Tuesday, 23 Oct 2018

ព្រះសហគមន៍កាតូលិកនៅកម្ពុជា

ព្រះសហគមន៍កាតូលិក ទទួលព្រះវិហារ ចំណាស់នៅលើកំពូលភ្នំបូកគោ ពីរាជរដ្ឋាភិបាលកម្ពុជា

កំពត៖ ព្រះសហគមន៍ទទួលព្រះវិហារចំណាស់នៅលើកំពូលភ្នំបូកគោពីរាជរដ្ឋាភិបាល ស្របពេលដែលព្រះសហគមន៍កាតូលិកកម្ពុជា ប្រារព្ធពិធីបុណ្យព្រះយេស៊ូប្រសូត ប្រកបដោយអំណរសប្បាយ។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានប្រកល់ព្រះវិហារដ៏ចំណាស់មួយ នៅលើកំពូលភ្នំបូកគោ ឲ្យព្រះសហគមន៍កាតូលិកនៅកម្ពុជាមកគ្រប់គ្រង និងកាន់កាប់។

ពិធីប្រគល់ និងទទួលនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែធ្នូកន្លងទៅ នៅមុខព្រះវិហារចំណាស់នេះ ក្នុងមណីដ្ឋានឧទ្យានជាតិព្រះមន្នីវង្ស (បូកគោ) ក្រោមអធិបតី លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលចុះហត្ថលេខាប្រគល់ និងទទួលរវាងលោក ជា សំអាង អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលការពារ និងអភិរក្សធម្មជាតិនៃក្រសួងបរិស្ថាន និងលោកអភិបាលអូលីវីយេ ជ្មីតហស៊្លែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ។

លោកសាយ សំអាល់ បានមានប្រសាសន៍ថា រដ្ឋាភិបាលបានសម្រេចប្រគល់ព្រះវិហារ ឱ្យទៅព្រះសហគមន៍កាតូលិកវិញ ដើម្បីរៀបចំធ្វើការជួសជុល ឲ្យមានសម្រស់ឡើងវិញ សម្រាប់ការប្រតិបត្តិតាមជំនឿនៃព្រះសហគមន៍កាតូលិក។ លោករដ្ឋមន្ត្រីក៏បានណែនាំផងដែរដល់ព្រះសហគមន៍កាតូលិក និងអ្នកពាក់ព័ន្ធទាំងអស់ឲ្យយកចិត្តទុកដាក់ការពារ ថែរក្សា អភិរក្ស និងប្រើប្រាសទីសក្ករដ្ឋានបេតិកភណ្ឌធម្មជាតិទាំងអស់ និងអភិរក្សជិវៈចម្រុះសម្រាប់ជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយ។

លោកអភិបាលអូលីវីយេ មានប្រសាសន៍ឲ្យដឹងថា ព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជា ពិតជាមានអំណរសប្បាយ មានមោទនភាព និងជាកិត្តិយសណាស់ ដែលលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រគល់ព្រះវិហារចាស់នៅលើភ្នំបូកគោនេះដល់ព្រះសហគមន៍។ លោកអភិបាលព្រះសហគមន៍ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាតាមរយៈលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន។ លោកអភិបាលបញ្ជាក់ថា ការពិតកន្លែងនេះបានសាងសង់កាលពីទស្សវត្ស ឆ្នាំ១៩២០ បានប្រើប្រាស់ និងធ្វើសកម្មភាពរហូតដល់ឆ្នាំ១៩៧៥ ។ ក្នុងមួយទស្សវត្សចុងក្រោយនេះ តែងសុំអនុញ្ញាតប្រើព្រះវិហារនេះ មួយឆ្នាំ២ដង ក្នុងឱកាសបុណ្យធំៗ ដូចជាបុណ្យចម្លង និងបុណ្យភ្ជុំជាដើម។ ព្រះសហគមន៍ក៏បានប្រើព្រះវិហារនេះ សម្រាប់ការសំណាក់ធម៌ សម្រាប់អធិដ្ឋាន និងថ្វាយអភិបូជា ។

លោកអភិបាលបន្តថា ក្នុងថ្ងៃបុណ្យព្រះយេស៊ូប្រសូត ព្រះសហគមន៍បានទទួល អំណោយ ពិសេសមួយពីរដ្ឋាភិបាល ដែលបានប្រគល់ព្រះវិហារនេះមកព្រះសហគមន៍កាតូលិកប្រើប្រាស់ ទុកជាកន្លែងសម្រាប់ថ្វាយបង្គំ និងជាកន្លែងអាចណែនាំគ្រីស្តបរិស័ទឲ្យស្រឡាញ់ ការពារបរិស្ថាន។ ដោយទីនេះមានព្រៃឈើ មានផ្កា និងមានទេសភាពល្អៗ។ ជាកន្លែងមួយពិសេសដើម្បីឲ្យព្រះសហគមន៍អាចអនុវត្តន៍ទស្សនៈព្រះសហគមន៍យ៉ាងពិតប្រកដ ដោយដឹងថាព្រះជាម្ចាស់បានបង្កើតអ្វីៗទាំងអស់ និងពិភពលោក ហើយប្រគល់ឲ្យមនុស្សលោកការពារ ថែរក្សា និងអភិវឌ្ឍ។

