ស្វែងរក
The replica watches uk country for this brand for everyone, I believe replica watches most people are more understanding of its home pilots watch, who let people rely on the rolex replicaflight table from the home? Whether it is the original Mark series, or the replica rolex Navy Air Force forces MIRAMAR or Antoine De Saint Exupéry special models have a lot of fans.
សហគ្រិនសង្គមនាំអ្នកក្រីក្រនិងជនពិការចូលក្នុងសង្គម

. - ២៣ មីនា ២០១៧
 

“កាយសម្បទា(ខ្ញុំ)មិនគ្រប់លក្ខណៈទេ តែខ្ញុំអាចធ្វើការបាន។ ខ្ញុំមានអំណរសប្បាយ និងស្រឡាញ់ការងារនេះណាស់។” នេះជាសំដីរបស់បុរសពិការកាយសម្បទា ឈ្មោះពុំ សារ៉ាន់ ដែលកំពុងធ្វើការងារនៅក្នុងសិប្បកម្មស្ករគ្រាប់ ដែលស្ថិតក្នុងកម្មវិធីសហគ្រិនសង្គមរបស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ។

លោកពុំ សារ៉ាន់ បន្ថែមថា សហគ្រិនសង្គមបានផ្តល់ឱកាសការងារដែលអង្គភាពមួយចំនួនមិនទទួលនិងជាការងារមានភាពងាយស្រួលសម្រាប់ជនពិការ ដោយទទួលបានប្រាក់ខែសមរម្យដើម្បីសម្រាលបន្ទុកគ្រួសារឲ្យផុតពីភាពលំបាក។ ស្រដៀងគ្នានេះ អ្នកស្រី នៅ ឡាយ ជាអ្នកតម្បាញក្រមាសូត្រនៅខេត្តតាកែវ បានឲ្យដឹងដែរថា កម្មវិធីនេះ បានជួយសម្រួលដល់សុខភាពអ្នកស្រី និងផ្តល់ប្រាក់កម្រៃសមល្មមសម្រាប់ចិញ្ចឹមគ្រួសារ។

អ្នកស្រីឲ្យដឹងថា “អាចរកចំណូលបានចន្លោះ១៣០ ទៅ១៤០ដុល្លាក្នុងមួយខែ អាស្រ័យលើចំនួនក្រមាដែលធ្វើបាន"។ ពុំ សារ៉ាន់ និង នៅឡាយ សព្វថ្ងៃ បម្រើការងារ ក្នុងរោងសិប្បកម្មផលិតស្ករគ្រាប់ ពីផ្លែដូង ចេក ស្វាយ .. ដែលជាគម្រោងមួយ នៃសហគ្រិនសង្គមនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។

សហគ្រិនសង្គមនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានបង្កើតឡើងកាលពីចុងឆ្នាំ២០១៥ និងមានសិប្បកម្មជាច្រើនដូចជា សិប្បកម្មស្ករគ្រាប់ ដែលផលិតដោយជនពិការ សិប្បកម្មតម្បាញសូត្រ ផលិតដោយស្ត្រីក្រីក្រនៅភូមិចំការទៀង សិប្បកម្មអំបោសស្លឹកដូង ផលិតដោយស្ត្រីជាម្តាយជនពិការ សិប្បកម្មកាត់ដេរ ផលិតដោយស្ត្រីពិការ សិប្បកម្មដំណាប់ កសិដ្ឋានចិញ្ចឹមសត្វ និងកសិកសិកម្មដំណាំហូបផ្លែ និងបន្លែចម្រុះ។ល។

កម្មវិធីទាំងនេះបានបង្កើតឡើងដោយមានការសហការជាមួយស្ថាប័នបេសកកម្មកាតូលិក អូស្ត្រាលី (CATHOLIC MISSION AUSTRALIA)។ លោក ថុន សុជាតិ អ្នកទទួលខុសត្រូវកម្មវិធីសហគ្រិនសង្គមនេះបានឲ្យដឹងថា សហគ្រិនសង្គមគឺជាកម្មវិធីអាជីវកម្មមួយដែលបង្កើតឡើងដើម្បីឲ្យអ្នកក្រីក្រនិងជនពិការអាចចូលរួមនៅក្នុងសង្គម។

លោកថា សហគ្រិនសង្គមបានចូលរួមយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលបន្ថែមដើម្បីបំពេញតាមតម្រូវការរបស់ប្រជាជនដែលរស់នៅក្នុងភាពក្រីក្រ។ ក្នុងឆ្នាំបន្ទាប់ សហគ្រិនសង្គមនឹងគ្រោងបង្កើតកម្មវិធី សិប្បកម្មនិងកែច្នៃម្ហូបអាហារនិងសម្ភារមួយចំនួនបន្ថែមទៀត៕ ដោយដាលីស

ព័ត៌មានច្រើនទៀត
០៧ មេសា ២០១៨

និស្សិតនៃវិទ្យាស្ថានសន្តប៉ូលនៅខេត្តតាកែវ បានដណ្តើមយកជ័យលាភីលេខមួយក្នុងកម្មវិធី "ពានរង្វាន់ត្នោតមាស ឆ្នាំ២០១៨" ដែលរៀបចំដោយមូលនិធិគីណាល់ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ នៅទីស្នាក់ការរបស់មូលនិធិគីណាល់ ដែលជាសហគ្រាសផលិតឱសថ ប៉េប៉េអឹម នារាជធានីភ្នំពេញ។ កម្មវិធីប្រកួត "ពានរង្វាន់ត្នោតមាស ឆ្នាំ២០១៨" បង្កើតឡើងក្នុងគោលបំណងលើក ទឹកចិត្តដល់ការសិក្សាស្រាវជ្រាវ និងបង្កើនគំនិតច្នៃប្រឌិត សម្រាប់ចូលរួមគាំទ្រដល់ការអភិវឌ្ឍជនបទក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះជាលើកទី១ហើយដែលមូលនិធីបានរៀបចំកម្មវិធីនេះ ក្រោមប្រធានបទ "ការបង្កើនតម្លៃចេក" និងមាននិស្សិតចំនួន ១៩ក្រុម មកពីសាលានានាចូលរួមប្រកួត។ នៅក្នុងនោះវិទ្យាស្ថានសន្តប៉ូលមាននិស្សិតចំនួន២ ក្រុមចូលរួម ហើយមួយក្រុមទទួលបានជ័យលាភីលេខមួយ ដោយបានកែច្នៃសំបកចេគ ស្ទងចេក និងដើមចេក។

លោក ម៉ក់ រាជ្យ ជានិស្សិតរៀនផ្នែកកសិកម្មនៃវិទ្យាស្ថានសន្តប៉ូល និងជាក្រុមដែលបានទទួលជ័យលាភីលេខមួយ បានប្រាប់ថា កសិករកម្ពុជាសព្វថ្ងៃភាគច្រើនអាចកែច្នៃត្រឹមតែផ្លែចេកប៉ុណ្ណោះ ដោយបោះបង់សំបកចេក ស្ទងចេក និងដើមចេក ដូច្នេះក្រុមរបស់គាត់ក៏នាំគ្នារិះគិតអំពីកាកសំណល់ទាំងនេះ។ រាជ្យបានប្រាប់ទៀតថា ក្នុងកម្មវិធីប្រកួតនេះគណៈគ្រប់គ្រងវិទ្យាស្ថានសន្តប៉ូល មានការជម្រុញនិងគាំទ្រ ដើម្បីឲ្យក្រុមរបស់គាត់ធ្វើការស្រាវជ្រាវ។ ម៉ក់ រាជ្យ “យើងយកសាច់ចេកទៅធ្វើជាស្ករគ្រាប់ សំបកមកធ្វើជាតែនិងចម្រោះទឹក ដើមចេកនិងស្ទងចេកយកមកធ្វើជាក្រដាស ដើម្បីធ្វើការវិចខ្ចប់ស្ករគ្រាប់”។ និស្សិតដដែលបានបន្តថា ជ័យលាភីថ្ងៃនេះ មិនមែនសម្រាប់តែក្រុមយើងខ្ញុំទេ គឺសម្រាប់វិទ្យាស្ថានសន្តប៉ូល ព្រោះថាវិទ្យាស្ថានបានយកចិត្តទុកដាក់ ទៅលើក្នុងការសិក្សារបស់និស្សិតគ្រប់ៗរូប និងមានសម្ភារគ្រប់គ្រាន់ដើម្បីឲ្យនិស្សិតធ្វើការសិក្សា និងធ្វើការស្រាវជ្រាវ។

លោក ផុន សុផល នាយកនៃវិទ្យាស្ថានសន្តប៉ូលឲ្យដឹងថា តាមគម្រោងរបស់សាលាសម្រាប់និស្សិតដែលទទួលជ័យលាភីនឹងទទួលបានការគាំទ្របន្ថែមទៀតលើការស្រាវជ្រាវបន្ថែម ជាពិសេសលើការអភិវឌ្ឍ ជនបទដល់ជនក្រីក្រតាមមូលដ្ឋាន និងដើម្បីលើកកម្ពស់តម្លៃចេកនៅក្នុងប្រទេស។ លោកបានបន្តទៀតថា រាល់អត្ថបទស្រាវជ្រាវរបស់និស្សិតទាំងពីរក្រុម សាលានឹងដាក់បញ្ចូលក្នុងបណ្ណាល័យ និងផ្តល់ជូនដល់ម្ចាស់មូលនិធិទុកជាឯកសារ។ បន្ថែមលើសនេះ អ្វីដែលនិស្សិតទាំងពីរក្រុមបានធ្វើគឺនឹងយកទៅអនុវត្តផ្ទាល់នៅក្នុងសិប្បកម្មស្ករគ្រាប់ របស់លោកអភិបាលព្រះសហគមន៍ កាតូលិកភូមិភាគភ្នំពេញ។

ឯកឧត្តម យុទ្ធ ភូថង រដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា កម្មវិធីត្នោតមាសឆ្នាំ២០១៨ មានសារសំខាន់ណាស់ ដើម្បីឲ្យនិស្សិតមានចំណេះដឹងចំណេះធ្វើ គឺធ្វើជាទំពាំងស្នងឬស្សី ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ ជាពិសេសប្រធានបទនៃការស្រាវជ្រាវនេះ គឺយកវត្ថុធាតុដើមដែលប្រជាកសិករនៅក្នុងប្រទេសកម្ពុជាមានស្រាប់ទៅកែច្នៃជាផលិតផលសិប្បកម្ម ឬឧស្សាហកម្ម ដើម្បីនាំចេញទៅលក់នៅក្រៅប្រទេស។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបន្ថែមទៀតថា បច្ចុប្បន្នវិស័យកសិកម្មនៅប្រទេសកម្ពុជាបានប្រឈមនឹងបញ្ហាជាច្រើន ដូចជា បញ្ហាបច្ចេកវិទ្យាថ្មី បញ្ហាការប្រែប្រួលអាកាសធាតុ បញ្ហាការស្វែងរកទីផ្សារ។

លោកឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ បានពន្យល់ថា កម្មវិធីពានរង្វាន់ត្នោតមាសឆ្នាំ២០១៨ នេះ ជាក្តីស្រមៃរបស់លោកក្នុងការចូលរួមលើកតម្កើងការកែច្នៃផលិតផល កសិកម្ម នៅប្រទេសកម្ពុជាយើង។ នេះជាលើកទីមួយ នៃកម្មវិធីពានរង្វាន់ត្នោតមាស ដែលមានគោលបំណងចង់ឲ្យនិស្សិតដែលកំពុងរៀនកសិកម្ម យកចំណេះដឹងទៅជួយប្រជាកសិករ ដើម្បីចាប់ដៃជាមួយពួកគាត់ ដោយពួកគាត់ជាអ្នកដាំនិស្សិតជាអ្នកកែច្នៃ ឲ្យផលិតផលរបស់ខ្មែរយើងមានអត្តសញ្ញាណផង និងដើម្បីបង្ហាញពីភាពអស្ចារ្យនៃសមត្ថភាពកែច្នៃ។

