ស្វែងរក
The replica watches uk country for this brand for everyone, I believe replica watches most people are more understanding of its home pilots watch, who let people rely on the rolex replicaflight table from the home? Whether it is the original Mark series, or the replica rolex Navy Air Force forces MIRAMAR or Antoine De Saint Exupéry special models have a lot of fans.
យុវជន​ជួយ​សាងសង់បង្គន់អនាម័យ ដើម្បី​បរិស្ថានស្អាត និងសុខភាពល្អ​

. - ២៨ មីនា ២០១៧
 

យុវជននៃ​ព្រះសហគមន៍អំពៅព្រៃ រួមសហការជាមួយ​ថ្នាក់ដឹកនាំ​នៃមណ្ឌលសកម្មភាព​តាខ្មៅ​ បាន​សាងសង់បង្គន់ ចំនួន​៤៥​ សម្រាប់​​គ្រួសារ​ជនក្រីក្រ​នៅ​ភូមិបឹង៩៤ ឃុំកណ្ដោក ស្រុក​​​ កណ្ដាលស្ទឹង ខេត្ត កណ្ដាល ដែលចាប់ផ្ដើមពីពាក់កណ្ដាលខែ កុម្ភះ ឆ្នាំ២០១៧ រហូតមកដល់ថ្ងៃទី ២៨​​ ខែ មិនា ឆ្នាំ ២០១៧ នឹងគ្រោង​បញ្ចប់នៅមុនបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បី​ថែរក្សា​បរិស្ថាន និង​សុខភាព​អ្នកភូមិ​។​

លោក​ពន្លក ពន្លឺ អាយុ ៤៧ឆ្នាំ ជាអ្នក​ភូមិ​​បាននិយាយ​ថា ប្រជាជនក្នុងភូមិបឹង៩៤ ប្រមាណ​ជា​៩៩ភាគរយ​ ដែលគ្មានបង្គន់ប្រើប្រាស់ ភាគច្រើនគ្មានលទ្ធភាព និងមួយចំនួនទៀតពុំបានដឹងច្បាស់ពីផលប៉ះពាល់។​ ហើយលោកបន្ដថា ការធ្វើបង្គន់គឺ មួយគ្រួសារត្រួវបង់វិភាគទាន ៤០០០០រៀល ដែលមានការយល់ព្រមពីគ្រួសារទាំង​​​ ៤៥គ្រួសារ ហើយផ្នែកនៅសល់ខាងម្ចាស់ជំនួយជាអ្នកផ្គត់ផ្គង់ ហើយក្នុងនោះក៏មានការជួយយ៉ាងសរស្រាកសរស្រាំ ពីយុវជនសាមគ្គី របស់ព្រះសហគមន៍អំពៅព្រៃ ទោះបីអាកាសធាតុក្ដៅ យ៉ាងណាក៏ដោយក៏ពួកគេ​ ព្យាយាមអស់ពីកម្លាំងកាយ កម្លាំងចិត្ត ហើយពួកគេមានអារម្មណ៍សប្បាយរីករាយ និង​ធ្វើ​ដោយក្ដីស្រលាញ់។ លោកសូមថ្លែងអំណរអរគុណយ៉ាងខ្លាំង ដល់អស់ម្ចាស់ជំនួយ លោកឪពុក ហ្គេហ្សី ម៉ារីយូ និង អ្នកគ្រួ ម៉ែន ថារី ដែលជួយសហការយ៉ាងសកម្ម ដែលធ្វើអោយបង្គន់ ចាប់ផ្ដើមមាននៅក្នុងភូមិ ដ៏ក្រីក្រមួយនេះ ដែលជាផ្នែកមួយយ៉ាងធំ ក្នុងការការពារបរិស្ថានក្នុងប្រទេស និងពិភពលោកទាំងមូល។ លោកថា ក្នុងនាមយើងជាអ្នកភូមិបឹង៩៤ ក៏សូមសន្យាថា និងជួយថែរក្សា បង្គន់អោយបានល្អ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។

យុវនារី ផូ ស្រីល័ក្ខ ជាសមាជិកក្រុមសាមគ្គី របស់ព្រះសហគមន៍អំពៅព្រៃមានអារម្មណ៍សប្បាយយ៉ាងខ្លាំង ដែលបានចុះជួយអ្នកភូមិបឹង៩៤ ដោយ​សារអ្នកភូមិ មានទំនាក់ទំនងយ៉ាងល្អ ជាមួយក្រុមពួកគាត់ ប៉ុន្ដែអ្វីដែលខ្វះខាតនោះ គឺអនាម័យនៅក្នុងភូមិនោះផ្ទាល់តែម្ដង។ ស្រីល័ក្ខ​បន្តថា​ ខ្ញុំក៏​មានគំនិតចង់ជួយ អស់ពីលទ្ធភាពរបស់ផងដែរ ចង់​បង្កើតក្រុមកាយរិទ្ធ នៅក្នុងភូមិមួយនេះទៀតផង​ ដោយសារមានក្មេងៗច្រើន ដែលត្រូវការអប់រំបន្ថែមផ្នែក អនាម័យ និងចំណេះដឹងផ្សេងៗ។

យុវនារី ទួន រ័ត្នមុនី ជាអ្នកភូមិ​ បឹង៩៤ សព្វថ្ងៃរស់នៅក្នុងមណ្ឌល ហើយក៏ជាសមាជិកក្រុម​ សាមគ្គី របស់ព្រះសហគមន៍អំពៅព្រៃ  បានអោយដឹងថា ការរស់នៅភូមិបឹង៩៤ មានការពិបាកខ្លាំង ទាំងប្រាំង ទាំងវស្សា ហើយ​ក្នុងវដូវស្សា តែងមានទឹកជំនន់ ដែលធ្វើអោយលិចទំនប់ សិស្សមានការពិបាកក្នុង​ការទៅរៀន​ ដោយសារសាលានៅឆ្ងាយ ហើយក្នុងភូមិគ្មានមណ្ឌលសុភាព សាលារៀន។ កញ្ញាបន្តថា​ ប្រជាជននៅទីនោះតែងប្រើទូកជាមធ្យោបាយធ្វើដំណើរនៅពេលខែវស្សា រីឯ​រដូវប្រាំង ពុំសូវមាន​ទឹកប្រើប្រាស់។ ប្រជាជនភាគច្រើនជាគ្រួសារក្រីក្រ ដែលជាហេតុធ្វើពួកគាត់ពុំសូវយល់ច្បាស់ពីការពារបរិស្ថាន និង​ការប៉ះពាល់នៃបរិស្ថាន​ គឺការបន្ទោបង់ពាសវាលពាសកាល នៅតាមព្រៃ និងក្នុងទឹកបឹងផ្ទាល់ ដែលជាហេតុធ្វើអោយប្រជាជននៅទីនោះឈឺច្រើន។ យុវតីថា មានចិត្ត​សប្បាយរីករាយយ៉ាងក្រៃលែងដោយសារ លោកឪពុក ហ្គេហ្សី ម៉ារីយូ និងអ្នកគ្រូ ម៉ែន ថារី បានជួយស្វះស្វែងរកជំនួយ ដូចជាសព្វថ្ងៃបានជួយជាអណ្ដូងទឹកចំនួន ៤ ដែលធ្វើអោយមានទឹកគ្រប់ប្រាំង គ្រប់វស្សា ជាពិសេសការធ្វើបង្គន់៤៥បង្គន់ ដែលធ្វើអោយភូមិ មានបរិស្ថានល្អ និងមានអនាម័យ។

​យុវជន​សាមគ្គី​នៃ​ព្រះ​សហគមន៍​អំពៅ​ព្រៃ តែង​តែ​មាន​សកម្មភាព​សួរសុខទុក្ខ​​គ្រួសារដែលខ្វះខាតនៅតាមភូនិនានា​ជារៀង​រាល់​ខែ។  ​ក្រៅពី​អ្នក​ភូមិ​ខាងលើ​ យុវជន​បាន​សង្កេត​ឃើញ​ថា​ មាន​គ្រួសារជា​ច្រើន​ទៀត​ដែល​​ត្រូវការ​ បង្គន់ អណ្ដូងទឹក ភ្លើង សាលារៀន មណ្ឌលសុខភាព និងការចុះបង្រៀនបន្ថែម ពីអនាម័យ និងការការពារបរិស្ថាន។

