ស្វែងរក
The replica watches uk country for this brand for everyone, I believe replica watches most people are more understanding of its home pilots watch, who let people rely on the rolex replicaflight table from the home? Whether it is the original Mark series, or the replica rolex Navy Air Force forces MIRAMAR or Antoine De Saint Exupéry special models have a lot of fans.
បុណ្យរំឮកខួប៧១ឆ្នាំលោកបូជាចារ្យ ត្រឿង ប៊ូយៀប

. - ១២ មីនា ២០១៧
 

គ្រីស្តបរិស័ទរាប់ពាន់នាក់បានមកចូលរួមក្នុងកម្មវិធីខួប៧១ឆ្នាំ នៃមរណសាក្សីហ្វ្រង់ស្វ័រសាវីយេ ត្រឿង ប៊ូយៀប និង បុណ្យឆ្លងរូបសំណាកព្រះនាងម៉ារី នៅព្រះសហគមន៍ផ្លូវត្រី ក្រោមអធិបតីរបស់លោកអូលីវីយេ ជ្មីតអីស្ល៊ែរ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមជាមួយលោកបូជាចារ្យជាច្រើនអង្គទៀតនាថ្ងែទី១២មីនា ២០១៧នេះ។

នៅក្នុងពិធីនោះ លោកអភិបាលបានមានប្រសាសន៍ទៅកាន់គ្រីស្តបរិស័ទថា ថ្ងៃនេះយើងអរគុណដល់ លោកឪពុក ប៊ូយៀប ដែលបានប្រមូលយើងយ៉ាងច្រើនជារៀងរាល់ឆ្នាំ ដើម្បីដឹងថាកន្លែងនេះជួយយើងអធិដ្ឋាន ជួបជាមួយព្រះជាម្ចាស់ និងស្តាប់ព្រះជាម្ចាស់។

លោកអូលីវីយេ បានបន្ថែមថា ព្រះជាម្ចាស់បានជ្រើសរើសលោកប៊ូយៀប តាមរបៀបដែលលោកបានបម្រើ និងស្រឡាញ់ព្រះជាម្ចាស់។

លោកបន្តថា “ខ្ញុំជឿថា ព្រះជាម្ចាស់បានជ្រើសរើសយើងទាំងអស់គ្នានៅទីនេះដើម្បីមានជីវិតថ្មីយ៉ាងអស្ចារ្យ ដោយក្នុងទឹកដីភូមិភាគភ្នំពេញ យើងមានមរណសាក្សីជាច្រើន ដូចជាលោកឪពុកប៊ូយៀប លោកអភិបាលឆ្មាសាឡាស… ជាដើម។ល។

លោកថា តាមពិតព្រះជាម្ចាស់បានជ្រើសរើសយើងឲ្យទៅជាអ្នកដ៏វិសុទ្ធ ដើម្បីរស់នៅតាមរបៀបព្រះយេស៊ូ តាំងពីថ្ងៃដែលយើងទទួលអគ្គសញ្ញាជ្រមុជទឹក។

លោកបានដាស់តឿនគ្រីស្តបរិស័ទទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន កុំមានចិត្ត លោភលន់ និងងប់ជាមួយទ្រព្យសម្បត្តិ ដោយនឹកឃើញដល់អត្ថបទព្រះគម្ពីរស្តីអំពីលោកឡាសាល និងអ្នកមាន។

លោកមានប្រសាសន៍ដូចនេះគឺកុំឲ្យយើងភ្លេចខ្លួន រវល់តែចង់បានទ្រព្យសម្បត្តិ ហើយភ្លេចគិតដល់អ្នកតូចតាច ជនអនាថាដែលពិបាក និងគ្មានក្តីសង្ឃឹម។

លោកបន្តថា ហេតុនេះព្រះសហគមន៍ណែនាំឲ្យយើងចេះប្រើទ្រព្យសម្បត្តិរបស់យើងដើម្បីចិញ្ចឹមជីវិតគ្រប់គ្រាន់ និងចេះចែករំលែកដល់អ្នកដទៃផងដែរ។

លោកអភិបាលបញ្ជាក់ទៀតថា កំពូលនៃជីវិតជាគ្រីស្តបរិស័ទគឺ ចែករំលែកសេចក្តីស្រឡាញ់ដូចលោកប៊ូយៀប និងលោកសាឡាស់ ដែលបានស្រឡាញ់រហូតបូជាជីវិតដែរ។ យុវនារី បូផល គ្រីស្តបរិស័ទព្រះសហគមន៍ផ្លូវត្រី បានថ្លែងថា ពិធីបុណ្យរំឭកដល់លោកបូជាចារ្យ ប៊ូយៀប ប្រព្រឹត្តទៅដោយរលូន គឺពិតជាព្រះអំណោយទានដែលព្រះជាម្ចាស់បានចាក់បង្ហូរមកលើព្រះសហគមន៍ផ្លូវត្រីយើងនេះ។

យុវតីក៏បានជូនពរដល់បងប្អូនទាំងអស់ និងចងចាំមិនភ្លេចនូវទឹកចិត្តសប្បុរសរបស់បងប្អូនដែលបានចូលរួមចែករំលែកទាំងថវិកា និងពេលវេលា។

លោកបូជាចារ្យហ្រ្វង់ស្វ័រសាវីយ៉េ ត្រឿង ប៊ូយៀប ជាជនជាតិវៀតណាម ធ្លាប់បានសិក្សានៅទេវវិទ្យាល័យនៅកម្ពុជា។ ក្រោយពីលោកបានតែងតាំងជាបូជាចារ្យកាតូលិក និងបានមកបម្រើព្រះសហគមន៍ផ្លូវត្រី ក្រោយមកលោកបានត្រឡប់ទៅកម្ពុជាក្រោមវិញ ដើម្បីប្រើព្រះសហគមន៍នៅទីនោះ លោកប៊ូយៀប កើតនៅថ្ងៃទី១មករា ១៨៩៧ ហើយនៅថ្ងៃទី១២មីនា១៩៤៦ លោកបានទទួលមរណភាពដោយលោកបានប្តូរជីវិតរបស់ខ្លួនសុំស្លាប់ជំនួសគ្រីស្តបរិស័ទ និងប្រជាជននៅក្នុងសម័យសង្គ្រាម។

ដោយឡែកព្រះសហគមន៍ នៅប្រទេសកម្ពុជា ជាពិសេសព្រះសហគមន៍ផ្លូវត្រីនេះ តែងតែប្រារព្វពិធីរំឭកដល់លោកប៊ូយៀប យ៉ាងឱឡារឹកជារៀងរាល់ឆ្នាំ ព្រោះជាព្រះសហគមន៍ដែលលោកធ្លាប់បម្រើដោយក្តីស្រឡាញ់ និងធ្លាប់បង្ហាញឲ្យអ្នកនៅតំបន់នោះបានឃើញ ក្រោយពេលលោកទទួលមរណភាពផងដែរ។ ពេលនេះព្រះសហគមន៍កំពុងរៀបចំឯកសារនានា ដើម្បីទទួលស្គាល់លោកជាមរណបុគ្គល។

ដោយដាលីស

ព័ត៌មានច្រើនទៀត
២៧ មករា ២០១៨

អាគារមួយខ្នង ដែលមានបន្ទប់សម្រាប់អធិដ្ឋាន ថ្នាក់សាលាមត្តេយ្យ និងបន្ទប់ស្នាក់នៅ មានទីធ្លាទូលាយជាន់ផ្ទាល់ដី បានបើសម្ពោធ និងប្រារព្ធពិធីប្រោះទឹក ព្រះពរដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីថ្ងៃទី២៧ ខែមករាឆ្នាំ២០១៨។

            ពិធីនេះប្រារព្ធទៅក្រោម អធិបតីភាពលោក អូលីវីយេ ជ្មីតអីស្ល៊េរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដោយមានវត្តមានលោកបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពភ្នំពេញខាងជើង លោកបូជាចារ្យ នៃគ្រឹះស្ថានរបស់សម្តេចប៉ាបនៅកម្ពុជា ដូនជីកាតូលិកពីប្រទេសថៃ ដែលជាម្ចាស់ជំនួយ និងគ្រីស្តបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ។ អគារថ្មីនេះជាមណ្ឌលសកម្មភាព ព្រះសហគមន៍នៅព្រែកតាទែន តាមបណ្តោយផ្លូវជាតិលេខប្រំា (លេខ៥) ស្រុកពញាឮ ខេត្តកណ្តាល ដែលមានឈ្មោះថា “ព្រះហឫទ័យព្រះបេះដូងព្រះយេស៊ូ”។

 

            ជាកិច្ចចាប់ផ្តើម មានតំណាងគ្រីស្តបរិស័ទ បានអានប្រវត្តិរបស់ព្រះសហគមន៍នៅក្នុងភូមិ បន្ទាប់មក លោក កាលេណានី ឆារលេស ជាបូជាចារ្យទទួលខុសត្រូវ បានមានប្រសាសន៍ស្វាគមន៍នូវវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកអភិបាលអូលីវីយេជាអធិបតី និងដល់ភ្ញៀវកិត្តិយសជិតឆ្ងាយ ដែលបានចូលរួមក្នុងពិធីដ៏មានអត្ថន័យនេះដើម្បីអរព្រះគុណព្រះជាម្ចាស់សម្រាប់អំណោយទានថ្មីដែលបានទទួល។