ការប្រកួតប្រជែងនេះ មានគណៈមេប្រយោគ ដែលដឹកនាំ​ដោយ លោក​សាស្ត្រាចារ្យ តាន់ ប៊ុន​ស៊ុយ និង​មានការ​ចូលរួម​ពី មេ​ប្រយោគ​ឯករាជ្យ​មួយចំនួន ដូចជា លោក​ប្រាក់ សេរី​វឌ្ឍន៍ មកពី​អង្គការ CIRD លោក​សុខ សា​រ៉ង មកពី​អង្គការ ECOCERT លោក​ហ្ស​ង់ ម៉ា​រី​ប្រង់ (Jean-Marie Brun) មកពី​អង្គការ IRAM លោក ហ៊ឹម ពិសិដ្ឋ តំណាង​ខន​ហ្វី​រេល សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ និង​កញ្ញា អេ​ឡែ​ន អូ​ប្រ៊ី (Hélène Obry ) តំណាង​ក្រុមហ៊ុន​ខន​ហ្វី​រេល សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​។

នៅវគ្គដំបូងនៃកម្មវិធីនេះ មាន​និស្សិតចំនួន ១៩ក្រុម ដែលបាន​ចុះឈ្មោះ​ចូលរួម​ប្រកួតប្រជែង ក្រោមប្រធានបទ "ការបង្កើន​តម្លៃចេក"។ ហើយនៅវគ្គផ្តាច់ព្រ័ត្រនេះ នៅ​សល់​និស្សិតតែ ៦ក្រុម ដែលបានចូលរួម​ធ្វើការ​ប្រកួត​ប្រជែង គឺមាននិស្សិតមក​ពី​សាកល​វិទ្យាល័យ​ភូមិន្ទកសិកម្ម(ចំការដូង) វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា(តិចណូ) និងវិទ្យាស្ថានសន្តប៉ូល។ ប្រធានបទដែលនិស្សិតទាំង៦ក្រុម ​លើក​យក​មកធ្វើការប្រកួតប្រជែង រួមមាន៖ ការប្រៀបធៀបម្ស៉ៅប៊ិចទីនដែលចម្រាញ់បានពីសំបកចេកសើម និងចេកស្ងួត។ ការធ្វើឲ្យប្រសើរឡើងនៃដំណើរការផលិតម្ស៉ៅចេក។ ការធ្វើឲ្យប្រសើរឡើងនូវរសជាតិស្ករគ្រាប់ចេក។​ គ្រប់ផ្នែកនៃដើមចេកគឺសុទ្ធតែមានតម្លៃ។ ការអភិវឌ្ឍទៅលើរសជាតិ វិធីសាស្ត្រក្នុងការផលិត និងប្រភពទីផ្សារនៃ​ផលិតផល​ ចេក​ឆាប។ ការកែច្នៃទឹកក្បុងចេក។

ក្រោយពីការវាយតម្លៃរបស់គណៈមេប្រយោគ គឺ ជ័យលាភីលេខមួយ បានទៅលើនិស្សិតមកពីវិទ្យាស្ថាន សន្តប៉ូល ក្រោមប្រធានបទ "គ្រប់ផ្នែកនៃដើមចេកគឺសុទ្ធតែមានតម្លៃ" ដោយទទួលបានទឹកប្រាក់ចំនួន ៤,០០០,០០០រៀល។ ជ័យលាភីជ័យលាភីលេខពីរ បានទៅលើនិស្សិតមកពីវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា ក្រោមប្រធានបទ "ការអភិវឌ្ឍទៅលើរសជាតិ វិធីសាស្ត្រក្នុងការផលិត និងប្រភពទីផ្សារនៃផលិតផល ចេកឆាប" ដោយទទួលបានទឹកប្រាក់ចំនួន ២,០០០,០០០រៀល និង​ជ័យលាភីលេខបី បានទៅលើនិស្សិតមកពីវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា ក្រោមប្រធានបទ "ការធ្វើឲ្យប្រសើរឡើងនៃដំណើរការផលិតម្ស៉ៅចេក" ដោយទទួលបានទឹកប្រាក់ចំនួន ១,០០០,០០០រៀល។

ដោយ សុវណ្ណភូមិ

២០ មីនា ២០១៨

               លោកអភិបាលព្រះសហគមន៍កាតូលិកទាំងបីអង្គ លោកបូជាចារ្យកាតូលិក​ទាំងអស់ដែល​បំពេញមុខងារនៅកម្ពុជា  បាន​ប្រារព្ធអភិបូជា​​ប្រសិទ្ធីពរ​លើ​ប្រេងស​ម្រាប់ព្រះសហគមន៍​ទាំងអស់​ឲ្យធ្វើ​ជាសាក្សី​​​​នៃ​ព្រះយេស៊ូ​ដែ​លជាប្រពៃណី​​ព្រះសហគមន៍កាតូលិក​ ដោយមានការចូលរួមពីសំណាក់គ្រីស្ត​បរិស័ទកាតូលិក​មកពី​ភូមិភាគ​ភ្នំពេញ ​​បាត់ដំបងនិង​កំពង់ចាម​​ជាច្រើនរយនាក់។ ពិធីនេះបានប្រារព្ធ​នារសៀលថ្ងៃទី​២០​ ខែមីនា​ ឆ្នាំ២០១៨ នៅព្រះវិហារសន្ត​សិលានិងសន្តប៉ូល​ ក្នុង​​មណ្ឌលសកម្មភាព​ភ្នំពេញថ្មី​របស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ។​

            លោកស៊ាន់សារឿន​ ប្រធានការិយាល័យយុវជន ជំទង់ និងកុមារនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ  បាន​ប្រកាស​ក្នុង​ពិធី​អំពី​អត្ថន័យ​នៃ​ប្រេង​​ទាំង​បី​ប្រភេទ​​ដែល​ហែរយក​មក​ប្រសិទ្ធីពរនិង​ទុក​ជា​និមិត្តរូប​នៃ​ព្រះវិញ្ញាណ​ដែល​ជា​ព្រះ​​អំណោយ​​​​​​​​ទាន​​ពិសេស​របស់ព្រះជាម្ចាស់​ដែល​បាន​ជ្រួតជ្រាបនូវគំនិត​ព្រមទាំង​​ប្រទាន​នូវកម្លាំង​ និង​អំណរ​សប្បាយ​ដល់​អស់​អ្នក​ដែលជឿ។​

            នៅពេល​តំណាង​គ្រីស្តបរិស័ទនិងជា​តំណាង​គណៈកម្មាធិការសំខាន់​ទាំងបី​​មាន​គណៈកម្មការពិធីបុណ្យ​ គណៈកម្ម​ការ​សង្គហៈ​ និង​គណៈកម្មការ​អប់រំជំនឿ នៃ​ព្រះសហគមន៍​កាតូលិកបាន​ហែរថូ​ប្រេង​ទាំងបីប្រភេទ​ចូលមកក្នុងអង្គពិធីជូន​លោក​អភិបាល​ដែលរង់​ចាំទទួល​។ ពេលទទួលប្រេងនោះហើយ លោកអភិបាល ​អធិដ្ឋាន​ទូល​អង្វរព្រះជាម្ចាស់​ទៅ​តាមប្រភេទ​នៃប្រេងដែល​ត្រូវប្រើស្របតាម​ប្រពៃណី​នៃព្រះសហគមន៍កាតូលិកផងដែរ​។

            តំណាងគ្រីស្តបរិស័ទបានយកប្រេងគ្រីស្មាជូនលោក​អភិបាល​អូលីវី​យេ លោកទទួលហើយបាន​ចាក់ប្រេងក្រអូប​ចូលក្នុងថូ លាយបញ្ចូលគ្នា និងបាន​ផ្លុំ​លើ​ប្រេងទាំងនេះ​ដើម្បី​បញ្ជាក់​​ថាព្រះវិញ្ញាណ​ដ៏​វិសុទ្ធយាងមក​​​​និង​អធិដ្ឋាន​ដោយ​នឹក​ដល់អគ្គសញ្ញានានានឹកដល់ឫទ្ធិបារមីនៃប្រេង​ពិសិដ្ឋ​នៅក្នុង​សម្ពន្ធមេត្រីចាស់​ ​នឹក​ដល់​ព្រះ​យេស៊ូ​​​​ដែល​បំពេញ​បេសកកម្មសង្គ្រោះ​មនុស្សលោក​ ហើយ​ទូលអង្វរ​ព្រះ​ជាម្ចាស់​​ដល់ព្រះ​សហគមន៍​ដើម្បី​បន្ត​បេសកកម្ម​តាម​រយៈ​ប្រេងពិសិដ្ឋនេះ​ ដើម្បី​ឲ្យ​មនុស្ស​លោក​​​បាន​ទទួលព្រះ​ពរ​និង​ទៅជាបុត្រធីតា​របស់​ព្រះជាម្ចាស់ដែល​បាន​កើតជាថ្មី​ដោយ​អគ្គ​សញ្ញាជ្រមុជទឹក និងអគ្គសញ្ញានានា​ដែល​បាន​ប្រើដោយ​ប្រេងនេះ។

            លោក​អភិបាល រួមជាមួយ​​អស់​លោក​បូជាចារ្យ​ទាំងអស់ទ្រាបដៃលើ​ប្រេង​ ​ទូលអង្វរ​ព្រះជាម្ចាស់និង​ដោយ​ឫទ្ធានុភាពនៃ​ព្រះ​វិញ្ញាណ​ដ៏វិសុទ្ធដើម្បីឲ្យ​ប្រេង​ដែល​លាយជាមួយ​គ្រឿង​ក្រអូប​ទាំង​នេះ​បាន​ទៅជា​អគ្គសញ្ញា​បង្ហាញ​ពី​ព្រះ​ហឫទ័យ​មេត្តាករុណារបស់​ព្រះជាម្ចាស់និង​សូម​ឲ្យ​ប្រេងទាំងនេះ​ពោរពេញ​ដោយព្រះវិញ្ញាណដ៏វិសុទ្ធដើម្បី​ឲ្យ​អស់អ្នក​ដែល​ទទួលប្រេងនេះបាន​សេចក្តីសុខសាន្ត​។​

            ប្រេង​ដែល​បាន​​ប្រសិទ្ធីពរ​​នោះ​មាន​បីយ៉ាងបន្តបន្ទាប់គ្នាគឺ៖ដំបូងជា ប្រេង​សម្រាប់​លាបដើម្បី​ផ្តល់កម្លាំង​ឲ្យ​អ្នក​ជម្ងឺចាស់ជរាជនពិការ និងអស់អ្នកដែលរងទុក្ខលំបាក។ បន្ទាប់ជា ប្រេងសម្រាប់​អ្នករៀប​ចំខ្លួន​ទទួល​អគ្គសញ្ញា​ជ្រមុជ​ទឹកនិងអស់អ្នក​ដែល​មិនទាន់ស្គាល់ព្រះយេស៊ូ​។​ចុងក្រោយជា ​ប្រេងគ្រីស្មាដែល​ប្រើ​សម្រាប់​ អគ្គសញ្ញាលាប ថ្ងាសសម្រាប់អស់អ្នក​ដែល​ស្ម័គ្រចិត្តថ្វាយខ្លួនជាអ្នក​បម្រើព្រះជាម្ចាស់​ សម្រាប់និស្សិតទេវវិទ្យាល័យ​​អគ្គសញ្ញាតែងតាំងជាបូជាចារ្យជាអភិបាលនិង​សម្រាប់ទីសក្ការៈនានានៃព្រះសហគមន៍ទាំងអស់​ដើម្បី​ធ្វើជាសាក្សី​នៃព្រះយេស៊ូ។

