Tuesday, 23 Oct 2018

ព្រះសហគមន៍កាតូលិកនៅកម្ពុជា

សាលាអប់រំពិសេស នៃការលូតលាស់ជួយ ដល់កុមារអូទីស៊ឹម

ភ្នំពេញ៖ ពេល​ដឹង​ថា​ចៅ​ហ្នឹង​អីចឹង​ តាំង​ពី​អាយុ​២​ឆ្នាំ។ បើ​យើង​គិត​ពី​ពូជពង្សអី​គឺ​គ្មានហ្មង។ តាំង​ពី​ខ្ញុំ​កើត​មក​អត់ដែល​មាន។ ប៉ុន្តែ​បញ្ហា​ខ្ញុំ​គិត​ថា ប្រហែល​ជា​ ពីតូចមកកំហុស​របស់ម៉ាក់គេ​ខ្លះដែរ ឲ្យ​លេង​ទូរសព្ទ មើលទូរទស្សន៍”។

“វារពឹស​ហ្មង​ អត់មាន​ទំនេរសោះហ្មង។ ទំនេរតែពេលគេង​មួយទេ។ រពឹសខ្លាំង​ ហើយនៅ​ផ្ទះ​ចចេសខ្លាំង បោក​ប្រាស់​ស្អីៗ​ខ្ទេចខ្ទីអស់ហើយ។ សក់​យើង​អី​បោច​ខ្ទេចខ្ទីអស់ហើយ។ ថា​ពិបាក​ខ្លាំងហ្មង”។

“ពិបាក ដោយ​សារ​ខ្ញុំ​អត់​យល់​ពី​ជំងឺហ្នឹង។ ហើយ​ខ្ញុំ​ដើរសួរគេ​ទៅ​ គេថា អត់មាន​ផ្លូវ​អី​ព្យាបាល​បាន​ទេ មាន​តែ​យើង​ខ្លួន​ឯង​ជួយ​ ហើយ​នឹង​មក​មជ្ឍដ្ឋាន​ខាង​ក្រៅ គឺ​ថា​មក​ប្រាស្រ័យទាក់ទង​ជាមួយអ្នកដទៃ ពី​ព្រោះ​គាត់​អត់​ចេះ លេង​ចូល​ជាមួយ​គេ​ទេ ព្រោះ គាត់​អត់​ចូល​សង្គម​បាន ហើយ​បើ​គាត់​ចង់​បាន​អី​គាត់​យក​ហ្នឹង​ទាល់តែ​បាន”។

ទាំង​នេះ​ គឺ​ជា​សំដី​របស់​អ្នកម្តាយ និង​ជីដូន ​ដែល​​មាន​កូន​និង​ចៅ​កើត​ជំងឺ​អូទីស៊ឹម។ ពួកគាត់​បាន​យក​កូន​និង​ចៅ​របស់​គាត់​មក​ទទួល​ការ​អប់រំ​នៅ​សាលា​អប់រំ​ពិសេស​នៃ​ការ​លូត​លាស់​ ដែល​ស្ថិត​នៅ​ក្នុង​ខណ្ឌ​មានជ័យ​​ រាជធានីភ្នំពេញ។ សាលា​នេះ ទទួល​កុមារ​ដែល​មាន​ជំងឺ​អូទីស៊ឹម ជា​ជំងឺ​មួ​យ​ដែល​ធ្វើ​ឲ្យ​កុមារ​ពិបាក​ក្នុងការ​និយាយ មាន​អកប្បកិរិយា​ចម្លែក និង​គ្មាន​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ។ គ្រួសារ​ដែល​មាន​កុមារ​ប្រភេទ​នេះ គឺ​មាន​ការ​លំបាក​ជាខ្លាំង​ក្នុងការ​អប់រំ​និង​ណែនាំ​ពូកគេ។