 

            ក្នុងធម្មទេសនា លោកអូលីវីយេ បានមានប្រសាសន៍ រំឭកដល់ព្រះសហគមន៍កាតូលិកក្នុងភូមិព្រែកតាទែននេះ ឲ្យយកចិត្តទុកដាក់នឹងកុមារ ហើយលោកបានជំរុញឲ្យបងប្អូន និងលោកបូជាចារ្យទទួលខុសត្រូវ សូមធ្វើឲ្យទីនេះទៅជាកន្លែងពិសេស ទទួលស្វាគមន៍កុមារ ដើម្បីឲ្យគេមានភាពកក់ក្តៅ ទទួលបានសេចក្តីស្រឡាញ់ដែលមកពីព្រះជាម្ចាស់។ លោកអភិបាលក៏បានរំលឹកអំពីស្ថានភាពទារក និងកុមារនៅកម្ពុជា ដែលនៅតែទទួលរងគ្រោះ ដោយសារឪពុកម្តាយបោះបង់ចោល និងលក់ដល់អ្នកដទៃព្រោះតែភាពខ្វះខាត។ លោកបានសង្កត់ធ្ងន់ចំពោះគ្រីស្តបរិស័ទឲ្យភ្ញាក់ស្មារតីថា តួនាទីរបស់យើងគឺ ប្រគល់ភាពកក់ក្តៅ សេចក្តីស្រឡាញ់ និងក្នុងឆ្នាំគ្រួសារនេះ សូមឲ្យព្រះសហគមន៍ ធ្វើជាឪពុក ជាម្តាយចំពោះកុមារដែលខ្វះសេចក្តីស្រឡាញ់ ខ្វះការយកចិត្តទុកដាក់ ខ្វះការអប់រំ ថែរទាំ និងថ្នាក់ថ្នម... ។

លោកសង្ឃឹមលោកឪពុកនិងគ្រីស្តបរិស័ទព្រែកតទែន នឹងជួយឲ្យកន្លែងនេះទៅជាកន្លែងអប់រំ ឲ្យកូនៗ ទទួលការអប់រំ ណែនាំកូនក្មេង ដោយបង្ហាញសេចក្តីស្រលាញ់លើកទឹកចិត្តកូនក្មេង ថ្នាក់ថ្នមកូនក្មេង ឲ្យគេមានអនាគតយ៉ាងល្អ ។

លោកអូលីវីយេបន្ថែមថា សូមព្រះសហគមន៍នៅទីនេះ ទៅជាកន្លែងសម្តែងធម៌មេត្តាករុណាពិតៗ ដូចព្រះយេស៊ូបានទទួលស្វាគមន៍កុមារដែរ។ លោកអភិបាលថា ចំពោះមនុស្សពេញវ័យ ត្រូវចេះពឹងផ្អែកលើព្រះឧបការគុណរបស់ព្រះជាម្ចាស់ ហើយចូរមានចិត្ត ដូចកូនក្មេងដើម្បីចូលក្នុងព្រះរាជរបស់ព្រះជាម្ចាស់។

លោកអភិបាលបន្តថា មានកុមារជាច្រើនកើតឡើងដោយអយុត្តិធម៌ គ្មានសំណាងដូចកុមារដទៃ។ តាមសិទ្ធិមនុស្ស មនុស្សទាំងអស់មានសិទ្ធិស្មើៗគ្នា តែខ្លះមានវាសនាខុសគ្នា ខ្លះជាកូនអ្នកមាន ខ្លះស្រណុក ខ្លះលំបាក កុមារចេះតែទទួលឥទ្ធិពល ពីមនុស្សពេញវ័យ។ ហេតុដូច្នេះតួនាទីឪពុកម្តាយត្រូវតែស្រលាញ់កូនក្មេង ចិញ្ចឹមកូនណែនាំកូនអប់រំកូន។ យើងជាព្រះសហគមន៍កាតូលិកអាទិភាពរបស់យើង គឺជាឪពុកម្តាយសម្រាប់កុមារ។

លោករំឭកថាកុំភ្លេចព្រះបន្ទូលមួយឃ្លាថា៖ “ ត្រចៀកកាំ និងចាប់ធ្វើសំបុក នៅជិតអសនៈ” កូនក្មេងក៏ចង់នៅ ក្បែរព្រះយេស៊ូ ដើម្បីទទួល ព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ និងទទួលកម្លាំងកាយចិត្ត។ ការទាំងនេះកើតឡើងគឺអាស្រ័យលើយើងទាំងអស់គ្នា ជាព្រះសហគមន៍ ធ្វើជាឪពុកម្តាយសម្រាប់កូនទាំងឡាយ។

 

            តំណាងគ្រីស្តបរិស័ទដែលបានអាន ប្រវត្តិព្រះសហគមន៍កាតូលិកនៅព្រែកតាទែនបានរៀបរាប់ថា៖ តាមប្រវត្តិព្រះសហគមន៍កាតូលិកនៅកម្ពុជា វត្តមាននៅក្នុងស្រុកពញ្ញាឮនេះតាំងសតវត្សទី១៦ មកម្លេះ តែដោយសារសង្គ្រាម ព្រះសហគមន៍កាតូលិកត្រូវបំផ្លាញគ្មានសល់។ ក្រោយរបបប៉ុលពត មានគ្រីស្តបរិស័ទនៃភូមិព្រះមាតាភ្នំពេញ មួយគ្រួសារដែលបានភៀសខ្លួនទៅប្រទេសវៀតណាម បានត្រលប់មកវិញក្នុងឆ្នាំ១៩៧៩ ហើយបានតាំងទីលំនៅ ក្នុងភូមិព្រែកតាទែន។ ក្នុងឆ្នាំ២០០៤ មានគ្រីស្តបរិស័ទនៅស្វាយប៉ាក ដែលធ្លាប់ស្គាល់គ្រួសារនោះបាន មកសួរសុខទុក្ខជារឿយៗ។ រហូតដល់ឆ្នាំ២០០៨ ចាប់ផ្តើមមានសកម្មភាពខ្លះៗ ជាមួយបងប្អូន និងកុមារក្នុងភូមិ។ មានការជួបជុំអធិដ្ឋាន និងអប់រំជំនឿដើម្បីពង្រឹងជំនឿគ្រីស្តបរិស័ទ។

 

            ក្នុងឆ្នាំ២០១១ មានសកម្មភាពបន្ថែមលើការអប់រំជំនឿ គឺ សកម្មភាពអប់រំកុមារកាយឫទ្ធិ ដោយមានការជួយជ្រោមជ្រែងព្រះសហគមន៍ផ្សារតូច និងក្រុមស្មាគ្រចិត្តជនជាតិបារំាង។ ក្នុង២០១២ ក៏បានទិញដីមួយកន្លែងបម្រុងទុកកសាងព្រះវិហារ និងមណ្ឌលសកម្មភាព។ ក្នុង២០១៤ ពេលលោកបូជាចារ្យ រឿងឆ័ត្រសិរី ទទួលខុសត្រូវលោកបានចាក់ដីបំពេញដីដែលបានទិញនោះ ហើយសាងសង់ផ្ទះតូចមួយដើម្បីជួបជុំគ្នា អធិដ្ឋាន និងអប់រំជំនឿ។ ក្នុងឆ្នាំ២០១៥ មានជំនួយពីសប្បុរសជន ក៏បានចាប់ផ្តើម កសាងអាគារមណ្ឌលសកម្មភាព ដែលបានសម្ពោធនៅថ្ងៃនេះ។

២០ មករា ២០១៨

ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកអភិបាលអូលីវីយេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដោយមានបងប្អូនគ្រីស្តបរិស័ទ និងបព្វជិតចូលរួមជាច្រើនកុះករ។

ពេលចាប់ផ្តើមពិធីបុណ្យ លោកអ៊ុន សុន ជាបូជាចារ្យ ទទួលខុសត្រូវ នៃមណ្ឌលសកម្មភាពព្រះសហគមន៍កាតូលិកកំពង់សោម បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោកអភិបាល និងបងប្អូនទាំងអស់ដែលចូលរួមក្នុងពិធីបុណ្យនេះ។
ហើយលោកក៏បានរំលឹកអំពីការរៀបចំ ប្រមូលថវិកាសាងសង់ព្រះវិហារ ដោយនឹករំលឹកដល់ លោកបូជាចារ្យដេនីស ដែលបានរកប្រពភថវិកាកសាងព្រះវិហារ នៅពេលលោកនៅមានជីវិត។

