Tuesday, 23 Oct 2018

ព្រះសហគមន៍កាតូលិកនៅកម្ពុជា

ពិធីចែកសញ្ញាបត្របរិញ្ញាបត្រ ដល់និស្សិតជ័យលាភីចំនួន ៧៥នាក់នៃវិទ្យាស្ថានសន្តប៉ូល

តាកែវ៖ ពិធីចែកសញ្ញាបត្របរិញ្ញាបត្រដល់និស្សិតជ័យលាភីចំនួន ៧៥នាក់នៃវិទ្យាស្ថានសន្តប៉ូល និស្សិតនៃវិទ្យាស្ថានសន្តប៉ូល ចំនួន៧៥នាក់បានបញ្ចប់ការសិក្សាដោយជោគជ័យ និងបានទទួលសញ្ញាប័ត្របរិញ្ញាបត្រ គ្រប់ៗគ្នា នាថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៧ នេះ ក្រោមអធិបតីភាព របស់ឯកឧត្តម តុប សុភ័ក្ត្រ អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ លោកអូលីវីយេ ជ្មិតហស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានសន្តប៉ូល និងមានការចូលរួម ពីសំណាក់ មន្ត្រីរដ្ឋរាជការ គណៈគ្រប់គ្រង វិទ្យាល័យ សាស្ត្រាចារ្យ អាណាព្យាបាល ព្រមទាំង និស្សិតនៃវិទ្យាស្ថានសន្តប៉ូលជាច្រើនរូប។

នៅក្នុងឳកាសដ៏វិសេសវិសាលនេះលោក ផុន សុផល នាយកវិទ្យាស្ថានសន្តប៉ូល ក៏បាន ធ្វើការអបអរសាទរ ដល់និស្សិតចំនួន ៧៥រូប ដែលទទួលបរិញ្ញាបត្រនាពេលនេះ។ លោកថា និស្សិតទាំងនេះពួកគេបានបញ្ចប់ ថ្នាក់បរិញ្ញាបត្រ ក្សេត្រសាស្ត្រជំនាន់ទី២ បរិញ្ញាបត្រភាសាអង់គ្លេស និងបរិញ្ញាបត្រគ្រប់គ្រងទេសចរណ៍ជំនាន់ទី ៣ និងបរិញ្ញាបត្រព័ត៌មានវិទ្យាជំនាន់ទី៤។ ក្នុងនោះដែរលោកផុនសុផលក៏ បានធ្វើរបាយជូន គណអធិបតី ដោយសង្កេបអំពីវិទ្យាស្ថានទាំងមូល។ លោកបានលើកឡើងថា វិស្ថានមានបាននឹងកំពុង បណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ចំនួន៥ និងបរិញ្ញបត្រចំនូន៧ មានដូចជា៖ ថ្នាក់បរិញ្ញាបត្រ ព័ត៌មានវិទ្យា ថ្នាក់បរិញ្ញាបត្រក្សេត្រសាស្ត្រ ថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេស ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងទេសចរណ៍ និងថ្នាក់បរិញ្ញាបត្រសង្គមកិច្ច។

ចំពោះបរិញ្ញាបត្ររង មានលើជំនាញ៖ ប្រព័ន្ធកសិកម្មចម្រុះ សណ្ឋាគារ និងបដិសណ្ឋារកិច្ច ភាសាអង់គ្លេស គ្រប់គ្រងប្រព័ន្ធនិងបណ្តាញកុំព្យុទ័រ អភិវឌ្ឍន៍កម្មវិធីកុំព្យុទ័រ។ លោកបន្តថា នៅឆ្នាំសិក្សា ២០១៧ – ២០១៨នេះ មាននិស្សិតចូលរួមចំនួន ២៧៧នាក់ ក្នុងនោះថ្នាក់បរិញ្ញាបត្ររងចំនួន ៣៨នាក់។ លោក នាយក ផុន សុផល បានលើកឡើងទៀតថា មានអត្ថបទប្រយោជន៍ជាច្រើនដែលវិទ្យាស្ថាន បានផ្តល់ជូននិស្សិត ។ វិទ្យាស្ថានមាននិវេសនដ្ឋានសម្រាបើនិស្សិតដែលមកពីឆ្ងាយស្នាក់នៅទាំងពីរភេទ មានអាហារដែលមានតម្លៃទាបជាងទីផ្សារបំផុត។ និស្សិតមានឳកាសចេញទៅធ្វើកម្មសិក្សានៅសាកលវិទ្យាល័យដៃគូររបស់វិទ្យាស្ថាន។ លោកបញ្ជាក់ថាវិទ្យាស្ថានបានធ្វើជាដៃគូរជាមួយសកលវិទ្យាល័យអន្តរជាតិចំនួន១០ គឺ សកលវិទ្យាល័យ នៅប្រទេស អ៊ីតាលី ប្រទេសកូរ៉េ ប្រទេសអូស្ត្រាលី ប្រទេសតង់ហ្សានី ប្រទេសហ្វីលីភីន ប្រទេសឥណ្ឌូនេស៊ី ប្រទេសថៃ ប្រទេសស៊ីងហ្គាពួរ និងជាមួយអង្គការយូណេស្កូទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស។

