី​ផ្តល់កម្លាំង​ក្នុង​ការ​ចេញទៅប្រកាស​ដំណឹងល្អ​កាលពីថ្ងៃទី ២២ ខែតុលា​២០១៧ នៅ​ព្រះវិហារ​សន្ត​ សិលានិងសន្តប៉ូល​ នៃ​មណ្ឌល​សកម្មភាពភ្នំពេញថ្មី​​ដោយ​មានលោក អូលីវីយេ ជ្មីតអ៊ីស្ល៊ែរ ជាអធិបតី និងមានបងប្អូន គ្រីស្តបរិស័ទចូលរួមជា​ច្រើន​កុះករ។​

នៅក្នុងធម្មទេសនាលោកអូលីវីយេ ​ បាន​មា​នប្រសាសន៍ទៅ​កាន់​បេក្ខជនថា“នេះជា​ឱកាស​មួយ​ដើម្បីយកព្រះគ្រីស្តជាទីពឹង”។ លោកបញ្ជាក់បន្ថែម​ថាគ្រីស្ត​បរិស័ទ​គឺ​ជា​បរិស័ទ​ដែល​​ជាប់​ជាមួយព្រះគ្រីស្តផ្ទាល់ ប្រសិនបើគ្មានព្រះគ្រីស្តដឹកនាំ​ជីវិត​យើង​ឲ្យ​មាន​សេចក្តី​ស្រឡាញ់​និងអំណរសប្បាយនោះយើង​មិនខុសពីអង្គការមនុស្សធម៌ឡើយតែយើង​ខុសគ្នាដោយសារយើងមានព្រះគ្រីស្ត​ជាផ្លូវជាជីវិតនិងជាសេចក្តីពិត។​

លើសពីនេះទៅទៀត​ លោក​អូលីវីយេក៏បាន​ផ្តាំផ្ញើរដល់បេក្ខជននិង​គ្រីស្ត​បរិស័ទ​ទាំង​អស់​ ដោយលើកយកពីរចំនុច​នៃ​​សារលិខិតសម្តេចប៉ាបហ្វ្រង់ស៊ីស្កូក្នុង​ឱកាសទិវាប្រកាស​ដំណឹងល្អ​៖ ១)​​ឲ្យ​យកចិត្ត​ទុកដាក់​ធ្វើជា​គ្រូគង្វាល​ដ៏សប្បុរសដោយស្រឡាញ់ ថែទាំ​គ្នា​ទៅវិញ​ទៅមក​ និង​ចេះលើកទឹកចិត្តគ្នាជាពិសេស​ដល់បងប្អូន​ដែល​លែង​ចូលព្រះវិហារ។​ ២)​​ត្រូវធ្វើជា​អ្នក​សប្បុរសដូច​ជនសាម៉ារី ដោយណែនាំ​សេចក្តីស្រឡាញ់​ដែលជាថ្នាំ​ព្យាបាន​គ្រប់​ជំងឺ ​ដល់​បងប្អូន​មួយ​ចំនួន​ដែល​មិនមែន​ជា​គ្រីស្តបរិស័ទ​​ និងគ្មាន​សេចក្តីសង្ឃឹម។​

បន្ទាប់​ពី​ធម្មទេសនា​លោក​អភិបាល​​បាន​សួរ​បញ្ជាក់​អំពី​ជំនឿ​របស់​បេក្ខជន​ចំពោះ​ព្រះជា​ម្ចាស់​​​នៅក្នុង​ពិធី​ទទួល​អគ្គសញ្ញាលាបថ្ងាស និង​ប្រកាស​ធម៌ជឿ​រួមជាមួយ​គ្រីស្ត​បរិស័ទ​ទាំងអស់ រួចទូលអង្វរព្រះ​ជាម្ចាស់​រួម​ជាមួយ​សន្ត​បុគ្គល​ទាំងអស់​ដើម្បី​សូម​ព្រះ​វិញ្ញាណ​​យាង​មក​គង់​សណ្ថិត​ជាមួយ​បេក្ខជន​ទាំង​នោះ ដើម្បីឲ្យ​ពួកគេ​ទទួល​បាន​ផលផ្លែ​នៃព្រះ​វិញ្ញាណ​គឺ ១) មាន​ប្រាជ្ញាឈ្លាសវៃ។ ២) ដឹងខុសដឹងត្រូវ​។ ៣) ដឹងអំពី​សេចក្តីពិត។ ៤) មាន​យោបល់ល្អ។ ៥) មាន​សេចក្តី​អង់អាច។ ៦) ប្រព្រឹត្តតាម​ការណែនាំ​របស់​ព្រះវិញ្ញាណ​។ និង​៧) ចេះគោរពកោតខ្លាចព្រះបិតា។

បេក្ខនារីឈៀងរចនាជាបុគ្គលិក​នៃអង្គការផ្នែក​ត្រចៀក​នៅកម្ពុជា​ បាន​និយាយ​​ថា “ថ្ងៃនេះ​ ខ្ញុំ​បានទទួលកម្លាំង​ដ៏រឹងមាំ ដើម្បី​បន្តដំណើរ​​ទៅមុខជាមួយព្រះយេស៊ូដើម្បី​បន្ត​ប្រកាស​​​​ដំណឹងល្អ​ ដោយ​មានគម្រោង​ប្រមូលកុមារនៅតំបន់​អង្គស្នួលជាមួយ​បងស្រី​កាមែល​ ​ឲ្យស្គាល់​ព្រះជាម្ចាស់​​តាមរយៈ​អំណរ​សប្បាយជាមួយយើង”។ រចនាបានស្គាល់​ព្រះសហគមន៍​​នៅឆ្នាំ២០១១ តាមរយៈបព្វជីតាកាតូលិក​នៅសាលាពេទ្យដោយ​ចាប់​អារម្មណ៍​​​​លើ​ភាពជិតស្និទ្ធ​ដែលជាសេចក្តីស្រឡាញ់​​ប្តកបដោយភាពកក់ក្តៅទើប​អាច​ទទួលអគ្គសញ្ញាជ្រមុជទឹកនិង​លាបថ្ងាស​នៅ​ឆ្នាំ​២០១៧នេះ។​

តាមឯកសារអប់រំជំនឿនៃព្រះសហគមន៍កាតូលិកបាននិយាយថា ៖ អ្នកដែលទទួល​អគ្គសញ្ញា លាបថ្ងាស គឺអស់អ្នកដែលទទួលអគ្គសញ្ញាជ្រមុជទឹករួចហើយ។ អគ្គសញ្ញានេះ គឺបញ្ជាក់បន្ថែមថា បងប្អូនជាគ្រីស្តបរិស័ទ ពេញលក្ខណៈ ព្រះជាម្ចាស់ត្រាស់ហៅ បងប្អូន​ឲ្យ​ទទួលព្រះវិញ្ញាណដ៏វិសុទ្ធ​ដើម្បីបញ្ជាក់ជំនឿរបស់ខ្លួន និងចាត់ឲ្យបងប្អូនចេញ​ទៅ ប្រកាស ដំណឹងល្អអំពីជំនឿរបស់ខ្លូន ​ធ្វើជាសាក្សី​នៃធម៌មេត្តាករុណា​របស់​ព្រះ​ជាម្ចាស់​​ ដល់​មនុស្ស ដែលនៅជុំវិញយើង។ 