ព្រះសហគមន៍ស្រែអំបិលនេះបានកើតឡើងតាំងពីឆ្នាំ១៩៩៦ ដោយគ្រីស្តបរិស័ទមួយចំនួនមកប្រកបរបរចិញ្ចឹមជីវិតនៅក្នុងតំបន់នេះ។ ពួកគេតែងជួបជុំគ្នាអធិដ្ឋាន ជារៀងរាល់ថ្ងៃអាទិត្យ តាមលទ្ធភាពរបស់គេនៅតាមផ្ទះរបស់គ្រីស្តបរិ័ទ។
ពេលអភិបាលអ៊ីវ រ៉ាមូស ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភ្នំពេញនាពេលនោះ បានទទួលដំណឹងអំពីវត្តមានរបស់គ្រីស្តបរិស័ទនៅស្រែអំបិល ក៏បានអញ្ជើញទៅសួរសុខទុក្ខ និងបានចាត់លោកបូជាចារ្យវិនណេ ទៅជួយណែនាំបងប្អូននៅទីនោះនាឆ្នាំ២០០០។ ចាប់ពីពេលនោះមកព្រះសហគមន៍មានជីវិតរស់រវើក និងបានបន្តដំណើររួមគ្នាជាមួយបូជាចារ្យជាច្រើនតំណ តែមិនទាន់មានព្រះវិហារច្បាស់លាស់នោះទេ។ ក្រោយមកព្រះសហគមន៍ បានទិញដី និងបានចាប់ផ្តើមកសាងព្រះវិហារ នៅឆ្នាំ២០១៣ ដោយលោកបូជាចារ្យ ដេនីសជាបូជាចារ្យនៃក្រុមសាសនទូត កេប៊ិច បានប្រមូលថវិការពីក្រុមរបស់លោកផ្ទាល់ មកកសាងព្រះវិហារ និងសាលាមត្តេយ្យ ដែលយើងធ្វើបុណ្យឆ្លងរួមគ្នានៅថ្ងៃនេះ មានឈ្មោះថា “ព្រះវិហារសន្តីតេរេសានៃព្រះកុមារយេស៊ូ”។

ក្នុងធម្មទេសនា លោកអភិបាលអូលីវីយេ បានមានប្រសាសន៍រំលឹកដល់គ្រីស្តបរិស័ទទាំងអស់អំពីរបៀបព្រះយេស៊ូ ដែលព្រឹកល្ងាច តែងអធិដ្ឋាននៅលើភ្នំ។ លោកថា នៅទីនេះមានព្រះវិហារនៅលើភ្នំ សូមគ្រីស្តបរិស័ទទាំងអស់ មកព្រះវិហារដើម្បីអធិដ្ឋានរាល់ថ្ងៃ កុំចាំមកតែថ្ងៃអាទិត្យ ដែលមានលោកបូជាចារ្យមកថ្វាយអភិបូជា។ លោកបន្តថា៖ ការអធិដ្ឋានជាកម្លាំងរបស់យើង ពេលយើងអធិដ្ឋាន យើងនៅជាប់ជាមួយព្រះយេស៊ូ។
ពេលយើងជាប់ជាមួយព្រះយេស៊ូ យើងបានពោរពេញដោយសេចក្តីស្រឡាញ់ ចំពោះអ្នកដទៃ ពោរពេញដោយ សេចក្តីសង្ឃឹម និងជំនឿរឹងមាំ ដើម្បីណែនាំឲ្យបងប្អូនស្គាល់ព្រះជាម្ចាស់។ លោកអភិបាលបន្តទៀតថា ព្រះយេស៊ូប្រកាសដំណឹងល្អដំបូងនៅលើភ្នំ។ សូមឲ្យបងប្អូនមកទីនេះដើម្បីប្រកាសដំណឹងល្អឲ្យបងប្អូនឯទៀតៗបានដឹង តាមរយៈក្រុមកាយឫទ្ធិ តាមរយៈសាលាមត្តេយ្យ ដោយចិត្តមេត្តាករុណា។ លោកបន្ថែមថា ត្រូវកសាងភាពសុខដុមរមនា និងនាំមនុស្សឲ្យមានសេចក្តីស្ឃឹម ដោយទៅសួរសុខទុក្ខ អ្នកជំងឺ អ្នកក្រីក្រ ចែករំលែក សេចក្តីស្រឡាញ់ពិតៗតាមរយៈសកម្មភាពជាក់ស្តែង ដែលនាំកន្លែងនេះជាភ្នំដែលមានពន្លឺ និងមានជីវិតដោយសារបងប្អូន។

ព្រះសហគមន៍នៅស្រែអំបិលមានគ្រីស្តបរិស័ទប្រមាជា ១០គ្រួសារ តែព្រះសហគមន៍នេះមានជីវិតយ៉ាងរស់រវើក និងសកម្មក្នុងការបម្រើបងប្អូនដូចជា ការសួរសុខទុក្ខអ្នកជំងឺ និងអ្នកក្រីក្រ ហើយមានសាលាមត្តេយ្យ ដែលទទួលកុមារក្នុងភូមិឲ្យមានចំណេះដឹងពិតប្រាកដ ព្រមទាំងមានសកម្មភាពជាមួយក្រុមស្ត្រីជាដើម។

ពេលចប់អភិបូជាចារ្យ មានពិធីផ្លូវការជាមួយរដ្ឋអំណាចឃុំ ដើម្បីកាត់ខ្សែបូសម្ពោធអាគារសាលាមត្តេយ្យ ។ ក្នុងពិធីនេះ លោកបូជាចារ្យ អ៊ុន សុន បានមានប្រសាសន៍ថា ពិតជាមានអំណរសប្បាយ ដែលយើងមានសាលាមត្តេយ្យសម្រាប់អប់រំកូនតូចៗឲ្យមានចំណេះដឹងជាមូលដ្ឋានគ្រឹះ ឲ្យកូនៗមានឱកាសបានចូលសាលារៀន ហើយសាលាមត្តេយ្យជាប្រយោជន៍ដល់សហគមន៍ក្នុងតំបន់នេះទាំងមូល។

លោក សៀង សុខមង្គល មេឃុំស្រែអំបិល ក្នុងនាមអជ្ញាធរ មានចិត្តត្រេកអរណាស់ និងអរគុណដល់ព្រះសហគមន៍កាតូលិក ដែលបានកសាងសាលារៀននៅក្នុងតំបន់ដើម្បីរួមចំណែកកសាងធនធានមនុស្សនៅក្នុងឃុំ និងសម្រាប់ប្រទេសកម្ពុជាផងដែរ។

១៩ មករា ២០១៨

អាណាព្យាបាលទាំងអស់របស់កុមារដែលទទួលសេវាថែទាំ និងព្យាបាលនៅមណ្ឌលភូមិសុខសាន្ត សរុបមានចំនួនប្រមាណជា ២០០នាក់។ ដំណើរកំសាន្តរយៈពេលមួយថ្ងៃនៅ ឆ្នេរសមុទ្រដ៏ស្រស់ស្អាតចំណាត់ថ្នាក់ពិភពលោក នៅកំពង់សោម នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ។ តាមការរៀបរាប់របស់លោក កែវ ភោគ ប្រធានមណ្ឌលភូមិសុខសាន្តបានឲ្យដឹងថា នេះជាកម្មវិធីមួយរបស់ភូមិសុខសាន្ត ដើម្បីលើកទឹកចិត្តដល់កុមារជាជនពិការ និងមាតាបិតា។ ក្នុងន័យឲ្យកុមារមានកម្លាំងចិត្ត បានចូលរួមក្នុងសង្គម និងជាមួយបរិយាកាសខាងក្រៅ។ លោកថានៅភូមិសុខសាន្ត គឺបីខែម្តងមានជប់លៀង និងចុងឆ្នាំដំណើរកំសាន្តមកកំពង់សោម។ ក្នុងដំណើរកំសាន្តនេះឲ្យមាតាបិតាយកចិត្តទុកដាក់ និងបានកំសាន្តរួមគ្នា ជាមួយកូនៗ។ នាំកុមារហែលទឹក ដើម្បីលើកទឹកចិត្តថា កុមារពិការគេអាចធ្វើបាន។

លោកកែវ ភោគ បន្តថា មកទីនេះទំាងមាតាបិតា និងកូនៗគេមានអំណរសប្បាយ។ គេចេញស្នាមញញឹមយ៉ាងពិតប្រាកដ។ ទោះបីជាមានកុមារពិការធ្ងន់ចំនួន៧៧ ក្នុងចំណោម ៩០នាក់។ ក្នុងនោះក៏មានកុមារពខ្សោយសតិបញ្ញាផងដែរ។

មណ្ឌលភូមិសុខសាន្តបើតាមការរៀបរាបរបស់លោកកែវ ភោគ មានសកម្មភាពធំៗចំនួនបួន គឺ៖ មណ្ឌលថែរទាំកុមារពិការធ្ងន់ និងស្រាល ក្នុងមួយថ្ងៃមានកុមារចំនួនប្រាណ២០នាក់មកទទួលសេវានៅមណ្ឌល។

មានកុមាពិការស្នាក់ក្នុងមណ្ឌលចំនួន១២នាក់ ដែលពួករៀនជំនាញកាត់ដេរ និងចំណេះទូទៅនៅសាលារដ្ឋ។

កុមារមួយចំនួនស្នាក់នៅតាមផ្ទះ មណ្ឌលមានអ្នកជំនាញទៅធ្វើការថែរទាំ ផ្តល់សេវាដល់ផ្ទះ ដែលមានចំនួនជាង៧០នាក់។ សេវាកម្មទាំងនោះគឺមណ្ឌលផ្តល់ជូនអាហារបំប៉ុន វីតាមីន និងការព្យាបាលដោយម៉ាហ្ស៉ា និងចលនាសសៃ ព្រមទាំងជូនទៅមន្ទីរពេទ្យនានា តាមសេចក្តីត្រូវការ។

នៅក្នុងមណ្ឌលនេះក៏មានមត្តេយ្យសិក្សាមួយថ្នាក់ផងដែរ សម្រាបប់កុមារទូទៅនៅជុំវិញនោះ មានសិស្សចំនួន ២៧នាក់។ សកម្មភាពមួយទៀត គឺកម្មវិធីផ្ទះស្នាក់ គឺសម្រាប់គ្រួសារដែលផ្ទុកមេរោគអេដស៍ និងគ្រួសារចាស់ជរា ដែលគ្មានទីពឹង។

