Tuesday, 23 Oct 2018

ព្រះសហគមន៍កាតូលិកនៅកម្ពុជា

បុណ្យប្រសិទ្ធីពរលើប្រេង នៃព្រះសហគមន៍កាតូលិក នៅកម្ពុជា

ភ្នំពេញ៖ លោកអភិបាលព្រះសហគមន៍កាតូលិកទាំងបីអង្គ លោកបូជាចារ្យកាតូលិក​ទាំងអស់ដែល​បំពេញមុខងារនៅកម្ពុជា បាន​ប្រារព្ធអភិបូជា​​ប្រសិទ្ធីពរ​លើ​ប្រេងស​ម្រាប់ព្រះសហគមន៍​ទាំងអស់​ឲ្យធ្វើ​ជាសាក្សី​​​​នៃ​ព្រះយេស៊ូ​ដែ​លជាប្រពៃណី​​ព្រះសហគមន៍កាតូលិក​ ដោយមានការចូលរួមពីសំណាក់គ្រីស្ត​បរិស័ទកាតូលិក​មកពី​ភូមិភាគ​ភ្នំពេញ ​​បាត់ដំបងនិង​កំពង់ចាម​​ជាច្រើនរយនាក់។ ពិធីនេះបានប្រារព្ធ​នារសៀលថ្ងៃទី​២០​ ខែមីនា​ ឆ្នាំ២០១៨ នៅព្រះវិហារសន្ត​សិលានិងសន្តប៉ូល​ ក្នុង​​មណ្ឌលសកម្មភាព​ភ្នំពេញថ្មី​របស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ។​

លោកស៊ាន់សារឿន​ ប្រធានការិយាល័យយុវជន ជំទង់ និងកុមារនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បាន​ប្រកាស​ក្នុង​ពិធី​អំពី​អត្ថន័យ​នៃ​ប្រេង​​ទាំង​បី​ប្រភេទ​​ដែល​ហែរយក​មក​ប្រសិទ្ធីពរនិង​ទុក​ជា​និមិត្តរូប​នៃ​ព្រះវិញ្ញាណ​ដែល​ជា​ព្រះ​​អំណោយ​​​​​​​​ទាន​​ពិសេស​របស់ព្រះជាម្ចាស់​ដែល​បាន​ជ្រួតជ្រាបនូវគំនិត​ព្រមទាំង​​ប្រទាន​នូវកម្លាំង​ និង​អំណរ​សប្បាយ​ដល់​អស់​អ្នក​ដែលជឿ។​

នៅពេល​តំណាង​គ្រីស្តបរិស័ទនិងជា​តំណាង​គណៈកម្មាធិការសំខាន់​ទាំងបី​​មាន​គណៈកម្មការពិធីបុណ្យ​ គណៈកម្ម​ការ​សង្គហៈ​ និង​គណៈកម្មការ​អប់រំជំនឿ នៃ​ព្រះសហគមន៍​កាតូលិកបាន​ហែរថូ​ប្រេង​ទាំងបីប្រភេទ​ចូលមកក្នុងអង្គពិធីជូន​លោក​អភិបាល​ដែលរង់​ចាំទទួល​។ ពេលទទួលប្រេងនោះហើយ លោកអភិបាល ​អធិដ្ឋាន​ទូល​អង្វរព្រះជាម្ចាស់​ទៅ​តាមប្រភេទ​នៃប្រេងដែល​ត្រូវប្រើស្របតាម​ប្រពៃណី​នៃព្រះសហគមន៍កាតូលិកផងដែរ​។