ដោយ​ អ៊ុក​ សំនៀង​

ព័ត៌មានច្រើនទៀត
២៤ ធ្នូ ២០១៧

ព្រះសហគមន៍ទទួលព្រះវិហារចំណាស់នៅលើកំពូលភ្នំបូកគោពីរាជរដ្ឋាភិបាល ស្របពេលដែលព្រះសហគមន៍កាតូលិកកម្ពុជា ប្រារព្ធពិធីបុណ្យព្រះយេស៊ូប្រសូត ប្រកបដោយអំណរសប្បាយ។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានប្រកល់ព្រះវិហារដ៏ចំណាស់មួយ នៅលើកំពូលភ្នំបូកគោ ឲ្យព្រះសហគមន៍កាតូលិកនៅកម្ពុជាមកគ្រប់គ្រង និងកាន់កាប់។

ពិធីប្រគល់ និងទទួលនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែធ្នូកន្លងទៅ នៅមុខព្រះវិហារចំណាស់នេះ ក្នុងមណីដ្ឋានឧទ្យានជាតិព្រះមន្នីវង្ស (បូកគោ) ក្រោមអធិបតី លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលចុះហត្ថលេខាប្រគល់ និងទទួលរវាងលោក ជា សំអាង អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលការពារ និងអភិរក្សធម្មជាតិនៃក្រសួងបរិស្ថាន និងលោកអភិបាលអូលីវីយេ ជ្មីតហស៊្លែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ។

លោកសាយ សំអាល់ បានមានប្រសាសន៍ថា រដ្ឋាភិបាលបានសម្រេចប្រគល់ព្រះវិហារ ឱ្យទៅព្រះសហគមន៍កាតូលិកវិញ ដើម្បីរៀបចំធ្វើការជួសជុល ឲ្យមានសម្រស់ឡើងវិញ សម្រាប់ការប្រតិបត្តិតាមជំនឿនៃព្រះសហគមន៍កាតូលិក។ លោករដ្ឋមន្ត្រីក៏បានណែនាំផងដែរដល់ព្រះសហគមន៍កាតូលិក និងអ្នកពាក់ព័ន្ធទាំងអស់ឲ្យយកចិត្តទុកដាក់ការពារ ថែរក្សា អភិរក្ស និងប្រើប្រាសទីសក្ករដ្ឋានបេតិកភណ្ឌធម្មជាតិទាំងអស់ និងអភិរក្សជិវៈចម្រុះសម្រាប់ជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយ។

លោកអភិបាលអូលីវីយេ មានប្រសាសន៍ឲ្យដឹងថា ព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជា ពិតជាមានអំណរសប្បាយ មានមោទនភាព និងជាកិត្តិយសណាស់ ដែលលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រគល់ព្រះវិហារចាស់នៅលើភ្នំបូកគោនេះដល់ព្រះសហគមន៍។ លោកអភិបាលព្រះសហគមន៍ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាតាមរយៈលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន។ លោកអភិបាលបញ្ជាក់ថា ការពិតកន្លែងនេះបានសាងសង់កាលពីទស្សវត្ស ឆ្នាំ១៩២០ បានប្រើប្រាស់ និងធ្វើសកម្មភាពរហូតដល់ឆ្នាំ១៩៧៥ ។ ក្នុងមួយទស្សវត្សចុងក្រោយនេះ តែងសុំអនុញ្ញាតប្រើព្រះវិហារនេះ មួយឆ្នាំ២ដង ក្នុងឱកាសបុណ្យធំៗ ដូចជាបុណ្យចម្លង និងបុណ្យភ្ជុំជាដើម។ ព្រះសហគមន៍ក៏បានប្រើព្រះវិហារនេះ សម្រាប់ការសំណាក់ធម៌ សម្រាប់អធិដ្ឋាន និងថ្វាយអភិបូជា ។

លោកអភិបាលបន្តថា ក្នុងថ្ងៃបុណ្យព្រះយេស៊ូប្រសូត ព្រះសហគមន៍បានទទួល អំណោយ ពិសេសមួយពីរដ្ឋាភិបាល ដែលបានប្រគល់ព្រះវិហារនេះមកព្រះសហគមន៍កាតូលិកប្រើប្រាស់ ទុកជាកន្លែងសម្រាប់ថ្វាយបង្គំ និងជាកន្លែងអាចណែនាំគ្រីស្តបរិស័ទឲ្យស្រឡាញ់ ការពារបរិស្ថាន។ ដោយទីនេះមានព្រៃឈើ មានផ្កា និងមានទេសភាពល្អៗ។ ជាកន្លែងមួយពិសេសដើម្បីឲ្យព្រះសហគមន៍អាចអនុវត្តន៍ទស្សនៈព្រះសហគមន៍យ៉ាងពិតប្រកដ ដោយដឹងថាព្រះជាម្ចាស់បានបង្កើតអ្វីៗទាំងអស់ និងពិភពលោក ហើយប្រគល់ឲ្យមនុស្សលោកការពារ ថែរក្សា និងអភិវឌ្ឍ។

លោកបន្តថា ៖នៅទីនេះជម្រុញឲ្យយើងត្រូវតែថែរក្សា និងស្រឡាញ់ធម្មជាតិតែម្តង។ លោកអភិបាលក៏បន្តទៀតថា៖ កាលពីសម័យប៉ុលពត គ្មានការផ្តល់សិទ្ធិសេរីភាពក្នុងការគោរពប្រតិបត្តិសាសនានោះឡើយ។

ទោះបីជារដ្ឋធម្មនុញ្ញនៃរាជាណាចក្រទីពីរ បានកំណត់ថាពុទ្ធសាសនាជាសាសនារបស់រដ្ឋក៏ដោយ ក៏រាជរដ្ឋាភិបាលផ្តល់សិទ្ធដល់សាសនាផ្សេងៗទៀតដែរ។ បច្ចុប្បន្ននេះ សាសនានីមួយៗមានសេរីភាពពេញលេញពិតមែន ទាំងព្រះពុទ្ធសាសនា ទាំងគ្រីស្តសាសនា និងទាំងឥស្លាមសាសនា។

លោកអភិបាលក៏បានលើកឡើងនូវកិច្ចខិតខំរបស់ព្រះសហគមន៍កាតូលិកក្នុងកិច្ចសន្ទនាជាមួយសាសនាធំៗពីរទៀត ខិតខំរួបរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រសួងធម្មការនិងសាសនានានាដើម្បីថែរក្សាសុខដុមនីយកម្មសាសន៍នៅកម្ពុជា។ ជាពិសេស រួមសហកាគ្នា កសាងប្រទេសកម្ពុជាឲ្យរីកចម្រើនថែមទៀត។

ចំពោះកិច្ចការពារ និងអភិរក្សបេតិវប្បធម៌ បុរាណឲ្យបានប្រសើរលោកអភិបាល លើកឡើងថា ការជួសជុល ព្រះសហគមន៍នឹងតែរក្សាបរិយាកាសអាគារដូចដើម ព្រោះព្រះវិហារស្ថិតក្នុងមរតកប្រទេសជាតិ។ ជាចុងក្រោយក្នុងឱកាសរីករាយថ្ងៃបុណ្យព្រះយេស៊ូប្រសូតនាឆ្នាំនេះ លោកអភិបាលសូមជូនពរដល់បងប្អូនទាំងអស់ សូមឲ្យមានសេចក្តីសុខ កម្លាំងកាយកម្លាំងចិត្ត រីកចម្រើននៅក្នុងជីវិត ដើម្បីកសាងជីវិតផ្ទាល់ខ្លួនផង និងចូលរួមជួយកសាងប្រទេសជាតិផង។

ព្រះវិហារកាតូលិកនៅលើភ្នំបូកគោនេះ ត្រូវបានកសាងឡើងនៅទស្សវត្សឆ្នាំ ១៩២០ ក្នុងសម័យអាណានិគមបារាំង បើគិតរហូតមកដល់ពេលបច្ចុប្បន្ននេះ មានអាយុកាលប្រមាណជិត១០០ឆ្នាំហើយ។ ព្រះសហកមន៍កាតូលិកនៅកម្ពុជា ត្រូវបំបានបំផ្លាញខ្ទិចទាំងស្រុងក្នុងរបបអាវខ្មៅ កម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ទាំងអាគារសិក្សានានា ព្រះវិហារនៅទូទាំងប្រទេស ទាំងលោក អភិបាល លោកបូជាចារ្យ បព្វជិត បព្វជិតា គ្រីស្តបរិសជាច្រើនត្រូវ បានសម្លាប់ចោល។ ទ្រព្យ សម្បត្តិ ជាកម្មសិទ្ធជាច្រើនបានបាត់បង់គ្មានសល់។