គ្រួសារផ្ទុកមេរោគអេដស៍គេទទួលដីជុំវិញផ្ទះប្រមាណ៧០អា ដើម្បីធ្វើកសិកម្មទ្រទ្រង់គ្រួសាររបស់គេ ស្របពេលដែលមណ្ឌលសុខសាន្តបានផ្តល់សេវា និងទ្រទ្រង់គ្រួសាររបស់គេហើយនោះ។ ចំពោះសកម្មភាពមួយទៀតគឺ បង្រៀនប្រជាជន ឲ្យចេះពីកសិកម្មគ្រួសារ ដាំដំណា ជុំវិញផ្ទះ និងចិញ្ចឹមសត្វជាដើម។

ក្រៅពីសកម្មភាពទាំងបួនខាងលើមណ្ឌលក៏មានសកម្មភាពផ្សេងទៀតសម្រាប់ជួយបងប្អូន ដែលត្រូវការសេវាផ្នែកសុខភាព។ ចំពោះសកម្មភាពជាមួយកុមារពិការធ្ងន់ ពេលនេះមានកុមារមួយចំនួនអាចដើរបាន និងបានប្រសើរឡើងផងដែរ។

ពួកគេមានស្នាមញញឹមពោរពេញដោយសេចក្តីសង្ឃឹម ឪពុកម្តាយមានសេចក្តីសង្ឃឹម ចេះយកចិត្តថែរទាំងជាងមុន ញញឹមស្រស់ស្រាយ លែងចាត់ទុកកូនពិការ ថាជាបន្ទុកសម្រាប់គ្រួសារ ពិសេសមិនបោះបង់គេទៀតឡើយ! ទាំងអស់គ្នាមានស្នាមញញឹមឡើងវិញ និងសង្ឃឹមឡើងវិញដែរ។

១៨ មករា ២០១៨

 ព្រះសហគមន៍កាតូលិកនៅខេត្តព្រះសីហនុ ដែលមានលោកបូជាចារ្យអ៊ុន សុន ជាអ្នកទទួលខុសត្រូវ បានរៀបចំដំណើរសួរសុខទុក្ខបងប្អូនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែខេត្តព្រះសីហនុ នាព្រឹកថ្ងៃទៅ១៨ ខែមករា ឆ្នាំ២០១៨នេះ ដោយមានតំណាងសាសនាធំៗនៅក្នុងខេត្តព្រះសីហនុចូលរួមមានដូចជា ព្រះពុទ្ធសាសនាថេរវាទ ព្រះសហគមន៍កាតូលិក ក្រុមជំនុំ ព្រះពុទ្ធសាសនាមហាយាន និងឥស្លាមសាសនា។

 ពិធីនេះបានប្រព្រឹត្តក្រោមអធិបតីភាពរបស់លោក អូលីវីយេ ជ្មីតអីស្ល៊ែរអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ព្រះធម្មធម៌ចាន់ សុវណ្ណ មេគណខេត្តព្រះសីហនុ លោកឧត្តមអគារនុរក្សថ្នាក់លេខពីរ សំ សុផល ប្រធានមណ្ឌលអប់រំកែប្រែខេត្តព្រះសីហនុ។

 ជាកិច្ចចាប់ផ្តើមកម្មវិធីលោក សំ សុផល ប្រធានមណ្ឌលអប់រំកែប្រែ ខេត្តបានមានមតិស្វាគមន៍គណៈប្រតិភូទាំងអស់យ៉ាងកក់ក្តៅ និងរាក់ទាក់ជាទីបំផុត។ លោកក៏បានអរគុណដល់ប្រតិភូសាសនាទាំងអស់ដែលបានយកចិត្តទុកដាក់ មកសួរសុខទុក្ខបងប្អូនជាប់ឃុំ តាំងពីឆ្នាំ២០១២មក។ ក្នុងពេលនោះលោកក៏បានរំលឹកដល់បងប្អូនជាប់ឃុំទាំងអស់ ឲ្យចិត្តទុកដាក់ស្តាប់ថេរដីកា និងប្រសាសន៍ប្រៀនប្រដៅនានារបស់មេដឹកនាំសាសនា។ យើងគ្មានអីតបស្នងសងគុណដល់ពួកគាត់មានតែស្តាប់ និងខិតខំកសាងខ្លួនឲ្យសើរឡើង កុំប្រព្រឹត្តបទល្មើសបន្ថែមទៀតក្នុងពន្ធនាគារ។  តាមប្រសាសន៍របស់លោកឧត្តមអគារនុរក្ស ជនជាប់ឃុំទាំងអស់មានចំនួនប្រមាណ ១០៥២នាក់  ក្នុងនោះស្ត្រីមានចំនួន ១០២នាក់។

 ព្រះសង្ឃ ចាន់ សុវណ្ណ មានសង្ឃដីកាថា សត្វលោកទាំងអស់សុទ្ធតែមានបំណងប្រាថ្នា សុច្ឆន្ទៈ ចង់មានសេចក្តីសុខទាំងផ្លូវកាយនិងផ្លូវចិត្ត។ តាមព្រះឱវាតរបស់ព្រះសាម្មាសម្ពុទ្ធបាន​ប្រៀនប្រដៅ បើចង់បានសេចក្តីសុខត្រូវលះបង់សេចក្តីអាក្រក់ ដើម្បីទទួលបាននូវសេចក្តីសុខមកវិញ។ បុណ្យ មិនបានភ្លេចនូវម្ចាស់ដែលបានបំពេញទង្វើជាកុសលនោះឡើយ។ ចំពោះអំពើបាបក៏មិនបានបំភ្លេចនូវម្ចាស់ដែលបានប្រព្រឹត្តនូវអំពើបាប គឺបានទទួលបាននូវអ្វីដែល​ខ្លួនបានប្រព្រឹត្តដែរ។ លោកក៏បានពន្យល់អំពីអត្ថន័យនៃអភ័យទានផងដែរ ដែលជាប្រភពនៃសេចក្តីសុខ គឺការមិនលួច មិនសម្លាប់ មិនចងគំនុំគ្នាទៅវិញទៅមក។ ជាពិសេសលោកមានសង្ឃដីកាសង្កត់ធ្ងន់ថា៖ “មានព្រះនៅក្នុងចិត្ត គឺយើងមានសេចក្តីសុខហើយ”។

 ក្នុងពេលនោះដែរលោកអភិបាលព្រះសហគមន៍កាតូលិក អូលីវីយេ ជ្មីតអីស្ល៊ែរ មានប្រសាសន៍ទៅកាន់បងប្អូនជាប់ឃុំអំពីអ្វីជាសេចក្តីសុខ។ តាមមនុស្សជា ច្រើនបានគិតថា សេចក្តីសុខគឺកើតមានដោយសារមានលុយច្រើន។ តែលោកអភិបាលបានមានប្រសាសន៍ថា សេចក្តីសុខគឺមានបានដោយសារយើងមានសេចក្តីស្រឡាញ់។ លោកបន្តថា មានមនុស្សជាច្រើនបានឲ្យតម្លៃសេចក្តីសុខលើលុយ គឺមានលុយ មានសេចក្តីសុខ។ តែដើម្បីមានលុយត្រូវការ ធ្វើការច្រើន គ្មានពេលវេលាល្មមដើម្បីនៅជាមួយក្រុមគ្រួសារប៉ុន្មានទេ។ មានអ្វីផ្សេងទៀត ដោយដឹងថា មានគេស្រឡាញ់យើង មានគេយកចិត្តទុកដាក់នឹងយើង លើកទឹកចិត្តយើង គេស្តាប់យើង គេចាប់អារម្មណ៍លើយើង មានគេនឹកយើង។ លោកន្ថែមថា សេចក្តីសុខចេញពីសេរីភាព។ បងប្អូនមានសេរីភាពនៅទីនេះ  តែតាមរូបកាយបងប្អូនមានព្រំដែន ។ ប៉ុន្តែបងអាចកសាងសេរីភាពក្នុងខ្លួនម្នាក់ៗ តាមផ្លូវចិត្ត តើខ្ញុំរៀបចំខ្លួនដូចម្តេច នៅក្នុងមណ្ឌលអប់រំកែប្រែនេះ  ធ្វើជាមនុស្សល្អទៅៗ គឺយើងត្រូវជួយគ្នាទៅវិញទៅមក លើកទឹកចិត្តគ្នាទៅវិញទៅមក។ លោកអភិបាលបន្តថា ពេលនេះមានមេដឹកនាំសាសនាទាំងអស់មកជួបបងប្អូន ជាមហាគ្រួសារតែមួយ ចែកសេចក្តីស្រលាញ់ជាមួយបងប្អូន។ បងប្អូននៅទីនេះប្រហែលគិតថាឯកា គ្មាននរណារវីរវល់តទៅទៀត តែកុំភ្លេចយើងមានព្រះ។ តាមព្រះពុទ្ធសាសនា យើងមានព្រះធម៌។ គ្រីស្តសាសនា មានព្រះយេស៊ូដែលស្រលាញ់យើង ។ ឥស្លាមសាសនាមានអាឡោះដែលលើកទឹកចិត្តយើង មានព្រះជាម្ចាស់ដែលបានបង្កើតយើង ជាបុរស ជាស្ត្រីដើម្បីមានសេចក្តីសុខនៅក្នុងសេចក្តីស្រឡាញ់។ ទាំងនេះជាកម្លាំងពិសេសសម្រាប់យើង។ ពេលខ្លះមិនចេះនិយាយគ្នាសូមនិយាយទៅព្រះទៅ ដើម្បីលើកទឹកចិត្តយើង។