តំណាងគ្រីស្តបរិស័ទបានយកប្រេងគ្រីស្មាជូនលោក​អភិបាល​អូលីវី​យេ លោកទទួលហើយបាន​ចាក់ប្រេងក្រអូប​ចូលក្នុងថូ លាយបញ្ចូលគ្នា និងបាន​ផ្លុំ​លើ​ប្រេងទាំងនេះ​ដើម្បី​បញ្ជាក់​​ថាព្រះវិញ្ញាណ​ដ៏​វិសុទ្ធយាងមក​​​​និង​អធិដ្ឋាន​ដោយ​នឹក​ដល់អគ្គសញ្ញានានានឹកដល់ឫទ្ធិបារមីនៃប្រេង​ពិសិដ្ឋ​នៅក្នុង​សម្ពន្ធមេត្រីចាស់​ ​នឹក​ដល់​ព្រះ​យេស៊ូ​​​​ដែល​បំពេញ​បេសកកម្មសង្គ្រោះ​មនុស្សលោក​ ហើយ​ទូលអង្វរ​ព្រះ​ជាម្ចាស់​​ដល់ព្រះ​សហគមន៍​ដើម្បី​បន្ត​បេសកកម្ម​តាម​រយៈ​ប្រេងពិសិដ្ឋនេះ​ ដើម្បី​ឲ្យ​មនុស្ស​លោក​​​បាន​ទទួលព្រះ​ពរ​និង​ទៅជាបុត្រធីតា​របស់​ព្រះជាម្ចាស់ដែល​បាន​កើតជាថ្មី​ដោយ​អគ្គ​សញ្ញាជ្រមុជទឹក និងអគ្គសញ្ញានានា​ដែល​បាន​ប្រើដោយ​ប្រេងនេះ។

លោក​អភិបាល រួមជាមួយ​​អស់​លោក​បូជាចារ្យ​ទាំងអស់ទ្រាបដៃលើ​ប្រេង​ ​ទូលអង្វរ​ព្រះជាម្ចាស់និង​ដោយ​ឫទ្ធានុភាពនៃ​ព្រះ​វិញ្ញាណ​ដ៏វិសុទ្ធដើម្បីឲ្យ​ប្រេង​ដែល​លាយជាមួយ​គ្រឿង​ក្រអូប​ទាំង​នេះ​បាន​ទៅជា​អគ្គសញ្ញា​បង្ហាញ​ពី​ព្រះ​ហឫទ័យ​មេត្តាករុណារបស់​ព្រះជាម្ចាស់និង​សូម​ឲ្យ​ប្រេងទាំងនេះ​ពោរពេញ​ដោយព្រះវិញ្ញាណដ៏វិសុទ្ធដើម្បី​ឲ្យ​អស់អ្នក​ដែល​ទទួលប្រេងនេះបាន​សេចក្តីសុខសាន្ត​។​

ប្រេង​ដែល​បាន​​ប្រសិទ្ធីពរ​​នោះ​មាន​បីយ៉ាងបន្តបន្ទាប់គ្នាគឺ៖ដំបូងជា ប្រេង​សម្រាប់​លាបដើម្បី​ផ្តល់កម្លាំង​ឲ្យ​អ្នក​ជម្ងឺចាស់ជរាជនពិការ និងអស់អ្នកដែលរងទុក្ខលំបាក។ បន្ទាប់ជា ប្រេងសម្រាប់​អ្នករៀប​ចំខ្លួន​ទទួល​អគ្គសញ្ញា​ជ្រមុជ​ទឹកនិងអស់អ្នក​ដែល​មិនទាន់ស្គាល់ព្រះយេស៊ូ​។​ចុងក្រោយជា ​ប្រេងគ្រីស្មាដែល​ប្រើ​សម្រាប់​ អគ្គសញ្ញាលាប ថ្ងាសសម្រាប់អស់អ្នក​ដែល​ស្ម័គ្រចិត្តថ្វាយខ្លួនជាអ្នក​បម្រើព្រះជាម្ចាស់​ សម្រាប់និស្សិតទេវវិទ្យាល័យ​​អគ្គសញ្ញាតែងតាំងជាបូជាចារ្យជាអភិបាលនិង​សម្រាប់ទីសក្ការៈនានានៃព្រះសហគមន៍ទាំងអស់​ដើម្បី​ធ្វើជាសាក្សី​នៃព្រះយេស៊ូ។

ពិធីនេះ​តែង​ប្រារព្ធឡើង​ជារៀងរាល់​ឆ្នាំ​ក្នុង​រដូវអប់រំពិសេសមុន​ចូលក្នុង​សប្តាហ៍ពិសិ​ដ្ឋដើម្បី​យកទៅ​ប្រើ​ប្រាស់​ក្នុង​ពិធី​ផ្សេងៗ​របស់​ព្រះ​សហគមន៍កាតូលិករយៈពេល​ពេញ​មួយ​ឆ្នាំ​។

ដោយ៖​ដាលីស

Your email address will not be published. Required fields are marked *