សរសេរដោយ ដាលីស

២២ តុលា ២០១៧

រាជធានីភ្នំពេញ៖ យុវជន​២៥នាក់​ បាន​មកទេវវិទ្យាល័យ​កាតូលិកកម្ពុជា នៅ​ទួលគោក រាជធានីភ្នំពេញ​​ចំនួន២៤ម៉ោង ដើម្បី​រិះគិត​អំពី​ជីវិត​នៃ​ការត្រាស់ហៅដោយ​ដឹកនាំ​ដោយ​លោក​បូជាចារ្យ អ៊ុន សុន ក្រោម​ប្រធានបទ “​ទំនាក់​ទំនង​ខ្ញុំ​ជាមួយ​ព្រះជាម្ចាស់”​ត្រូវ​បាន​​ចាប់​ផ្តើម​ពី​រសៀល​ថ្ងៃទី​២១​រហូតដល់​រសៀល​ថ្ងៃទី២២ តុលា ២០១៦នេះ ។​

          តាម​ប្រសាសន៍​របស់​លោកអ៊ុន សុន ជា​​បូជាចារ្យ​ដឹកនាំ​ក្រុមនេះ បាន​ឲ្យ​ដឹងថា៖ ការរិះគិត​អំពី​​​ការ​ត្រាស់ហៅ​របស់ព្រះជាម្ចាស់ គឺ​ជា​សំណួរដ៏សំខាន់​ដើម្បីពិនិត្យ​មើល​​​ទំនាក់​ទំនង​ជាមួយ​ព្រះ​ជា​ម្ចាស់​​។ លោក​​​ បន្ត​ថា៖ ​លើកទីប្រាំមួយ​ក្នុង​ឆ្នាំ​២០១៧នេះ យើង​ធ្វើ​នៅ​​ទេវវិទ្យាល័យ គឺ​ដើម្បី​ជួយ​ដល់​យុវជន​ទាំង​​​នេះ​​ធ្វើ​ការ​ផ្សារភ្ជាប់​ជាមួយ​ទេវវិទ្យល័យ​ ដោយ​បាន​ឃើញ​ជាក់ស្តែង​អំពី​ការអប់រំ និង​ជីវិត​រស់នៅ​ក្នុង​ទេវវិទ្យាល័យ។​

          លោក​លោក​​បូជាចារ្យ សុន​​ បាន​ឲ្យ​ដឹងទៀតថា៖ ព្រះសហគមន៍​មាន​តួនាទី​ជួយ​ដល់​ប្អូន​ៗ​ក្នុង​ការ​រិះគិត​អំពី​ការ​ត្រាស់​ហៅ ដោយ​មាន​ភារកិច្ច​សាប​ព្រោះ​ បណ្តុះ​បណ្តាល​ និង​បើក​ទ្វារ​ដួងចិត្ត​​ពួកគេឲ្យ​ស្តាប់​ព្រះបន្ទូល​ ដើម្បី​រក​ផ្លូវ​នៅក្នុង​ជីវិត​ដែលជាកត្តាដ៏សំខាន់​ ហើយ​លទ្ធផល​យ៉ាងណា​គឺ​ទុកឲ្យ​ប្អូនៗជាអ្នក​សម្រេចចិត្ត​ខ្លួនឯង។

          រយៈពេល​២៤ម៉ោងនេះ​ លោក​ សុន បាន​ឃើញ​ថា​យុវជន​ទាំង​នេះ​យក​ចិត្ត​ទុកដាក់​ចូលរួម​ និង​សប្បាយ​​នៅក្នុង​ការរិះគិត​ពីជំនឿ និង​ការ​ជ្រើស​រើស​ផ្លូវ​នៃ​ជីវិតរបស់ខ្លួន។ រយៈពេល​នេះដែរ ក៏មាន​ការ​ផ្តល់នូវសក្ខីភាពរបស់​និស្សិត​ទេវវិទ្យាល័យពីររូប អំពី​ជីវិត​របស់​ខ្លួន​ផ្ទាល់​នៅក្នុង​ការត្រាស់​ហៅ និង​រស់នៅក្នុង​ទេវវិទ្យល័យ​ផងដែរ។

          យុវជន ខ្វេត រ៉ាណេត មកពីព្រះសហគមន៍​ប៊ូស្រា និង​ស្នាក់នៅ​ក្នុង​មណ្ឌល​សន្ត មីកាអែលនៅបឹងទំពន់ បាន​យល់​ឃើញ​ថា៖ រយៈពេល​មួយឆ្នាំមកនេះ​ក្រុម​អេម៉ាណូអែល​បាន​ជួយ​ច្រើន​នៅក្នុង​ការរិះគិតជីវិត​ជាបូជាចារ្យ​ និង​បាន​ទទួល​បទពិសោធន៍​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រិះគិត​ថែមទៀត​ថា "តើព្រះជាម្ចាស់​ចង់​ត្រាស់​ហៅខ្ញុំឲ្យ​ធ្វើអ្វី​នាពេលអនាគត?”។​ រ៉ាណេត បញ្ជាក់ថា “​ទំនាក់​ទំនង​ខ្ញុំ​ជាមួយព្រះជាម្ចាស់ ពិត​ជាមាន​សារសំខាន់ណាស់​សម្រាប់​ខ្ញុំ ព្រោះថាគ្រីស្ត​បរិស័ទ​ត្រូវ​មាន​ទំនាក់​ទំនងជាមួយព្រះជាម្ចាស់ និង​យល់ថា​​ជីវិត​របស់​យើង​មានព្រះយេស៊ូ​ណែនាំ​ឲ្យ​ដើរទៅមុខ ដែល​ធ្វើ​ឲ្យ​មាន​ភាព​ស្និទ្ធស្នាល   និង​ស្គាល់​ពី​សេចក្តី​ស្រឡាញ់​របស់ព្រះជាម្ចាស់កាន់​តែខ្លាំងឡើងៗ តាម​រយៈព្រះសហគមន៍។​

          ក្រុម​អេម៉ាណូអែលនៅភូមិភាគ​ភ្នំពេញ​​ តែងតែ​មាន​ការជួបជុំគ្នា​៦ដងក្នុង​មួយឆ្នាំ ក្នុង​នោះ​ផងដែរក៏មាន​ការជួបជុំជាលក្ខណៈអន្តរភូមិភាគចំនួនពីរដង គឺ​ក្នុង​ទិវានៃ​ការត្រាស់ហៅ​ក្នុង​ខែឧសភា និង​បោះជំរំនៃការត្រាស់ហៅក្នុង​ខែកញ្ញា។​ ក្រុមនេះ​បាន​កកើត​មានឡើង​តាំងពី​ឆ្នាំ​២០០០មកម្ល៉េះ ហើយ​ក្រុមនេះ​បាន​ជួយ​ដល់​យុវជន​ជា​ច្រើន​ឲ្យ​យល់ពី​ជីវិត​នៃ​ការ​ត្រាស់​ហៅ​​ជាបូជាចារ្យ។ ជាក់ស្តែង​មាន​បូជាចារ្យ​៤រូបហើយ​ដែល​ជាផលផ្លែ​ចេញមកពី​ក្រុមនេះ។​