 បន្ទាប់ពីសំណេះសំណាលជាមួយបបងប្អូនជាប់ឃុំ ព្រះសង្ឃបានសូត្រធម៌បោះព្រំលើបងប្អូន ហើយតាមកាតូលិកលោកអភិបាល រួមនិងគ្រីស្តបរិស័ទទាំងអស់អធិដ្ឋាន និងបាចទឹកព្រះពរលើបងប្អូនផងដែរ។ ក្រោយមកក៏មានចែកអាហារជានិមិត្តរូបដល់បងប្អូន និងសម្ភារៈមួយចំនួនសម្រាប់កុមារដែលស្នាក់នៅជាមួយម្តាយដែលជាប់ឃុំ។

 ព្រះសហគមន៍កាតូលិក នៅប្រទេសកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើកិច្ចការ សន្ទនាជាអន្តរសាសនា ដើម្បីសុខដុមរមនីយ៍កម្មសាសនា និងសន្តិភាពក្នុងប្រទេស ក្នុងតំបន់ និងពិភពលោកទាំងមូល។

១៥ មករា ២០១៨

សម្ព័នអង្គការកាតូលិក ដើម្បីមេត្តាករុណានិងការអភិវឌ្ឍ ចំនួនជាង២០ ស្ថាប័ន បានជួបជុំក្នុងជំនួបប្រចាំឆ្នាំរបស់ខ្លួន នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨។ ការជួបជុំនេះ បានប្រព្រឹត្តទៅនៅមណ្ឌលសកម្មភាពព្រះសហគមន៍កាតូលិកភ្នំពេញថ្មី ក្រោមអធិបតីភាពលោកអូលីវីយេ ជ្មីតហស្ល៊េរ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងលោករ័ត្ន វីរៈ ទីប្រឹក្សានៃក្រសួងបរិស្ថាន។ កិច្ចប្រជុំនេះ បានរិះគិតលើប្រធានបទអំពីការការពារបរិស្ថាន “Laudato Si ” and the Journey to care for Enviroment ដោយមានការណែនាំដោយវាគ្មិន សំខាន់ៗមកក្រសួងបរិស្ថាន និងលោកបូជាចារ្យកាព្រីអែល មកពីក្រុមគ្រួសារសហជីវិនព្រះយេស៊ូ ។

ជាកិច្ចស្វាគមន៍លោក អូលីវីយេ ជាអធិបតី បានមានប្រសាសន៍ស្វាគមន៍ ប្រកបដោយភាពកក់ក្តៅចំពោះវត្តមាន នៃតំណាងអង្គការទាំងអស់ដែលបានអញ្ជើញចូលរួម។ លោកថា នេះជាអំណរសប្បាយដែលជួបជុំគ្នា ប្រចាំឆ្នាំ។ ពេលជួបជុំគ្នាយើងតែងរិះគិតលើប្រធានបទមួយ ថ្ងៃនេះយើងរិះគិតអំពីធម្មជាតិ និងបរិស្ថាន។ លោកបន្តថា ព្រះសហគមន៍កំនត់យកឆ្នាំនេះ ជាឆ្នាំគ្រួសារ ពិតណាស់វាមានការទាក់ទងគ្នា។ គ្រួសារនិមួយៗរស់យ៉ាងជិតស្និទ្ធនឹងបរិស្ថានធម្មជាតិ ដែលជាព្រះអំណោយទានរបស់ព្រះជាម្ចាស់។ នាំឲ្យយើងនឹកឃើញព្រះជាម្ចាស់ ប្រទានឲ្យគ្រួសារដំបូង បង្កើតកូនចៅដូចហ្វូងផ្កាយនៅលើមេឃ និងទទួលខុសត្រូវទាំងស្រុងលើធម្មជាតិ និងបរិស្ថាន។ នាសព្វថ្ងៃនេះមាតាបិតាទាំងអស់មានតួនាទីអប់រំកូនចៅឲ្យស្រលាញ់បរិស្ថាន។ ក្នុងនោះដែរដោយមានវត្តមានមន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាន លោកអភិបាលក៏បានថ្លែងអំណរគុណម្តងទៀត ដែលរាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថានបានប្រគល់វិហារដ៏ចំណាស់លើភ្នំបូកគោ ឲ្យមកព្រះសហគមន៍ដើម្បីថែរក្សា និងកាន់កាប់ទុកជាប្រយោជន៍ប្រតិបត្តិតាមជំនឿសាសនា។

ក្នុងពេលនេះដែរលោកបូជាចារ្យ ការព្រីអែល មកពីក្រុមគ្រួសារសហជីវិនព្រះយេស៊ូ បានបង្ហាញចំនុចមួយចំនួននៅក្នុសារលិខិតរបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ ដែលមានចំណងជើងថា “ សូមកោតសរសើរព្រះជាម្ចាស់របស់ខ្ញុំ” ដែលជាលិខិតដែលវែងជាងគេចំណោមលិខិតទាំងឡាយរបស់សម្តេចប៉ាប ដែលរិះគិតអំពីបរិស្ថានធម្មជាតិ។ លោកបូជាចារ្យបានលើកយកជំពូកទីមួយមកនិយាយ ដែលសម្តេចប៉ាបលើកឡើងថា “យើងមានបញ្ហា” គឺយើងមើលមិនឃើញអ្វីៗដែលបានកើតឡើងនៅជុំវិញពិភពលោកទាំងមូល។ ហើយសកម្មភាពតូចៗជាច្រើនអាចធ្វើឲ្យមានឥទ្ធិពលយ៉ាងខ្លាំង។ អ្នកដែលនឹងរងគ្រោះពីឥទ្ធិពលនេះមុនគេ និងខ្លាំងជាងគេគឺ អ្នកក្រីក្រជាងគេ។ ក្នុងលិខិតនេះដែរចំនុចដែលជាបញ្ហាគឺយើងទាំងអស់គ្នា មិនចេះប្រើកម្លាំង ឬបច្ចេកទេសដែលយើមាន ដោយយុត្តិធម៌ ប្រាជ្ញា និង មនសិការ ។ លោកបូជាចារ្យក៏បានលើកឡើងនូវគន្លឹះ ដែលយើងម្នាក់ៗតែយកចិត្តទុកដាក់ គឺ រុក្ខជាតិ សត្វ និងអ្វីៗទាំងអស់ព្រះជាម្ចាស់ជាអ្នកបង្កើត វាមានតម្លៃ និងឯករាជ្យភាពរបស់វា។ យើងទាំងអស់គ្នាត្រូវបានរួមបញ្ចូលយ៉ាងជិតស្និទ្ធជាមួយគ្នា។

បញ្ហាសង្គម និង បរិស្ថានគឺជាបញ្ហាតែមួយ។ ហេតុនេះម្នាក់ៗអាចធ្វើបានចំពោះកិច្ចការរួម គឺ យកពេលខ្លះគយគន់សោភណ្ឌភាពនៅជុំវិញខ្លួន។ អ្វីៗដែលបង្រៀន និងរៀន ក្នុងក្រុមគ្រួសារ គឺមានសារៈសំខាន់សម្រាប់សង្គមរបស់យើង។ សកម្មភាពនៃការបង្ការ និងការពារបរិស្ថាន គឺជាការងារដ៏ថ្លៃថ្នូមួយ។ សូមពិនិត្យមើលវប្បធម៌ទំនើប មិនកុំឆាប់ទទួលអ្វី ដែលអ្នកមើលឃើញក្នុងសង្គមថាល្អ ១០០%។ សូមពិនិត្យមើលបែបផែននៃជីវិតរស់នៅផ្ទាល់ខ្លួន។ តើរបៀបដែលអ្នកធ្វើប៉ះពាល់ដល់បរិស្ថាន និងអ្នកដទៃឬទេ? ។

អង្គប្រជុំក៏បានឈ្វេងយល់អំពីផែនការសកម្មភាពជាតិស្តីពីបរិស្ថាន ឆ្នាំ២០១៦­-២០២៣ ដែលមានគោលដៅយុទ្ធសាស្ត្រ ជំរុញការកែទម្រង់ស៊ីជម្រៅនិងការធ្វើទំនើបកម្មការគ្រប់គ្រង និងការអភិរក្សបរិស្ថាន និងធនធានធម្មជាតិតាមរយៈសកម្មភាព មានផែនការច្បាស់លាស់និងអនុវត្តបានត្រឹមត្រូវ ដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពនិងផលិតភាពនៃការប្រើប្រាស់ធនធាន យន្តការហិរញ្ញប្បទាននិរន្តភាព និងកាត់បន្ថយកាកសំណល់ និងការបំពុល ព្រមទាំងធ្វើឲ្យប្រសើរឡើងនូវសុខមាលភាពប្រជាពលរដ្ឋ ។ ការបង្វែការគ្រប់គ្រង និង ផ្តល់ជូនដីសប្បទានសេដ្ឋកិច្ចទៅក្នុងសមត្ថកិច្ចរបស់ក្រសួងកសិកម្មក៏ជាផ្នែកមួយ នៃកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងបរិស្ថានដែរ ដើម្បីធ្វើឲ្យមានភាពច្បាសលាស់។ ក្រសួងបរិស្ថានគ្រប់គ្រងតែតំបន់ព្រៃអភិរក្ស និងឧទ្យានជាតិ ដែលសព្វថ្ងៃមានផ្ទៃដីប្រមាណជា ២លានហិតា។ ក្នុងស្មារតីនៃការ ពារ ថែរក្សាបរិស្ថាន ។ សិក្ខាកាមទាំងអស់មិនគ្រាន់តែអង្គុយស្តាប់ទទួលយកខ្លឹមសារនៃបទបង្ហាញជាទ្រឹស្តី គឺបានរួមគ្នាដាំដើមឈើរួមគ្នាផងដែរ ក្នុងបរិវេណនៃមណ្ឌលសកម្មភាពព្រះសហគមន៍កាតូលិកភ្នំពេញថ្មី នៃភូមិភាគភ្នំពេញ ក្នុងបរិយាកាសសប្បាយរីករាយនិងស្និទ្ធស្នាល។