            ពិធីនេះ​តែង​ប្រារព្ធឡើង​ជារៀងរាល់​ឆ្នាំ​ក្នុង​រដូវអប់រំពិសេសមុន​ចូលក្នុង​សប្តាហ៍ពិសិ​ដ្ឋដើម្បី​យកទៅ​ប្រើ​ប្រាស់​ក្នុង​ពិធី​ផ្សេងៗ​របស់​ព្រះ​សហគមន៍កាតូលិករយៈពេល​ពេញ​មួយ​ឆ្នាំ​។

ដោយ៖​ដាលីស​

១០ មីនា ២០១៨

ព្រះសហគមន៍កាតូលិក​​ភូមិភាគ​ភ្នំពេញ ​បាន​រៀបចំឲ្យមាន​កម្មវិធី​អធិដ្ឋាន​២៤​ម៉ោង​ថ្វាយ​ព្រះអម្ចាស់​ នាថ្ងៃទី១០និង១១មីនា២០១៨នៅ​ព្រះសហគមន៍នីមួយៗ ​តាម​មណ្ឌល​សកម្មភាពទាំង៩ ។

          ​ពិធីអធិដ្ឋាននេះប្រព្រឹត្តទៅ​​​ស្របតាម​សេចក្តីអញ្ជើញ​របស់​សម្តេប​ប៉ាបហ្វ្រង់​ស៊ីស្កូដើម្បី​អធិដ្ឋាន​រួមគ្នាដោយ​នមស្ការ​នៅមុខ​​ព្រះកាយព្រះគ្រីស្ត​និងទទួលអគ្គសញ្ញា​លើកលែង​ទោស នៅតាមព្រះសហគមន៍នានា​ក្នុងពិភពលោក​ទាំងមូល។

            នៅក្នុង​សារលិខិតសម្រាប់រដូវ៤០ថ្ងៃ សម្តេចប៉ាបក៏បានអញ្ជើញព្រះសហគមន៍ទាំងអស់ប្រារព្ធពិធីអធិដ្ឋានគឺ “២៤ម៉ោងថ្វាយព្រះអម្ចាស់”ដើម្បី​ដាស់តឿនម្នាក់ៗឲ្យវិលមករកព្រះជាម្ចាស់វិញ ដោយទទួលអគ្គសញ្ញាលើកលែងទោស និង នមស្ការព្រះកាយ។

ក្នុងឆ្នាំ២០១៨ “ពិធី២៤ម៉ោងថ្វាយព្រះអម្ចាស់” បានប្រព្រឹត្តទៅពីថ្ងៃសុក្រ៩មីនា ដល់ថ្ងៃសៅរ៍១០មីនា២០១៨ដោយនឹកដល់ព្រះបន្ទូលតាមទំនុកតម្កើង១៣០: ៤ “ព្រះអង្គតែងតែអត់ទោសឲ្យយើងខ្ញុំជានិច្ច”។

          ក្នុងពេលនេះដែរលោក​អភិបាល​អូលីវីយេក៏បាន​អធិដ្ឋាននិងជូនពរបងប្អូនទាំងអស់​នាល្ងាចថ្ងៃសៅរ៍ ទី១០ មីនានេះថា “ខ្ញុំបានប្រារព្ធពិធីបុណ្យអភិបូជា បើកកម្មវិធីនៅភ្នំពេញថ្មីហើយបានទូលសុំអង្វរព្រះជាម្ចាស់ ដើម្បីប្រទានពរដល់បង ប្អូន ទាំងអស់ក្នុងឱកាសដ៏ពិសេសនៃការអធិដ្ឋាននមស្ការព្រះកាយព្រះគ្រីស្ត ក្នុងពេលតែមួយរួមគ្នានៅក្នុងភូមិភាគភ្នំពេញ ក៏ដូចជារួមជាមួយសម្តេចប៉ាប និងព្រះសហគមន៍​សាកលទាំងមូលផងដែរ”។

លោក​បន្តថា “សូមឲ្យការអធិដ្ឋាននេះ​ពោរពេញដោយសន្តិភាព អំណរសប្បាយ និងពោរពេញដោយ​សេចក្តីស្រឡាញ់ នៅក្នុងក្រុមគ្រួសារ​និងសម្រាប់ការត្រាស់ហៅផងដែរ!”។

ដាលីស

០៧ មីនា ២០១៨

 “ពេល​ដឹង​ថា​ចៅ​ហ្នឹង​អីចឹង​ តាំង​ពី​អាយុ​២​ឆ្នាំ។ បើ​យើង​គិត​ពី​ពូជពង្សអី​គឺ​គ្មានហ្មង។ តាំង​ពី​ខ្ញុំ​កើត​មក​អត់ដែល​មាន។ ប៉ុន្តែ​បញ្ហា​ខ្ញុំ​គិត​ថា ប្រហែល​ជា​ ពីតូចមកកំហុស​របស់ម៉ាក់គេ​ខ្លះដែរ ឲ្យ​លេង​ទូរសព្ទ មើលទូរទស្សន៍”។

“វារពឹស​ហ្មង​ អត់មាន​ទំនេរសោះហ្មង។ ទំនេរតែពេលគេង​មួយទេ។ រពឹសខ្លាំង​ ហើយនៅ​ផ្ទះ​ចចេសខ្លាំង បោក​ប្រាស់​ស្អីៗ​ខ្ទេចខ្ទីអស់ហើយ។ សក់​យើង​អី​បោច​ខ្ទេចខ្ទីអស់ហើយ។ ថា​ពិបាក​ខ្លាំងហ្មង”។

“ពិបាក ដោយ​សារ​ខ្ញុំ​អត់​យល់​ពី​ជំងឺហ្នឹង។ ហើយ​ខ្ញុំ​ដើរសួរគេ​ទៅ​ គេថា អត់មាន​ផ្លូវ​អី​ព្យាបាល​បាន​ទេ មាន​តែ​យើង​ខ្លួន​ឯង​ជួយ​ ហើយ​នឹង​មក​មជ្ឍដ្ឋាន​ខាង​ក្រៅ គឺ​ថា​មក​ប្រាស្រ័យទាក់ទង​ជាមួយអ្នកដទៃ ពី​ព្រោះ​គាត់​អត់​ចេះ លេង​ចូល​ជាមួយ​គេ​ទេ ព្រោះ គាត់​អត់​ចូល​សង្គម​បាន ហើយ​បើ​គាត់​ចង់​បាន​អី​គាត់​យក​ហ្នឹង​ទាល់តែ​បាន”។

          ទាំង​នេះ​ គឺ​ជា​សំដី​របស់​អ្នកម្តាយ និង​ជីដូន ​ដែល​​មាន​កូន​និង​ចៅ​កើត​ជំងឺ​អូទីស៊ឹម។ ពួកគាត់​បាន​យក​កូន​និង​ចៅ​របស់​គាត់​មក​ទទួល​ការ​អប់រំ​នៅ​សាលា​អប់រំ​ពិសេស​នៃ​ការ​លូត​លាស់​ ដែល​ស្ថិត​នៅ​ក្នុង​ខណ្ឌ​មានជ័យ​​ រាជធានីភ្នំពេញ។  សាលា​នេះ ទទួល​កុមារ​ដែល​មាន​ជំងឺ​អូទីស៊ឹម ជា​ជំងឺ​មួ​យ​ដែល​ធ្វើ​ឲ្យ​កុមារ​ពិបាក​ក្នុងការ​និយាយ  មាន​អកប្បកិរិយា​ចម្លែក និង​គ្មាន​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ។ គ្រួសារ​ដែល​មាន​កុមារ​ប្រភេទ​នេះ គឺ​មាន​ការ​លំបាក​ជាខ្លាំង​ក្នុងការ​អប់រំ​និង​ណែនាំ​ពូកគេ។

          អ្នកស្រី​ឆេញ សុនី វ័យ​៦៥​ឆ្នាំ បាន​នាំ​ចៅ​របស់​គាត់​មក​ទទួល​ការអប់រំ​នៅ​សាលាអប់រំ​ពិសេស​នៃ​ការ​លូត​លាស់ បាន​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ហើយ។  អ្នកស្រី​បាន​ឲ្យ​ដឹងថា ចៅ​ប្រុសរបស់​គាត់​មាន​ជំងឺ​នេះ តាំង​ពី​អាយុ​២​ឆ្នាំ។ ហើយ​គាត់​និង​កូន​​បាន​យក​ទៅ​ផ្ញើ​នៅ​សាលា​ជា​ច្រើន​តែ​ខាង​សាលា​មិន​អាចទទួល​បាន។ អ្នកស្រី សុនី“ខ្ញុំ​ដើ​រ​ច្រើ​ន​សាលា​ហើយណា ដល់​មក​សាលានេះ​ទៅ​ដូចថា ពេញ​ចិត្ត​ណាស់។ គាត់​បង្រៀន​អីបាន​ចេះ ល្អច្រើន។ ចៅ​ខ្ញុំ​ឥឡូវ​គ្រាន់​បើ​ច្រើន ចេះ​ជាង​មុន។ ពីដើម​រពឹសណាស់”។

          មិន​សូវ​ខុស​ពី​អ្នកស្រី ឆេញ​ សុនី ​ទេ មាន​ម្តាយ​ជាច្រើន​ទៀត​ដែល​កំពុង​នៅ​ក្បែរ​របង​សាលា​ដើម្បី​រង់​ចាំ​មើល​កូននិង​ចៅ​របស់​ខ្លួន​ ទោះ​បី​ជាកុមារ​ទាំង​នោះ​​កំពុង​រៀន​ក្នុង​សាលាហើយ​ក៏​ដោយ។ ម្នាក់ៗ​បាន​អះ​អាង​ថា កូននិង​ចៅ​​របស់​គាត់​​ពេល​ដែល​ពួកគេ​ត្រូវ​ការ​ជំនួយគឺ​ពិបាក​គ្រប់​គ្រង​សូម្បីតែគ្រូបង្រៀន​ផ្ទាល់។ អ្នកស្រី​ខ្វាន់ ចាន់ដានីន បាន​និយាយ​ដូច្នេះ​ថា “ អត់​ទៅផ្ទះ​ផង។ ខ្ញុំនៅ​ចាំ ព្រោះ​ភាគ​ច្រើន ជួន​កាលទៅគាត់​ឈឺ​ ជួនកាលត្រូវការ​បញ្ចុកនំអីចឹងទៅ។ ពេលឥឡូវ​គាត់ទៅ​​រៀនថ្នាក់លើទៅ​ គាត់​ឡើង​ថ្នាក់ទៅ អត់ពិបាកទេ អាច​ញ៉ាំបាយ​បាន​ទៀតឥឡូវ។ ហើយពីមុន​ស្លៀក​ខោទឹកនោម​រហូត តែ​ឥឡូវ​ផ្តាច់បាន​ហើយ ស្រួល”។

          អ្នកស្រី​ហេង​ ចិត្រា​ អាយុ​៣៨​ឆ្នាំ​​ ដែលនៅក្បែរនោះបាន​ឲ្យ​ដឹងថា កូន​របស់​គាត់​ពីមុន​មក​មិន​ខ្លាច​អ្វីទាំងអស់ ព្រោះ​តែ​គាត់​មិន​យល់​ថា​អ្វីខ្លះ​មាន​គ្រោះ​ថ្នាក់ចំពោះ​ខ្លួន ប៉ុន្តែ​ក្រោយ​ពី​ទទួល​បាន​ការ​អប់រំនៅ​សាលា​ កូន​របស់គាត់​ស្គាល់​ពី​របៀប​នៃ​ទំនាក់ទំនង​និង​អ្វីដែល​អាច​ធ្វើ​បាប​ដល់​គាត់។