អ្នកស្រី​ឆេញ សុនី វ័យ​៦៥​ឆ្នាំ បាន​នាំ​ចៅ​របស់​គាត់​មក​ទទួល​ការអប់រំ​នៅ​សាលាអប់រំ​ពិសេស​នៃ​ការ​លូត​លាស់ បាន​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ហើយ។ អ្នកស្រី​បាន​ឲ្យ​ដឹងថា ចៅ​ប្រុសរបស់​គាត់​មាន​ជំងឺ​នេះ តាំង​ពី​អាយុ​២​ឆ្នាំ។ ហើយ​គាត់​និង​កូន​​បាន​យក​ទៅ​ផ្ញើ​នៅ​សាលា​ជា​ច្រើន​តែ​ខាង​សាលា​មិន​អាចទទួល​បាន។ អ្នកស្រី សុនី“ខ្ញុំ​ដើ​រ​ច្រើ​ន​សាលា​ហើយណា ដល់​មក​សាលានេះ​ទៅ​ដូចថា ពេញ​ចិត្ត​ណាស់។ គាត់​បង្រៀន​អីបាន​ចេះ ល្អច្រើន។ ចៅ​ខ្ញុំ​ឥឡូវ​គ្រាន់​បើ​ច្រើន ចេះ​ជាង​មុន។ ពីដើម​រពឹសណាស់”។

មិន​សូវ​ខុស​ពី​អ្នកស្រី ឆេញ​ សុនី ​ទេ មាន​ម្តាយ​ជាច្រើន​ទៀត​ដែល​កំពុង​នៅ​ក្បែរ​របង​សាលា​ដើម្បី​រង់​ចាំ​មើល​កូននិង​ចៅ​របស់​ខ្លួន​ ទោះ​បី​ជាកុមារ​ទាំង​នោះ​​កំពុង​រៀន​ក្នុង​សាលាហើយ​ក៏​ដោយ។ ម្នាក់ៗ​បាន​អះ​អាង​ថា កូននិង​ចៅ​​របស់​គាត់​​ពេល​ដែល​ពួកគេ​ត្រូវ​ការ​ជំនួយគឺ​ពិបាក​គ្រប់​គ្រង​សូម្បីតែគ្រូបង្រៀន​ផ្ទាល់។ អ្នកស្រី​ខ្វាន់ ចាន់ដានីន បាន​និយាយ​ដូច្នេះ​ថា “ អត់​ទៅផ្ទះ​ផង។ ខ្ញុំនៅ​ចាំ ព្រោះ​ភាគ​ច្រើន ជួន​កាលទៅគាត់​ឈឺ​ ជួនកាលត្រូវការ​បញ្ចុកនំអីចឹងទៅ។ ពេលឥឡូវ​គាត់ទៅ​​រៀនថ្នាក់លើទៅ​ គាត់​ឡើង​ថ្នាក់ទៅ អត់ពិបាកទេ អាច​ញ៉ាំបាយ​បាន​ទៀតឥឡូវ។ ហើយពីមុន​ស្លៀក​ខោទឹកនោម​រហូត តែ​ឥឡូវ​ផ្តាច់បាន​ហើយ ស្រួល”។

អ្នកស្រី​ហេង​ ចិត្រា​ អាយុ​៣៨​ឆ្នាំ​​ ដែលនៅក្បែរនោះបាន​ឲ្យ​ដឹងថា កូន​របស់​គាត់​ពីមុន​មក​មិន​ខ្លាច​អ្វីទាំងអស់ ព្រោះ​តែ​គាត់​មិន​យល់​ថា​អ្វីខ្លះ​មាន​គ្រោះ​ថ្នាក់ចំពោះ​ខ្លួន ប៉ុន្តែ​ក្រោយ​ពី​ទទួល​បាន​ការ​អប់រំនៅ​សាលា​ កូន​របស់គាត់​ស្គាល់​ពី​របៀប​នៃ​ទំនាក់ទំនង​និង​អ្វីដែល​អាច​ធ្វើ​បាប​ដល់​គាត់។