នេះជាលើកទីមួយហើយ ដែលព្រះសហគមន៍កាតូលិកនៅកម្ពុជា បានទទួលមរតកចាស់ សល់ពីសម័យដើម ដែលខ្មែរក្រហមមិនបានបំផ្លាញចោល ពីរាជរដ្ឋភិបាលកម្ពុជា។ ដោយឡុង សម្ផស្ស

២៤ ធ្នូ ២០១៧

 គ្រីស្តបរិស័ទនៅកម្ពុជាអរគុណដល់រាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដែលបាន ប្រគល់ព្រះវិហារ ដ៏ចំណាស់នៅឧទ្យាជាតិ ព្រះមន្នីវង្ស មកឲ្យព្រះសហគមន៍កាតូលិកនៅកម្ពុជាកាន់កាប់ និងគ្របគ្រង ប្រើប្រាស់ប្រតិបត្តិជំនឿតាមព្រះសហគមន៍កាតូលិក។

 លោកបូជាចារ្យ ស្តេផាន សែ សាត បានមានប្រសាសន៍ថា លោកពិតជាមានក្តីរំភើប និងអំណរសប្បាយខ្លាំងណាស់ ពេលទទួលដំណឹងនេះ។ អរគុណរាជរដ្ឋាភិបាល ដែលបានប្រគល់វិហារនេះដល់ព្រះសហគមន៍។ 

 អ្នកស្រី យូ ប្រាកដ ក៏បានសម្តែងក្តីរំភើប រកពាក្យថ្លែងមិនបាន ដោយគ្រាន់នឹងកដល់ព្រះបន្ទូលនានារបស់ព្រះជាម្ចាស់ និងកោតសរសេរតម្កើងព្រះជាម្ចាស់ ចំពោះអំណោយពិសេសរបស់រាជរដ្ឋាភិបាល ដល់ព្រះសហគមន៍កាតូលិក។ កិច្ចការ លោកអភិបាលមុនៗបានខិតខំ និងលោកអភិបាលអូលីវិយេបានបន្ត ពេលនេះបានផលសម្រេចហើយ។ “ខ្ញុំអស់ចិត្តហើយ! មានអំណរខ្លាំងណាស់។ ទោះបីស្លាប់ក៏បិទភ្នែកជិតដែរ”។

 លោក ស្រីដាំ ប្រាជ្ញា ជាគ្រីស្តបរិស័ទជំនាន់ដើមនៃព្រះសហគមន៍កាតូលិកបាត់ដំបង ដែលធ្លាប់បានស្គាល់ និងចេញចូលអធិដ្ឋាននៅព្រះវិហារនេះ តាំងពីសង្គម បានពោឲ្យថា ពេលដែលលោកស្រីទទួលដំណឹងភ្លាមរំភើបចិត្តខ្លាំងណាស់ ស្ទើរធ្លាក់ទូរស័ព្ទពីដៃ។ លោកស្រីក៏បានចែកអំណរសប្បាយទាំងនេះជាមួយកូនចៅផងដែរ។ ពួកគេសប្បាយរួមជាមួយលោកស្រីចំពោះដំណឹងដ៏ល្អនេះ។ 

 លោកស្រីបានបន្តថា៖ “ខ្ញុំធ្លាក់មកអធិដ្ឋាន ក្នុងព្រះវិហារនេះកាលពីប៉ន្មានឆ្នាំមុន។ ខ្ញុំស្រកទឹកភ្នែក ពេលអធិដ្ឋាន ក្នុងព្រះវិហារដែលគេបោះបង់ចោលបែបនេះ។ ពិតជាសង្វេកណាស់ ទីធ្លាប់អ៊ូរ និងពោរពេញដោយអំណរសប្បាយ ក្លាយទីស្ងាត់ជ្រងំ”។ លោកស្រីថា តែចាប់ពីពេលនេះតទៅ មានជីវិតថ្មីហើយ និងលែងស្ងាត់ទៀតហើយ។ 

 ក្នុងក្តីរំភើប និងអំណរសប្បាយ លោកស្រីក៏បានអរគុណដល់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ ចំពោះគ្រីស្តបរិស័ទ កាតូលិក។ ជាពិសេស សម្តេចបាននាំសន្តិភាព មកឲ្យកម្ពុជា នាំសេចក្តីសុខ សេរីភាព ដល់គ្របសាសនាទាំងអស់។ លោកស្រីបន្តថា គ្រប់ពេលលោកស្រីគាំទ្រ តែគណបក្សប្រជាជន និងបានផ្តាំតកូនចៅ។ សូមអរព្រះជាម្ចាស់ដែលប្រទានមេដឹកនាំល្អដល់កម្ពុជា។

 ចំណែក លោក បូ រ៉ាវុធប្រធានគណកម្មការព្រះសហគមន៍កាតូលិកបាត់ដំបង ក៏បានអរគុណដល់រាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ ដល់គ្រីស្តបរិស័ទកាតូលិក។ ព្រះវិហារនេះសំខាន់ណាស់សម្រាប់យើងខ្ញុំ។

 មិនខុសគ្នាជាមួយបងប្អូនគ្រីស្តបរិស័ទទាំងប៉ុន្មានខាងលើ លោកដួង សាវង់ នាយកមណ្ឌលអប់រំជំនឿកាតូលិកកម្ពុជា និងលោកគឹម រតនា នាយកប្រតិបត្តិអង្គការការីតាសកម្ពុជា មានតែពាក្យ អរគុណដល់រាជរដ្ឋាភិបាល ចំពោះសណ្តានចិត្ត ដ៏ប្រពៃថ្លៃថ្លា ចំពោះព្រះសហគមន៍កាតូលិក។ ការប្រគល់ព្រះវិហារនេះដល់ព្រះសហគមន៍ជាប្រវត្តិសាស្ត្រមួយរបស់ព្រះសហគមន៍នៅកម្ពុជា មិនអាចបំភ្លេចបាន។

 លោកយ៉ាំង លូកា ជាមបូជាចារ្យ ទទួលខុសត្រូវព្រះសហគមន៍កាតូលិកតំបន់កំពត-កែប បានមានប្រសាសន៍ថា ថ្ងៃនេះទទួលអំណោយពិសេស ពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គឺការប្រគល់ព្រះវិហារដ៏ចំណាស់ នៅលើកំពូលភ្នំបូកគោ ឲ្យព្រះសហគមន៍កាតូលិក គ្រប់គ្រង និងថែរក្សា។ ជាអំណរសប្បាយពិសេសដែលជួយលើកទឹកចិត្តគ្រីស្តបរិស័ទជំនានថ្មីនេះ ព្រោះ មរតកនេះ ជាសក្ខីភាពនៃជំនឿរបស់ជីដូនជីតាពីដើម ដែលបានស្រឡាញ់ព្រះជាម្ចាស់ និងបានសម្រេចចិត្តកសាងព្រះវិហារមួយយ៉ាងស្អាត នៅលើកំពូលភ្នំនេះ។ ពេលនេះយើងបានទទួលព្រះវិហារមកព្រះសហគមន៍វិញ យើងរំភើប និងអរព្រះគុណព្រះជាម្ចាស់។ ពិតប្រាកដព្រះជាម្ចាសប្រទានសេចក្តីសុខសាន្ត និងអំណរសប្បាយឲ្យយើង។

 លោក អូលីវិយេ ជ្មីតអីស៊្លែរ ជាអភិបាលព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ មានប្រសាសន៍ថា៖ ព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជា ពិតជាមានអំណរសប្បាយ មានមោទនភាព និងជាកិត្តិយសណាស់ ដែលលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រគល់ព្រះវិហារចាស់នៅលើភ្នំបូកគោនេះដល់ព្រះសហគមន៍។ លោកអភិបាលព្រះសហគមន៍ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេច តេជោ ហ៊ុន សែនជាប្រមុខ។ 

 លោកអភិបាលក៏បន្តទៀតថា៖ កាលពីសម័យប៉ុលពត គ្មានការផ្តល់សិទ្ធិសេរីភាពក្នុងការគោរពប្រតិបត្តិសាសនានោះឡើយ។ ទោះបីជារដ្ឋធម្មនុញ្ញនៃរាជាណាចក្រទីពីរ បានកំណត់ថាពុទ្ធសាសនាជាសាសនារបស់រដ្ឋក៏ដោយ ក៏រាជរដ្ឋាភិបាលផ្តល់សិទ្ធដល់សាសនាផ្សេងៗទៀតដែរ។ បច្ចុប្បន្ននេះ សាសនានីមួយៗមានសេរីភាពពេញលេញពិតមែន ទាំងព្រះពុទ្ធសាសនា ទាំងគ្រីស្តសាសនា និងទាំងឥស្លាមសាសនា។