អ្នកស្រី ​ភោគ​ ម៉ានី អ្នកសម្រប​សម្រួល​សាលា​អប់រំ​ពិសេស​នៃ​ការ​លូត​លាស់​​បាន​មាន​ប្រសាសន៍ថា ទិស​ដោយ​សំខាន់​នៃ​ការ​បង្កើត​សាលានេះ គឺដើម្បី​ជួយ​សម្រួល​ដល់​ការ​អប់រំ​របស់ឪពុកម្តាយ​ដែលមាន​កូន​មាន​ជំងឺ​អូទីស៊ឹម។​ អ្នកស្រី ភោគ​ ម៉ានី “ដោយសារ​ផលវិបាក​នៃ​ឪពុកម្តាយ​ដែល​គាត់​មាន​កូន​អូទីស៊ឹម​ហ្នឹង​គឺ​យើង​អត់​អាច​បញ្ជូន​កូនទៅរៀន​នៅ​តាម​សាលា​ ទោះ​បី​សាលា​ឯកជន​ដែល​យើង​ត្រូវ​បង់​លុយ​គេ​ ទោះបី​សាលា​រដ្ឋ​ក៏​ដោយ​គឺ​គេ​អត់​ទទួល​ទេ។ អីចឹង​អ្វី​ដែល​យើង​បង្កើត​សាលា​នេះ ​គឺ​យើង​សង្ឃឹម​ថា ឲ្យ​ក្មេង​ដែលមាន​ពិការអូទីស៊ឹម​នេះ គាត់​មានការលូតលាស់ទាំង​ភាសា អាកប្បកិរិយា​ និង​សង្គម​ ដើម្បីទៅ​ថ្ងៃអនាគត​ គាត់​អាច​ចូល​រៀន​នៅ​សាលា​ឯក​ជន​ឬ​សាលា​រដ្ឋ បាន។ នេះ​ជា​គោលដៅ​ចម្បង​របស់​សាលានេះ”។

មកដល់ត្រង់នេះ អ្នកស្រី​ភោគ ម៉ានី បានឈប់បន្តិចហើយនិយាយថា គាត់​ក៏​ជា​ម្តាយ​ដែលមាន​កូន​អូទីស៊ឹម​នេះ​ដែរ ហើយ​កុមារ​អូទីស៊ឹម មាន​លក្ខណៈ​បី​ដែល​ប្លែក​ពីកុមារ​ដទៃ​ទៀតដែល​ត្រូ​វការ​អភិវឌ្ឍ គឺ​ភាសា អាកប្បកិរិយា និង​ទំនាក់ទំនង​សង្គម។ អ្នកស្រី​បាន​ពន្យល់ថា “តាម​ធម្មតា​ក្មេង​អូទីស៊ឹម គឺ​មាន​បី​ចំណុច​ដែល​ពួកគាត់​ត្រូវ​ការ​អភិវឌ្ឍ។ ទី១​គឺ​ភាសា។ យើង​ឃើញ​ថា នៅ​ពេល​គាត់​មាន​អាយុ​មួយ​ឆ្នាំ​គាត់​នៅ​មាន​ភាសា​ខ្លះៗ ពេល​ដល់​អាយុ​៣​ឆ្នាំគាត់​បាត់ភាសា​គាត់​ទៅវិញ។ ឪពុកម្តាយ​ដែលមាន​កូន​អូទីស៊ឹម គឺ​ប្រាកដ​ជា​ឆ្ងល់​ថា​ហេតុអីបាន​អីចឹង តែ​នេះ​ជាជំងឺហ្នឹង។ ទី២​គឺ​អាកប្បកិរិយា។ ក្មេង​អូទីស៊ឹម​ទាំង​៤០​នាក់​មាន​អាកប្បកិរិយា​ប្លែ​ទាំង៤០។  មាន​ក្មេង​ខ្លះ​យំ បោក​ក្បាល​នឹង​ជញ្ជាំង  មាន​ក្មេង​ខ្លះ​ដំខ្លួន​ឯង មាន​ក្មេង​ខ្លះ​ដើរ​លោត​ ដើរ​ចំទើត។ ហើយ​មួយ​ទៀត​គឺ​សង្គម​របស់​គាត់​ គឺ​គាត់​ចូល​ចិត្ត​លេង​តែ​ឯង​។ គាត់​ទៅ​កន្លែង​ណា​ គាត់​អត់​អាច​ចូល​ជាមួយ​គេ​បាន​ទេ។ គឺ​បី​ចំណុច​នេះ យើង​កត់​សម្គាល់​ថា​ក្មេងហ្នឹង​មាន​ជំងឺ​អូទីស៊ឹម​ហើយ”។

នៅ​ក្នុងការ​ស្រាវ​ជ្រាវ​របស់​សហរដ្ឋអាមេរិក​បាន​រក​ឃើញ​ថា ក្នុង​ប្រទេស​របស់ខ្លួន​នៅ​ក្នុង​ឆ្នាំ​២០១១-២០១៣ មាន​កុមារ​ម្នាក់​ក្នុង​ចំណោម​៨០នាក់​កើត​ជំងឺអូទីស៊ឹម។ ហើយ​ក្នុង​ឆ្នាំ​២០១៤ ទិន្នន័យ​ថ្មី​បាន​បង្ហាញ​ថា មាន​កុមារ​យ៉ាង​ហោច​ណាស់​ម្នាក់​ក្នុង​ចំណោម​៤៥​នាក់​ដែល​បាន​កើត​ជំងឺនេះ។ រីឯប្រទេស​កូរ៉េ​ខាង​ត្បូង​វិញ មាន​អត្រា​ម្នាក់​ក្នុង​ចំណោម​៣៨នាក់។ ចំណែក​នៅ​ក្នុង​ប្រទេស​កម្ពុជា​​មិន​ទាន់​មាន​ការ​សិក្សា​អំពី​​ចំនួន​នៃ​អ្នកកើត​ជំងឺ​នេះ​នៅ​ឡើយទេ។

ទោះ​បីជា​យ៉ាង​ណា​ក៏​ដោយ​ ជំងឺ​អូទីស៊ឹម​របស់កុមារ​នេះ​ មិន​ត្រូវ​បាន​បញ្ជាក់​ឲ្យ​ដឹង​ច្បាស់​ពី​មូល​ហេតុ​នៃ​ការ​កើត​ជំងឺនេះ​នៅ​ឡើយទេ គឺ​មាន​តែ​ការ​សន្និដ្ឋាន​មួយ​ចំនួន​ប៉ុណ្ណោះ ដែលរួមមាន​ទាំងកត្តាបរិស្ថាន កត្តា​ជីវសាស្រ្ត និងកត្តាតំណរពូជ  ដែល​ទាំងនេះ​ជា​កត្តា​បណ្តាល​ធ្វើឱ្យកុមារមានបញ្ហា។

​            សាលា​អប់រំ​ពិសេស​នៃ​ការ​លូត​លាស់ សព្វ​ថ្ងៃនេះមាន​គ្រូ​បង្រៀន​ចំនួន​១១នាក់​ ដែល​កំពុង​បង្រៀន​​កុមារ​ចំនួន​៤០នាក់ និង​អភិវឌ្ឍ​កុមារ​ទាំងនោះ​ឲ្យ​អាច​ចូល​ទៅ​ក្នុងសង្គម​បាន​ដូច​កុមារ​ដទៃទៀត។ សាលា​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៧ និង​មាន​ការគាំ​ទ្រ​ដោយ​ព្រះសហគមន៍​កាតូលិក​។

          កំពុង​អង្គុយ​បង្រៀន​សិស្ស​ឲ្យ​ចេះ​ផាត់ពណ៌​និង​តម្រៀប​រូប​ អ្នកគ្រូ​ ស៊ូ ភូណា ជា​គ្រូ​បន្ទុក​ថ្នាក់​កម្រិ​ត​ទី​១​បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​គាត់​មិន​ដឹង​ថា តើ​ត្រូវ​ធ្វើ​អ្វី​ខ្លះជាមួយ​កុមារទាំងនេះ​ទេ ព្រោះ​មិន​ធ្លាប់​បាន​ធ្វើ​ការងារ​ជាមួយ​ពួកគាត់។ ក្រោយ​មក​អ្នកចាត់​តាំង​សាលា​បាន​ផ្តល់​វគ្គ​បណ្តុះ​បណ្តាល​ដល់គាត់និង​គ្រូ​ឯទៀតៗ​ដើម្បី​ឈ្វេង​យល់​បន្ថែម​អំពី​កុមារ​អូទីស៊ឹមនេះ។ អ្នកគ្រូ​បាន​ឲ្យ​ដឹងថា “ពេល​យើង​ចាប់​ផ្តើម​ចូលបង្រៀន​យើង​រៀន​ពី​ពួកគាត់​ផង និង​ពី​មេរៀន​អ្នកគ្រូ​ផល្លា​ផង និង​ពី​គ្រូ​ហ្វីលីពីនមកបណ្តុះបណ្តាល​ រយៈពេល​មួយ​អាទិត្យ។ នៅ​ពេល​គាត់​មកបង្រៀន​ គាត់​ឲ្យ​យើង​អនុវត្ត​ជាមួយ​កូន​ក្មេង​ហ្នឹង។ យើង​ចង់​ថា​ យើង​ធ្វើ​ម៉េច​ដើម្បី​ឲ្យវា​បាន​ប្រសើរ​ល្អ ជាមួយ​ក្មេង​យើង​ អីចឹង​យើង ទៅ​មើល​យូធូប(Youtube) ផង មើល​សៀវភៅ​ផង យើង​រៀន​ពី​គ្រូ​បរទេស​ផង ពី​គ្រូ​ខ្មែរ​ផង​”។

          អ្នកគ្រូ​បាន​បន្ត​ទៀត​ថា ការ​បង្រៀន​កុមារ​អូទីស៊ឹម​នេះ ពិត​ជា​លំបាក ហើយ​ក្នុង​ចំណោម​កូន​សិស្ស​ម្នាក់ៗ ពួកគាត់​ជា​គ្រូ​បង្រៀន​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​អំពី​អាកប្បកិរិយា​របស់កុមារ​ និង​សិក្សា​អំពី​ពួកគេ​ថា​ពួកគាត់​​យ៉ាង​ម៉េចៗ បន្ទាប់​មកយើងជា​គ្រូ​ត្រូវ​ធ្វើ​ក្រដាស​ឲ្យគាត់ដើម្បី​ឲ្យ​គាត់​អាច​រៀន​សូត្រ​បាន ហើយ​ត្រូវ​មាន​កាលវិភាគ​សម្រាប់​គាត់​ម្នាក់ៗ។ អ្នកគ្រូ​ឲ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​កិច្ច​ការ​បង្រៀន​ យើង​ក៏​សូ​ម​ឲ្យ​ឪពុកម្តាយ​ចូលរួម​ជួយ​កុមារ​ទាំងនោះ​ដែរ ដើម្បី​យល់​អំពី​កូន​របស់ពួកគាត់​ថា​គេ​ចង់​បាន​អ្វី។