អ្នកស្រី ​ភោគ​ ម៉ានី អ្នកសម្រប​សម្រួល​សាលា​អប់រំ​ពិសេស​នៃ​ការ​លូត​លាស់​​បាន​មាន​ប្រសាសន៍ថា ទិស​ដោយ​សំខាន់​នៃ​ការ​បង្កើត​សាលានេះ គឺដើម្បី​ជួយ​សម្រួល​ដល់​ការ​អប់រំ​របស់ឪពុកម្តាយ​ដែលមាន​កូន​មាន​ជំងឺ​អូទីស៊ឹម។​ អ្នកស្រី ភោគ​ ម៉ានី “ដោយសារ​ផលវិបាក​នៃ​ឪពុកម្តាយ​ដែល​គាត់​មាន​កូន​អូទីស៊ឹម​ហ្នឹង​គឺ​យើង​អត់​អាច​បញ្ជូន​កូនទៅរៀន​នៅ​តាម​សាលា​ ទោះ​បី​សាលា​ឯកជន​ដែល​យើង​ត្រូវ​បង់​លុយ​គេ​ ទោះបី​សាលា​រដ្ឋ​ក៏​ដោយ​គឺ​គេ​អត់​ទទួល​ទេ។ អីចឹង​អ្វី​ដែល​យើង​បង្កើត​សាលា​នេះ ​គឺ​យើង​សង្ឃឹម​ថា ឲ្យ​ក្មេង​ដែលមាន​ពិការអូទីស៊ឹម​នេះ គាត់​មានការលូតលាស់ទាំង​ភាសា អាកប្បកិរិយា​ និង​សង្គម​ ដើម្បីទៅ​ថ្ងៃអនាគត​ គាត់​អាច​ចូល​រៀន​នៅ​សាលា​ឯក​ជន​ឬ​សាលា​រដ្ឋ បាន។ នេះ​ជា​គោលដៅ​ចម្បង​របស់​សាលានេះ”។

មកដល់ត្រង់នេះ អ្នកស្រី​ភោគ ម៉ានី បានឈប់បន្តិចហើយនិយាយថា គាត់​ក៏​ជា​ម្តាយ​ដែលមាន​កូន​អូទីស៊ឹម​នេះ​ដែរ ហើយ​កុមារ​អូទីស៊ឹម មាន​លក្ខណៈ​បី​ដែល​ប្លែក​ពីកុមារ​ដទៃ​ទៀតដែល​ត្រូ​វការ​អភិវឌ្ឍ គឺ​ភាសា អាកប្បកិរិយា និង​ទំនាក់ទំនង​សង្គម។ អ្នកស្រី​បាន​ពន្យល់ថា “តាម​ធម្មតា​ក្មេង​អូទីស៊ឹម គឺ​មាន​បី​ចំណុច​ដែល​ពួកគាត់​ត្រូវ​ការ​អភិវឌ្ឍ។ ទី១​គឺ​ភាសា។ យើង​ឃើញ​ថា នៅ​ពេល​គាត់​មាន​អាយុ​មួយ​ឆ្នាំ​គាត់​នៅ​មាន​ភាសា​ខ្លះៗ ពេល​ដល់​អាយុ​៣​ឆ្នាំគាត់​បាត់ភាសា​គាត់​ទៅវិញ។ ឪពុកម្តាយ​ដែលមាន​កូន​អូទីស៊ឹម គឺ​ប្រាកដ​ជា​ឆ្ងល់​ថា​ហេតុអីបាន​អីចឹង តែ​នេះ​ជាជំងឺហ្នឹង។ ទី២​គឺ​អាកប្បកិរិយា។ ក្មេង​អូទីស៊ឹម​ទាំង​៤០​នាក់​មាន​អាកប្បកិរិយា​ប្លែ​ទាំង៤០។ មាន​ក្មេង​ខ្លះ​យំ បោក​ក្បាល​នឹង​ជញ្ជាំង មាន​ក្មេង​ខ្លះ​ដំខ្លួន​ឯង មាន​ក្មេង​ខ្លះ​ដើរ​លោត​ ដើរ​ចំទើត។ ហើយ​មួយ​ទៀត​គឺ​សង្គម​របស់​គាត់​ គឺ​គាត់​ចូល​ចិត្ត​លេង​តែ​ឯង​។ គាត់​ទៅ​កន្លែង​ណា​ គាត់​អត់​អាច​ចូល​ជាមួយ​គេ​បាន​ទេ។ គឺ​បី​ចំណុច​នេះ យើង​កត់​សម្គាល់​ថា​ក្មេងហ្នឹង​មាន​ជំងឺ​អូទីស៊ឹម​ហើយ”។