លោកបន្តថា ៖នៅទីនេះជម្រុញឲ្យយើងត្រូវតែថែរក្សា និងស្រឡាញ់ធម្មជាតិតែម្តង។ លោកអភិបាលក៏បន្តទៀតថា៖ កាលពីសម័យប៉ុលពត គ្មានការផ្តល់សិទ្ធិសេរីភាពក្នុងការគោរពប្រតិបត្តិសាសនានោះឡើយ។

ទោះបីជារដ្ឋធម្មនុញ្ញនៃរាជាណាចក្រទីពីរ បានកំណត់ថាពុទ្ធសាសនាជាសាសនារបស់រដ្ឋក៏ដោយ ក៏រាជរដ្ឋាភិបាលផ្តល់សិទ្ធដល់សាសនាផ្សេងៗទៀតដែរ។ បច្ចុប្បន្ននេះ សាសនានីមួយៗមានសេរីភាពពេញលេញពិតមែន ទាំងព្រះពុទ្ធសាសនា ទាំងគ្រីស្តសាសនា និងទាំងឥស្លាមសាសនា។

លោកអភិបាលក៏បានលើកឡើងនូវកិច្ចខិតខំរបស់ព្រះសហគមន៍កាតូលិកក្នុងកិច្ចសន្ទនាជាមួយសាសនាធំៗពីរទៀត ខិតខំរួបរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រសួងធម្មការនិងសាសនានានាដើម្បីថែរក្សាសុខដុមនីយកម្មសាសន៍នៅកម្ពុជា។ ជាពិសេស រួមសហកាគ្នា កសាងប្រទេសកម្ពុជាឲ្យរីកចម្រើនថែមទៀត។

ចំពោះកិច្ចការពារ និងអភិរក្សបេតិវប្បធម៌ បុរាណឲ្យបានប្រសើរលោកអភិបាល លើកឡើងថា ការជួសជុល ព្រះសហគមន៍នឹងតែរក្សាបរិយាកាសអាគារដូចដើម ព្រោះព្រះវិហារស្ថិតក្នុងមរតកប្រទេសជាតិ។ ជាចុងក្រោយក្នុងឱកាសរីករាយថ្ងៃបុណ្យព្រះយេស៊ូប្រសូតនាឆ្នាំនេះ លោកអភិបាលសូមជូនពរដល់បងប្អូនទាំងអស់ សូមឲ្យមានសេចក្តីសុខ កម្លាំងកាយកម្លាំងចិត្ត រីកចម្រើននៅក្នុងជីវិត ដើម្បីកសាងជីវិតផ្ទាល់ខ្លួនផង និងចូលរួមជួយកសាងប្រទេសជាតិផង។

ព្រះវិហារកាតូលិកនៅលើភ្នំបូកគោនេះ ត្រូវបានកសាងឡើងនៅទស្សវត្សឆ្នាំ ១៩២០ ក្នុងសម័យអាណានិគមបារាំង បើគិតរហូតមកដល់ពេលបច្ចុប្បន្ននេះ មានអាយុកាលប្រមាណជិត១០០ឆ្នាំហើយ។ ព្រះសហកមន៍កាតូលិកនៅកម្ពុជា ត្រូវបំបានបំផ្លាញខ្ទិចទាំងស្រុងក្នុងរបបអាវខ្មៅ កម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ទាំងអាគារសិក្សានានា ព្រះវិហារនៅទូទាំងប្រទេស ទាំងលោក អភិបាល លោកបូជាចារ្យ បព្វជិត បព្វជិតា គ្រីស្តបរិសជាច្រើនត្រូវ បានសម្លាប់ចោល។ ទ្រព្យ សម្បត្តិ ជាកម្មសិទ្ធជាច្រើនបានបាត់បង់គ្មានសល់។

នេះជាលើកទីមួយហើយ ដែលព្រះសហគមន៍កាតូលិកនៅកម្ពុជា បានទទួលមរតកចាស់ សល់ពីសម័យដើម ដែលខ្មែរក្រហមមិនបានបំផ្លាញចោល ពីរាជរដ្ឋភិបាលកម្ពុជា។

 

Your email address will not be published. Required fields are marked *