 លោកអភិបាលក៏បានលើកឡើងនូវកិច្ចខិតខំរបស់ព្រះសហគមន៍កាតូលិកក្នុងកិច្ចសន្ទនាជាមួយសាសនាធំៗពីរទៀត ខិតខំរួបរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រសួងធម្មការនិងសាសនានានាដើម្បីថែរក្សាសុខដុមនីយកម្មសាសន៍នៅកម្ពុជា។ ជាពិសេស រួមសហកាគ្នា កសាងប្រទេសកម្ពុជាឲ្យរីកចម្រើនថែមទៀត។

 ពិធីប្រគល់ និងទទួលព្រះវិហារនេះ បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែធ្នូកន្លងទៅ នៅមុខព្រះវិហារចំណាស់នេះ ក្នុងមណីដ្ឋានឧទ្យានជាតិព្រះមន្នីវង្ស (បូកគោ)ក្រោមអធិបតី លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលចុះហត្ថលេខាប្រគល់ និងទទួលរវាងលោក ជា សំអាង អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលការពារ និងអភិរក្សធម្មជាតិនៃក្រសួងបរិស្ថាន និងលោកអភិបាលអូលីវីយេ ជ្មីតហស៊្លែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ។ ព្រះវិហារកាតូលិកនៅលើភ្នំបូកគោនេះ បានកសាងឡើងនៅទស្សវត្សឆ្នាំ ១៩២០ ក្នុងសម័យអាណានិគមបារាំង បើគិតរហូតមកដល់ពេលបច្ចុប្បន្ននេះ មានអាយុកាលប្រមាណជិត១០០ឆ្នាំហើយ។

 

២០ ធ្នូ ២០១៧

លោកអូលីវីយេ ជ្មីតហសេ្ល៊រ អភិបាល​ព្រះ​សហគមន៍ភូមភាគភ្នំពេញ ​មាន​ប្រសាសន៍​​ទៅកាន់ បុគ្គលិក​នៃការិ​យា​-​ល័យ​​នានានៃព្រះសហគមន៍​កាតូ​លិក ​ភូមិ​​ភាគ​ភ្នំពេញ ក្នុងពិធីប្រារព្ធ​បុណ្យ​ព្រះយេស៊ូប្រសូតសម្រាប់អ្នកបម្រើការតាមការិយា​ល័យនានា កាលពីថ្ងៃទី២០ ខែ​ធ្នូ​ឆ្នាំ២០១៧។

តាមកម្មវិធីដែលបានគ្រោងទុក គឺចាប់ផ្តើមអង្គប្រជុំដើម្បីស្តាប់យោបល់ និង​អនុសាសន៍នានាពីលោកអភិបាល ដែល​ការិយាល័យនីមួយៗត្រូវបំពេញ ព្រមទាំងព័ត៌មានអំពីព្រឹត្តិការណ៍ធំៗមួយចំនួនដែលនឹងកើតមានតាម គម្រោង​ការណ៍​របស់ ព្រះសហគមន៍ភូមិភាគភ្នំពេញក្នុង​ឆ្នាំ២០១៨ ដែល​ព្រះសហគមន៍​បាន​កំណត់​​ជា "ឆ្នាំនៃគ្រួសារ"។

នៅក្នុងពេលជួបជុំនោះ លោកអភិបាលក៏បានរំឭកដល់ប្រធាននៃការិយាល័យទាំង​អស់ឲ្យយកចិត្តទុកដាក់អនុវត្តន៍តាមផែន-​ការសកម្មភាពរបស់ខ្លួន និងត្រូវរៀបចំផែនការសកម្មភាពក្នុងឆ្នាំនីមួយៗ ព្រម​ទាំង​គម្រោងថវិការផងដែរ។ ជាង​នេះ​ត្រូវ​យក​ចិត្តទុកដាក់ធ្វើរបាយ​ការណ៍​សកម​្ម​ភាព និងហិរញ្ញវត្ថុ ប្រចាំខែ ប្រចាំឆ្នាំ ជូនទៅការិយាល័យភូមិភាគឲ្យបានជាប្រចាំ។

លោកអ​ភិបាល​ព្រះសហគមន៍​កាតូ​លិក អូលីវីយេ ក៏បាន​បង្ហាញ​នូវមោទ​នភ​ាព ចំពោះផលផ្លែជាច្រើនដែលការិយាល័យនានា ក្នុងភូម​ិភាគភ្នំពេញបានបំពេញ។ លោកថា "ការិយាល័យនីមួយៗធ្វើឲ្យមានជីវិតរស់រវើក ក្នុងព្រះសហគមន៍"។

ក្នុងពេលនោះដែរលោកអភិបាលក៏​បាន​រំឭកដល់ប្រសាសន៍របស់សម្តេចប៉ាដែលបានមានប្រសាសន៍ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបង់ក្លាដែស ចំនួនបី   ចំណុចដើម្បីអប់រំដល់អ្នកចូលរួមទាំងអស់គឺទីមួយ "ខ្ញុំជាពន្លក...ព្រះជា​ម្ចាស់​បាន​​សាបព្រោះ គ្រាប់ពូជហើយណែនាំឲ្យគ្រាប់ពូជនោះរីកចម្រើនឡើង.....ខ្ញុំត្រូវការស្រោចទឹកគ្រាប់ពូជនោះ! ដោយយកចិត្តទុកដាក់ថែរក្សាគ្រាប់ពូជនោះ ដោយថ្នាក់ថ្នម បម្រើ​គ្នាទៅវិញទៅមក! អធិដ្ឋាន! ការ​យល់​ចិត្ត"។ ទីពីរ គឺ "ថែរក្សាសុខដុមរមនា  ជៀសវាងការបែកបាក់។ សត្រូវនៃសុខដុមរមនាគឺការនិយាយដើមគ្នា"។ ទីបី គឺ "ថែរក្សាអំណរសប្បាយ"។

ជាពិសេសលោកអភិបាលលើកទឹក​ចិត្ត​សហការីទាំងអស់ថា "ចូរ​មានភាពរឹងមាំ នៅក្នុងសេចក្តីសង្ឃឹម"។

បន្ទាប់ពីបានស្តាប់ អនុសាសន៍នានា របស់លោកអភិបាលអូលីវីយេរួចមក លោក​វិជ្ជបណ្ឌិត ជួង សាវឿន អ្នក​សម្រប​សម្រួស គណកម្មការសុខភាព តំណាង​ការិយា​ល័យ​ទាំងអស់ បានថ្លែងអំណរគុណលោក អភិបាលអូលីវីយេដែលតែងយកចិត្តទុកដាក់ សម្របសម្រួល លើកទឹកចិត្ត ណែនាំ ដឹកនាំ ដល់គ្រប់ការិយាល័យទាំងអស់ឲ្យបានដើរទៅមុខ ស្របតាម​គម្រោង​ការ​ព្រះសហគមន៍ ក្នុងការបម្រើបងប្អូន និង​ប្រកាសដំណឹងល្អ។ លោកថាគ្រប់ការិយា-ល័យទាំងអស់ប្តេជ្ញាចិត្តខិតខំបំពេញការ-​ងារតាមអនុសាសន៍ របស់លោក​អភិ​បាល​ឲ្យបានសម្រេច។

ក្រោយពេលអង្គប្រជុំចប់ កម្មវិធីក៏បន្តដោយពិធីអរព្រះគុណព្រះជាម្ចាស់អបអរ-​សាទរ​បុណ្យព្រះយេស៊ូប្រសូត។

ក្នុងធម្មទេសនាលោកអភិបាលក៏មានប្រសាសន៍ថែមទៀតដល់បងប្អូនចូល​រួម​​ថា "ចូរកុំធ្វើជាឧបសគ្គនៃការសង្គ្រោះ តែ​ត្រូវធ្វើជាឧបករណ៍នៃការសង្គ្រោះ"។