នៅ​ក្នុងការ​ស្រាវ​ជ្រាវ​របស់​សហរដ្ឋអាមេរិក​បាន​រក​ឃើញ​ថា ក្នុង​ប្រទេស​របស់ខ្លួន​នៅ​ក្នុង​ឆ្នាំ​២០១១-២០១៣ មាន​កុមារ​ម្នាក់​ក្នុង​ចំណោម​៨០នាក់​កើត​ជំងឺអូទីស៊ឹម។ ហើយ​ក្នុង​ឆ្នាំ​២០១៤ ទិន្នន័យ​ថ្មី​បាន​បង្ហាញ​ថា មាន​កុមារ​យ៉ាង​ហោច​ណាស់​ម្នាក់​ក្នុង​ចំណោម​៤៥​នាក់​ដែល​បាន​កើត​ជំងឺនេះ។ រីឯប្រទេស​កូរ៉េ​ខាង​ត្បូង​វិញ មាន​អត្រា​ម្នាក់​ក្នុង​ចំណោម​៣៨នាក់។ ចំណែក​នៅ​ក្នុង​ប្រទេស​កម្ពុជា​​មិន​ទាន់​មាន​ការ​សិក្សា​អំពី​​ចំនួន​នៃ​អ្នកកើត​ជំងឺ​នេះ​នៅ​ឡើយទេ។

ទោះ​បីជា​យ៉ាង​ណា​ក៏​ដោយ​ ជំងឺ​អូទីស៊ឹម​របស់កុមារ​នេះ​ មិន​ត្រូវ​បាន​បញ្ជាក់​ឲ្យ​ដឹង​ច្បាស់​ពី​មូល​ហេតុ​នៃ​ការ​កើត​ជំងឺនេះ​នៅ​ឡើយទេ គឺ​មាន​តែ​ការ​សន្និដ្ឋាន​មួយ​ចំនួន​ប៉ុណ្ណោះ ដែលរួមមាន​ទាំងកត្តាបរិស្ថាន កត្តា​ជីវសាស្រ្ត និងកត្តាតំណរពូជ ដែល​ទាំងនេះ​ជា​កត្តា​បណ្តាល​ធ្វើឱ្យកុមារមានបញ្ហា។

សាលា​អប់រំ​ពិសេស​នៃ​ការ​លូត​លាស់ សព្វ​ថ្ងៃនេះមាន​គ្រូ​បង្រៀន​ចំនួន​១១នាក់​ ដែល​កំពុង​បង្រៀន​​កុមារ​ចំនួន​៤០នាក់ និង​អភិវឌ្ឍ​កុមារ​ទាំងនោះ​ឲ្យ​អាច​ចូល​ទៅ​ក្នុងសង្គម​បាន​ដូច​កុមារ​ដទៃទៀត។ សាលា​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៧ និង​មាន​ការគាំ​ទ្រ​ដោយ​ព្រះសហគមន៍​កាតូលិក​។

កំពុង​អង្គុយ​បង្រៀន​សិស្ស​ឲ្យ​ចេះ​ផាត់ពណ៌​និង​តម្រៀប​រូប​ អ្នកគ្រូ​ ស៊ូ ភូណា ជា​គ្រូ​បន្ទុក​ថ្នាក់​កម្រិ​ត​ទី​១​បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​គាត់​មិន​ដឹង​ថា តើ​ត្រូវ​ធ្វើ​អ្វី​ខ្លះជាមួយ​កុមារទាំងនេះ​ទេ ព្រោះ​មិន​ធ្លាប់​បាន​ធ្វើ​ការងារ​ជាមួយ​ពួកគាត់។ ក្រោយ​មក​អ្នកចាត់​តាំង​សាលា​បាន​ផ្តល់​វគ្គ​បណ្តុះ​បណ្តាល​ដល់គាត់និង​គ្រូ​ឯទៀតៗ​ដើម្បី​ឈ្វេង​យល់​បន្ថែម​អំពី​កុមារ​អូទីស៊ឹមនេះ។ អ្នកគ្រូ​បាន​ឲ្យ​ដឹងថា “ពេល​យើង​ចាប់​ផ្តើម​ចូលបង្រៀន​យើង​រៀន​ពី​ពួកគាត់​ផង និង​ពី​មេរៀន​អ្នកគ្រូ​ផល្លា​ផង និង​ពី​គ្រូ​ហ្វីលីពីនមកបណ្តុះបណ្តាល​ រយៈពេល​មួយ​អាទិត្យ។ នៅ​ពេល​គាត់​មកបង្រៀន​ គាត់​ឲ្យ​យើង​អនុវត្ត​ជាមួយ​កូន​ក្មេង​ហ្នឹង។ យើង​ចង់​ថា​ យើង​ធ្វើ​ម៉េច​ដើម្បី​ឲ្យវា​បាន​ប្រសើរ​ល្អ ជាមួយ​ក្មេង​យើង​ អីចឹង​យើង ទៅ​មើល​យូធូប(Youtube) ផង មើល​សៀវភៅ​ផង យើង​រៀន​ពី​គ្រូ​បរទេស​ផង ពី​គ្រូ​ខ្មែរ​ផង​”។