          សាលា​អប់រំពិសេស​នៃការ​លូតលាស់នេះ បង្រៀន​ពី​ថ្ងៃ​ចន្ទ ដល់​សុក្រ ចែក​ចេញ​ជា​​២​វេន​ក្នុងមួយ​ថ្ងៃ មាន​ព្រឹក​និង​រសៀល ដែលមាន​បី​កម្រិត​ដូច​សាលា​មេត្តេយ្យ​សិក្សា​របស់រដ្ឋ។ ក្នុងនោះ​ដែរ​សាលា​នេះ ក៏​មានបន្ទប់​កាយវិញ្ញាណ​សម្រាប់កុមារ​អាច​យល់​ដឹង​បន្ថែមរបៀប​នៃ​ការ​រស់នៅ ស្គាល់​របស់​របរ​ផ្សេងៗ​ដែល​ចាំបាច់​ក្នុងការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃផងដែរ។

          អ្នកស្រី​ម៉ានី​ ជាស្ថាបនិក​សាលានេះ​​​ បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​មាន​កុមារ​ជាច្រើន​ទៀត ស្ថិត​នៅ​ក្នុង​បញ្ជី​រង់​ចាំ​ទទួល​ការ​សិក្សា​ពី​សាលានេះ។ អ្នកស្រី ម៉ានី “ដូច្នេះ​ក្នុង​Waiting List (បញ្ជីរង់ចាំ)ដែល​ក្មេង​មក​រក​យើង​ មាន​ដល់​២៤នាក់ ដែល​យើង​មិន​ទាន់​អាច​ជួយ​ពួកគេ​បាន។ ក៏​ប៉ុន្តែ​យើង​និង​លោកបូជាចារ្យ អ្នក​ផ្តល់​យោ​បល់​ផ្សេងៗទៀត​ យើង​នឹង​មើល​ថា​តើ​២៤​នាក់ថ្មី តើ​យើង​នឹង​អាចជួយ​ពួកគេ​បាន​យ៉ាង​ម៉េច?​”។

          និយាយ​ពី​អនាគត​របស់​កុមារដែលមាន​ជំងឺ​អូទីស៊ឹម​នៅ​កម្ពុជា សម្រាប់​ឪពុកម្តាយ​ពួកគេ​​ ​ បាន​ត្រឹម​តែ​សង្ឃឹម​ថា កូន​ៗ​របស់​គាត់​គ្រាន់តែ​អាច​រស់នៅ​បាន​ដោយ​ខ្លួន​​ឯង​ និង​អាច​ជួយ​ខ្លួន​ឯង​បាន​ខ្លះ​ប៉ុណ្ណោះ។ ពួកគាត់​ម្នាក់ៗបាន​ពោល​យ៉ាង​ដូច្នេះ ៖

          អ្នកស្រី​ឆេញ សុនី ​“ដូច​ថា​ ចេះ​តែ​នឹក​ឃើញ​ថា មិន​ដឹង​ថា​យ៉ាងណាទេ ឥឡូវ​វា​ចេះ​អីចឹង​ អ៊ំដូច​សង្ឃឹម​ថា ធ្វើម៉េច​ក៏​គេ​ចេះ​ជួយ​ខ្លួ​ន​ឯង​បានឬ​ក៏​លើស​ហ្នឹង​ទៅ​ទៀត​។ ឥឡូវ​នេះ​ គេ​ចូល​ចិត្ត​ខាង​ទាត់​បាល់”។

          អ្នកស្រីខ្វាន់ ចាន់ដានីន​ ឲ្យ​ដឹងថា  “មិន​សង្ឃឹម​ថា​ គាត់​ចូលរៀន​បាន​ដល់​សកលដូចគេ​អត់ទេ! សង្ឃឹម​ថា​គាត់​អាច​ជួយ​ខ្លួន​ឯង​បាន គាត់​យល់ គាត់​ចង់​បាន​អ្វីមួយ គាត់នឹង​ប្រាប់​យើង​ថា​គាត់​ចង់​បាន​អី។ ខ្ញុំ​សង្ឃឹម​តែ​ប៉ុណ្ណឹង​បាន​ហើយ បើ​ថា​លើស​ហ្នឹង​ទៀត​មិន​អាច”។

ស្រដៀង​គ្នា​នេះដែរ ​អ្នកស្រី ហេង ចិត្រា បាន​និយាយថា​  “គ្រាន់​ថា​ពេល​ធំ​ឡើង​ យើងខ្ញុំ​ថា​គាត់​អាច​ជួយ​ខ្លួន​ឯង​បាន។ មិន​ដែល​បាន​ធ្វើការងារ​ធំដុំ​នឹង​គេ មិន​សង្ឃឹម​អីចឹងទេ។ គ្រាន់​ថា គាត់​អាច​រស់នៅ​ដោយ​ខ្លួន​ឯង ញ៉ាំ​បាយ​ខ្លួន​ឯង មើល​ខ្លួន​ឯង ងូត​ទឹក​ខ្លួន​ឯង​។ តែ​រាល់ថ្ងៃ​ សាលា​គេ​បង្រៀន​សរសេរ​អក្សរដែរ តែ​ខ្ញុំ​មើល​ទៅ​ក្មេង​ៗហ្នឹង​វិវដ្ត​ទៅ​ខុស​ពី​នៅ​តូច​ វាមិន​នៅ​ដដែល​ៗទេ”។

ផ្ទុយ​ពី​ការ​រំពឹង​គិត​របស់​ឪពុកម្តាយ​ខាង​លើ អ្នកសម្រប​សម្រួល​សាលា​អប់រំពិសេស​នៃ​ការ​លូត​លាស់​ អ្នកស្រីម៉ានី ​ហាក់​ដូចជា​មាន​សុទិដ្ឋិនិយម​ជាខ្លាំង​។​ គាត់​នៅ​តែ​មាន​ក្តី​សង្ឃឹម​ចំពោះ​អនាគត​របស់​កុមារ​អូទីស៊ឹម ព្រោះ​ប្រទេស​ជិត​ខាង​កម្ពុជា ដូចជា​ប្រទេស​ថៃ​ជាដើម បាន​ជ្រោម​ជ្រែង​លើ​ការ​អប់រំ​របស់​កុមារ​ទាំងនោះ ហើយពួកគេ​បាន​ទទួល​ជោគ​ជ័យ ដោយ​កុមារ​ខ្លះ​បាន​ទទួល​ការងារ​ធ្វើ​នៅ​ការិយាល័យ និង​បើ​កអាជីវកម្ម​ផ្ទាល់ខ្លួន។

អត្ថបទ​ដោយ កញ្ញា កែវ កញ្ញា

០៣ មីនា ២០១៨

ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញក្រោម​ការដឹកនាំ​និង​យកចិត្ត​ទុកដាក់​​ដោយ​លោក​អភិបាល​អូលីវីយេ​ រួមជាមួយ​គណៈកម្មការគ្រួសារ​ទាំង៤បាន​រៀបចំ​សិក្ខាសាលា​ស្តី​អំពី  “​អាពាហ៍ពិពាហ៍”​​ ដើម្បី​ជួយ​ឲ្យ​គ្រីស្ត​បរិស័ទ​និង​គណៈដឹកនាំព្រះសហគមន៍​យល់​កាន់​តែ​ច្បាស់​អំពី​អត្ថន័យ​នៃ​​អាពាហ៍ពិពាហ៍​តាម​របៀបព្រះសហគមន៍​កាតូលិក​ និងតាម​ប្រពៃណីខ្មែរ។

          អង្គសិក្ខាសាលានេះ​ បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​២ទី៣មីនា​ ២០១៨ដោយ​មាន​វាគ្មិន​មកពី​ក្រសួងធម្មការនិងសាសនាឯកឧត្តម​ សេងសុមុន្នីនិង​លោកអាចារ្យ​ អ៊ុកវាសនាព្រមទាំង​មាន​គ្រីស្ត​បរិស័ទ​មកពីព្រះសហគមន៍នានាក្នុង​ភូមិភាគ​ភ្នំពេញ​ រួមជាមួយ​តំណាង​គ្រីស្តបរិស័ទ​​នៃព្រះសហគមន៍​​​ភូមិភាគ​បាត់ដំបងនងកំពុង់ចាមចូលរួមផងដែរ។

          នៅក្នុង​កិច្ចស្វាគមន៍លោក​អភិបាល​អូលីវីយេបាន​មានប្រសាសន៍ស្វាគមន៍​​ទៅ​កាន់​សិក្ខាកាម​ទាំងអស់ថា ​​ក្រុម​គ្រួសារ​​​មិនគិត​ត្រឹមតែ​ប្តីប្រពន្ធដែលរៀបការហើយ​នោះទេ តែគិត​ចាប់ពី​​យុវជន យុវនារី​ដែល​​កំពុង​រិះគិត​អំពីអាពាហ៍ពិពាហ៍​ ហើយសម្រាប់អ្នកដែល​រៀបការរួច​គឺ​​គិតពីគ្រួសារ​ដែល​មាន​ទុក្ខលំបាក គ្រួសារ​ដែល​មានសេចក្តីសុខ គ្រួសារដែលមានបញ្ហា​ ហើយ​​ទៅ​ជា​ការិយាល័យមួយយ៉ាងធំដើម្បី​ថែរក្សាជីវិត​គ្រួសារ។ លោក​បន្តថា​ ជីវិត​គ្រួសារ​មាន​តាំងពី​កុមារ​​រហូតដល់ចាស់ជរា ជីវិត​ជាប្តីប្រពន្ធ​ ជីវិត​ក្នុងការលែងលះគ្នា រួមទាំងជីវិត​កុមារកំព្រាជាដើម​ ដែលទាក់ទងទៅនឹងគ្រួសារ។ លោកអភិបាលបញ្ជាក់ថាទោះបី​បិទឆ្នាំ​គ្រួសារក៏ដោយ​  ប៉ុន្តែ​​គណៈកម្មការគ្រួសារ​ត្រូវតែ​បន្តជានិច្ច ព្រោះគ្រួសារជាជីវិត​របស់​ព្រះសហគមន៍។

          លោកអភិបាល​បានបញ្ជាក់ទៀត​ថា នេះជាពេលវេលាមួយ​ដើម្បីទទួលព័ត៌មាន និង​ចំណេះ​ដឹងយ៉ាងច្បាស់​អំពីអត្ថន័យនៃ​​ប្រពៃណីដែល​យើងបានធ្វើ និងអត្ថន័យតាម​​ប្រពៃណី​ដែល​ព្រះសហគមន៍​បានបញ្ចូលទៅក្នុង​អគ្គសញ្ញានីមួយៗ។

          ក្នុង​ថ្ងៃដំបូងនេះដែរ លោក​បូជាចារ្យ តាវ៉ូឡា យ៉ាំងលូកា បាន​ពន្យល់​ដល់សិក្ខាកាម​អំពី​អត្ថន័យ​នៃអាពាហ៍ពិពាហ៍ និងប្រពៃណី​តាម​របៀបព្រះសហគមន៍​កាតូលិកផងដែរ។

          នៅថ្ងៃបន្ទាប់​​វាគ្មិន​ដែលជា ​លោកអាចារ្យ​ អ៊ុកវាសនា បាន​ពន្យល់​អំពី​អត្ថន័យ​នៃ​ពាក្យ​"អាពាហ៍​ពិពាហ៍”​​ និង​​ប្រវត្តិ​អាពាហ៍ពិពាហ៍​តាមទំនៀមទម្លាប់​​ប្រពៃណីខ្មែរ​ ព្រមទាំង​មាន​ការអនុវត្តជាក់ស្តែង​។ រីឯលោកឯកឧត្តម សេង សុមុន្នី ក៏បាន​អធិប្បាយ​អំពី​ច្បាប់នានា​នៅក្នុង​ប្រទេសកម្ពុជា​ ព្រមទាំងមាន​ការបកស្រាយនូវចម្ងល់ផ្សេងៗ​របស់សិក្ខាកាមផងដែរ។​