          សរសេរដោយ ដាលីស

១១ តុលា ២០១៧

រាជធានីភ្នំពេញ៖ ទេវវិទ្យាល័យព្រះ​សហគមន៍កាតូលិក​កម្ពុជា នៅក្រុង​ភ្នំពេញ ទេវវិទ្យាល័យ​បាន​ប្រកាស​ទទួល​ បងប្រុស ប្រាក់​ ប៊ុនហុង និង​បងប្រុស វិន កាន់​ ជា​និស្សិត​ផ្លូវការនៅក្នុង​ថ្ងៃបើក​ឆ្នាំសិក្សាថ្មី​នេះ ដើម្បី​រៀន និង​ ​រិះគិត​អំពី​​ការ​ត្រាស់​ហៅ​របស់​ព្រះ​ជាម្ចាស់ជាបូជាចារ្យ​។

កម្មវិធី​នេះ​ធ្វើឡើង​ ក្រោម​អធិបតីភាព​របស់​លោក​អភិបាល​ព្រះ​សហគមន៍​កាតូលិក​ ភូមិ​ភាគ​ភ្នំពេញ អូលីវីយេ ជ្មីតអ៊ីស្ល៊ែរ លោក​អន់តូនី ស៊ូសៃរាជ្យ អភិបាល​នៃព្រះសហគមន៍​ភូមិភាគ​កំពង់ចាម​ និង​ជា​ប្រធាន​ទេវវិទ្យាល័យដោយ​មាន​​អ្នក​ចូលរួម​ជាច្រើននាក់​ នា​​ថ្ងៃទី​ ១១ តុលា ២០១៧​នេះ។

ក្នុង​ធម្មទេសនា​លោក​អភិបាលអន់តូនី​​ បាន​ចែករំលែក​នូវ​​បទពិសោធន៍​របស់លោក​ក្នង​នាមជា​អភិបាល​ព្រះ​សហគមន៍​ភូមិភាគកំពង់ចាម ព្រមទាំង​បានទទួល​ការលើក​ទឹកចិត្ត​ពី​​​សម្តេចប៉ាប​បេនេឌិកតូទី១៦ លោក​បង្ហាញថា ការលំបាក​របស់​យើងមាន​ឥទ្ធិពល​ច្រើន​មកលើជំនឿ និង​មាន​ការលំបាក​មិនអាចដោះស្រាយបញ្ហាផ្សេងៗ​បាន​ទាំងអស់​ក្តី​ តែត្រូវ​ទុកចិត្ត និង​ឲ្យ​ខិតខំព្យាយាមអធិដ្ឋានទោះបីជាមានការលំបាកក៏ដោយ សូមឲ្យ​យើង​ផ្ញើនូវ​រាល់​ទុក្ខ​លំបាក​ទាំងនោះ​ទៅព្រះជាម្ចាស់។

លោកអន់តូនី ក៏បានពន្យល់​អំពី អត្ថន័យ​នៃ​ធម៌ “ឱព្រះបិតា” ដែល​គ្រីស្ត​បរិស័ទ​​បានទទួលពីព្រះយេស៊ូ ដើម្បី​ឲ្យ​យើង​យក​ចិត្តទុកដាក់ទទួល​កម្លាំងពីព្រះជាម្ចាស់ និង​ឲ្យ​យើង​ចេះ​លើកលែងទោសឲ្យអ្នក​ដទៃផងដែរ។

លោក​បប់ ពីសេ ជា​នាយក​ទេវ​វិទ្យាល័យ​បាន​ស្នើ​សុំ​លោក​អភិបាល​ ដើម្បី​ទទួល​លោក​ ប្រាក់​ ប៊ុនហុង និងលោក វិន កាន់ជា​និស្សិត​ទេវវិទ្យាល័យជាផ្លូវការ ឬអាចហៅ​ថា​ជា​កូនសិស្ស​លោក​អភិបាល​ពេញ​សិទ្ធ។ លោក​បញ្ជាក់​ថា​បង​ប្រុស បាន​រៀន​នៅ​ទេវ​វិទ្យាល័យ​បី​ឆ្នាំ​កន្លង​មក​ គាត់​បាន​រិះ​គិត​អំពី​ការ​ត្រាស់​ហៅ​របស់​ព្រះ​ជាម្ចាស់​ និង​ត្រៀម​ខ្លួន​ចូល​ឆ្លើយ​តប​ទៅ​នឹង​ការ​ត្រាស់​ហៅ​នេះ​ដោយ​មាន​ទាំង​ចំណេះ​ដឹង​ និង​កាន់​អប្បកិរិយាមាយាទត្រឹមត្រូវ។ លោក​ក៏បាន​ស្នើឲ្យ​គ្រីស្តបរិស័ទ​ បន្ត​អធិដ្ឋាន សម្រាប់​និស្សិតទេវវិទ្យាល័យទាំងអស់។​

លោក​អូលីវីយេ​​ និង​ លោក​អន់តូនី បាន​ប្រកាស​សួរ​បេក្ខជន​ក្នុង​ការ​ស្ម័គ្រ​ចិត្ត ដើម្បី​ថ្វាយជីវិត​បម្រើព្រះសហគមន៍​ និង​ប្រជារាស្ត្រ​របស់ព្រះជាម្ចាស់​ ព្រោះតែ​ស្រឡាញ់​ព្រះយេស៊ូ​​ ដោយ​បន្ត​ទទួល​ការអប់រំ និង​ត្រៀមខ្លួន​ធ្វើជាបូជាចារ្យដើម្បី​បម្រើ​ភូមិភាគ​រៀងៗខ្លួន។​

បន្ទាប់​ពី​បេក្ខជនទាំងពីររូប បាន​ប្រកាស​យល់ព្រមស្ម័គ្រចិត្ត តាមការសាកសួរខាង​លើ លោកអភិបាលអូលីវីយេ និង​អលោកអភិបាល​អន់តូនី​ ​បានយល់ព្រមទទួល​បងប្រុស​ហុង និង​បងប្រុសកាន់​​ឲ្យ​ទៅជានិស្សិត​ផ្លូវការតាមប្រពៃណី​ព្រះសហគមន៍កាតូលិក ដោយ​មាន​លិខិតស្នាមត្រឹមត្រូវ។

