Tuesday, 23 Oct 2018

ព្រះសហគមន៍កាតូលិកនៅកម្ពុជា

លោកអូលីវីយេលើកទឹកចិត្ត ឲ្យគ្រីស្តបរិស័ទ ក្នុងឆ្នាំថ្មីយកគំរូតាមគ្រួសារដ៏វិសុទ្ធ

ភ្នំពេញ៖ ស្គធំ និងឆាប់ បានប្រគំយ៉ាងរំពងតាមទម្រង់វង់ភ្លេងម៉ុងសាយចិន វៀតណាម នៅពេលវត្តមានរបស់លោកអភិបាល អូលីវីយេ បានឈានជើងដល់ក្លោងទ្វារភូមិ​គ្រីស្តបរិស័ទ​នៅចំប៉ា ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៨។ លោកបូជាចារ្យ​ទទួលខុសត្រូវ និង​គ្រីស្តបរិស័ទជាច្រើននាក់ ដែលរងចាំជាស្រេចហើយនះ បានមកទទួល​ស្វាគមន៍​​​លោកអភិបាល​ដោយអំណរសប្បាយ និងឱឡារិក ហើយបន្តដំណើរមកកាន់​ព្រះវិហារ​សន្តហ្វ្រង់ស្វ័រសាវីយ៉េ ដោយមានក្រុងម៉ុងសាយនាំមុខ។

ក្នុងពេលធ្វើដំណើរតាមដងផ្លូវចូលនោះលោកអភិបាលបានប្រទានពរដល់បងប្អូនចំនួន ដែលមានផ្ទះតាមដងផ្លូវ ហើយមានគ្រីស្តបរិស័ទជាច្រើនក៏សម្រុកចូល​មកទទួលព្រះពរ​ផងដែរ។ ក្បួនហែរបន្តរហូតដល់ព្រះវិហារ ដែលមានគ្រីស្តជាច្រើនកំពុងរងចាំដែរនោះ បានទះដៃ​ស្វាគមន៍គណៈអធិបតីយ៉ាងកងរំពង។

នៅមុខព្រះវិហារមានតុបតែងយ៉ាងស្អាត និងមានពាក្យស្លោក សួស្តីឆ្នាំថ្មី​ដែលសរសេរជាភាសារកំណើត​របស់គេ ចំណែកនៅខាងក្នុងក៏មានតុបតែងផ្កាផ្ញីស្រស់បំព្រង ដែលបង្ហាញថា ជាបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន វៀតណាម។

ព្រះសហគមន៍​កាតូលិក​ចំប៉ា​ ប្រារព្ធ​ពិធី​​អភិបូជាអបអរសាទរឆ្នាំថ្មី ដើម្បី​អរព្រះគុណព្រះជាម្ចាស់សម្រាប់ឆ្នាំ​ចាស់កន្លងទៅ​និង​ទូល​អង្វរ​សុំ​សេចក្តីសុខសាន្ត​សម្រាប់ឆ្នាំថ្មី​។

មុនចាប់ផ្តើមពិធីបុណ្យ​អភិបូជាក្រុម​កុមារ​នៃព្រះសហគមន៍​ចំប៉ាបាន​រាំរបាំ​ដើម្បី​អរព្រះគុណ​ព្រះជាម្ចាស់​ដែលបាន​ថែរក្សា​ការពារ​​។

ក្នុង​ឱកាសនេះដែរ ពេលធម្មទេសនា​ លោក​អភិបាល អូលីវិយេដែលជាអធិបតីបាន​​​បង្ហាញ​អំពីចំណាប់អារម្មណ៍​ចំពោះ​អត្ថន័យ​នៃ​របាំ​ និងបានបង្ហាញភាពរីករាយរួមជាមួយបងប្អូន។ លោកថាថ្ងៃនេះ យើងជូនពរ គ្នារទៅវិញទៅមក សូមឲ្យមានសេចក្តីសុខ សូមឲ្យគ្រួសារនីមួយៗ​បានប្រកបដោយ សុភមង្គល និងសេចក្តីសុខសាន្ត។​​

លោកអភិបាលអូលីវីយេ ក៏មានប្រសាសន៍ទៅកាន់បងប្អូនគ្រីស្ត បរិស័ទទាំងអស់ នៅក្នុងឆ្នាំថ្មីនេះ សូមឲ្យយកគំរូតាម របៀបរស់នៅនៃគ្រួសារដ៏វិសុទ្ធ។ គឺត្រូវ ​គោរពព្រះយេស៊ូ​ដែលនៅលើ​ឈើឆ្កាងជាគំរូ គោរពព្រះនាងម៉ារី ជាគំរូ និងគោរព​សន្ត​យ៉ូសែបជាគំរូ។

