Tuesday, 23 Oct 2018

ព្រះសហគមន៍កាតូលិកនៅកម្ពុជា

យុវនារីចំនួនពីររូបស្ម័គ្រចិត្តចូលក្នុងក្រុមអ្នកបួសអ្នកស្រលាញ់ព្រះឈើឆ្កាងនៅកំពង់ចាម

កំពង់ចាម៖ យុវនារីពីររូប នៃព្រះសហគមន៍កោះរការ ស្ម័គ្រចិត្តចូលក្នុងក្រុមដូនជីកាតូលិក នៃក្រុមគ្រួសារ អ្នកស្រលាញ់ព្រះឈើឆ្កាង ដើម្បីទទួលអប់រំអំពីជីវិតអ្នកបួសក្នុងក្រុមនេះ។

ពិធីអរព្រះគុណព្រះជាម្ចាស់ និងទទួលបេក្ខនារីទាំងពីរបានប្រារព្ធទៅកាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៨ ក្រោអធិបតីភាពរបស់ លោក អន់តូនីសាមី ស៊ូសៃរាជ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម។

តាមបងស្រី អាញែ៉ស ស្រីសុជាតិ ជាដូនជីកាតូលិកមួយរូបក្នុងគ្រួសារអ្នកស្រលាញ់ ព្រះឈើឆ្កាង បានឲ្យដឹងថា យុវនារីទាំងពីរនោះ គឺ ស្រី ឡៃ និង កញ្ញា ។ គេទាំងពីរមកពីព្រះសហគមន៍កាតូលិកកោះរការ ។ ដូនជីរូបនេះបន្តថា ពួកគេចូលក្នុងជំហានទី១ គឺជា អាស្ពីឡែន ដើម្បីទទួលការអប់រំ និង ឈ្វេងយល់ពីជីវិតអ្នកបួស ជាដូនជីកាតូលិក។ បងស្រី សុជាតិ បន្តថា មុនទទួល ឬថ្វាយពាក្យសច្ចាជាដូនជីកាតូលិកក្នុងក្រុមនេះ យុវនារីត្រូវទទួលការអប់រំ ១ឆ្នាំជា អាស្ពីឡែន បន្ទាប់មក១ឆ្នាំជា ប៉ុសស្ទូឡែន និង ២ឆ្នាំជាណូវីស ហើយគឺថ្វាយពាក្យសច្ចប្រណិធានលើកទី១។ ក្នុងរយៈពេល៤ឆ្នាំ នេះគេត្រូវសិក្សា ប្រមាណជាង១០មុខវិទ្យា បូករួមជាពិសេសអំពីជីវិតរស់នៅជាក្រុម។ ចំពោះការអប់រំនឹងធ្វើនៅកម្ពុជា មានសាស្ត្រាចារ្យ ជាបូជាចារ្យ និងដូនជីកាតូលិក។

បងស្រី សុជាតិ ក៏បានអធិដ្ឋានសម្រាប់ យុវនារីទាំងពីរ សូមព្រះវិញ្ញាណ ជួយណែនាំប្អូនទាំងពីរ ឲ្យមានកម្លាំង ធ្វើដំណើរ តាមមាគ៌ារបស់ព្រះជាម្ចាស់ ដោយអំណរសប្បាយ និង សេចក្តីស្រលាញ់ជានិច្ចផង។

ក្រុមដូនជីកាតូលិក គ្រួសារអ្នកស្រលាញ់ ព្រះឈើឆ្កាង បានចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាទី ២ ក្នុងកំឡុងទសវត្សទី១៩៩០ ដោយមានដូនជីនកាតូលិកក្រុមគ្រួសារអ្នកស្រលាញ់ព្រះឈើឆ្កាងមកពីប្រទេសថៃ មកតាំងនៅក្នុងព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម គឺលោកយាយ សាវីយេ និង លោកយាយប៉េឡាជី។ ក្រោយមកមានយុវនារីចំនួនពីររូបបានចូលក្នុងក្រុមនេះដើម្បីឈ្វេងយល់អំពីជិវិតអ្នកបួសនៃក្រុមគ្រួសារ អ្នកស្រលាញ់ព្រះឈើឆ្កាងនេះ គឺបងស្រី អាង សង្វាត និង បងស្រីសួន ប៊ុនថារីន អ្នកទាំងពីរបានថ្វាយពាក្យសច្ចាប្រណិធានលើកដំបូង នៅថ្ងៃទី ២១ ខែមីនា ឆ្នា ២០០៤។ បន្ទាប់មកមាន បងស្រី ស្រី សុជាតិ បានថ្វាយពាក្យសច្ចាលើកដំបូងនៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០០៧។ ក្រោយមកមាន បងស្រី សុខនី ថ្វាយពាក្យសច្ចាប្រណិធាន នៅថ្ងៃទី ១ ខែឧសភា ឆ្នាំ២០១២ ។ បន្ទាប់មក បងស្រី ហ៊ីល និង បងស្រី រដ្ឋា បានថ្វាយពាក្យសច្ចាប្រណិធាន ក្នុងក្រុមអ្នកស្រលាញ់ព្រះឈើឆ្កាង ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨។ ពេលនេះមានយុវនារីចំនួនពីររូបសុំចូលឈ្វេងយល់ និងទទួលការអប់រំពីជីវិតអ្នកបួសកាតូលិកក្នុងនេះទៀត។ ចំពោះដូនជីពីររូបដែលមកពីប្រទេសថៃនាទសវត្សទី១៩៩០ លោកយាយ សាវីយេ និងលោកយាយប៉េឡាជី បានវិលត្រលប់ទៅប្រទេសថៃវិញ នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៨។

Your email address will not be published. Required fields are marked *