បេក្ខជន វិន កាន់​ បានឲ្យ​ដឹង​អំពី​គោលបំណង​ និង​ការតស៊ូ​ដើម្បីទទួល​ការអប់រំ​ជា​បូជាចារ្យព្រោះ  ជីវិតជាលោកបូជាចារ្យគឺមានអំណរសប្បាយខ្លាំង មិនថាតាមលោកីយ៍ ឬ ខាងវិញ្ញាណនោះទេ ។ លើសពីនេះទៅទៀត​ បងប្រុសកាន់ ចាប់អារម្មណ៍ខ្លាំងអំពីបូជាចារ្យ ដែល​មានតួនាទីនាំសេចក្តីសុខសាន្ត  ព្រះពរ និង​ការសង្រ្គោះរបស់ព្រះយេស៊ូដល់មនុស្សឯទៀតៗ។  បងប្រុសថា បំណងជាបូជាចារ្យគឺ រស់នៅជាមួយព្រះយេស៊ូ  ត្រូវអធិដ្ឋាន​ ស្រឡាញ់កិច្ចការព្រះសហគមន៍ និងបំពេញតួនាទីរបស់ខ្លួនឲ្យបានគ្រប់គ្រាន់ ដែល​​ជាសញ្ញាដែលព្រះជាម្ចាស់កំពុងត្រាស់ហៅយើង។

ព្រះ​សហគមន៍​កាតូលិក ភូមិ​ភាគ​ភ្នំពេញ​បាន​ខិតខំ​រៀបចំ​ការអធិដ្ឋាន​សម្រាប់​ការ​ត្រាស់ហៅ​​​យុវជន​យុវនារី​ជា​រៀង​រាល់​ខែ។ ជាក់​ស្តែង​ការ​អធិដ្ឋាននេះ​បាន​ផ្តល់​នូវ​ផល​ផ្លែដោយ​មាន​យុវជនម្នាក់ថ្មី និង​និស្សិត​ចាស់​៨នាក់​ទៀតបាន​ស្ម័គចិត្ត​ចូល​ទេវវិទ្យាល័យ​ដើម្បី​រិះគិត​អំពី​ដំណើរ​ជីវិតជាបូជាចារ្យ ក្នុង​ឆឆ្នាំ២០១៧នេះ។ 

សរសេរ​ដោយ​ ដាលីស

០៨ តុលា ២០១៧

រាជធានីភ្នំពេញ៖ នៅព្រះវិហារសន្តប៉ូល និងសន្តសិលា នៃមណ្ឌលសកម្មភាពភ្នំពេញថ្មី នាថ្ងៃ​អាទិត្យ ទី០៨ ខែតុលា ឆ្នាំ២០១៧នេះ គណៈកម្មការពលករ នៃព្រះសហគមន៍​កាតូលិក​ភូមិភាគភ្នំពេញ បានរៀបចំកម្មវិធីមហោស្រពពលករមួយ ដែលទាក់ទងទៅនិងប្រធានបទ ពលកររួមគ្នាដើម្បីសិទ្ធិគ្រប់គ្រាន់ក្នុងការងារ។

          កម្មវិធីនេះ មានការចូលរួមជាកិត្តិយសពីសំណាក់លោកអភិបាល អូលីវីយេ និង​លោកបូជាចារ្យមួយចំនួន ដែលជួយនៅក្នុងគណៈកម្មការពលករ រួមនិងបងប្អូនកម្មករ កម្មការិនីប្រមាណជាង១០០នាក់។  កម្មវិធីនេះមានគោលបំណងជួបជុំជាមួយបងប្អូន​ជា​កម្មករ កម្មការិនី នៅតាមបណ្តារោងចក្រមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យពួកគេមាន​ឱកាស​កំសាន្តរួមគ្នា ចែករំលែកបទពិសោធន៍នៃជីវិតរស់នៅរបស់ពួកគេម្នាក់ៗ ដែលធ្លាប់​បានជួបប្រទះក្នុងជីវិតរស់នៅប្រចាំថ្ងៃ ។

          លោកអូលីវីយេ ជ្មីហស៊្លែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានមាន​ប្រសាសន៍​លើកទឹកចិត្តកម្មករ កម្មការិនី​ ដែលចូលរួមកម្មវិធីនាឱកាសនោះថា នេះជា​ឱកាស​មួយស្រាប់ព្រះសហគមន៍កាតូលិក ដើម្បីបង្ហាញពីការយកចិត្តទុកដាក់​សម្រាប់​កម្មករ ដែលសព្វថ្ងៃនេះនៅប្រទេសកម្ពុជាមានកម្មករប្រមាណជា៨០ម៊ឺននាក់។ បើទោះ​បីព្រះសហគមន៍កាតូលិកមិនមានសកម្មភាពច្រើនក្តី ប៉ុន្តែព្រះសហគមន៍បានរៀប​ចំ​​ឲ្យ​​មាន​​មណ្ឌលមួយ សម្រាប់ទទួលនិងជួយដល់កម្មករ កម្មការិនីខ្លះៗ ដែលធ្វើការតាម​រោងចក្រ។ យើងមានក្រុមចលនាយុវកម្មករគ្រីស្តបរិស័ទ ដើម្បីប្រមូលកម្មករ កម្មការិនី ដើម្បី​រិះគិតអំពីតម្លៃនៃជីវិត ដើម្បីរិះគិតអំពីអត្ថន័យនៃការងារ និងរិះគិតអំពីជីវិតនៃការ​រស់នៅ​ជាក្រុមជាដើម។

          លោកដឺហ្វុង យ៉ាន ជាអ្នកទទួលខុសត្រូវគណៈកម្មការពលករ នៃព្រះសហគមន៍​កាតូលិកភូមិភាគភ្នំពេញ បានឲ្យដឹងថា មហោស្រពពលករ គឺជារួមគ្នាររៀបចំឡើងដោយ​ក្រុម​កម្មករ ដែលភាគច្រើនពួកគេធ្វើការនៅតាមរោងចក្រ ។ ចំពោះប្រធាបទនាឆ្នាំនេះ​ គឺពួកគេបានជ្រើសរើសប្រធានបទ ពលកររួបរួមគ្នា ដើម្បីសិទ្ធិគ្រប់គ្រាន់នៅក្នុងការងារ ដែលប្រធានបទនេះ គឺចង់ផ្ញើសារទៅដល់ថ្នាក់ដឹកនាំរោងចក្រ គិតឲ្យបានវែងឆ្ងាយជាង​ហ្នឹងសម្រាប់អ្នកដទៃ គែសូមឲ្យថ្នាក់ដឹកនាំនៅតាមរោងចក្រនានា ត្រូវគោរពសិទ្ធិ​របស់ពួក​គាត់​ដែលជាកម្មករ។ ដូច្នេះហើយ កម្មករទាំងអស់ ពួកគាត់ទាមទារ និងចង់បានសិទ្ធិ​គ្រប់គ្រាន់​នៅក្នុងការងារទាំងនោះ។