គួរបញ្ជាក់ថា សម្ព័នអង្គការកាតូលិក ដើម្បីមេត្តាករុណា និងការអភិវឌ្ឍ តែងតែជួបប្រជុំគ្នាជាប្រចាំ ចំនួន៣ដងក្នុងមួយឆ្នាំ ដើម្បីចែករំលែកអំណរសប្បាយ និងភាតរភាពរវាងគ្នានិងគ្នា។ ក្នុងអង្គប្រជុំនីមួយៗ តែងរិះគិតទៅលើប្រធានផ្សេងៗ ដែលស៊ីជម្រៅទៅនឹងបេសកកម្មរបស់ខ្លួនកំពុងបំពេញនៅក្នុងប្រទេសកម្ពុជា ៕

០៦ មករា ២០១៨

ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដឹកនាំដោយ លោក អូលីវីយេ ជ្មីតអីស៊្លែរ ជាអភិបាលព្រះសហគមន៍ បានបើកអង្គសន្និបាតស្តីអំពីឆ្នាំគ្រួសារ ដើម្បីរិះគិតអំពីក្រុមគ្រួសារតាមលទ្ធិនៃព្រះសហគមន៍កាតូលិក និងក្រុមគ្រួសារនៅក្នុងបច្ចុប្បន្នភាព។

អង្គសន្និបាតនេះប្រព្រឹត្តទៅរយៈចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ មករា ២០១៨ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ដោយមានអ្នកចូលរួមជិត៣០០នាក់មកពីមណ្ឌលសកម្មភាពទាំង៩ នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ តំណាងគ្រីស្តបរិស័ទមកពីភូមិភាគបាត់ដំបង និងកំពងចាម។

កម្មវិធីនេះបានផ្តើមដោយមានតំណាងក្រុមគ្រួសារតាមតំបន់នីមួយៗ ឡើងផ្តល់សក្ខីភាពអំពីជីវិតរស់នៅជាក្រុមគ្រួសាររៀងៗខ្លួន។ ស្របពេលនោះដែរ លោកអភិបាលអូលីវីយេ ចាប់ផ្តើមកម្មវិធីបានដោយមានប្រសាសន៍ស្វាគមន៍បងប្អូនសិក្ខាកាមទាំងអស់ ដោយលើកយកនូវសាក្ខីភាពនៃតំណាងក្រុមគ្រួសារទាំងនោះថា នេះជាកម្លាំងពិសេសសម្រាប់ភូមិភាគភ្នំពេញ ដោយបងប្អូនថាព្រះសហគមន៍ជាមហាគ្រួសារតែមួយ។

លោកបានអរគុណ និងលើកទឹកចិត្តថា ព្រះសហគមន៍មានជីវិតដោយសារបងប្អូនទាំងអស់ដែលមាន លោកឪពុក បងប្រុស បងស្រី ការិយាល័យទាំងអស់ និងអង្គការកាតូលិកមួយចំនួន បាននាំឲ្យយើងចូលគ្រប់វិស័យ ដើម្បីជួយឲ្យកម្ពុជារីកចម្រើន។

លោកអភិបាលមានប្រសាសន៍ទៀតថា ក្រុមគ្រួសារ ជាកោសិកាដ៏តូចបំផុតនៅក្នុងសង្គម តែពេលយើង តែពេលយើងមើលគ្រួសារដ៏វិសុទ្ធនេះនាំឲ្យយើងឃើញសង្គមថ្មីដែលព្រះជាម្ចាស់ចង់បានគឺ មនុស្សទាំងអស់គ្រប់ស្រទាប់វណ្ណៈ គ្រប់ជាតិសាសន៍ ទៅជាមហាគ្រួសារតែមួយដោយអាចរស់នៅជាមួយគ្នាបានដ៏សុខសាន្ត។

នៅក្នុងការអប់រំរបស់លោកអភិបាលក្នុងថ្ងៃបន្ទាប់ លោកក៏បានលើកបង្ហាញផងដែរនូវពាក្យស្លោកដែលដកស្រង់ពីអត្ថបទព្រះគម្ពីរ “អ្នកមានចិត្តស្រឡាញ់តែងតែអត់ឱន ជឿ សង្ឃឹម និងទ្រាំទ្រក្នុងគ្រប់កាលៈទេសៈ”ដែលជាគ្រឹះដ៏សំខាន់នៅក្នុងឆ្នាំនៃគ្រួសារនេះ។ លោកពន្យល់ទៀតថា ដើម្បីឲ្យក្រុមគ្រួសារមានសេចក្តីសុខនោះត្រូវ៖

១)អត់ឱន ដោយសុខចិត្តលើកលែងទោសឲ្យជានិច្ច។

២) ជឿ គឺមានជំនឿលើព្រះជាម្ចាស់។

៣) សង្ឃឹម លើព្រះជាម្ចាស់។

៤) ទ្រាំទ្រ ដោយមានចិត្តអត់ធ្មត់ តស៊ូជានិច្ច។

 

លោកថាត្រូវធ្វើគ្រប់កាលៈទេសៈ ទោះបីមានអំណរសប្បាយក្តី ទុក្ខលំបាកក្តី អស់សង្ឃឹមក្តី តែចិត្តស្រឡាញ់នាំឲ្យយើងបន្តដំណើរទៅមុខបាន។

ក្នុងការអប់រំ លោកអភិបាល បានលើកយកអំពីបញ្ហាប្រឈមរបស់ក្រុមគ្រួសារនៅក្នុងសង្គមខ្មែរបន្ចុប្បន្ន ដែលបានរារាំងមិនឲ្យគ្រួសាររស់នៅដោយមានសេចក្តីសុខ ដោយខ្វះការយកចិត្តទុកដាក់អំពីសេចក្តីថ្លៃថ្នូររបស់មនុស្ស។

តាមរយៈមេរៀន ការរិះគិតជាក្រុម និងតាមរយៈជំនឿ លោកអូលីវីយេ បានជំរុញឲ្យគ្រីស្តបរិស័ទដែលជាសិក្ខាកាមទាំងនោះយកចិត្តទុកដាក់ចំពោះបញ្ហានានាក្នុងក្រុមគ្រួសារ និងសង្គមដែលជាបណ្តុំនៃគ្រួសារដូចជា និកម្មជន ភាពក្រីក្រ គ្រឿងញាណ បច្ចេកវិទ្យាក្នុងសម័យទំនើប ជនចំណាក ស្រុក ជាដើម។ល។

នៅថ្ងៃចុងបញ្ចប់នៃអង្គសន្និបាត តំណាងគ្រីស្តបរិស័ទទាំងនោះ បានសម្រេចយកគំរូតាមក្រុមគ្រួសារដ៏វិសុទ្ធ ដើម្បីកសាងគ្រួសារថ្មីសម្រាប់ពិភពថ្មីដែលព្រះជាម្ចាស់ចង់បាន ជាពិសេសរបៀបនៃការកសាងនិងថែរក្សាក្រុមគ្រួសារក្នុងព្រះសហគមន៍រៀងៗខ្លួន។ ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញក៏បានរៀបចំពាក្យអធិដ្ឋានសម្រាប់ក្រុមគ្រួសារ ស្របតាមសម្តេចប៉ាបហ្រ្វង់ស៊ីស្កូដែលជាធម៌អធិដ្ឋានក្នុងឆ្នាំគ្រួសារ និងមានគណៈកម្មការថែរក្សាក្រុមគ្រួសារសម្រាប់ព្រះសហគមន៍ភូមិភាគភ្នំពេញផងដែរ។

លោកអភិបាលអូលីវីយេ ក៏បានបញ្ជាក់ផងដែរចំពោះការិយាល័យអប់រំ និងការិយាល័យយុវជននិងកុមារ ដែលការិយាល័យទាំងពីរនេះមានតួនាទីសំខាន់ដើម្បីណែនាំក្នុងរយៈពេលបីឆ្នាំខាងមុខឲ្យយុវជន និងក្រុមគ្រួសារមានភាពរីកចម្រើនតាមរយៈការសិក្សា ចំណេះដឹងទូទៅ និងតាមជំនឿ រួមជាមួយការអធិដ្ឋានផងដែរ។