          លោកអភិបាលអូលីវីយេ នេះជាឱកាសមួយ​ដើម្បី​ឲ្យ​យើង​គិត និង​យល់​ថែមទៀត​អំពី​អាពាហ៍​ពិពាហ៍​តាម​ប្រពៃណី ជាពិសេស​សម្រាប់ព្រះសហគមន៍​កាតូលិក​ដែល​ចូលនៅ​ក្នុង​ជីវិត​នៃប្រជាជន​កម្ពុជា​។ លោកថា​អគ្គសញ្ញា​នៅក្នុង​គ្រីស្តសាសនាមិនសូវមាន​ច្រើនប៉ុន្មានទេ គឺ​មានតែ​ពាក្យ​សច្ចា​​រវាង​ប្តី​និង​ប្រពន្ធ​ដែល​ឯកភាពរស់នៅជាមួយ​គ្នា​អស់មួយ​ជីវិត​ និង​មាន​ព្រះពរ​ពី​ព្រះ​ជាម្ចាស់​​ រួមជាមួយ​សញ្ញានៃចិញ្ចៀន​ដែល​បង្ហាញថាភ្ជាប់​ដោយភក្តីភាព សេចក្តី​ស្រឡាញ់អស់មួយជីវិត​និងដោយព្រះជាម្ចាស់គង់នៅជាមួយអស់មួយជីវិត​តែប៉ុណ្ណោះ។​ លោក​បន្ថែមថា នៅពេល​យើង​ធ្វើ​អគ្គសញ្ញាអាពាហ៍ពីពាហ៍នៅទីនេះ​យើង​បញ្ចូល​តាម​ប្រពៃណី​ខ្មែរផង​ដែរ ដោយមាន​បង្វិលពពិល មានចងដៃ មានបាចផ្កា មានដាវ មាន​ទេវតា​ចុះមកកាត់សក់ មានលាងជើង និង​សញ្ញាផ្សេងៗ​យ៉ាងច្រើនទៀតផងដែរ។

          លោកបូជាចារ្យ តាវ៉ូឡា យ៉ាំងលូកា បាន​មានប្រសាសន៍​ថា​ សិក្ខាសាលានេះ​ពិតជាមាន​​អត្ថន័យ និង​អត្ថប្រយោជន៍​សម្រាប់​គ្រីស្ត​បរិស័ទ ក៏ដូចជា​បូជាចារ្យ​ផងដែរ ដើម្បី​យល់ពី​អត្ថន័យ និង​ប្រៃណីអាពាហ៍ពិពាហ៍​ជាមួយ​គ្រីស្ត​សាសនា និងតាមជំនឿ​របស់​យើងជាគ្រីស្ត​បរិស័ទ​។ លោក​បន្ថែមថា​ មុនពេល​រៀបអាពាហ៍ពិពាហ៍ជា​អគ្គសញ្ញាមួយ ហើយ​អគ្គ​សញ្ញា​នោះតាមទេវវិទ្យា និងតាមជំនឿរបស់យើង​គឺ មានអត្ថន័យយ៉ាងជ្រៅ​ក្នុង​ជីវិត​របស់គូស្រករ ហើយ​​សិក្ខាសាលានេះ ​សង្ឃឹមថាបានជួយបញ្ជាក់នូវអត្ថន័យ​នៃអាពាហ៍ពិពាហ៍ដែល​ព្រះ​ជាម្ចាស់ គឺព្រះយេស៊ូ​ចូលរួមជាមួយ​យើង​នៅក្នុង​អាពាហ៍ពិពាហ៍​ ក្នុងជីវិត​ប្តីប្រពន្ធ និងកូន​ ព្រោះថា​​គ្រីស្ត​បរិស័ទ​អត់មានច្បាប់លែងលះគ្នាទេហើយនេះជា​ឧទាហរណ៍​ ដូច្នេះ​ត្រូវរៀបចំ​ខ្លួនមុននឹង​​ចូល​ពិធីអាពាហ៍ពិពាហ៍។ លោកថា​នៅក្នុង​ព្រះសហគមន៍​មានច្បាប់ជាច្រើន​ដែល​ចេញពីអត្ថន័យ​នៃ​អាពាហ៍ពិពាហ៍​នេះ។​

          គួរបញ្ជាក់ផងដែរថា នេះ​ជាលើកដំបូង​ហើយ​ដែលព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​បាន​រៀបចំ​សិក្ខាសាលា​ នៅក្នុងឆ្នាំ​គ្រួសាដែលមានរយៈពេលបីឆ្នាំ​ (២០១៧ដល់​២០២០) ​ដើម្បី​រិះគិត​អំពីក្រុមគ្រួសារ​ ដោយ​យកចិត្ត​ទុកដាក់​គិត​ពិចារណាអំពី​ជីវិត​នៃគ្រួសារ​​។​  ព្រះសហគមន៍​ភូមិភាគភ្នំពេញ​ក៏​បាន​​បង្កើត​ឲ្យ​មាន​គណៈកម្មការ​នៅ​ក្នុង​​​​ឆ្នាំ​​​គ្រួសារនេះ​មាន​បួន​គឺ គណៈកម្មការទីមួយ​ដែល​បាន​​រៀបចំ​សិក្ខា​សាលានេះ គណៈកម្មការ​ទីពរ​​​សម្រាប់​យុវជន​ដើម្បី​រិះគិតពីជីវិត​ជាក្រុមគ្រួ​សារ គណៈ​​​​កម្មការ​ទីបី​គឺ​សម្រាប់​អគ្គសញ្ញាអាពាហ៍ពីពាហ៍ និង​គណៈកម្មការ​ទីបួនដែល​​សំខាន់​បំផុត​​​​​​​​​ហើយ​នឹង​បង្កើតជាការិយាល័យមួយ​ទៀតគឺ​​ សម្រាប់​ថែរក្សា​​ក្រុមគ្រួសារ។ លើពីនេះ​ទៀត​ព្រះសហគមន៍ក៏​​លើកទឹកចិតកត​ឲ្យ​គ្រីស្ត​បរិស័ទ​អធិដ្ឋាន​តាមរយៈ​ក្រុមគ្រួសារដ៏វិសុទ្ធ​ផងដែរ។​

២៥ កុម្ភៈ ២០១៨

          បេក្ខជនបេក្ខនារីចំនួន៤៩នាក់ អញ្ជើញមកពីព្រះសហគមន៍នានា ក្នុងព្រះសហគមន៍កាតូលិក​ភូមិភាគបាត់ដំបង បានទទួលការត្រាស់ហៅយ៉ាងឱឡារិក (ជំហានទី២) ពីលោកអេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍ព្រះសហគមន៍ភូមិភាគបាត់ដំបង។ ពិធីបានប្រារព្ធកាលពីព្រឹកថ្ងៃអាទិត្យ ទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនៅព្រះវិហារ ព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ ក្រុងបាត់ដំបង ដោយមានការចូលរួមពីលោកបូជាចារ្យ គ្រីស្តបរិស័ទយ៉ាងច្រើនកុះករ។

          មានប្រសាសន៍ក្នុងធម្មទេសនា លោកតូតែត បានេណាល់ តំណាងពេញសិទ្ធិរបស់លោកអភិបាល​ព្រះសហគមន៍ភូមិភាគបាត់ដំបង និងជាបូជាចារ្យទទួលខុសត្រូវនៅទឹកដីអង្គរ ខេត្តសៀមរាបបាន​មានប្រសាសន៍ថា ​នៅថ្ងៃនេះយើងជួបជុំគ្នា ដើម្បីស្វាគមន៍និងលើកទឹកចិត្តដល់បងប្អូន ជាមនុស្សពេញវ័យ ដែលហៀបទទួលពិធីជ្រមុជទឹកនៅក្នុងឱកាសបុណ្យចម្លងខាងមុខនៅក្នុងព្រះសហគមន៍របស់យើង ។

          លោកបន្តថា សម្រាប់យើងម្នាក់ៗ ដែលជាអ្នកដើរតាមព្រះយេស៊ូ នៅក្នុងរដូវ៤០ថ្ងៃនេះ ត្រូវយកចិត្តទុកដាក់ស្តាប់ព្រះបន្ទូលព្រះជាម្ចាស់ ដោយអនុវត្តតាមព្រះបន្ទូលរបស់ព្រះអង្គ ។  ព្រះជាម្ចាស់ ព្រះអង្គមិនត្រូវការសំភារៈអ្វីទេ សម្រាប់យើងយកមកថ្វាយព្រះអង្គ គឺត្រូវការដង្វាយ ដែលជាចិត្តបរិសុទ្ធរបស់យើងម្នាក់ៗ ថ្វាយទៅព្រះអង្គ។  លោកថា លោកអភិបាលបានណែនាំបងប្អូន សូមឱ្យស្តាប់ព្រះបន្ទូលរបស់ព្រះយេស៊ូ ដោយទំនាក់ទំនងផ្ទាល់ជាមួយព្រះអង្គយ៉ាងជិតស្និទ ដោយមានចិត្តដ៏បរិសុទ្ធ មិនត្រឹមតែជាការលំអរខាងក្រៅនោះទេ  ប៉ុន្តែសូមរៀបចំចិត្តឱ្យបានបរិសុទ្ធវិញ។

          ក្នុងពេលនោះដែរលោកក៏មានប្រសាសន៍ទៅកាន់បងប្អូនជាបេក្ខជន បេក្ខនារី ដែលទទួលការត្រាស់ហៅយ៉ាង​ឱឡារិកពីលោកអភិបាលព្រះសហគមន៍ គឺលោកអភិបាលត្រាស់ហៅតាមឈ្មោះបងប្អូនផ្ទាល់ម្នាក់ៗ។ លោកថានេះគឺមិនមែនលោកអភិបាលនោះទេ​គឺព្រះអង្គផ្ទាល់ជាអ្នក ត្រាស់ហៅបងប្អូនឲ្យបានទៅជា សាវ័ករបស់ព្រះយេស៊ូ ទៅជាបុត្រធីតារបស់ព្រះអង្គ។

ត្រាស់ហៅឲ្យចូលរួមក្នុងព្រះកាយតែមួយ ព្រមទាំងឱ្យបងប្អូន​ចូលរួមជាមួយសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ តាមឈ្មោះម្នាក់ផ្ទាល់។  ហេតុនេះត្រូវស្តាប់ព្រះបន្ទូលរបស់ព្រះអង្គ និអនុវត្តន៍តាមព្រះបន្ទូលរបស់ព្រះអង្គ។

          អង្គុយលើរទេះជនពិការ​ បេក្ខនារីទទួលជំហានទី២​ កញ្ញាឃុត វន្នី ​បានឱ្យដឹងថា កញ្ញាសុខចិត្តទទួលការអប់រំជំនឿតាមព្រះសហគមន៍កាតូលិក និងដើរតាមព្រះយេស៊ូគ្រីស្ត ក៏ព្រោះតែការស្រឡាញ់ និងជាការពេញចិត្តដោយខ្លូនឯង ហើយទៅថ្ងៃខាងមុខកញ្ញា និងថែរក្សាជំនឿរបស់ខ្លួន ដែលជាគ្រីស្តបរិស័ទម្នាក់ដ៏ល្អម្នាក់ និងហ៊ានប្រកាសថា ខ្លួនជាគ្រីស្តបរិស័ទនៅចំពោះមុខអ្នកឯទៀតៗ ។

          បេក្ខជនទទួលជំហានទី២ម្នាក់ទៀត មកពីព្រះសហគមន៍សន្តហ្វ្រង់ស្វ័រសាវីយេ ស្វាយស៊ីសុផុន ប្អូនប្រុស សុខ ពិសិដ្ឋ អាយុ១៦ ឆ្នាំ បានឱ្យដឹងថា គ្រប់ពេលលោកបូជាចារ្យថ្វាយអភិបូជា និងអត្ថាធិប្បាយព្រះគម្ពីរ ជួយឱ្យប្អូនជាប់ចិត្ត​​​និងព្រះបន្ទូលព្រះជាម្ចាស់ សម្រាប់ណែនាំជីវិតរបស់ប្អូន ក្នុងការដើរតាម​ព្រះយេស៊ូនាពេលនេះ ។