          លោកឆោម សុធា អាយុ៣៣ឆ្នាំ ជាកម្មករនៅក្រុមហ៊ុនISI ក្នុងរាជធានីភ្នំពេញ ដែល​បាន​ចូលរួមកម្មវិធីនោះ បានចាប់អារម្មណ៍ថា កម្មវិធីជំនួបកម្មករ កម្មការិនី នាឱកាសនេះ គឺមានគោលបំណងជួយលើកទឹកចិត្តបងប្អូនកម្មករ ទាំងអស់ឲ្យមានការតស៊ូ និងចេះ​រួបរួម​គ្នា ដោយស្វែងយល់អំពីច្បាប់ការងារផ្សេងៗ និងចេះតស៊ូមតិ ដោយចេះទាមទារសិទ្ធិ​ការងាររបស់ខ្លួនដូចដែលមានចែងក្នុងច្បាប់ការងារ នៃព្រះរាជាណាចក្រកម្ពុជា​យើង។

          គួរបញ្ជាក់ថា គណៈកម្មការពលករ គឺជាគណៈកម្មការមួយ ដែលបានបង្កើត​ឡើង​ដោយព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ក្នុងគោលបំណង ជួយដល់បងប្អូនកម្មករ កម្មការិនី នៅតាមរោងចក្រមួយចំនួន ទាក់ទងទៅនិងសិទ្ធិការងារ ការរួបរួមគ្នា និងការ​តស៊ូមតិ ដើម្បីឲ្យមានការគោរពសិទ្ធិ និងគោរពច្បាប់ការងារជាដើម ។ 

          ការិយាល័យគណៈកម្មការពលករ ស្ថិតនៅផ្លូវរុងរឿង១ ភូមិទួលពង្រ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ម្តុំរោងចក្រដំបូលខៀវ ៕

ដោយ ឡុង សម្ផស្ស

០៧ តុលា ២០១៧

រាជធានីភ្នំពេញ៖ គ្រីស្តបរិស័ទ ប្រមាណជាង ១០០០នាក់មកពីព្រះសហគមន៍នានា ទូទាំងប្រទេសកម្ពុជា ជាពិសេសគ្រីស្តបរិស័ទនៃ ព្រះសហគមន៍កាតូលិកសន្តយ៉ូសែបផ្សារតូច រាជធានីភ្នំពេញបានជួបជុំគ្នា ក្នុងពិធីបុណ្យអភិបូជាយ៉ាងឱឡារិក ដើម្បីអរព្រះគុណ និង​លើកតម្កើងព្រះជាម្ចាស់ សម្រាប់ខួប២៥ឆ្នាំនៃការកើតឡើងវិញរបស់ព្រះសហគមន៍នេះ។ ពិធីនេះប្រារពខួបធ្វើឡើង នៅទីតាំងព្រះសហគមន៍សន្តយូសែបផ្ទាល់ កាលពីរថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧កន្លងមក ក្រោមវត្តមានដ៍ខ្ពង់ខ្ពស់របស់លោកអភិបាល ព្រះសហគមន៍​កាតូលិក​ទាំង៣ភូមិភាគ។

          លោក រឿង ឆ័ត្រសិរី ជាបូជាចារ្យទទួលខុសត្រូវព្រះវិហារសន្តយ៉ូសែបផ្សារតូច និងមណ្ឌលសកម្មភាពភ្នំពេញខាងជើងនៃភូមិភាគភ្នំពេញ មានប្រសាសន៍ថា៖ ពិធីនេះឡើង​គឺជួយរំឭក គ្រីស្តបរិស័ទឲ្យនឹកឃើញព្រះសហគមន៍របស់ខ្លួន ដែលបានកើតឡើងវិញ ដោយ​ចេះចែករំលែកសកម្មភាពជាមួយគ្នា និងរួមចិត្តគំនិតគ្នាជាធ្លុងតែមួយ ដោយអរព្រះគុណ​ព្រះជាម្ចាស់ ដែលជួយក្នុងបង្កើតព្រះវិហារសន្តយ៉ូសែបនៃព្រះសហគមន៍ផ្សារតូចនៅ​ភ្នំពេញ​នេះ។ លោកបន្តថា៖ ដោយចាប់ផ្តើមមានជីវិតជាថ្មីក្រោយសង្គ្រាម និងរបបប្រល័យពូជ​សាសន៍​ប៉ុលពត។ ទាក់ទងនឹងប្រវត្តិព្រះសហគមន៍នេះ លោកបូជាចារ្យ រឿង ឆ័ត្រសិរី មាន​ប្រសាសន៍ថា៖ “បើយោងតាមឯកសារ យើងបានទទួលកម្មសិទ្ធិដី និងអាគារនៅទីនេះ​ឡើង​វិញ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ១៩៩២ គឺមានន័យថា ក្រោយពេលព្រះសហគមន៍ ត្រូវបានរដ្ឋ​អំណាចនៅសម័យនោះ ផ្តល់សិទ្ធិសេរីភាពក្នុងការគោរពបូជាតាមជំនឿរបស់ខ្លួនឡើងវិញ”។ ព្រះសហគមន៍កាតូលិកនៅកម្ពុជា ក៏ដូចជាប្រទេសជាតិទាំងមូលត្រូវបានបំផ្លាញដោយសារ​សង្គ្រាម​ស៊ីវិល ក្នុងរបបប្រល័យពូជសាសន៍។ អគារជាច្រើនដែលរួមមានព្រះវិហារ សាលា​រៀន អារាមអ្នកបួស មណ្ឌលស្នាក់នៅ ត្រូវបានកំទេចស្ទើរតែគ្មានសល់។ មិនតែប៉ុណ្ណោះ លោកអភិបាលព្រះសហគមន៍កាតូលិក អស់លោកបូជាចារ្យ និងគ្រីស្តបរិស័ទជាតិខ្មែរជាច្រើន​នាក់​ត្រូវបានស្លាប់ និងត្រូវបានគេសម្លាប់។ ក្រោយពីរបបខ្មៅងងឹតបានបញ្ចប់ទៅ គ្រីស្ត​បរិស័ទ​ដែលរស់រានមានជីវិតបានខិតខំប្រមូលគ្នាផ្តុំគ្នាបង្កើតព្រះសហគមន៍ឡើងវិញ។           តាមប្រវត្តិមុនសង្គ្រាមអគារព្រះវិហារនេះ គឺជាអតីតអនុទេវវិទ្យាល័យ អប់រំយុវជន ដែលស្វែងរកយល់អំពីជីវិតជាអ្នកបួស មុនពួកគេចូលទៅទេវវិទ្យាល័យ ក្រោយសង្គ្រាមអាគារ​ទាំងនេះត្រូវបានរដ្ឋាភិបាលប្រើប្រាស់ជាកន្លែងស្នាក់នៅ របស់សិស្សសាលាពេទ្យទាហាន។  ក្រោយទទួលបានការអនុញ្ញាត្តិពីរដ្ឋមកវិញ ព្រះវិហារនេះជាសេនាធិការដ្ឋាន នៃ​ព្រះសហគមន៍​កាតូលិកនៅកម្ពុជា។ មានសកម្មភាពជាច្រើន ដែលបានកើតចេញពីកន្លែងនេះ មានការរិះគិត កម្រោងការណ៍ ផែនការណ៍នានាក្នុងកសាងព្រះសហគមន៍នៅកម្ពុជា។