​​លោក​បន្ត ​ថា​ គ្រីស្ត​បរិស័ទត្រូវ​គោរពព្រះយេស៊ូ​នៅលើ​ឈើឆ្កាង​ជាគំរូ​​ ដែលព្រះអង្គ​បាន​លះបង់​ចោល​អ្វី​ៗ​ទាំង​អស់​ព្រោះតែ​សេចក្តីស្រឡាញ់​ដ៏ពិតប្រាកដ ដោយបូជាព្រះជន្មផ្ទាល់របស់ព្រះអង្គ ដើម្បី​ឲ្យ​យើង​មានជីវិត​ មានសេចក្តីសង្ឃឹម មានមាន​កម្លាំង​​​ និង​សេចក្តីស្រឡាញ់ ដោយស្រឡាញ់គ្នាទៅវិញទៅមក។ គឺមិនគ្រាន់តែ​ស្រឡាញ់ មនុស្សដែល​យើង​មាននិស្ស័យ​ តែ​ត្រូវ​ស្រឡាញ់​ខ្មាំង​សត្រូវ​​ មនុស្សដែលយើងស្អប់ ត្រូវលើកលែងទោសឲ្យគេផង ដូចព្រះយេស៊ូ​ សូម​ព្រះបិតា​​លើកលែងទោស​ដល់​សត្រូវ​​ដែល​សម្លាប់ព្រះអង្គផងដែរ។​

ចំពោះការគោរពព្រះនាងម៉ារីជាគំរូ លោកអភិបាលបញ្ជាក់ថា៖ ​ព្រះនាងម៉ារី គឺជាគ្រីស្តទូតដំបូង និងជាមាតារបស់យើងទាំងអស់គ្នា។ ព្រះនាងបាន​ស្រឡាញ់​ព្រះយេស៊ូជានិច្ច ​តាមរបៀប​ស្លូតបូត ដាក់ខ្លួនបម្រើ និងស្តាប់។ ព្រះនាងប្រាប់ឲ្យយើងកូនចៅ សូមស្តាប់ព្រះយេស៊ូទៅក្នុងឆ្នាំនេះ​។

ជាចុងក្រោយលោករំឭកថា យើងត្រូវគោរព​សន្ត​យ៉ូសែបជាគំរូ​ព្រោះ ព្រះជាម្ចាស់បានជ្រើសរើសលោក ជាឲ្យធ្វើជាឪពុករបស់ព្រះយេស៊ូក្នុងលោកនេះ លោកស្រឡាញ់រក្សាការពារ គ្រួសារ កូន និងប្រពន្ធយ៉ាងល្អបំផុតឲ្យរស់នៅក្នុងសេចក្តីសុខសាន្តយ៉ាងបរិបូរណ៍។ លោកបញ្ជាក់ថា ហេតុនេះបុរសជាប្តី ជាឪពុកទាំងអស់ ត្រូវយកចិត្តទុកដាក់​ជាមួយ​ប្រពន្ធកូន​ និងគ្រួសារតាមគំរូរបស់សន្តយ៉ូសែប​ ដើម្បី​ឲ្យ​គ្រួសារ​មាន​ភាពរីកចម្រើន និងសុភមង្គល។

ដោយសារពិធីបុណ្យចូលឆ្នាំថ្មីនេះត្រូវក្នុងរដូវអប់រំពិសេស ហើយឆ្នាំនេះជាឆ្នាំគ្រួសារ​តាមគម្រោងការរបស់ព្រះសហគមន៍ផង លោកអភិបាលព្រះសហគមន៍​កាតូលិកភូមិភាគភ្នំពេញ ក៏បានណែនាំឲ្យគ្រួសារគ្រីស្ត​បរិស័ទនីមួយៗយកចិត្តទុកដាក់រួមគ្នា​ក្នុងគ្រួសារ​​  អធិដ្ឋាន អានព្រះបន្ទូល និងរិះគិតស្មឹងស្មាធ ដើម្បីទទួលបានអត្ថន័យ​ព្រះបន្ទូលដំណឹងល្អ។ លោកថាគ្រួសារពិតណាស់តែងជួប ការលំបាក ឧបសគ្គនានា​ និងបញ្ហាផ្សេងៗ។ ប៉ុន្តែយើងជឿលើគ្រួសារដ៏វិសុទ្ធ យកគំរូតាមគ្រួសារដ៏វិសុទ្ធ យើងទទួលកម្លាំ និងនាំឲ្យគ្រួសារយើងចម្រើនឡើង និងមានសេចក្តីសុខជានិច្ច។

មុនបញ្ចប់ពិធីបុណ្យក្រុមម៉ុងសាយ ប្រចាំព្រះសហគមន៍​ នៃព្រះវិហារ​សន្តហ្វ្រង់ស្វ័រសាវីយ៉េ(ចំប៉ា)បានសម្តែង ជូនលោកអភិបាលទស្សនា ហើយលោកអភិបាល អូលីវីយេក៏បានចែកអំណេសប្បាយជាមួយបងប្អូន គឺជូនអាំងប៉ាវដល់អ្នកចូលរួមគ្រប់គ្នា ដោយនៅសំបកអាំងប៉ាវនោះមាន រូបសញ្ញាឆ្នាំគ្រួសារ និង ឃ្លាព្រះបន្ទូលថា៖ “អ្នកមានចិត្តស្រឡាញ់ តែងតែអត់ឱនឲ្យ ជឿ សង្ឃឹម ទ្រាំទ្រ ក្នុងគ្រប់កាលៈទេសៈ” ដែលជាពាក្យស្លោកសម្រាប់ឆ្នាំគ្រួសារ។

Your email address will not be published. Required fields are marked *