          សៀ សៀក ជាគ្រូអប់រំជំនឿ នៃព្រះសហគមន៍តាហែន បានចាប់អារម្មណ៍ថា នាងមានអំណរសប្បាយ ដែលបានឃើញផលផ្លែរបស់ព្រះសហគមន៍។   ខណៈព្រះសហគមន៍តាហែនមានបងប្អូនចំនួន៦ នាក់ បានទទួលជំហានទី២នៅថ្ងៃនេះ ហើយនិងត្រូវទទួលអគ្គសញ្ញាជ្រមុជទឹកក្នុងឱកាសបុណ្យចម្លងខាងមុខ ។

អ្នកគ្រូ សៀកបន្តថា អ្វីៗដែលយើងបានទទួលនៅថ្ងៃនេះ ​គឺបានបង្ហាញថា ព្រះសហគមន៍​ពិតជាមានជីវិតដ៏រស់រវើក ។

          ចំណែកលោកវេត រស្មី គ្រូអប់ជំនឿ ពីតាហែនដែរនោះ បាននិយាយទាំងអំណរថា “មានអំណរណាស់ ដោយមានបងប្អូន៦នាក់បានទទួល បន្តជំនឿពីខ្ញុំ។ ខ្ញុំនឹងរួមដំណើរជាមួយគាត់បន្តទៀត ដើម្បីជួយឲ្យគាត់រីកចម្រើនក្នុងជំនឿ និងជួយឲ្យព្រះសហគមន៍រីកចម្រើនផងដែរ”។

          លោកអភិបាល អែនរីគេ ហ្វីការេដូ​ ក្នុងនាមអភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបងលោកមានសេចក្តីរីករាយណាស់។ លោកថា រីករាយដោយសារបងប្អូនចេះស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចេះប្រែចិត្តគំនិត ចេះអធិដ្ឋាន និងមានចិត្តចង់ដើរតាមព្រះយេស៊ូ។ ម្យ៉ាងទៀតគ្រូអប់រំជំនឿក៏ជាកម្លាំងសម្រាប់លោកដែរ គឺគេចែករំលែកពេលវេលា ជីវិត​ ជំនឿ និងអ្វីៗដែលមានក្នុងដួងចិត្ត ពេលនេះមានលទ្ធផលហើយ។ ជាងនេះទៅទៀតគឺ អំណរសប្បាយដោយសារព្រះសហគមន៍ជាប់ជាមួយបងប្អូនក្នុងភូមិ​ មានតែអំណរមកពីព្រះជាម្ចាស់។ ព្រះសហគមន៍សហគមន៍មានព្រះពរពិសេសមកពីព្រះជាម្ចាស់។ បងប្អូនមានចិត្តតែមួយ និងធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។

          នៅក្នុងឱកាសរាត្រីបុណ្យចម្លងខាងមុខនេះ​ មានបងប្អូនជាមនុស្សពេញវ័យរៀបចំខ្លួនទទួល​ពិធីជ្រមុជទឹកនៅតាមព្រះសហគមន៍កាតូលិកក្នុងភូមិភាគទាំងបី មានចំនួនប្រមាណជា១៥២នាក់ ក្នុងនោះព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញមានចំនួន៦៧នាក់ ភូមិភាគបាត់ដំបង មានចំនួន៤៩ នាក់ និងភូមិភាគកំពង់ចាមមានចំនួន៣៦ នាក់ ។

១៨ កុម្ភៈ ២០១៨

បេក្ខជន បេក្ខនារី៥៦នាក់ ដែលមកពីមណ្ឌលសកម្មភាព កំពត កំពង់សោម ភ្នំពេញខាងជើង ភ្នំពេញខាងត្បូង មណ្ឌលសកម្មភាពតាខ្មៅ​ និងមណ្ឌលសកម្មភាពភ្នំពេញថ្មី នៃភូមិភាគភ្នំពេញ បានទទួលការត្រាស់ហៅយ៉ាងឱឡារិក (ជំហ៊ានទីពីរ) ពីលោកអូលីវីយេ ជ្មីតអីស្ល៊ែរ ដើម្បីទទួលអគ្គសញ្ញាជ្រមុជទឹកនៅរាត្រីបុណ្យចម្លងខាងមុខ។

            កម្មវិធីនេះធ្វើឡើងកាលពីថ្ងៃទី១៨ កុម្ភៈ ២០១៨ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល នៃមណ្ឌលសម្មភាពភ្នំពេញថ្មី ដោយមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ។

            អ្នកស្រី ភោគ ម៉ានី តំណាងក្រុមគ្រូអប់រំជំនឿ បានស្នើសុំ និងបង្ហាញជូនលោកអភិបាលនូវអស់អ្នកដែលលោកត្រូវត្រាស់ហៅ ដោយថ្លែងថា បេក្ខជនទាំងនេះបានផ្ញើជីវិតលើព្រះហឫទ័យមេត្តាករុណាព្រះជាម្ចាស់។ សហគមន៍គ្រីស្តបរិស័ទគាំទ្រពួកគាត់ដោយ​ពាក្យអធិដ្ឋានរបស់ខ្លួន និងដាស់តឿនពួកគេឲ្យខិតខំរស់នៅតាមដំណឹងល្អ។ អ្នកស្រីម៉ានី បន្ថែមថា បេក្ខជនទាំងនេះសូមឲ្យលោកអភិបាល ទទួលពួកគាត់ក្នុងចំណោមអស់អ្នកដែលទទួលអគ្គសញ្ញាជ្រមុជទឹក អគ្គសញ្ញាលាបថ្ងាស និងអគ្គសញ្ញាអរព្រះគុណព្រះជាម្ចាស់នៅថ្ងៃបុណ្យចម្លងខាងមុខនេះ។ តំណាងគ្រូអប់រំជំនឿរូបនេះបញ្ជាក់ទៀតថា “យើងយល់ឃើញថា ពួកគាត់មានជំនឿល្មមឲ្យលោកត្រាស់ហៅគាត់មែន”។

            បន្ទាប់ពីបានស្តាប់ពាក្យ ស្នើសុំ និងការអះអាងរបស់អតំណាងគ្រូអប់រំជំនឿរួចមក លោកអភិបាល បានសួរបញ្ជាក់ទៅកាន់ក្រុមបងធម៌ គ្រូអប់រំជំនឿ និងបូជាចារ្យ ហើយពួកគាត់បានបង្ហាញអំពីសក្ខីភាពនៃជំនឿរបស់បេក្ខជនទាំងអស់។

            ក្រោយមកលោកអភិបាលបានសួរបញ្ជាក់បន្ថែមទៅកាន់បងប្អូនជាំបេក្ខជន បេក្ខនារីដែលត្រូវទទួលការត្រាស់ហៅ ឲ្យប្រកាស​អំពីបំណងរបស់ខ្លួននៅចំពោះមុខព្រះសហគមន៍។ បេក្ខជនទាំង៥៦នាក់បានប្រកាសថា “ ពិតជាចង់រួមក្នុងព្រះកាយ​ព្រះគ្រីស្តដោយទទួលអគ្គសញ្ញា ជ្រមុជទឹក អគ្គសញ្ញាលាបថ្ងាស និងអគ្គសញ្ញាអរព្រះគុណព្រះជាម្ចាស់ពិតមែន”។

            បន្ទាប់មក លោកអភិបាលបានត្រាស់ហៅបងប្អូន បេក្ខជន បេក្ខនារីតាមមណ្ឌលសកម្មភាពព្រះសហគមន៍នីមួយៗ ដើម្បីចុះឈ្មោះក្នុងបញ្ជី រួមជាមួយបងធម៌។ ក្រោយមកលោកអភិបាលលាបប្រេងក្នុងដៃបេក្ខជន បេក្ខនារីទាំងអស់ និងបំពាក់កន្សែងពណ៌ស្វាយ ដែលជាសញ្ញាថាបងប្អូនបានត្រៀមខ្លួន និងកែប្រែចិត្តគំនិតដើម្បីទទួលអគ្គសញ្ញាជ្រមុជទឹកនារាត្រីបុណ្យចម្លងខាងមុខ។

            លោកអភិបាលបានប្រកាសទទួលបេក្ខជនទាំងនោះ គ្រីស្តបរិស័ទទាំងអស់បានទះដៃអបអរសាទរ ស្វាគមន៍បងប្អូនដែលទើបតែទទួលពិធីត្រាស់ហៅជាឱឡារិក(ជំហ៊ានទីពីរ)។

            លោកអភិបាលអូលីវីយេបានមានប្រសាសន៍មកកាន់អ្នកយកព័ត៌មានយើងថា៖ ថ្ងៃនេះជាថ្ងៃមួយយ៉ាងពិសេស​សម្រាប់ពិភពលោកទាំងមូល ដោយសារថ្ងៃទីមួយនៃរដូវ៤០ថ្ងៃ លោកអភិបាលក្នុងនាមព្រះសហគមន៍ត្រាស់ហៅបេក្ខជន​ឲ្យទទួលពិធីជ្រមុជទឹក​នៅក្នុងថ្ងៃបុណ្យចម្លង ដែលមានន័យថាទទួលជីវិតថ្មីរួមជាមួយព្រះយេស៊ូ។ លោកបន្តថាថ្ងៃនេះភូមិភាគភ្នំពេញ​បានត្រាស់ហៅ៥៦នាក់ និងកាលពីពីរថ្ងៃមុនបានត្រាស់ហៅបេក្ខជន២០នាក់នៅមណ្ឌលសកម្មភាពទន្លេបាសាក់ផងដែរ។

            លោកបញ្ជាក់ថាទាំងអស់នេះណែនាំឲ្យព្រះសហគមន៍មានជីវិត ដោយសារព្រះសហគមន៍បានប្រកាសដំណឹងល្អ និងណែនាំឲ្យបងប្អូនខ្លះៗស្គាល់ ទទួលជីវិតថ្មី និងធ្វើដំណើរជាមួយព្រះយេស៊ូអស់មួយជីវិត។ លោកក៏បានផ្តាំផ្ញើទៅកាន់គ្រីស្តបរិស័ទ លោកបូជាចារ្យ និងបងធម៌ទាំងអស់ ត្រូវតែអធិដ្ឋានក្នុងអំណរសប្បាយដើម្បីបេក្ខជនដែលរៀបចំខ្លួនទទួលពិធីជ្រមុជទឹក ចេះតស៊ូ និងត្រៀមចិត្តគំនិតភ្ជាប់ជាមួយព្រះយេស៊ូពិតប្រាកដ ព្រមទាំងអាចនាំដំណឹងល្អទៅដល់អស់បងប្អូនឯទៀតឲ្យមានក្តីសង្ឃឹម។

            ជាងនេះទៅទៀតលោកបានផ្តាំផ្ញើជាពិសេសដល់គ្រីស្តបរិស័ទនៃព្រះសហគមន៍ភូមិភាគភ្នំពេញទាំងមូលឲ្យយកចិត្តទុកដាក់តមអាហារ ចែករំលែកសេចក្តីស្រឡាញ់ ពេលវេលា និងទ្រព្យសម្បត្តិដល់អស់អ្នកតូចតាច។

លោកអូលីវីយេបន្ថែមថា ជាពិសេសក្នុងឆ្នាំគ្រួសារ សូមអធិដ្ឋាន លើកទឹកចិត្ត យកចិត្តទុកដាក់លើគ្រួសារដែលមានទុក្ខលំបាកផងដែរ។

