Tuesday, 23 Oct 2018

ព្រះសហគមន៍កាតូលិកនៅកម្ពុជា

ពិធីបញ្ចុះបឋមសិលា អាគារសិក្សាបឋមសិក្សាសិល្បៈ សន្តហ្វ្រង់ស្វ័រ

តាកែវ៖ ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ នាព្រឹកថ្ងៃទី ៦ ខែកុម្ភៈនេះ បានបា្ររព្ធពិធីបញ្ចុះបឋមសិលាអាគារនៃសាលាបឋមសិក្សា ចំណេះទូទៅ និងសិល្បៈ សន្តហ្វ្រង់ស្វ័រ នៅភូមិនចំការទៀង ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមអធិតីភាពរបស់លោក អូលីវីយេ ជ្មីតហស្ល៊េរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងជាស្ថាបនិកនៃសាលាបឋមសិក្សាមួយនេះ និងលោកស្រី ប៉េហ្គី ម្ចាស់ជំនួយក្នុងការសាងសងអាគារនេះ។

ពេលចាប់ផ្តើមដែលជាកិច្ចស្វាគមន៍ មានរបាំជូនពរ ដែលសម្តែងដោយកុមារីសិស្សថ្នាក់ទីនៃសាលាបឋមសិក្សាសន្តហ្វ្រង់ស្វ័រ។ កុមារទាំងអស់នោះបានបញ្ចេញទេពកោសល្យយ៉ាងល្អ តាមក្បាច់រាំ និងចង្វាកភ្លេង។ តាមរបាយការណ៍របស់លោកស្រីឡៃមករា អ្នកសម្របសម្រួលការិយាល័យអប់រំសិក្សា នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានឲ្យដឹងថា ក្នុងឆ្នាំសិក្សា ២០១៧_២០១៨ មានចំនួន ៣៥នាក់ ស្រីចំនួន១៩នាក់។

លោកស្រីបានបន្តថា កម្មវិធីសិក្សាគឺស្របតាមគរុកោសល្យ និងកម្មវិធីរបស់ក្រសួងអប់រំ ហើយមានបន្ថែមមុខវិទ្យា កំព្យុទ័រ ភាសាអង់គ្លេស កសិកម្ម និងសិល្បៈ និងតន្ត្រី។ ម៉ោងសិក្សាពីម៉ោង ៧ ដល់ម់ោង ៤រសៀល។ អាហារថ្ងៃត្រង់សាលាផ្តល់ឲ្យសិស្សទទួលទាននៅសាលា។ លោក អ៊ុំ សាមាន នាយក ការិយាល័យសិល្បៈភូមិភាគភ្នំពេញ និងជានាយកផ្នែកសិល្បៈបានឲ្យដឹងដែរថា កម្មវិធីសិល្បៈគឺបង្រៀនមូលដ្ឋានគ្រឹះសិល្បៈ និងអក្សភ្លេង ពីថ្នាក់ទី១_៣ ហើយថ្នាក់ទី៤_៦ សិស្សអាចរើស តាមឧបករណ៍ភ្លេងដែលគេចូលចិត្ត។

ចំពោះសិល្បៈ អាចបន្ថែមរបាំផ្សេងៗ និងល្ខោននានាផងដែរ។ កម្មវិធីសិក្សានឹងបញ្ចូលមុខវិជ្ជាកសិកម្ម លើមូលដ្ឋានគ្រឹះកសិកម្ម សម្រាក់សិស្សានុសិស្សទាំងអស់។ ក្នុងពិធីនេះដែរលោកស្រីប៉េហ្គី ម្ចាស់ជំនួយក្នុងការសាងសងអាគារសិក្សានេះបានមានប្រសាសន៍ថា អរគុណដែលបានរៀនចំពិធីនេះ ហើយលោកស្រីជូនពរឲ្យកុមារទាំងអស់ ដែលនឹងសិក្សានៅទីនេះឲ្យបានទទួលផលប្រយោជន៍ពីសាលានេះ។

សូមព្រះជាម្ចាស់ប្រទានពរដល់គ្រប់គ្នា។ ក្នុងឳកាសនេះដែរលោកអភិបាល បានមានប្រសាសន៍ថា ថ្ងៃនេះពិតជាមានអំណរសប្បាយ ដែលយើងចាប់ផ្តើមសាលាបឋមសិក្សា សិល្បៈ។ លោកអភិបាលបន្តថា នៅកម្ពុជាមិនមានសាលាបឋមសិក្សាលិស្បៈបែបនេះច្រើនទេ។ យើងត្រូវជួយឲ្យកូនៗមានការរីកចម្រើននូវទេពកោសល្យដែលគេមាន។ ពួកគេមានទេពកោសល្យណាស់ ហើយពួកគេមានមូលដ្ឋានតាំង ពីពួកគេរៀននៅសាលាមត្តេយ្យម៉ុងតេសូរីរបស់យើង។ លោកក៏បានរំលឹកអំពីភាពសំបូរបែបនៃរបាំ និងសិល្បៈរបស់កម្ពុជា តាំងពីបូរាណមក។ ប៉ុន្តែបានបាត់បង់ស្មើសូន្យក្នុងរបបប៉ុលពត។

ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះបានរស់ឡើងវិញ។ ដូច្នេះយើងត្រូវរួមគ្នាថែរក្សា វប្បធម៌របស់យើងដែលជាបេតិកភណ្ឌពិភពលោកឲ្យបានគង់វង់។ លោកបញ្ជាក់ថាសាលាបឋមសិក្សានេះជាសាលាទំនើបនៅកម្ពុជា។

ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានបង្កើតសាលាមត្តេយ្យ តាំងពីឆ្នាំ២០០២ និងថ្នាក់វិទ្យាល័យសន្តហ្វ្រង់ស្វ័រ ក្នុងឆ្នាំ២០០៣ ក្រោយមកបង្កើតអនុវិទ្យាល័យ ក្នុងឆ្នាំ២០០៨ បង្កើតវិទ្យាស្ថានសន្តប៉ូល ក្នុងឆ្នាំ២០១៦ បង្កើតវិទ្យាល័យបច្ចេកទេស និងក្នុងឆ្នាំ២០១៨នេះបង្កើត សាលាបឋមសិក្សា ចំណេះទូទៅ និងសិល្បៈសន្តហ្វ្រង់ស្វ័រនេះ។

រហូតមកដល់ពេលនេះ មានទាំងចាប់ពីសាលាមត្តេយ្យ បឋមសិក្សា អនុវវិទ្យាល័យ វិទ្យាល័យ វិទ្យាល័យបច្ចេកទស និងវិទ្យាស្ថានថ្នាក់ឧត្តមសិក្សា។

Your email address will not be published. Required fields are marked *