ពិធីអរព្រះគុណបានបញ្ចប់ ដោយការដង្ហែរូបសំណាក់ព្រះកុមារយេស៊ូ ចូលក្នុងរូងភ្នំពេញដែលបានរៀបចំតុបតែងយ៉ាងស្អាត ដោយភ្លើងចំរុះពណ៌។ កម្មវិធីបានបន្តដោយការចែកវត្ថុអនុស្សាវរីយ៍ ដល់​កុមារ បុគ្គលិកទាំងអស់ និងទទួលទានអាហារសាមគ្គីក្នុងបរិយាកាសយ៉ាងសប្បាយ​រីករាយ និងស្និតស្នាលជាទីបំផុត។

ការិយាល័យក្នុងភូមិភាគភ្នំពេញមានដូចជា ការិយាល័យលោកអភិបាល សហ-​​គ្រិនភាពសង្គមភូមិភាគភ្នំពេញ ការិយា-​ល័យយុវជន កុមារ និងជំទង់ ការិយាល័យ​សិល្បៈនិងរបាំ គណៈកម្មការពលករ គណៈ​កម្មការសុខភាព ការិយាល័​យ​អប់រំ​ជំនឿ គណៈកម្មការព្រះគម្ពីរ ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក ក្រុម​ទទួល​ស្វាគមន៍នៅភ្នំពេញថ្មី និង​ការិយាល័យ​សម្រាប់ការសិក្សាអប់រំ។

ដោយ លី សុវណ្ណា

១៨ ធ្នូ ២០១៧

ពិធីចែកសញ្ញាបត្របរិញ្ញាបត្រដល់និស្សិតជ័យលាភីចំនួន ៧៥នាក់នៃវិទ្យាស្ថានសន្តប៉ូល និស្សិតនៃវិទ្យាស្ថានសន្តប៉ូល ចំនួន៧៥នាក់បានបញ្ចប់ការសិក្សាដោយជោគជ័យ និងបានទទួលសញ្ញាប័ត្របរិញ្ញាបត្រ គ្រប់ៗគ្នា នាថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៧ នេះ ក្រោមអធិបតីភាព របស់ឯកឧត្តម តុប សុភ័ក្ត្រ អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ លោកអូលីវីយេ ជ្មិតហស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានសន្តប៉ូល និងមានការចូលរួម ពីសំណាក់ មន្ត្រីរដ្ឋរាជការ គណៈគ្រប់គ្រង វិទ្យាល័យ សាស្ត្រាចារ្យ អាណាព្យាបាល ព្រមទាំង និស្សិតនៃវិទ្យាស្ថានសន្តប៉ូលជាច្រើនរូប។ នៅក្នុងឳកាសដ៏វិសេសវិសាលនេះលោក ផុន សុផល នាយកវិទ្យាស្ថានសន្តប៉ូល ក៏បាន ធ្វើការអបអរសាទរ ដល់និស្សិតចំនួន ៧៥រូប ដែលទទួលបរិញ្ញាបត្រនាពេលនេះ។ លោកថា និស្សិតទាំងនេះពួកគេបានបញ្ចប់ ថ្នាក់បរិញ្ញាបត្រ ក្សេត្រសាស្ត្រជំនាន់ទី២ បរិញ្ញាបត្រភាសាអង់គ្លេស និងបរិញ្ញាបត្រគ្រប់គ្រងទេសចរណ៍ជំនាន់ទី ៣ និងបរិញ្ញាបត្រព័ត៌មានវិទ្យាជំនាន់ទី៤។ ក្នុងនោះដែរលោកផុនសុផលក៏ បានធ្វើរបាយជូន គណអធិបតី ដោយសង្កេបអំពីវិទ្យាស្ថានទាំងមូល។ លោកបានលើកឡើងថា វិស្ថានមានបាននឹងកំពុង បណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ចំនួន៥ និងបរិញ្ញបត្រចំនូន៧ មានដូចជា៖ ថ្នាក់បរិញ្ញាបត្រ ព័ត៌មានវិទ្យា ថ្នាក់បរិញ្ញាបត្រក្សេត្រសាស្ត្រ ថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេស ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងទេសចរណ៍ និងថ្នាក់បរិញ្ញាបត្រសង្គមកិច្ច។ ចំពោះបរិញ្ញាបត្ររង មានលើជំនាញ៖ ប្រព័ន្ធកសិកម្មចម្រុះ សណ្ឋាគារ និងបដិសណ្ឋារកិច្ច ភាសាអង់គ្លេស គ្រប់គ្រងប្រព័ន្ធនិងបណ្តាញកុំព្យុទ័រ អភិវឌ្ឍន៍កម្មវិធីកុំព្យុទ័រ។ លោកបន្តថា នៅឆ្នាំសិក្សា ២០១៧ - ២០១៨នេះ មាននិស្សិតចូលរួមចំនួន ២៧៧នាក់ ក្នុងនោះថ្នាក់បរិញ្ញាបត្ររងចំនួន ៣៨នាក់។ លោក នាយក ផុន សុផល បានលើកឡើងទៀតថា មានអត្ថបទប្រយោជន៍ជាច្រើនដែលវិទ្យាស្ថាន បានផ្តល់ជូននិស្សិត ។ វិទ្យាស្ថានមាននិវេសនដ្ឋានសម្រាបើនិស្សិតដែលមកពីឆ្ងាយស្នាក់នៅទាំងពីរភេទ មានអាហារដែលមានតម្លៃទាបជាងទីផ្សារបំផុត។ និស្សិតមានឳកាសចេញទៅធ្វើកម្មសិក្សានៅសាកលវិទ្យាល័យដៃគូររបស់វិទ្យាស្ថាន។ លោកបញ្ជាក់ថាវិទ្យាស្ថានបានធ្វើជាដៃគូរជាមួយសកលវិទ្យាល័យអន្តរជាតិចំនួន១០ គឺ សកលវិទ្យាល័យ នៅប្រទេស អ៊ីតាលី ប្រទេសកូរ៉េ ប្រទេសអូស្ត្រាលី ប្រទេសតង់ហ្សានី ប្រទេសហ្វីលីភីន ប្រទេសឥណ្ឌូនេស៊ី ប្រទេសថៃ ប្រទេសស៊ីងហ្គាពួរ និងជាមួយអង្គការយូណេស្កូទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស។ វិទ្យាស្ថានក៏មានកិច្ចសហការណ័ជាមួយសកលវិទ្យាល័យក្នុងប្រទេសផងដែរ មានសាកលវិទ្យាល័យភូមិមិន្ទកសិកម្មជាដើម។ លោកអភិបាលអូលីវីយេ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានសន្តប៉ូល បានអប់អរសាទរចំពោះ និស្សិត ទាំង៧៥រូប ដែលទទួលបរិញ្ញាបត្រនៅថ្ងៃនេះ។ ក្នុងនោះដែរលោកអភិបាលក៏បានបង្ហាញ អំពីផែនការ នៃការវិទ្យាល័យឯកទេសសន្តហ្វ្រង់ស្វ័រ ដែលមាន មុខជំនាញ កសិសកម្ម និងទេសចរណ៍។ លោកក៏បានលើកទឹកចិត្ត ឲ្យនិស្សិត ចូលរួមបង្រៀន នៅវិទ្យាល័យនេះ នូវជំនាញដែលគេបានរៀន ដើម្បីហាត់ការផងដែរ។ លោកអភិបាល ក៏បានបង្ហាញអំពីគម្រោង បង្កើតតំបន់អេកូទេសចរណ៍ នៅក្នុងខេត្តតាកែវនេះ គឺក្នុងស្រុងត្រាំកក់ ដែលនៅតាមបណ្តោយផ្លូវ ជាតិលេខ៣ គឺនៅក្នុងឃុំគុស ដែលមានរោងសិប្បកម្ម កែច្នៃម្ហូបអាហារ សិប្បកម្មតប្បាញ មានសាលមហាស្របដ៏ធំ ដើម្បីសម្តែងសិល្បៈ តាមទម្រង់ផ្សេង មានល្ខោនបាសាក់ យីកេ របាំបូរាណ របាំប្រពៃណី របាំប្រជាប្រិយ៍ជាដើម ជូនភ្ញៀវ ដែលមកទស្សនា។ លោកថា លោកក៏បានកសាង សាលាបង្រៀនរបាំផដែរ។ កន្លែងទាំងនេះគឺត្រូវការកំលាំងចូលរួមរបស់និសិ្សត គ្រប់ផ្នែក ដើម្បីបម្រើសេវាកម្មជូនភ្ញៀវបាន។ នៅក្នុងវិទ្យាល័យឯកទេសសន្តហ្វ្រង់ស្វ័រ លោកនឹងសាងកន្លែងទទួលភ្ញៀវស្នាក់នៅខ្លះដើម្បីសិស្សអនុវត្តន៍ និងមានបើកភោជនីយដ្ឋានផងដែរ។ លោកបន្តថា ក្រៅពីនៅក្នុងខេត្តតាកែវក៏មាននៅភ្នំវល្លិ៍ក្នុងខេត្តកែប ក៏ជាកន្លែងដែលពោរពេញដោយសក្តានុពលក្នុងវិស័យអេកូទេសចរណ៍នេះដែរ។ ព្រោះលោកបានបង្កើតកសិដ្ឋានមួយយ៉ាងធំលើផ្ទៃដី ៧ហិតា ដោយមានកសិកម្មចម្រុះ ដូចជាគោ ជ្រូក ពពែ ដំណាំហូបផ្លែច្រើនមុខ ម្រេច ពោត។ល។ ទីនោះជាទីកន្លែងសម្រាប់និស្សិតអនុវត្តន៍ និងទទួលភ្ញៀវទេសចរណ៍ផងដែរ។ ក្រោយបានស្តាប់របាយការណ៍ និង ផែនការណ៍នានារបស់លោកអភិបាលអូលីវីយេ ដើម្បីបណ្តុះបណ្តាលធន់ធានមនុស្ស និងបង្កើតការងារដល់ពលរដ្ឋកម្ពុជា លោក តុប សុភ័ក្ត្រ អនុរដ្ឋលេខាធិការក្រសួងទេសចណ៍ បានកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹង លើគម្រោងទាំងនេះ និងសូមលោកអភិបាលចុះបញ្ជីតាមលក្ខណៈច្បាប់ដើម្បីឲ្យផែនការទាំងនេះដំណើរការទៅដោយរលូន និងស្របច្បាប់។ លោកក៏បានអបអរសាទរ និងស្នាដែរជាច្រើនដែលវិទ្យាស្ថានសន្តប៉ូល ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងបណ្តុះបណ្តាលធន់់ធានមនុស្សដើម្បអភិវឌ្ឍកម្ពុជាឲ្យចម្រើនឡើង។ ជាក់ស្តែងលោកលើកឡើងថា “ទីតាំងរបស់វិទ្យាស្ថានសន្តប៉ូល ដើមឡើយជាវាលស្រែសម្រាប់បង្ករបង្កើនផលស្រូវ តែពេលនេះវាលស្រែសម្រាប់បណ្តុះបណ្តាលធនធានមនុស្សវិញ។ “ ក្នុងឳកាសនោះលោកក៏កោតសរសើរ ដល់និស្សិតជ័យលាភី និងបានផ្តាំផ្ញើសម្រាប់និស្សិតថ្មី ឲ្យយកចិត្តទុកដាក់ ក្នុងការសិក្សាដើម្បីទទួលបានអនាគត់ដ៏ល្អត្រចង់។ បន្ទាប់គណៈអធិបតីក៏ចែកសញ្ញាបត្រដល់និស្សិតទាំអស់ និងបានអញ្ជើញទស្សនាការតាំងបង្ហាញនូវស្នារដៃ កែឆ្នៃរបស់សិស្សវិទ្យាល័យឯកទេស ស្នារដៃសិល្បៈនៃក្រុមសិល្បៈ ដែលមានវេទិការសម្តែងយ៉ាងធំទី២នៅកម្ពុជា និងផលិតផល នានាដែលចេញពីសិប្បិកម្ម នៃគម្រោងអេកូទេសចរណ៍ភូមិចំកាតទៀង។

