Tuesday, 23 Oct 2018

ព្រះសហគមន៍កាតូលិកនៅកម្ពុជា

លោកបូជាចារ្យទាំងអស់ ប្រកាសពាក្យសច្ចារបស់ខ្លួន សារឡើងវិញ

​​ភ្នំពេញ៖ លោក​បូជាចារ្យ​ទាំង​អស់​​ដែល​មាន​វត្តមាន​នៅ​លើទឹកដី​ប្រទេសកម្ពុជាបាន​ប្រកាសពាក្យ​សច្ចាររបស់​ខ្លួន​សារជាថ្មីយ៉ាងឱឡារឹកនៅចំពោះ​មុខលោក​អភិបាល និង ចំពោះមុខព្រះសហគមន៍ ក្នុង​​ពិធី​ប្រសិទ្ធីពរ​លើ​ប្រេង​ នៅព្រះវិហារ​សន្តសិលា និងសន្តប៉ូល​ ក្នុង​​មណ្ឌលសកម្មភាព​ភ្នំពេញថ្មីសង្កាត់ភ្នំពេញ​ថ្មី ក្រុងភ្នំពេញ នាល្ងាច​ថ្ងៃទី​២០ ខែមីនា ឆ្នាំ២០១៨​ កន្លងទៅនេះ​ដោយមាន​គ្រីស្ត​បរិស័ទ​​ជាច្រើនរយ​នាក់ចូលរួម។

នៅក្នុងធម្មទេសនាលោក​អភិបាល​អូលីវីយេ ជាអធិបតី បាន​មានប្រសាសន៍​ទៅកាន់​អស់លោក​បូជាចារ្យ ​ទាំងអស់​ឲ្យ​សម្លឹងមើល ​ព្រះហស្ថរបស់ព្រះយេស៊ូ ដោយមានប្រសាសន៍ថា យើង​ជា​​បូជាចារ្យ​យើង​បានទទួល​ឋានៈ​ពិសេស​តាមរយៈប្រេង​អភិសេកដោយ​លោក​អភិបាល​លាតដៃ​ឲ្យ​​យើង​ធ្វើជាបូជាចារ្យ​​ដែលព្រះជា​ម្ចាស់ ​បានជ្រើសរើស និង​តែងតាំង​យើងទៅជាអ្នក​បម្រើ​របស់ព្រះជាម្ចាស់​អស់ពី​ដួងចិត្ត។​

លោក​បន្ត​ថានៅពេល​យើងទទួល​អគ្គសញ្ញាគឺ​​ពោរពេញ​​ដោយ​ថាមពល​នៃសេចក្តីស្រឡាញ់​ ប្រៀបដូចជាជីវិត​​របស់ លោកសិលាដែរជួនកាល​យើងធ្លាក់ចុះដូច លោកសិលា​លិចទៅក្នុងទឹក​តែយើងដឹងថា ព្រះយេស៊ូ​ស្រឡាញ់ យើងចាប់ដៃយើង​នៅជាមួយ​យើង និង​លើកលែងទោសឲ្យ​យើង​គ្រប់ពេល​។​

លោក​អភិបាល​បាន​ក្រើន​រំឭក​ដល់អស់លោកបូជាចារ្យអំពីដៃដោយមានប្រសាសន៍​ ​នឹកដល់​ពេលវេលា​តែងតាំង​ជា​បូជាចារ្យ​ នឹក​ដល់​ដៃ​លោក​អភិបាលនឹកដល់ដៃដែល​ទ្រាប​លើ​នំព្រះកាយ​ ដៃដែល​ទទួលស្វាគមន៍​បងប្អូនដែល​អស់សង្ឃឹមឲ្យ​មានសង្ឃឹម​ឡើងវិញ​នៅក្នុង​ជីវិតដៃ​ដែល​​ប្រណម្យ​អធិដ្ឋាន​ ដើម្បី​ឲ្យ​ជិតស្និទ្ធជាមួយ​ព្រះយេស៊ូ​។

លោក​អូលីវីយេអញ្ជើញ ​លោកបូជាចារ្យ​ឲ្យ​សម្លឹងមើល​ព្រះហស្ថរបស់ព្រះយេស៊ូផ្ទាល់ជាពិសេស​នៅក្នុង​ឆ្នាំ​គ្រួសារ​នេះ​​សូម​លោក​បូជាចារ្យមានទឹកចិត្តដូចម្តាយផង មានចិត្តដូចឪពុកផង ដើម្បីបម្រើ​បងប្អូនយើង ដើម្បីណែនាំឲ្យបងប្អូនឲ្យបានវិសុទ្ធ ដើម្បីស្រឡាញ់ដូចព្រះជាម្ចាស់ ដើម្បីលើកលែងទោស​ដូចព្រះជាម្ចាស់ ដើម្បីបម្រើដូចព្រះជាម្ចាស់។ លោកបាន​សង្កត​ធ្ងន់​ថា “​យើង​ជា​បូជាចារ្យ យើងជា​ព្រះមហាក្សត្រ យើងជាព្យាការី សូមឲ្យ​យើង​ប្រមូល​សេចក្តីស្រឡាញ់​ ដោយ​ដៃរបស់យើង​ ដើម្បី​ឲ្យ​បងប្អូន​របស់​​យើង​​មានជីវិត​ដ៏បរិបូណ៌”។

