Tuesday, 23 Oct 2018

ព្រះសហគមន៍កាតូលិកនៅកម្ពុជា

លោកអភិបាលជំរុញឲ្យបេក្ខជនលាបថ្ងាសចូលរួមនៅក្នុងសង្គម ដោយអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់

ភ្នំពេញ៖ គ្រីស្ត​បរិស័ទ​៣០​នាក់មកពីសហគមន៍កាតូលិក​និយាយ​ភាសាអង់គ្លេស សហគមន៍​កាតូលិកនិយាយ​ភាសាកូរ៉េ និង​ព្រះវិហារសន្ត​យ៉ូសែប បាន​​ទទួលអគ្គសញ្ញាលាបថ្ងាស​​ក្នុងពិធី​បុណ្យ​ព្រះវិញ្ញាណ​យាង​មក​។​ពិធីនេះប្រារព្ធទៅ កាលពីថ្ងៃ​ទី​២០ ខែឧសភា ២០១៨នេះ ដោយមានលោកអភិបាល​អូលីវីយេ ជ្មីតអីស្ល៊ែរ នៃ​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​ជាអធិបតី នៅ​ព្រះវិហារ​សន្ត​យ៉ូសែប​ផ្សារតូច ​ភ្នំពេញ និងមានគ្រីស្ត​បរិស័ទចូលរួម​ប្រមាណមួយពាន់នាក់ ដែលមានជាតិសាសន៍ផ្សេង មានដូចជា ខ្មែរ កូរ៉េ បារាំង អាមេរិក ឥណ្ដា ហ្វីលីភីន ថៃ បាគីស្ថាន អាហ្វ្រីក ចិន ជប៉ុន វៀតណាម។ល។

លោក​អភិបាលអូលីវីយេ ​បាន​មាន​ប្រសាន៍​ទៅ​កាន់​បេក្ខជន​ទាំង​៣០​នាក់​ឲ្យ​ខិត​ខំធ្វើជាគ្រីស្ត​បរិស័ទ​សកម្ម​ដោយ​ការ​អធិដ្ឋាន និង​ចូលរួម​សកម្មភាព​តាមក្រុមនីមួយៗ​របស់ព្រះសហគមន៍​ព្រមទាំងទទួល​អគ្គសញ្ញានានា ជាពិសេស​សូមចូលរួមនៅក្នុងសង្គម​ដោយអនុវត្តតាមព្រះបន្ទូល​ “សូមស្រឡាញ់គ្នាទៅវិញ​ទៅមក ដូចខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់គ្នាដែរ”។

លោក​បន្ត​ថា​ ការអនុវត្តតាមព្រះបន្ទូលនឹង​ណែនាំឲ្យ​យើង​អាច​ចូល​រួម​នៅក្នុងសង្គម​ ដោយមាន​សកម្មភាព​​ប្រកបទៅ​ដោយ​សេចក្តីពិត មានយុត្តិធម៌ គោរពបរិស្ថាន គោរពគ្នាទៅវិញទៅមក ព្រោះ​ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់។​ លោក​អភិបាលក៏មានប្រសាសន៍ទៀតថា ប្រសិន​បើ​យើង​អនុវត្ត​តាមនេះ នោះ​ប្រៀបដូចមេឃងងឹតដែលអាច​ភ្លឺបាន​ដោយ​ពន្លឺផ្កាយ ហើយ​ផ្កាយនីមួយៗ​មានឈ្មោះរបស់វា។

នៅក្នុង​ធម្មទេសនាដដែលនេះ​ លោក​អភិបាល​បានលើកឡើងថា ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ដែល​យើងទទួល​គឺ​ជាព្រះវិញ្ញាណ​នៃសេចក្តីពិត ដែល​ណែនាំឲ្យ​យើង​ជួបសេចក្តីពិត​ពេញ​លក្ខណៈ​ និងជាពន្លឺ​នៃសេចក្តីពិតដែល​ធ្វើឲ្យ​យើង​នឹកឃើញ​ដល់​ប្រវត្តិសាស្ត្រ (អតីតកាល) និងអាចមើលឃើញពីអនាគត ដើម្បី​ធ្វើដំណើរ​ក្នុង​ពេល​បច្ចុប្បន្ននេះ​ទៅកាន់​អនាគតកាលដោយ​សេចកតីពិត។

លោក​បន្តថា ព្រះវិញ្ញាណដ៏វិសុទ្ធ​នាំឲ្យ​យើង​នឹកឃើញ​ពី​ប្រវត្តិសាស្ត្រ​នៃពិភពលោកទាំងមូល​ដែលបានធ្វើ​ឡើងដោយអំណរសប្បាយ​ និង​ការអស្ចារ្យ​ តាមរយៈ​ការអភិវឌ្ឍពីមួយជំនាន់ទៅមួយជំនាន់។ លោក​បន្ថែមថា ថ្ងៃនេះ​រាជរដ្ឋាភិបាលកម្ពុជា​ប្រារព្ធទិវាចងចាំ ហើយសម្រាប់​យើងជាគ្រីស្ត​បរិស័ទ គឺជាពេល​វេលាមួយឲ្យ​យើងរួមគ្នា​​ដើម្បី​ប្រកាស​ថា​យើងជា​សាវ័ក​របស់ព្រះយេស៊ូ ប្រកបដោយ​យុត្តិធម៌ សេចក្តីស្រឡាញ់ អំណរសប្បាយ សេចក្តីពិតដែល​បំផ្លាញនូវរាល់អំពើអាក្រក់ទាំងឡាយ និងសង្គ្រាម ដើម្បី​រស់នៅក្នុងជីវិតថ្មី (ក្នុងព្រះជាម្ចាស់)។​

