Tuesday, 23 Oct 2018

ព្រះសហគមន៍កាតូលិកនៅកម្ពុជា

ជនជាប់ឃុំក្នុង​ ខេត្តព្រះសីហនុ ទទួលការអប់រំតាមរយៈ​ អន្តរសាសនា

ព្រះសីហនុ៖​ ព្រះសហគមន៍កាតូលិកនៅខេត្តព្រះសីហនុ ដែលមានលោកបូជាចារ្យអ៊ុន សុន ជាអ្នកទទួលខុសត្រូវ បានរៀបចំដំណើរសួរសុខទុក្ខបងប្អូនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែខេត្តព្រះសីហនុ នាព្រឹកថ្ងៃទៅ១៨ ខែមករា ឆ្នាំ២០១៨នេះ ដោយមានតំណាងសាសនាធំៗនៅក្នុងខេត្តព្រះសីហនុចូលរួមមានដូចជា ព្រះពុទ្ធសាសនាថេរវាទ ព្រះសហគមន៍កាតូលិក ក្រុមជំនុំ ព្រះពុទ្ធសាសនាមហាយាន និងឥស្លាមសាសនា។

ពិធីនេះបានប្រព្រឹត្តក្រោមអធិបតីភាពរបស់លោក អូលីវីយេ ជ្មីតអីស្ល៊ែរអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ព្រះធម្មធម៌ចាន់ សុវណ្ណ មេគណខេត្តព្រះសីហនុ លោកឧត្តមអគារនុរក្សថ្នាក់លេខពីរ សំ សុផល ប្រធានមណ្ឌលអប់រំកែប្រែខេត្តព្រះសីហនុ។

ជាកិច្ចចាប់ផ្តើមកម្មវិធីលោក សំ សុផល ប្រធានមណ្ឌលអប់រំកែប្រែ ខេត្តបានមានមតិស្វាគមន៍គណៈប្រតិភូទាំងអស់យ៉ាងកក់ក្តៅ និងរាក់ទាក់ជាទីបំផុត។ លោកក៏បានអរគុណដល់ប្រតិភូសាសនាទាំងអស់ដែលបានយកចិត្តទុកដាក់ មកសួរសុខទុក្ខបងប្អូនជាប់ឃុំ តាំងពីឆ្នាំ២០១២មក។ ក្នុងពេលនោះលោកក៏បានរំលឹកដល់បងប្អូនជាប់ឃុំទាំងអស់ ឲ្យចិត្តទុកដាក់ស្តាប់ថេរដីកា និងប្រសាសន៍ប្រៀនប្រដៅនានារបស់មេដឹកនាំសាសនា។ យើងគ្មានអីតបស្នងសងគុណដល់ពួកគាត់មានតែស្តាប់ និងខិតខំកសាងខ្លួនឲ្យសើរឡើង កុំប្រព្រឹត្តបទល្មើសបន្ថែមទៀតក្នុងពន្ធនាគារ។ តាមប្រសាសន៍របស់លោកឧត្តមអគារនុរក្ស ជនជាប់ឃុំទាំងអស់មានចំនួនប្រមាណ ១០៥២នាក់ ក្នុងនោះស្ត្រីមានចំនួន ១០២នាក់។

ព្រះសង្ឃ ចាន់ សុវណ្ណ មានសង្ឃដីកាថា សត្វលោកទាំងអស់សុទ្ធតែមានបំណងប្រាថ្នា សុច្ឆន្ទៈ ចង់មានសេចក្តីសុខទាំងផ្លូវកាយនិងផ្លូវចិត្ត។ តាមព្រះឱវាតរបស់ព្រះសាម្មាសម្ពុទ្ធបាន​ប្រៀនប្រដៅ បើចង់បានសេចក្តីសុខត្រូវលះបង់សេចក្តីអាក្រក់ ដើម្បីទទួលបាននូវសេចក្តីសុខមកវិញ។ បុណ្យ មិនបានភ្លេចនូវម្ចាស់ដែលបានបំពេញទង្វើជាកុសលនោះឡើយ។ ចំពោះអំពើបាបក៏មិនបានបំភ្លេចនូវម្ចាស់ដែលបានប្រព្រឹត្តនូវអំពើបាប គឺបានទទួលបាននូវអ្វីដែល​ខ្លួនបានប្រព្រឹត្តដែរ។ លោកក៏បានពន្យល់អំពីអត្ថន័យនៃអភ័យទានផងដែរ ដែលជាប្រភពនៃសេចក្តីសុខ គឺការមិនលួច មិនសម្លាប់ មិនចងគំនុំគ្នាទៅវិញទៅមក។ ជាពិសេសលោកមានសង្ឃដីកាសង្កត់ធ្ងន់ថា៖ “មានព្រះនៅក្នុងចិត្ត គឺយើងមានសេចក្តីសុខហើយ”។