          ក្នុងធម្មទេសនា លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយេ ជ្មិតអីស៊្លែរ ក៏បាន រំលឹកគ្រឹស្តបរិស័ទអំពីសកម្មភាពជាច្រើន របស់ព្រសហគន៍សន្តយូសែបផ្សារតូច ដោយបានបង្កើត ដូចជាក្រុមយុវជន មណ្ឌលសុខភាព ក្រុមចំរៀង និងក្រុមគ្រួអប់រំជំនឿ​ជាដើម។ លោកបន្តថា៖ ក្នុងថ្ងៃនេះខ្ញុំសូមអរគុណយ៉ាងខ្លាំង ចំពោះវត្តមានលោកបូជាចារ្យ​មួយ​ចំនួន​ដែលបានធ្វើសកម្មភាពជាច្រើន ជួយឲ្យព្រះសហគមន៍នេះមានជីវិត្តយ៉ាងរស់រវើក ក្រោយរបបប្រល័យពូជសាសប៉ុលពតរហូតមកដល់បច្ចុប្បន្ននេះ។ ជាពិសេស វត្តមានលោក វីរៈជ័យ ដែលបានបំរើព្រះសហគមន៍ស្ទើរទាំងអស់ក្នុងប្រទេសកម្ពុជា។ លោកអភិបាល អូលីវីយេ បានបន្តទៀតថា នៅពេលនេះយើងបានជួបជុំគ្នាកោតសរសើ លើកតម្កើង​ព្រះជាម្ចាស់​យ៉ាងឪឡារឹក ដែលទ្រង់បានប្រទានគ្រប់សកម្មភាពរបស់ព្រះសហគមន៍ សន្ត​យ៉ូសែបផ្សារតូច រយៈពេល២៥ឆ្នាំកន្លងមកនេះ ដើម្បីប្រកាសដំណឹងល្អទៅមនុស្សទាំងអស់។ បងប្អូនជាទីស្រលាញ់ថ្ងៃនេះយើងរួមជាមួយសន្តយូសែប អរព្រះគុណព្រះជាម្ចាស់​សំរាប់​សេចក្តី​សុខសាន្តរបស់ព្រះសហគមន៍នៅក្នុងប្រទេសកម្ពុជាទាំងមូល។ លោកថា សព្វថ្ងៃ​នេះ​យើងមានព្រះសហគមន៍រច្រើនហូតដល់៩មណ្ឌលសកម្មភាព ដូចឆ្នេះហើយយើងជាគ្រីស្ត​បរិស័ទត្រូវរួមជាមួយសន្តយូសែប ដើម្បីបន្តប្រកាសដំណឹងល្អទៅមនុស្សទូទៅ​ឲ្យកាន់តែច្រើន​ឡើងៗ ក្នុងពេលនេះ និងពេលអនាគត់ ដោយមិនត្រឹមតែលឺសម្លេងខ្លាំងៗ ពីការច្រៀង​កោតសរសើ ការអធិដ្ឋាន។ យើងត្រូវបន្តសកម្មភាពឲ្យបានច្រើនជាងមុន ដូចជាក្រុមសង្ឃហៈ ក្រុមមេត្តាករុណ ចំពោះប្រជាជននៅក្នុងទីក្រុងភ្នំពេញទាំងមូល។

          អ្នកស្រី ឡេង សូនី គឺជាគ្រឹស្តបរិស័ទមួយរូប ក្នុងចំណោមគ្រឹស្តបរិស័ទ​ជាច្រើន​នៅ​ព្រះសហគមន៍ផ្សាតូចបានអោយដឹងថា អ្នកស្រីពិតជាសប្បាយចិត្តខ្លាំងណាស់ ដែល​ព្រះសហគមន៍នៅក្នុងប្រទេសកម្ពុជាបានសកម្មភាពឡើងវិញ ជាពិសេសព្រះសហគមន៍​ផ្សារតូចដែលបានប្រារពខួប២៥ឆ្នាំក្នុងថ្ងៃនេះ។ អ្នកស្រីបន្តថា យើងសង្កេតឃើញថាផលផ្លែ​ជាច្រើន​ដែលទទួលបាន ដូចជាចំនួនគ្រឹស្តបរិស័ទកើនឡើងជារៀងរាល់ឆ្នាំ សកម្មភាព​ដែលបង្ហាញពីសេចក្តីស្រលាញ់ជាច្រើននៅក្នុងសង្គម ព្រមជាមួយនិងសំណងអាគារថ្មី​ផងដែរ។ អ្នកស្រីបន្តទៀតថា៖ សកម្មភាពប្រកាស់ដំណឹងល្អរបស់ព្រះសហគមន៍នេះ បាន​ប្រម៉ែប្រមូលបងប្អូនគ្រឹស្តបរិស័ទដែលបោះបង់ព្រះវិហា អោយត្រឡប់មករួមរស់ជាមួយមហា​គ្រួសារយើងវិញ។ ដើម្បីរួមគ្នាលើកតម្កើងព្រះជាម្ចាស់ និងរួមគ្នាប្រកាសដំណឹងល្អ​អោយ​កាន់តែទូលំទូលាយ។

          សូមជម្រាបថា ព្រះសហគមន៍សន្តយូសែបផ្សារតូច មានអាស្ស័យដ្ឋានផ្ទះលេខ ១៧៨៨B ផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែរ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ព្រះសហគមន៍មានសកម្មភាពមកដល់ថ្ងៃនេះ ដោយមានវត្តមានលោកបូជាចារ្យចំនួន៥អង្គរគឺ លោកបូជាចារ្យ អេមីល ដេតម្ប ក្រោយមកជាអភិបាល លោកបូជាចារ្យ វីរៈជ័យ លោកបូជាចារ្យ បប់ ពិសេ លោកបូជាចារ្យ ប្រូណូ កូស៍ និងលោកបូជាចារ្យ រឿង ឆ័ត្រសិរី​នាពេលបច្ចុប្បន្ននេះ។ 

          សរសេរ​ដោយ​ ឆាក លាំង

០៣ តុលា ២០១៧

រាជធានីភ្នំពេញ៖ ក្រុម​បព្វជិតា​បងស្រីព្រះមាលា បាន​បង្កើត​ឡើង​ក្នុងឆ្នាំ​១៨៣២ នៅ​ក្នុង​ប្រទេស​បារាំង​ត្រូវ​បាន​រំលាយ ក្នុង​ឆ្នាំ​២០១៧​នេះ។ បងស្រី​អាន ម៉ារីហ្គាលីស ជាអ្នកទទួល​ខុស​ត្រូ​វក្រុម​គ្រួសារ​បងស្រី​ព្រះមាលា ​នៅ​ប្រទេស​កម្ពុជា​មាន​ប្រសាសន៍​ថា “ដោយ​សារ​តែ​ក្រុម​យើង​មានតែ​មនុស្ស​ចាស់ៗ នៅ​បារាំង​អត់មាន​យុវនារី​ចង់​បួស​ក្នុងក្រុម​យើង ដូច្នេះ​ក្រសួង​បព្វ​ជិត-ជិតា​នៅ​ទីក្រុង​រ៉ូម​ស្នើ​សុំ​ឲ្យ​យើង​បញ្ចប់​សកម្មភាព”។ បងស្រី បានឲ្យ​ដឹង​ថា  ​សព្វ​ថ្ងៃ​នេះ នៅប្រទេស​បារាំង​មាន​សុទ្ធតែ​ដូន​ជី​ចាស់ៗ “ហើយ​អ្នក​ដែល​ក្មេង​ជាង​គេ​គឺ​ខ្ញុំ​និង​បងស្រី​ម្នាក់ទៀត។ ខ្ញុំ​មាន​​អាយុ​៦៩​ឆ្នាំ​ហើយ ក្រៅពីនោះ​គេ​ចាស់​ជាង​ខ្ញុំ​ច្រើន​ណាស់”។