បន្ទាប់ពីធម្មទេសនាលោកអភិបាល​អូលីវីយេបាន​អញ្ជើញ​លោក​បូជាចារ្យទាំងអស់​ ដើម្បី​ប្រកាសពាក្យ​សច្ចារបស់​ខ្លួន​សារជាថ្មី​ឡើងវិញ​ ដោយ​មានប្រសាសន៍​អំពី​ការ​នឹករឭកដល់​ព្រះយេស៊ូបាន​ត្រាស់ហៅ​ពួកសាវ័ក​និង​ត្រាស់​ហៅ​លោក​បូជាចារ្យ​ម្នាក់ៗព្រមទាំងលើកជាសំណួរទៅកាន់​លោកបូជាចារ្យទាំងអស់​ថា៖ ​តើបងប្អូន​ចង់​ប្រកាស​នូវពាក្យ​សច្ចាប្រណិធាន​របស់ខ្លួន​សារជាថ្មី​ នៅចំពោះមុខលោកអភិបាលនិងមុខប្រជារាស្ត្រ​របស់ព្រះជាម្ចាស់ឬទេ?

ស្របពេលនេះដែរលោក​បូជាចារ្យទាំងអស់​បាន​ប្តេជ្ញា​បញ្ជាក់នូវ​ពាក្យ​សច្ចារស់​ខ្លួន​សារជាថ្មី​ នៅចំពោះមុខលោក​អភិបាល​របស់ខ្លួននិង​ប្រជារាស្ត្រ​របស់​ព្រះជាម្ចាស់​ ដោយចង់រួមស្លាប់រួមរស់​ជាមួយ​ព្រះ​យេស៊ូឲ្យ​អស់ពីចិត្ត​ដោយ​លះបង់​ប្រយោជន៍​ផ្ទាល់ខ្លួននិង​ប្រកាប់​យ៉ាងស្មោះត្រង់​តាមពាក្យសច្ចាព្រមទាំង​បំពេញ​បេសកកម្មរបស់ខ្លួន​ក្នុង​​ព្រះ​សហ​គមន៍តាមព្រះគ្រីស្តជាគ្វាលដ៏ប្រពៃ​ ដោយ​បម្រើគម្រោងការដ៏អស្ចារ្យ​របស់ព្រះជាម្ចាស់តាមរយៈ​ព្រះបន្ទូល​ព្រះអង្គ​ ថ្វាយអភិបូជានិងពិធីបុណ្យ​​ផ្សេងៗ​។

បន្ទាប់មក​លោក​អភិបាល​អូលីវីយេបាន​ស្នើ​ឲ្យ​គ្រីស្ត​បរិស័ទ​ទាំងអស់​ ជួយ​អង្វរ​ព្រះ​ជាម្ចាស់​ ដើម្បីជាប្រយោជន៍​ដល់​អស់លោក​បូជាចារ្យ។លោក​ន្ថែមថាសូមអង្វរ​ព្រះ​ជាម្ចាស់​ចាក់​បង្ហូរព្រះអំណោយ​ទាន​លើលោក​បូជាចារ្យ​យ៉ាង​បរិបូរណ៌​ដើម្បី​ជួយ​អស់​លោក​ឲ្យ​ចេះ​បម្រើ​​ព្រះជាម្ចាស់ដោយ​ស្មោះត្រង់​ និងណែនាំ​បងប្អូន​ទៅដល់​ប្រភព​នៃ​ការសង្គ្រោះ។លោក​បន្តថាសូមបងប្អូន​អង្វរ​ព្រះជាម្ចាស់​សម្រាប់​ខ្ញុំនិង​អស់លោកអភិបាល​។អូលីវីយេមានប្រសាសន៍​ទៀត​ថា ​ទោះបី​យើងខ្ញុំ​មិនសមទទួល​បន្ទុក​នេះក៏ដោយ​ តែសូមព្រះជាម្ចាស់​ជួយឲ្យ​​យើង​ខ្ញុំ​ចេះ​បំពេញ​មុខងារ​ដោយស្ម័គ្រចិត្តនិងមានភក្តីភាព​ក្នុង​នាមព្រះគ្រីស្ត​ជា​មហា​បូជាចារ្យ​ ជាគង្វាល​ដ៏សប្បុរសជាបរមគ្រូនិងជាអ្នកបម្រើ​មនុស្សទាំងោឡាយ។

ជាចុងក្រោយ​លោក​អភិបាល​បាន​ ទូលសូមអង្វរព្រះជាម្ចាស់ដើម្បី​ប្រមូលនិង​ថែរក្សា​មនុស្សទាំងអស់ក្នុង​សេចក្តីស្រឡាញ់​របស់ព្រះអង្គ។

ពិធី​រំឭកពាក្យ​សច្ចានេះតែងតែ​ប្រារព្ធឡើងជារៀងរាល់ឆ្នាំ​ ដើម្បី​លើក​ទឹកចិត្ត​អស់លោក​បូជាចារ្យ​ក្នុងការធ្វើដំណើររួមជាមួយព្រះយេស៊ូតាមរយៈ​​ការបម្រើព្រះសហគមន៍​ បម្រើប្រជារាស្ត្រ​របស់ព្រះជាម្ចាស់​ដោយ​សេចក្តី​ស្រឡាញ់។​

បន្ទាប់ពី​អភិបូជាលោក​បូជាចារ្យ​ទាំងអស់​បាន​ទទួល​ផ្កាដែល​តំណាងឲ្យ​សេចក្តីស្រឡាញ់និង​ការ​គោរព​​របស់ព្រះសហគមន៍​ផងដែរ។

ដាលី

Your email address will not be published. Required fields are marked *