អ្នកគ្រូ​បាន​បន្ត​ទៀត​ថា ការ​បង្រៀន​កុមារ​អូទីស៊ឹម​នេះ ពិត​ជា​លំបាក ហើយ​ក្នុង​ចំណោម​កូន​សិស្ស​ម្នាក់ៗ ពួកគាត់​ជា​គ្រូ​បង្រៀន​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​អំពី​អាកប្បកិរិយា​របស់កុមារ​ និង​សិក្សា​អំពី​ពួកគេ​ថា​ពួកគាត់​​យ៉ាង​ម៉េចៗ បន្ទាប់​មកយើងជា​គ្រូ​ត្រូវ​ធ្វើ​ក្រដាស​ឲ្យគាត់ដើម្បី​ឲ្យ​គាត់​អាច​រៀន​សូត្រ​បាន ហើយ​ត្រូវ​មាន​កាលវិភាគ​សម្រាប់​គាត់​ម្នាក់ៗ។ អ្នកគ្រូ​ឲ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​កិច្ច​ការ​បង្រៀន​ យើង​ក៏​សូ​ម​ឲ្យ​ឪពុកម្តាយ​ចូលរួម​ជួយ​កុមារ​ទាំងនោះ​ដែរ ដើម្បី​យល់​អំពី​កូន​របស់ពួកគាត់​ថា​គេ​ចង់​បាន​អ្វី។

សាលា​អប់រំពិសេស​នៃការ​លូតលាស់នេះ បង្រៀន​ពី​ថ្ងៃ​ចន្ទ ដល់​សុក្រ ចែក​ចេញ​ជា​​២​វេន​ក្នុងមួយ​ថ្ងៃ មាន​ព្រឹក​និង​រសៀល ដែលមាន​បី​កម្រិត​ដូច​សាលា​មេត្តេយ្យ​សិក្សា​របស់រដ្ឋ។ ក្នុងនោះ​ដែរ​សាលា​នេះ ក៏​មានបន្ទប់​កាយវិញ្ញាណ​សម្រាប់កុមារ​អាច​យល់​ដឹង​បន្ថែមរបៀប​នៃ​ការ​រស់នៅ ស្គាល់​របស់​របរ​ផ្សេងៗ​ដែល​ចាំបាច់​ក្នុងការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃផងដែរ។

អ្នកស្រី​ម៉ានី​ ជាស្ថាបនិក​សាលានេះ​​​ បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​មាន​កុមារ​ជាច្រើន​ទៀត ស្ថិត​នៅ​ក្នុង​បញ្ជី​រង់​ចាំ​ទទួល​ការ​សិក្សា​ពី​សាលានេះ។ អ្នកស្រី ម៉ានី “ដូច្នេះ​ក្នុង​Waiting List (បញ្ជីរង់ចាំ)ដែល​ក្មេង​មក​រក​យើង​ មាន​ដល់​២៤នាក់ ដែល​យើង​មិន​ទាន់​អាច​ជួយ​ពួកគេ​បាន។ ក៏​ប៉ុន្តែ​យើង​និង​លោកបូជាចារ្យ អ្នក​ផ្តល់​យោ​បល់​ផ្សេងៗទៀត​ យើង​នឹង​មើល​ថា​តើ​២៤​នាក់ថ្មី តើ​យើង​នឹង​អាចជួយ​ពួកគេ​បាន​យ៉ាង​ម៉េច?​”។

និយាយ​ពី​អនាគត​របស់​កុមារដែលមាន​ជំងឺ​អូទីស៊ឹម​នៅ​កម្ពុជា សម្រាប់​ឪពុកម្តាយ​ពួកគេ​​ ​ បាន​ត្រឹម​តែ​សង្ឃឹម​ថា កូន​ៗ​របស់​គាត់​គ្រាន់តែ​អាច​រស់នៅ​បាន​ដោយ​ខ្លួន​​ឯង​ និង​អាច​ជួយ​ខ្លួន​ឯង​បាន​ខ្លះ​ប៉ុណ្ណោះ។ ពួកគាត់​ម្នាក់ៗបាន​ពោល​យ៉ាង​ដូច្នេះ ៖