១២ ធ្នូ ២០១៧

លោកអភិបាល អូលីវីយេ៖ ត្រូវមានកម្លាំងនិងសេចក្តីសង្ឃឹមទៅមុខជានិច្ច

នៅព្រឹកថ្ងៃទី១២ ខែធ្នូនេះ ព្រះសហគមន៍កាតូលិកតំបន់កំពត បានរៀបចំកម្មវិធីសួរសុខទុក្ខ និងចែកអាហារ ព្រមទាំងសម្ភារៈប្រើប្រាស់ ដល់ទណ្ឌិត និងជនត្រូវចោទក្នុងពន្ធនាគារ ខេត្តកំពត ចំនួនប្រមាណជាង ៧០០ នាក់ ក្នុងនោះស្រ្តីចំនួន ២៧នាក់។

ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកអភិបាលព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ អូលីវីយេ ជ្មិតហស្លែរ ព្រមទាំងនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ តំណាងពុទ្ធសាសនា និងឥស្លាមសាសនា ប្រធានមន្ទីរ ធម្មការ និងសាសនាខេត្តកំពត លោកបូជាចារ្យ និងគ្រីស្តបរិស័ទយ៉ាងច្រើនកុះករ។

ជាកិច្ចចាប់ផ្តើម លោកអែម បូរ ប្រធានពន្ធនាគារខេត្តកំពត បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណប្រតិភូសាសនាទាំងអស់ ដែលបានមកសួរសុខទុក្ខ ដល់បងប្អូនក្នុងពន្ធនាគារនៅថ្ងៃនេះ។ លោកក៏បានណែនាំឲ្យបងប្អូនទាំងអស់យកចិត្តទុកដាក់ស្តាប់ពាក្យប្រៀនប្រដៅពីសាសនាទាំងអស់។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកយ៉ាំងលូកា ក្នុងនាមជាអ្នករៀបចំកម្មវិធីបានប្រសាសន៍ថា៖ យើងទាំងអស់មានអំណរ ក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត ។ យើងមកដើម្បីបង្ហាញ ចែករំលែក ភាពកក់ក្តៅជាមួយបងប្អូន គាំទ្រឲ្យបងប្អូនមានសេចក្តីសង្ឃឹម ក្នុងការខិតខំកែប្រែខ្លួន ជាពលរដ្ឋល្អ ពេលចេញទៅវិញចូលក្នុងសង្គម។

ក្នុងនោះដែរព្រះមេគណ គណធម្មយុត្តកត្តនិកាយ ខេត្តកំពត ព្រះនាម ចាន់ សុវណ្ណ បានមានសង្ឃដីកា អប់រំ និងរំលឹកដល់បងប្អូនទាំងអស់អំពីសីលប្រាំ ដើម្បីជាការពិចារណាបំភ្លឺផ្លូវជីវិត។

ចំណែកលោក សឹម ឡៃម៉ាណ តំណាងគណអ៊ីមាំ ខេត្តកំពត ក៏បានលើកទឹកចិត្តបងប្អូនកែខ្លួន រៀបចំខ្លួនឲ្យល្អសម្រាប់ជីវិតលោកខាងមុខផងដែរ។

លោកភិបាលអូលីវីយេ ជាអធិបតី បានមានប្រសាសន៍ទៅកាន់បងប្អូនអំពីតួរនាទីរបស់សាសនានីមួយៗ ។ លោកថា ៖ ពិតមែនសាសនាទាំងអស់ ណែនាំជីវិតរបស់យើងម្នាក់មានពន្លឺ។ លោកបន្តលើកទឹកចិត្តថា ជីវិតរបស់យើងពេលខ្លះ ស្រស់ស្រាយ ស្រស់បំព្រង ពេលខ្លះក្រៀមស្វិត ។ តែកុំអស់សង្ឃឹម ! សូមយកពេលពិចារណា សមាធិខ្លះ រិះគិតថា តើពេលចេញទៅខាងក្រៅនឹងធ្វើអ្វី? ត្រូវមានកម្លាំងទៅមុខជានិច្ច។ មនុស្សត្រូវមានសេចក្តីសង្ឃឹម ត្រូវមានពន្លឺជានិច្វ។ ត្រូវខិតខំធ្វើយ៉ាងណាដើម្បីឲ្យមានជីវិតល្អ។

លោកបន្តថា ពេលចេញទៅវិញ ត្រូវស្រលាញ់គ្រួសារ ស្រលាញ់កូន និងជួយឲ្យប្រទេសមានសុខសន្តិភាព និងសេចក្តីសុខ។

បន្ទាប់ពីសំណេះសំណាល់ជាមួយបងប្អូនជាប់ឃុំរួចមក គណប្រតិភូបានអធិដ្ឋាន ប្រសិទ្ធពរជ័យតាមជំនឿរៀងៗខ្លួន ។

កម្មវិធីបានបញ្ចប់ដោយការចែកម្ហូបអាហារ និងភួយដល់បងប្អូនជាប់ឃុំ តាមអាគារនីមួយៗ បងប្អូនទទួលដោយអំណរសប្បាយ។