លោកអភិបាល អូលីវីយេ ក៏បានបន្ថែមនៅក្នុងបទសម្ភាសផងដែរថា សន្និបាតនេះមានសារៈសំខាន់ ដោយសារគ្រួសារ គឺជាកោសិកានៃសង្គម និងជាកោសិកានៃព្រះសហគមន៍។ លោកថាចង់ឲ្យគ្រួសារនីមួយៗរកឃើញក្តីសង្ឃឹមក្នុងជីវិតរបស់ពួកគាត់ ទោះបីគ្រួសារខ្លះមានក្តីសុខដោយសារមានលុយ មានទ្រព្យសម្បត្តិ មានការងារធ្វើ ឬសេចក្តីសុខមកពីគេចេះស្រឡាញ់គ្នាទៅវិញទៅមក។ លោកបញ្ជាក់ថា យើងមិនត្រូវការទីពឹងតែលើទ្រព្យសម្បត្តិលោកិយ៍ ប៉ុន្តែណែនាំឲ្យក្រុមគ្រួសារទាំងអស់ទៅបីក្រក្តីមានក្តីតែអាចរកឃើញសេចក្តីសុខពិតៗនៅក្នុងខ្លួនដើម្បីកសាងសង្គម ព្រោះថាពេលគ្រួសារមានសេចក្តីសុខសាន្ត នោះសង្គមក៏មានសេចក្តីសុខសាន្តដែរ។ ហើយនេះក៏ជាពេលវេលាដែលព្រះសហគមន៍ត្រូវយកចិត្តទុកដាក់និងលើកទឹកចិត្តចំពោះគ្រួសារឲ្យមានភាពកក់ក្តៅ និងអាចរកឃើញឱកាសដើម្បីជួបជុំគ្នាវិញ។

លោកមាស សាមឿន មកពីព្រះសហគមន៍បាត់ដំបង នៃភូមិភាគបាត់ដំបង បានឲ្យដឹងថាបទពិសោធន៍នៃក្រុមគ្រួសារទាំងឡាយដែលបានចែករំលែកមកនេះ បានផ្តល់នូវបទពិសោធន៍នៃការរស់នៅជាលក្ខណៈគ្រួសារ និងជាពិសេសអាចយកបទពិសោធន៍ដែលល្អមកធ្វើជាគំរូដើម្បីអប់រំនៅក្នុងគ្រួសារឲ្យមានសុភមង្គល។ លោកថា យើងគួរតែបំពេញតាមតួនាទីរបស់ខ្លួននៅក្នុងគ្រួសារ មិនក្បត់គ្នា និងចេះបង្ហាញសេចក្តីស្រឡាញ់ដោយផ្តល់ពេលវេលាឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យគ្រួសារមានសេចក្តីសុខ។ អង្គសន្និបាតត្រូវបានបញ្ចប់ដោយអភិបូជា និងមានពិធីជប់លៀងអបអរសាទរបុណ្យព្រះយេស៊ូសម្តែងព្រះអង្គ។​   ដោយដាលីស

៣០ ធ្នូ ២០១៧

លោក​អភិបាល​នៃ​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញបាន​អញ្ជើញ​ជាអធិបតី​នៃ​ពិធីបុណ្យ​អភិបូជាអរព្រះគុណព្រះជាម្ចាស់សម្រាប់ឆ្នាំ២០១៧និង​ដើម្បី​អបអរសាទរ​ឆ្នាំថ្មីឆ្នាំ​សកល​ ២០១៨នៅ​ព្រះវិហារ​ព្រះមាតា​នៃ​សន្តិភាព (អរិយក្សត្រ) នៅថ្ងៃ​ទី​៣០ធ្នូ២០១៧នេះដោយមានលោកបូជាចារ្យ​ និង​គ្រីស្ត​បរិស័ទ​មកពី​មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ជើង​រួមជា​មួយ​​មណ្ឌលសកម្មភាព​​តាកែវ​ចូលរួមជា​ច្រើន​កុះករ។

          នៅក្នុងធម្មទេសនា​នៃ​​ពិធីបុណ្យ​អភិបូជាលោក​អូលីវីយេបាន​ណែនាំ​គ្រីស្ត​បរិស័ទ​ថា នៅថ្ងៃនេះ​យើង​កំពុង​ឆ្លងឆ្នាំចាស់ទៅឆ្នាំថ្មី តែក្នុង​រដូវ​បុណ្យ​ព្រះយេស៊ូ​ប្រសូតនេះ​យើង​ស្វាគមន៍​​ព្រះកុមារយេស៊ូ​នៅក្នុង​ជីវិតថ្មី ដោយដឹងថាព្រះជាម្ចាស់​បាន​ណែនាំ​មនុស្ស​ឲ្យផ្សះ​ផ្សារ​គ្នា​​ទៅជាមនុស្សថ្មី។ លោក​បន្ត​ថា សូមអញ្ជើញបងប្អូន​អង្គុយ​នៅមុខរោងព្រះយេស៊ូ​ប្រសូត​ នោះ​បងប្អូន​នឹង​ឃើញ​សង្គមថ្មី​ដែល​ចាប់​ផ្តើម​ដោយ​ក្រុមគ្រួសារ។ លោក​អភិបាល​បញ្ជាក់ថា ក្រុមគ្រួសារសុខសាន្ត នាំឲ្យ​សង្គម​សុខសាន្ត។

          នៅក្នុង​ធម្មទេសនា​នេះដែរ​ លោក​អូលីវីយេ បាន​លើក​ប្រៀបធៀប​តួអង្គទាំងឡាយ​​ក្នុង​ព្រះគម្ពីរស្តីអំពី​ព្រះយេស៊ូ​ប្រសូត ដែល​មាន​លោក​យ៉ូសែប និង​ព្រះនាង​ម៉ារី ព្រមទាំងព្រះឱរស​យេស៊ូ​ដែលជាក្រុម​គ្រួសារមួយដ៏សុខសាន្ត​ និង​ក្រុមគង្វាល​​ប្រៀបបីដូជា​ក្រុមមនុស្ស​ដែល​នៅ​ក្រៅសង្គម តែក៏ជាអ្នក​ដែល​ទទួល​បាន​ដំណឹងល្អមុនគេ។ លោកបន្ត​ថា ក្រុមហោរាចារ្យ​តំណាង​ឲ្យ​អ្នក​ដែលមាន​ឋានៈ មាន​អំណាច ដែល​មាន​របស់ថ្លៃៗមកថ្វាយបង្គំព្រះយេស៊ូ​នៅ​ក្នុង​​រោង​សត្វ​ដូចគេដូចឯង និង​​តំណាង​ឲ្យ​ប្រជាជនទាំងអស់​ដែល​មកមើល​ព្រះយេស៊ូ​ទោះបី​កាន់​សាសនាផ្សេងគ្នាក៏ដោយ ក៏​អាច​បង្កើត​ទៅជាសង្គមថ្មី​​​បាន​។

          ដោយ​ផ្អែកទៅលើ​សាច់រឿងព្រះយេស៊ូ​ប្រសូតនេះ លោក​អភិបាល​បាន​ពន្យល់​ដល់​គ្រីស្ត​បរិស័ទទាំងអស់ថា សង្គមថ្មី​ដែល​ព្រះជាម្ចាស់​បាន​បង្កើតនៅយប់​បុណ្យណូអ៊ែល​​គឺ​ទទួល​ស្វា​គមន៍​​បងប្អូនទាំងអស់ដែលមាន​​ជីវិត​ដ៏ថ្លៃថ្នូរ ដោយ​មនុស្សទាំងអស់​ជាតំណាង​ព្រះជាម្ចាស់​ ជាបុត្រធីតារបស់ព្រះជាម្ចាស់។ លោក​ថា​សង្គមថ្មី​ដែលព្រះជាម្ចាស់​បាន​បង្កើត​គឺ ក្រុមគ្រួសារ​ដែល​ជា​បងប្អូន​គ្នា​ចេះ​ថ្វាយបង្គំ​ ចេះ​កោត​សរសើរព្រះជាម្ចាស់​ ចេះ​ស្វែង​រកជីវិត​ថ្មី​ដោយ​មិន​រវល់​តែអំពីលុយ​។ លោក​បញ្ជាក់​ថា សង្គមថ្មី​ដែលព្រះយេស៊ូ​បាន​បង្កើត​គឺ​ជាសង្គមមួយ​ដែល​យើង​ទាំង​អស់គ្នា​ទាំអ​ធំទាំងតូច អាច​អង្គុយ​ជាមួយ​គ្នា​បាន​​ ដែល​ជា​​និម្មិតរូប​នៃ​ប្រជាជន​គ្រប់ជាតិ​សាសន៍​ទាំងឡាយ​អាច​រួមគ្នា ចេះ​ស្តាប់គ្នា យល់ចិត្តគ្នាទៅវិញទៅមក​ ដោយ​ទទួល​តួនាទី​ដែល​យើង​មាន​នៅក្នុង​សង្គមបច្ចុប្បន្ននេះ។​

          លោក​អភិបាល​ភូមិភាគ​ភ្នំពេញ​ បាន​ផ្តាំផ្ញើរដល់គ្រីស្ត​បរិស័ទ​ទាំងឡាយ​ សូមឲ្យ​ធ្វើ​ជា​មេម្សៅ​​ដើម្បី​បង្កើត​សង្គមថ្មីនេះ ដោយ​រកផ្លូវ​ដ៏សុខសាន្ត​និង​ដោយសន្តិវិធីគ្រប់ពេលវេលា។ លោក​ថា​ ទុក្ខលំបាក​នៅតែមួយរយៈខ្លីប៉ុណ្ណោះ មិនអាចឈ្នះព្រះពន្លឺបានឡើយ។

