Tuesday, 23 Oct 2018

ព្រះសហគមន៍កាតូលិកនៅកម្ពុជា

លោកអូលីវីយេ ជ្មីតអីស្ល៊ែរ ប្រកាសទទួល លោកសិលា សុខធឿន និស្សិតទេវវិទ្យាល័យកម្ពុជា

ភ្នំពេញ៖ លោកអូលីវីយេ ជ្មីតអីស្ល៊ែរ ប្រកាសទទួល លោកសិលា សុខធឿន និស្សិតទេវវិទ្យាល័យសន្តយ៉ូហានម៉ារីវីយ៉ាណែក្នុងមុខងារថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ កាលពីថ្ងៃទី១០ ធ្នូ ឆ្នាំ២០១៧ នៅព្រះវិហារព្រះកុមារយេស៊ូ នៅបឹងទំពុន នៃមណ្ឌលសកម្មភាពភ្នំពេញខាងត្បូង។

កម្មវិធីនេះ ធ្វើឡើងស្របពេល ដែលព្រះសហគមន៍កាតូលិករំលឹកអំពីសន្តយ៉ូហានបាទីស្ត។ លោកអភិបាលអូលីវីយេ បានមានប្រសាសន៍ថា សូមឲ្យគ្រីស្តបរិស័ទទាំងអស់យកលោកយ៉ូហានបាទីស្តជាគំរូ ហើយត្រូវចេះសម្តែងធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ។

លោកអភិបាលបានពន្យល់ថា ការសម្តែងមេត្តាករុណាគឺត្រូវ ប្រកាសដំណឹងល្អអំពីព្រះយេស៊ូ ដែលកំពុងតែយាងមកឲ្យអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត។ ដំណឹងល្អមិនមែនជារឿងអាថ៌កំបាំង ដើម្បីរក្សាទុកនៅក្នុងដួងចិត្ត តែត្រូវប្រកាសឲ្យមនុស្សទាំងឡាយបានឮ។

លោកអភិបាលសង្កត់ធ្ងន់ថា កន្លែងណា ដែលមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ កន្លែងនោះគឺជាទ្រព្យសម្បត្តិរបស់យើងជាគ្រីស្តបរិស័ទ ដើម្បីឲ្យមនុស្សទូទៅបានទទួលពន្លឺនៅក្នុងដួងចិត្ត។ លោកអភិបាលបន្ថែមថា ក្នុងនាមជាគ្រីស្តបរិស័ទ ត្រូវយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដាក់ក្នុងដួងចិត្ត និងស្តាប់ជារៀងរាល់ថ្ងៃដើម្បីឲ្យព្រះបន្ទូលចិញ្ចឹមជីវិតយើង ដោយកែប្រែចិត្តគំនិត និងទុកពេលដើម្បីឲ្យព្រះបន្ទូលកែប្រែសមត្ថភាពរបស់យើងតាមរបៀបដែលយើងបង្កើតទំនាក់ទំនងជាមួយបងប្អូនឯទៀតៗ។

បន្ទាប់ពីធម្មទេសនា លោកអភិបាលអូលីវីយេ បានអធិដ្ឋានទូលសូមអង្វរព្រះជាម្ចាស់ប្រទានព្រះពរដល់លោកសិលា សុខ ធឿន ដើម្បីបំពេញមុខងារជាអ្នកថ្លែងព្រះបន្ទូលតាមរយៈការបម្រើព្រះជាម្ចាស់អស់ពីដួងចិត្ត អស់ពីជំនឿ អស់ពីសេចក្តីស្រឡាញ់ និងដោយស្មោះត្រង់ជានិច្ច។ និស្សិតទេវវិទ្យាល័យ សុខ ធឿន បានទទួលព្រះគម្ពីរពីលោកអភិបាលអូលីវីយេ។

ការសិក្សានៅក្នុងទេវវិទ្យាល័យរបស់ព្រះសហគមន៍កាតូលិក គឺសម្រាប់យុវជនដែលមានបំណងចង់ថ្វាយខ្លួនជាអ្នកបួស ដើម្បីបម្រើព្រះជាម្ចាស់ និងព្រះសហគមន៍របស់ព្រះអង្គដោយរស់នៅលីវអស់មួយជីវិត។ មុខងារប្រកាសព្រះបន្ទូលនេះ ជាជំហានទី២នៃការសិក្សានៅក្នុងទេវវិទ្យាល័យ។ លោកសុខ ធឿន បានឲ្យដឹងថា លោកសូមអរគុណលោកអភិបាល ដែលបានទទួលលោកក្នុងមុខងារនេះ ហើយសំណូមពរសូមឲ្យគ្រីស្តបរិស័ទទាំងអស់បន្តអធិដ្ឋានសម្រាប់រូបលោក និងនិស្សិតទេវវិទ្យាល័យដើម្បីសម្រេចជីវិតនៅក្នុងការត្រាស់ហៅជាបូជាចារ្យ ដើម្បីបម្រើព្រះសហគមន៍។

Your email address will not be published. Required fields are marked *