ព្រះសហគមន៍កាតូលិកតំបន់កំពត តែងតែរៀបចំការជួបជុំបែបនេះ ជាលក្ខណៈអន្តរសាសនាអស់រយៈពេលជិត១០ឆ្នាំមកហើយ។

១០ ធ្នូ ២០១៧

លោកអូលីវីយេ ជ្មីតអីស្ល៊ែរ ប្រកាសទទួល លោកសិលា សុខធឿន និស្សិតទេវវិទ្យាល័យសន្តយ៉ូហានម៉ារីវីយ៉ាណែក្នុងមុខងារថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ កាលពីថ្ងៃទី១០ ធ្នូ ឆ្នាំ២០១៧ នៅព្រះវិហារព្រះកុមារយេស៊ូ នៅបឹងទំពុន នៃមណ្ឌលសកម្មភាពភ្នំពេញខាងត្បូង។

កម្មវិធីនេះ ធ្វើឡើងស្របពេល ដែលព្រះសហគមន៍កាតូលិករំលឹកអំពីសន្តយ៉ូហានបាទីស្ត។ លោកអភិបាលអូលីវីយេ បានមានប្រសាសន៍ថា សូមឲ្យគ្រីស្តបរិស័ទទាំងអស់យកលោកយ៉ូហានបាទីស្តជាគំរូ ហើយត្រូវចេះសម្តែងធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ។

លោកអភិបាលបានពន្យល់ថា ការសម្តែងមេត្តាករុណាគឺត្រូវ ប្រកាសដំណឹងល្អអំពីព្រះយេស៊ូ ដែលកំពុងតែយាងមកឲ្យអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត។ ដំណឹងល្អមិនមែនជារឿងអាថ៌កំបាំង ដើម្បីរក្សាទុកនៅក្នុងដួងចិត្ត តែត្រូវប្រកាសឲ្យមនុស្សទាំងឡាយបានឮ។

លោកអភិបាលសង្កត់ធ្ងន់ថា កន្លែងណា ដែលមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ កន្លែងនោះគឺជាទ្រព្យសម្បត្តិរបស់យើងជាគ្រីស្តបរិស័ទ ដើម្បីឲ្យមនុស្សទូទៅបានទទួលពន្លឺនៅក្នុងដួងចិត្ត។ លោកអភិបាលបន្ថែមថា ក្នុងនាមជាគ្រីស្តបរិស័ទ ត្រូវយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដាក់ក្នុងដួងចិត្ត និងស្តាប់ជារៀងរាល់ថ្ងៃដើម្បីឲ្យព្រះបន្ទូលចិញ្ចឹមជីវិតយើង ដោយកែប្រែចិត្តគំនិត និងទុកពេលដើម្បីឲ្យព្រះបន្ទូលកែប្រែសមត្ថភាពរបស់យើងតាមរបៀបដែលយើងបង្កើតទំនាក់ទំនងជាមួយបងប្អូនឯទៀតៗ។

បន្ទាប់ពីធម្មទេសនា លោកអភិបាលអូលីវីយេ បានអធិដ្ឋានទូលសូមអង្វរព្រះជាម្ចាស់ប្រទានព្រះពរដល់លោកសិលា សុខ ធឿន ដើម្បីបំពេញមុខងារជាអ្នកថ្លែងព្រះបន្ទូលតាមរយៈការបម្រើព្រះជាម្ចាស់អស់ពីដួងចិត្ត អស់ពីជំនឿ អស់ពីសេចក្តីស្រឡាញ់ និងដោយស្មោះត្រង់ជានិច្ច។ និស្សិតទេវវិទ្យាល័យ សុខ ធឿន បានទទួលព្រះគម្ពីរពីលោកអភិបាលអូលីវីយេ។

ការសិក្សានៅក្នុងទេវវិទ្យាល័យរបស់ព្រះសហគមន៍កាតូលិក គឺសម្រាប់យុវជនដែលមានបំណងចង់ថ្វាយខ្លួនជាអ្នកបួស ដើម្បីបម្រើព្រះជាម្ចាស់ និងព្រះសហគមន៍របស់ព្រះអង្គដោយរស់នៅលីវអស់មួយជីវិត។ មុខងារប្រកាសព្រះបន្ទូលនេះ ជាជំហានទី២នៃការសិក្សានៅក្នុងទេវវិទ្យាល័យ។ លោកសុខ ធឿន បានឲ្យដឹងថា លោកសូមអរគុណលោកអភិបាល ដែលបានទទួលលោកក្នុងមុខងារនេះ ហើយសំណូមពរសូមឲ្យគ្រីស្តបរិស័ទទាំងអស់បន្តអធិដ្ឋានសម្រាប់រូបលោក និងនិស្សិតទេវវិទ្យាល័យដើម្បីសម្រេចជីវិតនៅក្នុងការត្រាស់ហៅជាបូជាចារ្យ ដើម្បីបម្រើព្រះសហគមន៍។

០៨ ធ្នូ ២០១៧

គ្រីស្តបរិស័ទយ៉ាងច្រើនកុះករមកពីព្រះសហគមន៍កាតូលិកនានា ក្នុងភូមិភាគបាត់ដំបង បានជួបជុំគ្នាក្នុងពិធីបុណ្យឆ្លងព្រះវិហារ សន្តប៉ូល ស្ថិតក្នុងឃុំស្នឹង ខេត្តបាត់ដំបង នាថ្ងៃទី ៨ខែ ធ្នូនេះ។ ពិធីបុណ្យប្រារព្ធទៅក្រោមអធិបតីលោក គីកេ ហ្វីការ៉េដូ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង រួមជាមួយបូជាចារ្យយ៉ាងច្រើនកុះករ។ 

 ព្រះសហគមន៍កាតូលិកនៅស្នឹងបានចាប់កើតឡើងក្នុងឆ្នាំ២០០៥ ដោយមានគ្រួសារគ្រីស្តបរិស័ទមួយចំនួននៅទៅនោះ ដែលបានឆ្ងាយពីព្រះសហគមន៍តាំងពីសម័យសង្គ្រាមស៊ីវីល បានកើតមានក្នុងតំបន់បាត់ដំបង។ ក្រោយមកក៏មានបងប្អូនពេញវ័យ និងយុវជនមួយចំនួនបានចាប់អារម្មណ៍ រៀនអប់រំជំនឿ ប៉ុន្មានឆ្នាំក្រោយមកក៏បានទទួលអគ្គសញ្ញាជ្រមុជទឹកក្លាយជាគ្រីស្តបរិស័ទ ដោយមានលោកបូជាចារ្យទម្លាប់ សុផល ជាបូជាចារ្យទទួលខុសត្រូវ។ ក្នុងឆ្នាំ២០១៥ លោកបូជាចារ្យទម្លាប់សុផល ត្រូវបានផ្លាស់ប្តូរជំនួសដោយបូជាចារ្យថ្មីគឺ លោកបូជាចារ្យមួង រស់ ។ ក្នុងដំណាក់កាលដែលលោក មួង រស់ ទទួលខុសត្រូវព្រះសហគមន៍នេះ មានភ័ព្ទសំណាង ទទួលបានការគាំទ្រ និងផ្តល់ថវិការសាងសង់ព្រះវិហារដោយសប្បុរសជនជាតិកូរ៉េ គឺលោកម៉ាកុស អាន។ លោកម៉ាកុស អានបានជួយកសាងព្រះវិហារថ្មីចំនួន២រួចមកហើយ នៅក្នុងភូមិភាគបាត់ដំបង គឺព្រះវិហារសន្តីម៉ារីម៉ាដាឡា នៅប៉ោយប៉ែត និងព្រះវិហារ សន្តអន់ដ្រេ នៅព្រះសហគមន៍និគមន៍ ហើយព្រះវិហារសន្តប៉ូលគឺជាព្រះវិហារទីបី។ 