ក្រោយ​បញ្ចប់​ធម្មទេសនា​ ព្រះសហគមន៍​បាន​ប្រកាស​ឲ្យបេក្ខជន​ ​ត្រៀម​ខ្លួន​នឹង​ទទួល​អគ្គសញ្ញា ដោយ​ប្រកាសពីជំនឿ​ផ្ទាល់ខ្លួន​នៅចំពោះ​មុខព្រះសហគមន៍​ និងក្រាបខ្លួនដើម្បី​អធិដ្ឋាន​រួមជាមួយ​លោក​អភិបាល ដើម្បីទូលអង្វរព្រះជាម្ចាស់​តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ។​ បេក្ខជនទាំង៣០រូប បាន​ឡើងទទួលអគ្គសញ្ញាលាបថ្ងាស ពីលោក​អភិបាល​អូលីវីយេ ដោយយក​ប្រេងគ្រីស្មាគូសជាសញ្ញាឈើឆ្កាង តាមប្រពៃណីព្រះសហគមន៍​កាតូលិក។​

បន្ទាប់​មក​តំណាងគ្រីស្ត​បរិស័ទ​ក៏បាន​ទូលអង្វរព្រះជាម្ចាស់ តាមរយៈ​ធម៌សកល​ជាភាសាផ្សេងៗ​ពីគ្នា មានដូចជា ខ្មែរ កូរ៉េ វៀតណាម បារំាង អង់គ្លេស ឥណ្ឌា ចិន ប៉ាគីស្ថាន ហ្វីលីភីន ថៃ ជាដើម  ដើម្បី​បង្ហាញ​ថា​មនុស្សលោក​ទាំងអស់គឺជាមហាគ្រួសារតែមួយ ជាព្រះសហគមន៍​តែមួយទោះ​បី​មាន​ជាតិសាសន៍​ខុសគ្នាក៏ដោយ ហើយ​ក៏ស្របតាមអត្ថបទព្រះគម្ពីរដំណឹងល្អ ​ដែល​មានគ្រីស្តទូតចេញទៅប្រកាស​ដំណឹងល្អជាភាសាផ្សេងៗគ្នាក្រោយពេល​ទទួលព្រះវិញ្ញាណដ៏វិសុទ្ធ។​

យុវជននារី ​ម៉ារី ហោ ផល្លីកា បាន​និយាយ​ថា “សម្រាប់ខ្ញុំ​យល់ថា ព្រះវិញ្ញាណដ៏វិសុទ្ធនឹងជួយឲ្យ​ខ្ញុំ​មានយោបល់ល្អ មានអំណរសប្បាយ មានសេចក្តីក្លាហាន គោរពកោតខ្លាចព្រះជាម្ចាស់ និងធ្វើជាគ្រីស្ត​បរិស័ទពេញលេញដោយធ្វើតាមការណែនាំរបស់ព្រះវិញ្ញាណ ព្រមទាំងឲ្យ​ខ្ញុំ​ចេះគិតពិចារណាដឹងខុស ដឹងត្រូវ​”។ កញ្ញាបន្តថា ការទទួលព្រះវិញ្ញាណនៅថ្ងៃនេះ​ពិតជាមានសារៈសំខាន់ និងជួយ​ឲ្យ​ខ្ញុំ​មានភាព​ក្លាហានក្នុង​ការប្រកាសដំណឹងល្អដោយចូលរួមជាមួយក្រុមយុវជនរបស់ព្រះសហគមន៍ដើម្បី​​​ជួយដល់សង្គម​​ ជាពិសេស​ជនពិការ និង​អ្នកក្រីក្រ ព្រមទាំងអ្នកជំងឺនៅក្នុង​ព្រះសហគមន៍ផ្ទាល់។

ពិធី​លាប​ថ្ងាស​ធ្វើ​ឲ្យ​ព្រអំណោយ​ទាន​នៃ ពិធី​ជ្រមុជទឹក​បាន​ពេញ​លក្ខណៈ គឺ​អគ្គសញ្ញានេះ ផ្តល់​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ដើម្បី ឲ្យ​យើង​ចាក់​ឫសយ៉ាង​ជ្រៅ​ក្នុង​ពូជពង្ស​ជា​បុត្រធីតា​របស់​ព្រះជាម្ចាស់ ឲ្យ​គ្រីស្ត​បរិស័ទ​រួម​ជាមួយ​ព្រះគ្រីស្ត​និង​ព្រះសហគមន៍​យ៉ាង​ជិត​ស្និទ្ធ​​និង​មាំមួន ចូលរួម​ក្នុង​បេសកកម្ម​របស់​ព្រះសហគមន៍​ច្រើន​ជាង​មុន​ ដោយ​ធ្វើ​ជា​សាក្សី​​តាម​ពាក្យសំដី​ផង​និង​កិច្ច​ការ​ផង។

អត្ថបទ៖ ដាលីស

Your email address will not be published. Required fields are marked *