វិទ្យាស្ថានក៏មានកិច្ចសហការណ័ជាមួយសកលវិទ្យាល័យក្នុងប្រទេសផងដែរ មានសាកលវិទ្យាល័យភូមិមិន្ទកសិកម្មជាដើម។ លោកអភិបាលអូលីវីយេ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានសន្តប៉ូល បានអប់អរសាទរចំពោះ និស្សិត ទាំង៧៥រូប ដែលទទួលបរិញ្ញាបត្រនៅថ្ងៃនេះ។ ក្នុងនោះដែរលោកអភិបាលក៏បានបង្ហាញ អំពីផែនការ នៃការវិទ្យាល័យឯកទេសសន្តហ្វ្រង់ស្វ័រ ដែលមាន មុខជំនាញ កសិសកម្ម និងទេសចរណ៍។ លោកក៏បានលើកទឹកចិត្ត ឲ្យនិស្សិត ចូលរួមបង្រៀន នៅវិទ្យាល័យនេះ នូវជំនាញដែលគេបានរៀន ដើម្បីហាត់ការផងដែរ។ លោកអភិបាល ក៏បានបង្ហាញអំពីគម្រោង បង្កើតតំបន់អេកូទេសចរណ៍ នៅក្នុងខេត្តតាកែវនេះ គឺក្នុងស្រុងត្រាំកក់ ដែលនៅតាមបណ្តោយផ្លូវ ជាតិលេខ៣ គឺនៅក្នុងឃុំគុស ដែលមានរោងសិប្បកម្ម កែច្នៃម្ហូបអាហារ សិប្បកម្មតប្បាញ មានសាលមហាស្របដ៏ធំ ដើម្បីសម្តែងសិល្បៈ តាមទម្រង់ផ្សេង មានល្ខោនបាសាក់ យីកេ របាំបូរាណ របាំប្រពៃណី របាំប្រជាប្រិយ៍ជាដើម ជូនភ្ញៀវ ដែលមកទស្សនា។ លោកថា លោកក៏បានកសាង សាលាបង្រៀនរបាំផដែរ។ កន្លែងទាំងនេះគឺត្រូវការកំលាំងចូលរួមរបស់និសិ្សត គ្រប់ផ្នែក ដើម្បីបម្រើសេវាកម្មជូនភ្ញៀវបាន។ នៅក្នុងវិទ្យាល័យឯកទេសសន្តហ្វ្រង់ស្វ័រ លោកនឹងសាងកន្លែងទទួលភ្ញៀវស្នាក់នៅខ្លះដើម្បីសិស្សអនុវត្តន៍ និងមានបើកភោជនីយដ្ឋានផងដែរ។ លោកបន្តថា ក្រៅពីនៅក្នុងខេត្តតាកែវក៏មាននៅភ្នំវល្លិ៍ក្នុងខេត្តកែប ក៏ជាកន្លែងដែលពោរពេញដោយសក្តានុពលក្នុងវិស័យអេកូទេសចរណ៍នេះដែរ។

ព្រោះលោកបានបង្កើតកសិដ្ឋានមួយយ៉ាងធំលើផ្ទៃដី ៧ហិតា ដោយមានកសិកម្មចម្រុះ ដូចជាគោ ជ្រូក ពពែ ដំណាំហូបផ្លែច្រើនមុខ ម្រេច ពោត។ល។ ទីនោះជាទីកន្លែងសម្រាប់និស្សិតអនុវត្តន៍ និងទទួលភ្ញៀវទេសចរណ៍ផងដែរ។ ក្រោយបានស្តាប់របាយការណ៍ និង ផែនការណ៍នានារបស់លោកអភិបាលអូលីវីយេ ដើម្បីបណ្តុះបណ្តាលធន់ធានមនុស្ស និងបង្កើតការងារដល់ពលរដ្ឋកម្ពុជា លោក តុប សុភ័ក្ត្រ អនុរដ្ឋលេខាធិការក្រសួងទេសចណ៍ បានកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹង លើគម្រោងទាំងនេះ និងសូមលោកអភិបាលចុះបញ្ជីតាមលក្ខណៈច្បាប់ដើម្បីឲ្យផែនការទាំងនេះដំណើរការទៅដោយរលូន និងស្របច្បាប់។ លោកក៏បានអបអរសាទរ និងស្នាដែរជាច្រើនដែលវិទ្យាស្ថានសន្តប៉ូល ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងបណ្តុះបណ្តាលធន់់ធានមនុស្សដើម្បអភិវឌ្ឍកម្ពុជាឲ្យចម្រើនឡើង។ ជាក់ស្តែងលោកលើកឡើងថា “ទីតាំងរបស់វិទ្យាស្ថានសន្តប៉ូល ដើមឡើយជាវាលស្រែសម្រាប់បង្ករបង្កើនផលស្រូវ តែពេលនេះវាលស្រែសម្រាប់បណ្តុះបណ្តាលធនធានមនុស្សវិញ។ “ ក្នុងឳកាសនោះលោកក៏កោតសរសើរ ដល់និស្សិតជ័យលាភី និងបានផ្តាំផ្ញើសម្រាប់និស្សិតថ្មី ឲ្យយកចិត្តទុកដាក់ ក្នុងការសិក្សាដើម្បីទទួលបានអនាគត់ដ៏ល្អត្រចង់។

បន្ទាប់គណៈអធិបតីក៏ចែកសញ្ញាបត្រដល់និស្សិតទាំអស់ និងបានអញ្ជើញទស្សនាការតាំងបង្ហាញនូវស្នារដៃ កែឆ្នៃរបស់សិស្សវិទ្យាល័យឯកទេស ស្នារដៃសិល្បៈនៃក្រុមសិល្បៈ ដែលមានវេទិការសម្តែងយ៉ាងធំទី២នៅកម្ពុជា និងផលិតផល នានាដែលចេញពីសិប្បិកម្ម នៃគម្រោងអេកូទេសចរណ៍ភូមិចំកាតទៀង។

Your email address will not be published. Required fields are marked *