មានប្រសាសន៍ក្នុងធម្មទេសនា លោកគីកេហ្វីការេដូ បានរំឭកដល់លោកម៉ាកុស អាន ដែលជាអ្នកផ្តល់បច្ច័យកសាងព្រះវិហារ ទោះបីលោកមិនបានមក តែលោករួមចិត្តអធិដ្ឋានជាមួយទាំងអស់គ្នា។ ដោយសារថ្ងៃបុណ្យឆ្លងនេះត្រូវនឹងថ្ងៃបុណ្យព្រះនាងម៉ារីគ្មានជំពាក់បាប លោកអភិបាលបានដាស់តឿនបងប្អូនឲ្យយកចិត្តទុកដាក់ស្តាប់ព្រះបន្ទូលព្រះជាម្ចាស់ ដោយអធិដ្ឋានយកពេលវេលានៅជាមួយព្រះជាម្ចាស់ ។ យកគំរូតាមព្រះនាងម៉ារី  ព្រោះព្រះនាងម៉ារី ពោរពេញដោយជំនឿ មានចិត្តសុភាពរាបសា ដាក់ខ្លួនបម្រើ និងសាមញ្ញរហូត។ និងចុងក្រោយលោករឭកឲ្យគ្រីស្តបរិស័ទទាំងអស់ ចេះកែប្រែចិត្តគំនិតដូចសន្តប៉ូល ហ៊ានទទួលខុសត្រូវ លោកថា«ធ្វើខុសត្រូវចេះហ៊ានទទួលកែ មកធ្វើត្រូវវិញ។ សូមឲ្យយើងចេះកែ គឺកែប្រែចិត្តគំនិតធ្វើតាមព្រះហឫទ័យព្រះជាម្ចាស់។» 

 ក្នុងឱកាសនោះដែរ លោកមួងរស់ ជាបូជាចារ្យទទួលព្រះសហគមន៍សន្តប៉ូល ស្នឹង បានមានប្រសាសន៍ថា យើងមានព្រះវិហារថ្មីបង្ហាញថា យើងមានទីកន្លែងច្បាស់លាស់ ដើម្បីប្រកាសជំនឿរបស់យើង។ អាចធ្វើសកម្មភាពអប់រំជំនឿដល់យុវជន និងកុមារជួយបញ្ជូនបន្តជំនឿដល់គេ និងបងប្អូនដែលមិនស្គាល់ព្រះយេស៊ូ ឲ្យគេបានឃើញវត្តមានរបស់ព្រះយេស៊ូ។ លោកបន្ត« ខ្ញុំពិតជាមានអំណរសប្បាយ ដែលមានព្រះវិហារថ្មី។ ពិតមែនអ្វីដែលយើងធ្វើ យើងនឹងអធិដ្ឋាន អ្វីដែលយើងធ្វើ យើងនឹងធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ ហើយដោយសារព្រះអង្គទើបយើងចង់ធ្វើកិច្ចការទាំងនោះ។» លោកក៏បានសូមឲ្យបងប្អូនបន្តអធិដ្ឋាន សម្រាប់បេសកកម្មរបស់ព្រះសហគមន៍ថ្មីនេះ ដើម្បីអាចនិយាយអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយសមរម្យទៅកាន់បងប្អូនឯទៀតៗ និងសូមឲ្យព្រះសហគមន៍នៅទីនេះបានរីកចម្រើនផង។ 

 ព្រះសហគមន៍សន្តប៉ូល ស្នឹង មានគ្រីស្តបរិស័ទ៦០នាក់ តែសព្វថ្ងៃមានតែ១០នាក់មកជាប់លាប់ ព្រោះពួកគេបានធ្វើចំណាកស្រុកទៅប្រទេសថៃ និងយុវជនព្រមទាំងជំទង់ ចំនួន១៥ ទៅ២០នាក់។ ក្នុងនោះព្រះសហគមន៍ក៏មានសាលាមត្តេយ្យសម្រាប់អប់រំកុមារតូចៗផងដែរ។

០៧ ធ្នូ ២០១៧

នៅក្នុងពិធីបុណ្យគោរពព្រះនាងម៉ារីមិនជំពាក់បាប និងអធិដ្ឋានពេញមួយយប់ដើម្បីការត្រាស់ហៅលើកទី៦៦នៃព្រះ​ស​ហ​គមន៍​កាតូលិកភូមិភាគភ្នំពេញ នៅ​ព្រះ​វិហារ​សន្តយ៉ូសែប មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ជើង កាលពីថ្ងៃទី៧ ធ្នូ ២០១៧ នេះ លោកអភិបាលអូលីវីយេ បានជំរុញដល់មាតាបិតាទាំងអស់ឲ្យយកចិត្តទុកដាក់ចំពោះបុត្រធីតារបស់ខ្លួន នៅចំពោះមុខគ្រីស្តបរិស័ទជាច្រើនរយនាក់ដែលបានចូលរួមជាច្រើនរយនាក់។

នៅក្នុងធម្មទេសនានៃកម្មវិធីបុណ្យខាងលើ លោកអភិបាលអូលីវីយេ បានណែនាំគ្រីស្តបរិស័ទដោយមានប្រសាសន៍ដូច្នេះថា "សូមឪពុកម្តាយធ្វើយ៉ាងម៉េច ដើម្បី​ឲ្យ​កូន​ស្គាល់ព្រះជាម្ចាស់ និង​ស្រឡាញ់​ព្រះជាម្ចាស់" ដោយ​លើក​យក​គំរូរ​បស់​លោក​យាយហាណា និងលោកតាគីមដែលជាឪពុកម្តាយរបស់ព្រះនាងម៉ារី និង​ឪពុកម្តាយរបស់សន្តីតេរេសា ដែលបានរៀបចំកន្លែងទុកសម្រាប់កូននៅស្ថានបរម-​សុខ។ លោកអភិបាលបានទទូចឲ្យគ្រីស្តបរិស័ទយកគំរូតាមក្រុមគ្រួសាររបស់ព្រះ​​យេស៊ូផ្ទាល់គឺ យកចិត្ត​ទុក​ដាក់​ចំពោះ​គ្រួសារ ដូចលោកយ៉ូសែប បានយកចិត្តទុកដាក់ថែរក្សាក្រុមគ្រួសារទោះបីជាគ្មានកន្លែងសម្រាកត្រឹមត្រូវក៏ដោយ។ មាន​ការ​ទទួលខុសត្រូវខ្ពស់ ដោយស្តាប់ និងអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ដូចឪពុកម្តាយព្រះយេស៊ូដែលបានស្តាប់ និង​អនុ​វត្ត​តាម ដើម្បីឲ្យព្រះបន្ទូលដឹកនាំជីវិតប្តីប្រពន្ធជាមួយព្រះកុមារយេស៊ូគ្រប់ពេល​វេលា និង​ យកចិត្តទុកដាក់អប់រំណែនាំ ដើម្បីឲ្យកូនរីកចម្រើនតាមព្រះប្រាជ្ញាញាណរបស់ព្រះ​ជាម្ចាស់ជានិច្ច។

លោកអភិបាល ក៏បានជំរុញទៀតថា យើង​​មានគម្រោងការមួយយ៉ាងពិសេស គឺអប់រំណែនាំកូនចៅ ដោយអាចចាក់គ្រឹះបន្តិចម្តងៗតាមគ្រួសារនីមួយៗ ដើម្បី​ឲ្យ​កូនស្រី និងកូនប្រុសចូលបម្រើក្នុងព្រះសហគមន៍ និងឆ្លើយតបទៅនឹងការត្រាស់ហៅរបស់ព្រះជាម្ចាស់។

លោកអភិបាលអូលីវីយេ បានមានប្រសាសន៍ផ្តាំផ្ញើដល់ឪពុកម្តាយទាំងអស់​ទៀតថា "ប្រសិន​បើកូន​ចង់​ធ្វើ​ជា​បូជា​ចារ្យ បងប្រុស បងស្រី សូមកុំ​បដិសេធ​ចំពោះ​កូន"។ លោកមានប្រសាសន៍យ៉ាងដូច្នេះ គឺដើម្បីឲ្យមានយុវជនយុវនារីអាចឆ្លើយតបទៅនឹងការត្រាស់ហៅរបស់ព្រះជាម្ចាស់ដើម្បីបម្រើព្រះសហគមន៍ប្រទេសកម្ពុជា ដែលជាហេតុលោកបង្កើតឲ្យមានការ​អធិ​ដ្ឋានដើម្បីការត្រាស់ហៅ ជារៀងរាល់ដើមខែនីមួយៗតាមមណ្ឌលសកម្មភាពនានា​នៃភូមិភាគភ្នំពេញនាឆ្នាំ​២០១២​កន្ល​ង​មក។ លោកក៏បានប្រកាសផងដែរថា ការអធិដ្ឋានលើកក្រោយគឺធ្វើនៅមណ្ឌលសកម្មភាពភ្នំពេញខាងត្បូង និង​បន្តរហូត​លើកទី​១០០​យ៉ាងតិច។

ដោយ ដាលីស

  1 2 3 4 5 6 7 8 9 10  ...   
 

© Copyright 2014 Catholic Cambodia - All rights reserved.