          សរសេរ​ដោយ ដាលីស

២៤ ធ្នូ ២០១៧

ព្រះសហគមន៍ទទួលព្រះវិហារចំណាស់នៅលើកំពូលភ្នំបូកគោពីរាជរដ្ឋាភិបាល ស្របពេលដែលព្រះសហគមន៍កាតូលិកកម្ពុជា ប្រារព្ធពិធីបុណ្យព្រះយេស៊ូប្រសូត ប្រកបដោយអំណរសប្បាយ។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានប្រកល់ព្រះវិហារដ៏ចំណាស់មួយ នៅលើកំពូលភ្នំបូកគោ ឲ្យព្រះសហគមន៍កាតូលិកនៅកម្ពុជាមកគ្រប់គ្រង និងកាន់កាប់។

ពិធីប្រគល់ និងទទួលនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែធ្នូកន្លងទៅ នៅមុខព្រះវិហារចំណាស់នេះ ក្នុងមណីដ្ឋានឧទ្យានជាតិព្រះមន្នីវង្ស (បូកគោ) ក្រោមអធិបតី លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលចុះហត្ថលេខាប្រគល់ និងទទួលរវាងលោក ជា សំអាង អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលការពារ និងអភិរក្សធម្មជាតិនៃក្រសួងបរិស្ថាន និងលោកអភិបាលអូលីវីយេ ជ្មីតហស៊្លែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ។

លោកសាយ សំអាល់ បានមានប្រសាសន៍ថា រដ្ឋាភិបាលបានសម្រេចប្រគល់ព្រះវិហារ ឱ្យទៅព្រះសហគមន៍កាតូលិកវិញ ដើម្បីរៀបចំធ្វើការជួសជុល ឲ្យមានសម្រស់ឡើងវិញ សម្រាប់ការប្រតិបត្តិតាមជំនឿនៃព្រះសហគមន៍កាតូលិក។ លោករដ្ឋមន្ត្រីក៏បានណែនាំផងដែរដល់ព្រះសហគមន៍កាតូលិក និងអ្នកពាក់ព័ន្ធទាំងអស់ឲ្យយកចិត្តទុកដាក់ការពារ ថែរក្សា អភិរក្ស និងប្រើប្រាសទីសក្ករដ្ឋានបេតិកភណ្ឌធម្មជាតិទាំងអស់ និងអភិរក្សជិវៈចម្រុះសម្រាប់ជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយ។

លោកអភិបាលអូលីវីយេ មានប្រសាសន៍ឲ្យដឹងថា ព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជា ពិតជាមានអំណរសប្បាយ មានមោទនភាព និងជាកិត្តិយសណាស់ ដែលលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រគល់ព្រះវិហារចាស់នៅលើភ្នំបូកគោនេះដល់ព្រះសហគមន៍។ លោកអភិបាលព្រះសហគមន៍ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាតាមរយៈលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន។ លោកអភិបាលបញ្ជាក់ថា ការពិតកន្លែងនេះបានសាងសង់កាលពីទស្សវត្ស ឆ្នាំ១៩២០ បានប្រើប្រាស់ និងធ្វើសកម្មភាពរហូតដល់ឆ្នាំ១៩៧៥ ។ ក្នុងមួយទស្សវត្សចុងក្រោយនេះ តែងសុំអនុញ្ញាតប្រើព្រះវិហារនេះ មួយឆ្នាំ២ដង ក្នុងឱកាសបុណ្យធំៗ ដូចជាបុណ្យចម្លង និងបុណ្យភ្ជុំជាដើម។ ព្រះសហគមន៍ក៏បានប្រើព្រះវិហារនេះ សម្រាប់ការសំណាក់ធម៌ សម្រាប់អធិដ្ឋាន និងថ្វាយអភិបូជា ។

លោកអភិបាលបន្តថា ក្នុងថ្ងៃបុណ្យព្រះយេស៊ូប្រសូត ព្រះសហគមន៍បានទទួល អំណោយ ពិសេសមួយពីរដ្ឋាភិបាល ដែលបានប្រគល់ព្រះវិហារនេះមកព្រះសហគមន៍កាតូលិកប្រើប្រាស់ ទុកជាកន្លែងសម្រាប់ថ្វាយបង្គំ និងជាកន្លែងអាចណែនាំគ្រីស្តបរិស័ទឲ្យស្រឡាញ់ ការពារបរិស្ថាន។ ដោយទីនេះមានព្រៃឈើ មានផ្កា និងមានទេសភាពល្អៗ។ ជាកន្លែងមួយពិសេសដើម្បីឲ្យព្រះសហគមន៍អាចអនុវត្តន៍ទស្សនៈព្រះសហគមន៍យ៉ាងពិតប្រកដ ដោយដឹងថាព្រះជាម្ចាស់បានបង្កើតអ្វីៗទាំងអស់ និងពិភពលោក ហើយប្រគល់ឲ្យមនុស្សលោកការពារ ថែរក្សា និងអភិវឌ្ឍ។

លោកបន្តថា ៖នៅទីនេះជម្រុញឲ្យយើងត្រូវតែថែរក្សា និងស្រឡាញ់ធម្មជាតិតែម្តង។ លោកអភិបាលក៏បន្តទៀតថា៖ កាលពីសម័យប៉ុលពត គ្មានការផ្តល់សិទ្ធិសេរីភាពក្នុងការគោរពប្រតិបត្តិសាសនានោះឡើយ។

ទោះបីជារដ្ឋធម្មនុញ្ញនៃរាជាណាចក្រទីពីរ បានកំណត់ថាពុទ្ធសាសនាជាសាសនារបស់រដ្ឋក៏ដោយ ក៏រាជរដ្ឋាភិបាលផ្តល់សិទ្ធដល់សាសនាផ្សេងៗទៀតដែរ។ បច្ចុប្បន្ននេះ សាសនានីមួយៗមានសេរីភាពពេញលេញពិតមែន ទាំងព្រះពុទ្ធសាសនា ទាំងគ្រីស្តសាសនា និងទាំងឥស្លាមសាសនា។

លោកអភិបាលក៏បានលើកឡើងនូវកិច្ចខិតខំរបស់ព្រះសហគមន៍កាតូលិកក្នុងកិច្ចសន្ទនាជាមួយសាសនាធំៗពីរទៀត ខិតខំរួបរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រសួងធម្មការនិងសាសនានានាដើម្បីថែរក្សាសុខដុមនីយកម្មសាសន៍នៅកម្ពុជា។ ជាពិសេស រួមសហកាគ្នា កសាងប្រទេសកម្ពុជាឲ្យរីកចម្រើនថែមទៀត។

ចំពោះកិច្ចការពារ និងអភិរក្សបេតិវប្បធម៌ បុរាណឲ្យបានប្រសើរលោកអភិបាល លើកឡើងថា ការជួសជុល ព្រះសហគមន៍នឹងតែរក្សាបរិយាកាសអាគារដូចដើម ព្រោះព្រះវិហារស្ថិតក្នុងមរតកប្រទេសជាតិ។ ជាចុងក្រោយក្នុងឱកាសរីករាយថ្ងៃបុណ្យព្រះយេស៊ូប្រសូតនាឆ្នាំនេះ លោកអភិបាលសូមជូនពរដល់បងប្អូនទាំងអស់ សូមឲ្យមានសេចក្តីសុខ កម្លាំងកាយកម្លាំងចិត្ត រីកចម្រើននៅក្នុងជីវិត ដើម្បីកសាងជីវិតផ្ទាល់ខ្លួនផង និងចូលរួមជួយកសាងប្រទេសជាតិផង។

ព្រះវិហារកាតូលិកនៅលើភ្នំបូកគោនេះ ត្រូវបានកសាងឡើងនៅទស្សវត្សឆ្នាំ ១៩២០ ក្នុងសម័យអាណានិគមបារាំង បើគិតរហូតមកដល់ពេលបច្ចុប្បន្ននេះ មានអាយុកាលប្រមាណជិត១០០ឆ្នាំហើយ។ ព្រះសហកមន៍កាតូលិកនៅកម្ពុជា ត្រូវបំបានបំផ្លាញខ្ទិចទាំងស្រុងក្នុងរបបអាវខ្មៅ កម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ទាំងអាគារសិក្សានានា ព្រះវិហារនៅទូទាំងប្រទេស ទាំងលោក អភិបាល លោកបូជាចារ្យ បព្វជិត បព្វជិតា គ្រីស្តបរិសជាច្រើនត្រូវ បានសម្លាប់ចោល។ ទ្រព្យ សម្បត្តិ ជាកម្មសិទ្ធជាច្រើនបានបាត់បង់គ្មានសល់។

នេះជាលើកទីមួយហើយ ដែលព្រះសហគមន៍កាតូលិកនៅកម្ពុជា បានទទួលមរតកចាស់ សល់ពីសម័យដើម ដែលខ្មែរក្រហមមិនបានបំផ្លាញចោល ពីរាជរដ្ឋភិបាលកម្ពុជា។ ដោយឡុង សម្ផស្ស

  1 2 3 4 5 6 7 8 9 10  ...   
 

© Copyright 2014 Catholic Cambodia - All rights reserved.