អ្នកស្រី​ឆេញ សុនី ​“ដូច​ថា​ ចេះ​តែ​នឹក​ឃើញ​ថា មិន​ដឹង​ថា​យ៉ាងណាទេ ឥឡូវ​វា​ចេះ​អីចឹង​ អ៊ំដូច​សង្ឃឹម​ថា ធ្វើម៉េច​ក៏​គេ​ចេះ​ជួយ​ខ្លួ​ន​ឯង​បានឬ​ក៏​លើស​ហ្នឹង​ទៅ​ទៀត​។ ឥឡូវ​នេះ​ គេ​ចូល​ចិត្ត​ខាង​ទាត់​បាល់”។

អ្នកស្រីខ្វាន់ ចាន់ដានីន​ ឲ្យ​ដឹងថា “មិន​សង្ឃឹម​ថា​ គាត់​ចូលរៀន​បាន​ដល់​សកលដូចគេ​អត់ទេ! សង្ឃឹម​ថា​គាត់​អាច​ជួយ​ខ្លួន​ឯង​បាន គាត់​យល់ គាត់​ចង់​បាន​អ្វីមួយ គាត់នឹង​ប្រាប់​យើង​ថា​គាត់​ចង់​បាន​អី។ ខ្ញុំ​សង្ឃឹម​តែ​ប៉ុណ្ណឹង​បាន​ហើយ បើ​ថា​លើស​ហ្នឹង​ទៀត​មិន​អាច”។

ស្រដៀង​គ្នា​នេះដែរ ​អ្នកស្រី ហេង ចិត្រា បាន​និយាយថា​ “គ្រាន់​ថា​ពេល​ធំ​ឡើង​ យើងខ្ញុំ​ថា​គាត់​អាច​ជួយ​ខ្លួន​ឯង​បាន។ មិន​ដែល​បាន​ធ្វើការងារ​ធំដុំ​នឹង​គេ មិន​សង្ឃឹម​អីចឹងទេ។ គ្រាន់​ថា គាត់​អាច​រស់នៅ​ដោយ​ខ្លួន​ឯង ញ៉ាំ​បាយ​ខ្លួន​ឯង មើល​ខ្លួន​ឯង ងូត​ទឹក​ខ្លួន​ឯង​។ តែ​រាល់ថ្ងៃ​ សាលា​គេ​បង្រៀន​សរសេរ​អក្សរដែរ តែ​ខ្ញុំ​មើល​ទៅ​ក្មេង​ៗហ្នឹង​វិវដ្ត​ទៅ​ខុស​ពី​នៅ​តូច​ វាមិន​នៅ​ដដែល​ៗទេ”។

ផ្ទុយ​ពី​ការ​រំពឹង​គិត​របស់​ឪពុកម្តាយ​ខាង​លើ អ្នកសម្រប​សម្រួល​សាលា​អប់រំពិសេស​នៃ​ការ​លូត​លាស់​ អ្នកស្រីម៉ានី ​ហាក់​ដូចជា​មាន​សុទិដ្ឋិនិយម​ជាខ្លាំង​។​ គាត់​នៅ​តែ​មាន​ក្តី​សង្ឃឹម​ចំពោះ​អនាគត​របស់​កុមារ​អូទីស៊ឹម ព្រោះ​ប្រទេស​ជិត​ខាង​កម្ពុជា ដូចជា​ប្រទេស​ថៃ​ជាដើម បាន​ជ្រោម​ជ្រែង​លើ​ការ​អប់រំ​របស់​កុមារ​ទាំងនោះ ហើយពួកគេ​បាន​ទទួល​ជោគ​ជ័យ ដោយ​កុមារ​ខ្លះ​បាន​ទទួល​ការងារ​ធ្វើ​នៅ​ការិយាល័យ និង​បើ​កអាជីវកម្ម​ផ្ទាល់ខ្លួន។

អត្ថបទ​ដោយ កញ្ញា កែវ កញ្ញា

Your email address will not be published. Required fields are marked *