Tuesday, 23 Oct 2018

ព្រះសហគមន៍កាតូលិកនៅកម្ពុជា

លោកអភិបាល អូលីវីយេ៖ ត្រូវមានកម្លាំងនិងសេចក្តីសង្ឃឹមទៅមុខជានិច្ច

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូនេះ ព្រះសហគមន៍កាតូលិកតំបន់កំពត បានរៀបចំកម្មវិធីសួរសុខទុក្ខ និងចែកអាហារ ព្រមទាំងសម្ភារៈប្រើប្រាស់ ដល់ទណ្ឌិត និងជនត្រូវចោទក្នុងពន្ធនាគារ ខេត្តកំពត ចំនួនប្រមាណជាង ៧០០ នាក់ ក្នុងនោះស្រ្តីចំនួន ២៧នាក់។

ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកអភិបាលព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ អូលីវីយេ ជ្មិតហស្លែរ ព្រមទាំងនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ តំណាងពុទ្ធសាសនា និងឥស្លាមសាសនា ប្រធានមន្ទីរ ធម្មការ និងសាសនាខេត្តកំពត លោកបូជាចារ្យ និងគ្រីស្តបរិស័ទយ៉ាងច្រើនកុះករ។

ជាកិច្ចចាប់ផ្តើម លោកអែម បូរ ប្រធានពន្ធនាគារខេត្តកំពត បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណប្រតិភូសាសនាទាំងអស់ ដែលបានមកសួរសុខទុក្ខ ដល់បងប្អូនក្នុងពន្ធនាគារនៅថ្ងៃនេះ។ លោកក៏បានណែនាំឲ្យបងប្អូនទាំងអស់យកចិត្តទុកដាក់ស្តាប់ពាក្យប្រៀនប្រដៅពីសាសនាទាំងអស់។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកយ៉ាំងលូកា ក្នុងនាមជាអ្នករៀបចំកម្មវិធីបានប្រសាសន៍ថា៖ យើងទាំងអស់មានអំណរ ក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត ។ យើងមកដើម្បីបង្ហាញ ចែករំលែក ភាពកក់ក្តៅជាមួយបងប្អូន គាំទ្រឲ្យបងប្អូនមានសេចក្តីសង្ឃឹម ក្នុងការខិតខំកែប្រែខ្លួន ជាពលរដ្ឋល្អ ពេលចេញទៅវិញចូលក្នុងសង្គម។

ក្នុងនោះដែរព្រះមេគណ គណធម្មយុត្តកត្តនិកាយ ខេត្តកំពត ព្រះនាម ចាន់ សុវណ្ណ បានមានសង្ឃដីកា អប់រំ និងរំលឹកដល់បងប្អូនទាំងអស់អំពីសីលប្រាំ ដើម្បីជាការពិចារណាបំភ្លឺផ្លូវជីវិត។

ចំណែកលោក សឹម ឡៃម៉ាណ តំណាងគណអ៊ីមាំ ខេត្តកំពត ក៏បានលើកទឹកចិត្តបងប្អូនកែខ្លួន រៀបចំខ្លួនឲ្យល្អសម្រាប់ជីវិតលោកខាងមុខផងដែរ។

លោកភិបាលអូលីវីយេ ជាអធិបតី បានមានប្រសាសន៍ទៅកាន់បងប្អូនអំពីតួរនាទីរបស់សាសនានីមួយៗ ។ លោកថា ៖ ពិតមែនសាសនាទាំងអស់ ណែនាំជីវិតរបស់យើងម្នាក់មានពន្លឺ។ លោកបន្តលើកទឹកចិត្តថា ជីវិតរបស់យើងពេលខ្លះ ស្រស់ស្រាយ ស្រស់បំព្រង ពេលខ្លះក្រៀមស្វិត ។ តែកុំអស់សង្ឃឹម ! សូមយកពេលពិចារណា សមាធិខ្លះ រិះគិតថា តើពេលចេញទៅខាងក្រៅនឹងធ្វើអ្វី? ត្រូវមានកម្លាំងទៅមុខជានិច្ច។ មនុស្សត្រូវមានសេចក្តីសង្ឃឹម ត្រូវមានពន្លឺជានិច្វ។ ត្រូវខិតខំធ្វើយ៉ាងណាដើម្បីឲ្យមានជីវិតល្អ។ លោកបន្តថា ពេលចេញទៅវិញ ត្រូវស្រលាញ់គ្រួសារ ស្រលាញ់កូន និងជួយឲ្យប្រទេសមានសុខសន្តិភាព និងសេចក្តីសុខ។

បន្ទាប់ពីសំណេះសំណាល់ជាមួយបងប្អូនជាប់ឃុំរួចមក គណប្រតិភូបានអធិដ្ឋាន ប្រសិទ្ធពរជ័យតាមជំនឿរៀងៗខ្លួន ។ កម្មវិធីបានបញ្ចប់ដោយការចែកម្ហូបអាហារ និងភួយដល់បងប្អូនជាប់ឃុំ តាមអាគារនីមួយៗ បងប្អូនទទួលដោយអំណរសប្បាយ។ ព្រះសហគមន៍កាតូលិកតំបន់កំពត តែងតែរៀបចំការជួបជុំបែបនេះ ជាលក្ខណៈអន្តរសាសនាអស់រយៈពេលជិត១០ឆ្នាំមកហើយ។

Your email address will not be published. Required fields are marked *