Tuesday, 23 Oct 2018

ព្រះសហគមន៍កាតូលិកនៅកម្ពុជា

សិក្ខាសាលាស្តីអំពីបញ្ហាប្រឈម និងទស្សនវិស័យរបស់គ្រួសារនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ាន

តាកែវ៖ វិទ្យាស្ថាបសន្តប៉ូល នៅស្រុកត្រាំកក់ ខេត្តតាកែវ រួមសហការជាមួយសាកលវិទ្យាល័យន័រត្រេដាំ (Notre Dame)នៃប្រទេសអូស្ត្រាលី រៀបចំសិក្ខាសាលាស្តីអំពី “បញ្ហាប្រឈម និងទស្សនវិស័យរបស់គ្រួសារនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ាន” ដើម្បីបញ្ជ្រាបឲ្យសិក្ខាកាមយល់ដឹងអំពីទស្សនវិស័យ និងបញ្ហាប្រឈមក្នុងគ្រួសារនានាដែលកំពុងតែកើតមាននៅក្នុងសង្គមកម្ពុជា និងតំបន់អាស៊ាន ដោយមានអ្នកចូលរួមជាង១៦០នាក់។

សិក្ខាសាលានេះប្រព្រឹត្តឡើងរយៈពេលបីថ្ងៃ ១០ ដល់១២ មករា ២០១៨ នៅវិទ្យាស្ថានសន្តប៉ូល ក្រោមអធិបតីភាព លោកអូលីវីយេ ជ្មីតអីស្លែរ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងជាស្ថាបនិកនៃវិទ្យាស្ថានសន្ត ប៉ូល រួមជាមួយវាគ្មិនមកពីតាមបណ្តាស្ថាប័នពាក់ព័ន្ធនានាក្នុងរាជរដ្ឋាភិបាលកម្ពុជា តំណាងសាសនានានា វាគ្មិនមកពីប្រទេសឡាវ និងអូស្ត្រាលីផងដែរ។

នៅក្នុងអង្គសិក្ខាសាលាថ្ងៃដំបូងនេះ សិក្ខាកាមបានឈ្វេងយល់អំពីអត្ថន័យ និងស្ថានភាពគ្រួសារនៅក្នុងប្រទេសកម្ពុជា ដែលបានឆ្លុះបញ្ចាំងអំពីគុណតម្លៃរបស់គ្រួសារ តាមរយៈ ឯកឧត្តម បណ្ឌិត អ៊ុក គង់ ជាលេខាធិកាក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគ៤ និងជាសមាជិកគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹងនិងអង្កេត លោកឈួរ សុបញ្ញា មកពីក្រសួងសង្គមកិច្ច អតីតយុវជន និង យុវនិតិសម្បាទា ដែលជាវាគ្មិនក៏ដូចជាទស្សនាវីដេអូអប់រំផងដែរ។

ឯកឧត្តមបណ្ឌិត ក៏បានលើកសរសើរផងដែរថា នេះជាឱកាសមួយ ដើម្បីចូលរួមចំណែកកសាងសង្គមប្រកបដោយសុខដុមរមនា។ លោកបន្ត ដោយផ្តល់ជាអនុសាសន៍ថា ដើម្បីកសាងឲ្យមានសុខដុមរមនានេះយើងត្រូវ៖

១) យល់ដឹងពីស្ថានភាព និងការប្រឈមនៃគ្រួសារ និងសង្គមបច្ចុប្បន្ន។

២) យល់ដឹងពីតួនាទីអប់រំ និងគោលលទ្ធិគ្រួសារក្នុងគោលបំណងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។

ឯកឧត្តម អ៊ុក គង់ និងលោកមន្ត្រី សុបញ្ញា សុទ្ធតែបានបញ្ជាក់ និងគាំទ្រនូវប្រសាសន៍របស់លោកអភិបាលព្រះសហគមន៍កាតូលិក អូលីវីយេ ដោយថា “មនុស្សម្នាក់ៗគឺជាកោសិការបស់គ្រួសារ គ្រួសារជាកោសិការបស់សង្គម បើគ្រួសារសុខសាន្ត នោះសង្គមជាតិនឹងទទួលបានសេចក្តីសុខសាន្តដែរ”។ យោងតាមប្រសាសន៍ស្វាគមន៍របស់លោកអូលីវីយេ ស្តីអំពីសាវតារនៃអង្គសិក្ខាសាលាស្រាវជ្រាវនេះ វិទ្យាស្ថានសន្តប៉ូលបាន បង្កើតជារៀងរាល់ឆ្នាំរយៈពេលបួនឆ្នាំមកហើយ។ ក្នុងនោះឆ្នាំដំបូងត្រូវបានផ្តោតលើការរិះគិតអំពីសីលធម៌ក្នុងការរស់នៅ រីឯឆ្នាំ២០១៧កន្លងមកនេះសិក្ខាកាមបានឈ្វេងយល់អំពីបរិស្ថានធម្មជាតិ។

Your email address will not be published. Required fields are marked *