          ក្រុម​គ្រួសារ​បងស្រី​ព្រះមាលា​ ​ ​បាន​បំពេញ​បេសកកម្ម​នៅ​ក្នុងទ្វីប​អាស៊ី និង​អាហ្រ្វិក។ ក្រុម​គ្រួសារ​នេះ មាន​វត្ត​មាន​នៅ​ប្រទស​កម្ពុជា ក្នុង​ឆ្នាំ​១៩៩៣ និងធ្លាប់​​មាន​បេសកកម្ម​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​នៅព្រំដែន ខ្មែរ ​ថៃ​ជា​ច្រើន​ឆ្នាំ គឺ​បងស្រី ហ្ស៊ីលបែត ម៉ាសុង​ជា​បេសកជន​​ដែល​មក​បំពេញ​កិច្ច​ការ​ងារ​មនុស្ស​ធម៌។​ 

 

          បងស្រី​អាន ម៉ារី បានរៀបបន្ត​ថា បេសកកម្ម​របស់​ក្រុម​គ្រួសារ​បងស្រី​ព្រះមាលា​នៅ​តាម​បណ្តាប្រទេស​នីមួយៗ ​គឺ​ធ្វើ​តាម​ជំនាញ​និង​សមត្ថភាព​របស់ខ្លួន​ដើម្បី​បម្រើ​ព្រះជាម្ចាស់ និង​ព្រះសហគមន៍​ក្នុងតំបន់។ កិច្ច​ការ​ទាំងនោះរួម​មាន អប់រំជំនឿ ធ្វើ​កិច្ច​ការងារ​ក្នុងព្រះសហគមន៍ ធ្វើកិច្ច​ការ​មនុស្ស​ធម៌​នៅ​ខាង​ក្រៅ ជួយ​ដល់​គ្រួសារ​ក្រីក្រ និង​កុមារ​ឲ្យ​ទទួល​បាន​ការសិក្សា​រៀន​សូត្រជាដើម។

          នៅ​ក្នុងប្រទេស​កម្ពុជា​​ក្រុម​បងស្រី​ព្រះមាលា​ មាន​សមាជិក​ចំនួន​៣​នាក់ គឺ​បងស្រី​អាន​ម៉ារី ហ្គាលីស, បងស្រី​ហ្ស៊ីលបែត ម៉ាសុង ដែលជាជនជាតិ​បារាំង និង​បងស្រី​ឃឹម សុខា ជាជន​ជាតិ​ខ្មែរដែលក្មេងខ្ចី។ បងស្រីអាន​ម៉ារី​មាន​ប្រសាសន៍ទៀត​ថា ពេល​លឺ​ដំណឹង​​រំលាយក្រុមនេះ គាត់មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង។ បងស្រី​អានម៉ារី​ ពោល​ទាំង​ក្រៀម​ក្រំ​ថា “ឈឹចាប់​មែន​ទែន ជាពិសេស​ចេញពី​សុខា ដូច​បោះ​ចោល​កូន​ សម្រាប់ខ្ញុំពិបាកៗ។ ប៉ុន្តែ​អ្វី​ដែល​យើង​កំពុង​អធិដ្ឋាន​រាល់ព្រឹក[ក្នុងអភិបូជា]​គឺ​អំពី​រឿង​​លោកអប្រាហំា។ ព្រះជាម្ចាស់​ត្រាស់ហៅ​គាត់​អាយុ​១០០​ឆ្នាំ គាត់​ឆ្លើយ​បាទ។ ឥឡូវនេះ​[ខ្ញុំ]ត្រូវ​និយាយ​ថា​"ចាស"។ អ្វី​ដែល​ខ្ញុំ​ដឹង​គឺ​ព្រះជាម្ចាស់​ស្រឡាញ់​ខ្ញុំ ព្រះជាម្ចាស់​ស្រឡាញ់​បងស្រី​សុខា”។

          បងស្រី​អានម៉ារី ហ្គាលីស​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ហើយ​កាល​ពី​ថ្ងៃទី​៣ តុលានេះ។​ រីឯ​បងស្រី​ហ្ស៊ីល​បែត​ ម៉ាសុង បច្ចុប្បន្ន​កំពុង​សម្រាកព្យាបាលជំងឺ​មហារីកនៅ​ក្នុងប្រទេសបារាំង។ បងស្រី​ឃឹម សុខា នឹង​ចាក​ចេញ​​ពី​ផ្ទះ​បងស្រី​ព្រះមាលា បន្តការ​ត្រាស់ហៅ​ក្នុងក្រុម​គ្រួសារ​បព្វជិតា​មក​ពី​កូរ៉េ​នៅ​ខេត្ត​ពោធិសាត់ ចាប់​ថ្ងៃទី​៤ តុលានេះ។

​          ពេល​ទៅ​ដល់​ប្រទេស​បារាំង​ បងស្រីអាន ម៉ារី​នឹង​ទទួល​បេសកកម្ម​ថ្មី​គឺ​មើល​ការ​ខុស​ត្រូវ​ក្រុម​គ្រួសាររបស់​បងស្រី​ព្រះមាលា​ដែល​មាន​ដូន​ជី​ចាស់ជរា និង​ខ្លះ​ៗ​កំពុង​មាន​ជំងឺ​។ បងស្រី ឲ្យ​ដឹងថា “ពេល[មុន]​ខ្ញុំ​​ទៅ​ផ្ទះ​បងស្រី​ចាស់​ ខ្ញុំ​រំភើប ព្រោះ​មាន​ខ្លះ​គេ​និយាយ​ អូយ!ឈឺនេះ ឈឺនោះ។ តែ​រាល់ថ្ងៃ​ខ្ញុំ​ថ្វាយ[ទៅព្រះជាម្ចាស់]​បងស្រីនៅ​ប្រទេសកម្ពុជានិង​ប្រទេស​អាហ្វ្រិក”។ បងស្រីប្រធាន​សង្កត់​ធ្ងន់ថា “មិន​មែន​និយាយ​ អូ!ឈឺ [តែ]ជីវិត​មានន័យ។ គេ​​អធិដ្ឋានៗ នេះ​ជា​អ្វីដែល​សំខាន់”។