            បេក្ខជន ជុំ គឿន ជាជនពិការ ដែលរស់នៅក្នុងមណ្ឌលជនពិការបន្ទាយព្រាបបានឲ្យដឹងថា៖ “ដោយហេតុបានឃើញ​គ្រីស្តបរិស័ទ​​ចេះស្រឡាញ់គ្នា ចេះចែករំលែកបទពិសោធន៍នៃជីវិតពិតៗឲ្យគ្នា​ ធ្វើឲ្យខ្ញុំពេញចិត្តហើយស្រឡាញ់ព្រះសហគមន៍ និងស្រឡាញ់ព្រះយេស៊ូ ទើបសម្រេចចិត្តចូលមកព្រះសហគមន៍​កាតូលិកដើម្បីធ្វើជាគ្រីស្តបរិស័ទ”។

            ព្រះសហគន៍កាតូលិកភូមិភាគភ្នំពេញ បានត្រាស់ហៅបងប្អូនចំនួន ៧៦ នាក់ដើម្បីចុះឈ្មោះក្នុងបញ្ជីព្រះសហគមន៍ ត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹកក្នុងឳកាសបុណ្យចម្លងខាងមុខ។ ក្នុងរយៈពេល៤០ថ្ងៃមុនបុណ្យចម្លងនេះបងប្អូននឹងទទួល​ពិធីផ្សេងតាមក្បួនអប់រំជំនឿរបស់ព្រះសហគមន៍កាតូលិក ដូចជាពិធីទទួលធម៌ជឿ ធម៌ឳព្រះបិតា ពិធីជំរះចិត្តគំនិត និងបណ្តេញមារ។​ល។

 ដោយដាលីស

១៦ កុម្ភៈ ២០១៨

ស្គធំ និងឆាប់ បានប្រគំយ៉ាងរំពងតាមទម្រង់វង់ភ្លេងម៉ុងសាយចិន វៀតណាម នៅពេលវត្តមានរបស់លោកអភិបាល អូលីវីយេ បានឈានជើងដល់ក្លោងទ្វារភូមិ​គ្រីស្តបរិស័ទ​នៅចំប៉ា ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៨។ លោកបូជាចារ្យ​ទទួលខុសត្រូវ និង​គ្រីស្តបរិស័ទជាច្រើននាក់ ដែលរងចាំជាស្រេចហើយនះ បានមកទទួល​ស្វាគមន៍​​​លោកអភិបាល​ដោយអំណរសប្បាយ និងឱឡារិក ហើយបន្តដំណើរមកកាន់​ព្រះវិហារ​សន្តហ្វ្រង់ស្វ័រសាវីយ៉េ ដោយមានក្រុងម៉ុងសាយនាំមុខ។

          ក្នុងពេលធ្វើដំណើរតាមដងផ្លូវចូលនោះលោកអភិបាលបានប្រទានពរដល់បងប្អូនចំនួន ដែលមានផ្ទះតាមដងផ្លូវ ហើយមានគ្រីស្តបរិស័ទជាច្រើនក៏សម្រុកចូល​មកទទួលព្រះពរ​ផងដែរ។ ក្បួនហែរបន្តរហូតដល់ព្រះវិហារ ដែលមានគ្រីស្តជាច្រើនកំពុងរងចាំដែរនោះ បានទះដៃ​ស្វាគមន៍គណៈអធិបតីយ៉ាងកងរំពង។

         នៅមុខព្រះវិហារមានតុបតែងយ៉ាងស្អាត និងមានពាក្យស្លោក សួស្តីឆ្នាំថ្មី​ដែលសរសេរជាភាសារកំណើត​របស់គេ ចំណែកនៅខាងក្នុងក៏មានតុបតែងផ្កាផ្ញីស្រស់បំព្រង ដែលបង្ហាញថា ជាបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន វៀតណាម។

ព្រះសហគមន៍​កាតូលិក​ចំប៉ា​ ប្រារព្ធ​ពិធី​​អភិបូជាអបអរសាទរឆ្នាំថ្មី ដើម្បី​អរព្រះគុណព្រះជាម្ចាស់សម្រាប់ឆ្នាំ​ចាស់កន្លងទៅ​និង​ទូល​អង្វរ​សុំ​សេចក្តីសុខសាន្ត​សម្រាប់ឆ្នាំថ្មី​។

          មុនចាប់ផ្តើមពិធីបុណ្យ​អភិបូជាក្រុម​កុមារ​នៃព្រះសហគមន៍​ចំប៉ាបាន​រាំរបាំ​ដើម្បី​អរព្រះគុណ​ព្រះជាម្ចាស់​ដែលបាន​ថែរក្សា​ការពារ​​។

          ​ក្នុង​ឱកាសនេះដែរ ពេលធម្មទេសនា​ លោក​អភិបាល អូលីវិយេដែលជាអធិបតីបាន​​​បង្ហាញ​អំពីចំណាប់អារម្មណ៍​ចំពោះ​អត្ថន័យ​នៃ​របាំ​ និងបានបង្ហាញភាពរីករាយរួមជាមួយបងប្អូន។ លោកថាថ្ងៃនេះ យើងជូនពរ គ្នារទៅវិញទៅមក សូមឲ្យមានសេចក្តីសុខ សូមឲ្យគ្រួសារនីមួយៗ​បានប្រកបដោយ សុភមង្គល និងសេចក្តីសុខសាន្ត។​​

            លោកអភិបាលអូលីវីយេ ក៏មានប្រសាសន៍ទៅកាន់បងប្អូនគ្រីស្ត បរិស័ទទាំងអស់ នៅក្នុងឆ្នាំថ្មីនេះ សូមឲ្យយកគំរូតាម របៀបរស់នៅនៃគ្រួសារដ៏វិសុទ្ធ។ គឺត្រូវ ​គោរពព្រះយេស៊ូ​ដែលនៅលើ​ឈើឆ្កាងជាគំរូ គោរពព្រះនាងម៉ារី ជាគំរូ និងគោរព​សន្ត​យ៉ូសែបជាគំរូ។

​​លោក​បន្ត ​ថា​ គ្រីស្ត​បរិស័ទត្រូវ​គោរពព្រះយេស៊ូ​នៅលើ​ឈើឆ្កាង​ជាគំរូ​​ ដែលព្រះអង្គ​បាន​លះបង់​ចោល​អ្វី​ៗ​ទាំង​អស់​ព្រោះតែ​សេចក្តីស្រឡាញ់​ដ៏ពិតប្រាកដ ដោយបូជាព្រះជន្មផ្ទាល់របស់ព្រះអង្គ ដើម្បី​ឲ្យ​យើង​មានជីវិត​ មានសេចក្តីសង្ឃឹម មានមាន​កម្លាំង​​​ និង​សេចក្តីស្រឡាញ់ ដោយស្រឡាញ់គ្នាទៅវិញទៅមក។ គឺមិនគ្រាន់តែ​ស្រឡាញ់ មនុស្សដែល​យើង​មាននិស្ស័យ​ តែ​ត្រូវ​ស្រឡាញ់​ខ្មាំង​សត្រូវ​​ មនុស្សដែលយើងស្អប់ ត្រូវលើកលែងទោសឲ្យគេផង ដូចព្រះយេស៊ូ​ សូម​ព្រះបិតា​​លើកលែងទោស​ដល់​សត្រូវ​​ដែល​សម្លាប់ព្រះអង្គផងដែរ។​

            ចំពោះការគោរពព្រះនាងម៉ារីជាគំរូ លោកអភិបាលបញ្ជាក់ថា៖ ​ព្រះនាងម៉ារី គឺជាគ្រីស្តទូតដំបូង និងជាមាតារបស់យើងទាំងអស់គ្នា។ ព្រះនាងបាន​ស្រឡាញ់​ព្រះយេស៊ូជានិច្ច ​តាមរបៀប​ស្លូតបូត ដាក់ខ្លួនបម្រើ និងស្តាប់។ ព្រះនាងប្រាប់ឲ្យយើងកូនចៅ សូមស្តាប់ព្រះយេស៊ូទៅក្នុងឆ្នាំនេះ​។

 ជាចុងក្រោយលោករំឭកថា យើងត្រូវគោរព​សន្ត​យ៉ូសែបជាគំរូ​ព្រោះ ព្រះជាម្ចាស់បានជ្រើសរើសលោក ជាឲ្យធ្វើជាឪពុករបស់ព្រះយេស៊ូក្នុងលោកនេះ លោកស្រឡាញ់រក្សាការពារ គ្រួសារ កូន និងប្រពន្ធយ៉ាងល្អបំផុតឲ្យរស់នៅក្នុងសេចក្តីសុខសាន្តយ៉ាងបរិបូរណ៍។ លោកបញ្ជាក់ថា ហេតុនេះបុរសជាប្តី ជាឪពុកទាំងអស់ ត្រូវយកចិត្តទុកដាក់​ជាមួយ​ប្រពន្ធកូន​ និងគ្រួសារតាមគំរូរបស់សន្តយ៉ូសែប​ ដើម្បី​ឲ្យ​គ្រួសារ​មាន​ភាពរីកចម្រើន និងសុភមង្គល។

ដោយសារពិធីបុណ្យចូលឆ្នាំថ្មីនេះត្រូវក្នុងរដូវអប់រំពិសេស ហើយឆ្នាំនេះជាឆ្នាំគ្រួសារ​តាមគម្រោងការរបស់ព្រះសហគមន៍ផង លោកអភិបាលព្រះសហគមន៍​កាតូលិកភូមិភាគភ្នំពេញ ក៏បានណែនាំឲ្យគ្រួសារគ្រីស្ត​បរិស័ទនីមួយៗយកចិត្តទុកដាក់រួមគ្នា​ក្នុងគ្រួសារ​​  អធិដ្ឋាន អានព្រះបន្ទូល និងរិះគិតស្មឹងស្មាធ ដើម្បីទទួលបានអត្ថន័យ​ព្រះបន្ទូលដំណឹងល្អ។ លោកថាគ្រួសារពិតណាស់តែងជួប ការលំបាក ឧបសគ្គនានា​ និងបញ្ហាផ្សេងៗ។ ប៉ុន្តែយើងជឿលើគ្រួសារដ៏វិសុទ្ធ យកគំរូតាមគ្រួសារដ៏វិសុទ្ធ យើងទទួលកម្លាំ និងនាំឲ្យគ្រួសារយើងចម្រើនឡើង និងមានសេចក្តីសុខជានិច្ច។

មុនបញ្ចប់ពិធីបុណ្យក្រុមម៉ុងសាយ ប្រចាំព្រះសហគមន៍​ នៃព្រះវិហារ​សន្តហ្វ្រង់ស្វ័រសាវីយ៉េ(ចំប៉ា)បានសម្តែង ជូនលោកអភិបាលទស្សនា ហើយលោកអភិបាល អូលីវីយេក៏បានចែកអំណេសប្បាយជាមួយបងប្អូន គឺជូនអាំងប៉ាវដល់អ្នកចូលរួមគ្រប់គ្នា ដោយនៅសំបកអាំងប៉ាវនោះមាន រូបសញ្ញាឆ្នាំគ្រួសារ និង ឃ្លាព្រះបន្ទូលថា៖ “អ្នកមានចិត្តស្រឡាញ់ តែងតែអត់ឱនឲ្យ ជឿ សង្ឃឹម ទ្រាំទ្រ ក្នុងគ្រប់កាលៈទេសៈ” ដែលជាពាក្យស្លោកសម្រាប់ឆ្នាំគ្រួសារ។

  1 2 3 4 5 6 7 8 9 10  ...   
 

© Copyright 2014 Catholic Cambodia - All rights reserved.