ក្នុងពេលនោះដែរលោកអភិបាលព្រះសហគមន៍កាតូលិក អូលីវីយេ ជ្មីតអីស្ល៊ែរ មានប្រសាសន៍ទៅកាន់បងប្អូនជាប់ឃុំអំពីអ្វីជាសេចក្តីសុខ។ តាមមនុស្សជា ច្រើនបានគិតថា សេចក្តីសុខគឺកើតមានដោយសារមានលុយច្រើន។ តែលោកអភិបាលបានមានប្រសាសន៍ថា សេចក្តីសុខគឺមានបានដោយសារយើងមានសេចក្តីស្រឡាញ់។ លោកបន្តថា មានមនុស្សជាច្រើនបានឲ្យតម្លៃសេចក្តីសុខលើលុយ គឺមានលុយ មានសេចក្តីសុខ។ តែដើម្បីមានលុយត្រូវការ ធ្វើការច្រើន គ្មានពេលវេលាល្មមដើម្បីនៅជាមួយក្រុមគ្រួសារប៉ុន្មានទេ។ មានអ្វីផ្សេងទៀត ដោយដឹងថា មានគេស្រឡាញ់យើង មានគេយកចិត្តទុកដាក់នឹងយើង លើកទឹកចិត្តយើង គេស្តាប់យើង គេចាប់អារម្មណ៍លើយើង មានគេនឹកយើង។ លោកន្ថែមថា សេចក្តីសុខចេញពីសេរីភាព។ បងប្អូនមានសេរីភាពនៅទីនេះ តែតាមរូបកាយបងប្អូនមានព្រំដែន ។ ប៉ុន្តែបងអាចកសាងសេរីភាពក្នុងខ្លួនម្នាក់ៗ តាមផ្លូវចិត្ត តើខ្ញុំរៀបចំខ្លួនដូចម្តេច នៅក្នុងមណ្ឌលអប់រំកែប្រែនេះ ធ្វើជាមនុស្សល្អទៅៗ គឺយើងត្រូវជួយគ្នាទៅវិញទៅមក លើកទឹកចិត្តគ្នាទៅវិញទៅមក។ លោកអភិបាលបន្តថា ពេលនេះមានមេដឹកនាំសាសនាទាំងអស់មកជួបបងប្អូន ជាមហាគ្រួសារតែមួយ ចែកសេចក្តីស្រលាញ់ជាមួយបងប្អូន។ បងប្អូននៅទីនេះប្រហែលគិតថាឯកា គ្មាននរណារវីរវល់តទៅទៀត តែកុំភ្លេចយើងមានព្រះ។ តាមព្រះពុទ្ធសាសនា យើងមានព្រះធម៌។ គ្រីស្តសាសនា មានព្រះយេស៊ូដែលស្រលាញ់យើង ។ ឥស្លាមសាសនាមានអាឡោះដែលលើកទឹកចិត្តយើង មានព្រះជាម្ចាស់ដែលបានបង្កើតយើង ជាបុរស ជាស្ត្រីដើម្បីមានសេចក្តីសុខនៅក្នុងសេចក្តីស្រឡាញ់។ ទាំងនេះជាកម្លាំងពិសេសសម្រាប់យើង។ ពេលខ្លះមិនចេះនិយាយគ្នាសូមនិយាយទៅព្រះទៅ ដើម្បីលើកទឹកចិត្តយើង។

បន្ទាប់ពីសំណេះសំណាលជាមួយបបងប្អូនជាប់ឃុំ ព្រះសង្ឃបានសូត្រធម៌បោះព្រំលើបងប្អូន ហើយតាមកាតូលិកលោកអភិបាល រួមនិងគ្រីស្តបរិស័ទទាំងអស់អធិដ្ឋាន និងបាចទឹកព្រះពរលើបងប្អូនផងដែរ។ ក្រោយមកក៏មានចែកអាហារជានិមិត្តរូបដល់បងប្អូន និងសម្ភារៈមួយចំនួនសម្រាប់កុមារដែលស្នាក់នៅជាមួយម្តាយដែលជាប់ឃុំ។

ព្រះសហគមន៍កាតូលិក នៅប្រទេសកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើកិច្ចការ សន្ទនាជាអន្តរសាសនា ដើម្បីសុខដុមរមនីយ៍កម្មសាសនា និងសន្តិភាពក្នុងប្រទេស ក្នុងតំបន់ និងពិភពលោកទាំងមូល។

Your email address will not be published. Required fields are marked *