          ក្នុងប្រទេស​កម្ពុជា​​ក្រុម​គ្រួសារ​បងស្រី​បាន​បង្កើត​អង្គការ​ពន្លក​ថ្មី គឺ​ជួយឧបត្ថម្ភ​​ដល់​គ្រួសារក្រីក្រ​ដើម្បី​ឲ្យ​កុមារ​ទទួល​បាន​ការ​សិក្សានៅ​តាម​សាលា​រដ្ឋ ជួយ​ដល់កិច្ចការងារ​របស់​ព្រះសហគមន៍​​ក្នុង​ភូមិភាគ​ភ្នំពេញ ជួយ​អប់រំជំនឿ និង​ធ្វើ​ការសហការ​ចង​ក្រង​សៀវភៅ​អប់រំ​ជំនឿ​សម្រាប់​អ្នក​ឈ្វេង​យល់ជំនឿ បង្កើត​កន្លែង​ស្នាក់នៅ​សម្រាប់​យុវនារី​ដើម្បីទទួល​បាន​ការ​សិក្សា​នៅ​វិទ្យាល័យ និង​សកលវិទ្យាល័យ។ ជាង២០ឆ្នាំនៅកម្ពុជា គ្រីស្តបរិស័ទ​ភាពច្រើន​បានស្គាល់ គឺបងស្រី ហ្ស៊ីប៊ែត ដែលបំពេញការងាររួមជាមួយលោកតា ប៉ុងសូរដ៍ នៅក្នុង​មណ្ឌល​អប់រំជំនឿកាតូលិកកម្ពុជា។

          ចំពោះ​អង្គការ​ពន្លក​ថ្មី​ បងស្រី​ឲ្យ​ដឹងថា អង្គការ​នេះ​នៅតែ​បន្ត​សកម្មភាព​របស់​ខ្លួន ព្រោះ​មាន​អ្នក​ទទួល​ខុស​ត្រូវ​ និង​បុគ្គលិក។ បងស្រី បន្ថែម​ថា មាន​មនុស្ស​ម្នាក់​គាត់​ជួយ​រក​ប្រាក់​ឧត្ថម្ភ​សម្រាប់អង្គការនេះ​ហើយ។ ចំណែក​បងស្រី​នឹង​បន្ត​ជួយ​តាម​សមត្ថភាព​របស់​គាត់​ ប្រសិន​បើ​អាច​ទៅរួច។ រីឯ​កន្លែង​ស្នាក់នៅ​សម្រាប់​យុវនារី នឹង​ត្រូវ​ផ្អាក​សកម្មភាព​ក្នុង​ឆ្នាំ​ក្រោយ។ រីឯកិច្ច​ការងារ​ផ្សេងៗ​​ទៀត​នឹង​ត្រូវ​បញ្ឈប់​ក្នុង​ឆ្នាំ​នេះ។

          បងស្រី ឃឹម​ សុខា ដែល​ទើប​នឹង​ថ្វាយពាក្យ​សច្ចា​បាន​ប្រមាណ​ជាង​២​ឆ្នាំ​ក្នុង​ក្រុម​គ្រួសារនេះ ត្រូវ​សម្រេច​ចិត្ត​ស្វែង​រក​ការ​ត្រាស់ហៅ​បន្ត​សម្រាប់ជីវិត​ជាអ្នកបួស​របស់គាត់។ បងស្រីមាន​ប្រសាសន៍​ថា “មាន​អារម្មណ៍​ថា ក្រុមនោះ​គឺជា​ផ្ទះ​របស់​ខ្ញុំ ខ្ញុំ​អត់ទាន់ដឹង​ច្បាស់ជា​ហេតុ​អ្វីខ្ញុំ​ទៅនៅដើម្បី​ខ្ញុំ​ឈ្វេង​យល់​ថា តើ​ព្រះជាម្ចាស់​ត្រាស់ហៅ​ខ្ញុំនៅទីនោះ​ឬអត់?”

បងស្រី​បន្ត​ថា "ខ្ញុំ​ត្រូវ​តែ​មាន​អំណរ​សប្បាយ និង​មាន​សេចក្តីសង្ឃឹម និង​ត្រូវ​តែ​ជឿ​ទុក​ចិត្ត​លើ​ព្រះជាម្ចាស់​ ទោះបី​ព្រះជាម្ចាស់​បាន​បិទ​ក្រុមនេះ​ក៏​ដោយ តែ​ព្រះអង្គ​មិន​បិទ​ការត្រាស់ហៅ​របស់ខ្ញុំ​ ដែល​ព្រះជាម្ចាស់​យកខ្ញុំទៅ​កន្លែង​ណាក៏ដោយគឺ​ខ្ញុំ​ឆ្លើយ​ចាស​និង​ធ្វើ​តាម​។ សូម​បងប្អូន​គ្រីស្តបរិស័ទទាំងអស់​អធិដ្ឋាន​សម្រាប់​ខ្ញុំ​”។

០១ តុលា ២០១៧
នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ ព្រះសហគមន៍កាតូលិកបាត់ដំបងបានរៀបចំអភិបូជាផ្ទេរមុខងារ លោកបូជាចារ្យទទួលខុសត្រូវព្រះសហគមន៍កាតូលិក បាត់ដំបងក្រុង និង ព្រះសហគមន៍កាតូលិក តំបន់ទន្លេ នៃព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង។ ពិធីនេះបានប្រព្រឹត្តក្រោមអធិបតីភាពរបស់លោក គីកេ ហ្វីការេដូ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង ។ 
 
បូជាចារ្យដែលត្រូវផ្លាស់ប្តូរនៅពេលនេះគឺលោក  ស្ទេរប៉ានុស ដែលជាបូជាចារ្យទទួលខុសត្រូវនៅព្រះសហគមន៍បាត់ដំបង ត្រូវទៅបំពេញភារកិច្ច ជាបូជាចារ្យ ទទួលខុសត្រូវនៅ ព្រះសហគមន៍នៅតំបន់ទន្លេនៃភូមិភាគបាត់ដំបង មានដូចជា ព្រះសហគមន៍កាតូលិកក្រុងកំពង់ឆ្នាំង ក្រុងពោធិ៍សាត់ នៅកំពង់ហ្លួង និងនៅឆ្នុកទ្រូ។ 
 
ចំណែកព្រះសហគមន៍កាតូលិក នៅបាត់ដំបងក្រុង គឺលោក បូជាចារ្យ ម៉ានុច ឯការ បន្ថែមលើមុខងារដែលោកបំពេញ ជាបូជាចារ្យទទួលខុសត្រូវ  ដែលសព្វថ្ងៃលោកម៉ានុច កំពុងទទួល ខុសត្រូវ នៅព្រះសហគន៍កាតូលិក សន្តអន់ឌ្រូ នៅនិគមន៍។
  1 2 3 4 5 6 7 8 9 10  ...   
 

© Copyright 2014 Catholic Cambodia - All rights reserved.