Tuesday, 23 Oct 2018

ព្រះសហគមន៍កាតូលិកនៅកម្ពុជា

លោកអភិបាលអូលីវីយេ ជំរុញឲ្យមាតាបិតាយកចិត្តទុកដាក់ចំពោះបុត្រធីតា

ភ្នំពេញ៖ នៅក្នុងពិធីបុណ្យគោរពព្រះនាងម៉ារីមិនជំពាក់បាប និងអធិដ្ឋានពេញមួយយប់ដើម្បីការត្រាស់ហៅលើកទី៦៦នៃព្រះ​ស​ហ​គមន៍​កាតូលិកភូមិភាគភ្នំពេញ នៅ​ព្រះ​វិហារ​សន្តយ៉ូសែប មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ជើង កាលពីថ្ងៃទី៧ ធ្នូ ២០១៧ នេះ លោកអភិបាលអូលីវីយេ បានជំរុញដល់មាតាបិតាទាំងអស់ឲ្យយកចិត្តទុកដាក់ចំពោះបុត្រធីតារបស់ខ្លួន នៅចំពោះមុខគ្រីស្តបរិស័ទជាច្រើនរយនាក់ដែលបានចូលរួមជាច្រើនរយនាក់។

នៅក្នុងធម្មទេសនានៃកម្មវិធីបុណ្យខាងលើ លោកអភិបាលអូលីវីយេ បានណែនាំគ្រីស្តបរិស័ទដោយមានប្រសាសន៍ដូច្នេះថា “សូមឪពុកម្តាយធ្វើយ៉ាងម៉េច ដើម្បី​ឲ្យ​កូន​ស្គាល់ព្រះជាម្ចាស់ និង​ស្រឡាញ់​ព្រះជាម្ចាស់” ដោយ​លើក​យក​គំរូរ​បស់​លោក​យាយហាណា និងលោកតាគីមដែលជាឪពុកម្តាយរបស់ព្រះនាងម៉ារី និង​ឪពុកម្តាយរបស់សន្តីតេរេសា ដែលបានរៀបចំកន្លែងទុកសម្រាប់កូននៅស្ថានបរម-​សុខ។ លោកអភិបាលបានទទូចឲ្យគ្រីស្តបរិស័ទយកគំរូតាមក្រុមគ្រួសាររបស់ព្រះ​​យេស៊ូផ្ទាល់គឺ យកចិត្ត​ទុក​ដាក់​ចំពោះ​គ្រួសារ ដូចលោកយ៉ូសែប បានយកចិត្តទុកដាក់​ថែរក្សាក្រុមគ្រួសារទោះបីជាគ្មានកន្លែងសម្រាកត្រឹមត្រូវក៏ដោយ។ មាន​ការ​ទទួលខុសត្រូវខ្ពស់ ដោយស្តាប់ និងអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ដូចឪពុកម្តាយព្រះយេស៊ូដែលបានស្តាប់ និង​អនុ​វត្ត​តាម ដើម្បីឲ្យព្រះបន្ទូលដឹកនាំជីវិតប្តីប្រពន្ធជាមួយព្រះកុមារយេស៊ូគ្រប់ពេល​វេលា និង​ យកចិត្តទុកដាក់អប់រំណែនាំ ដើម្បីឲ្យកូនរីកចម្រើនតាមព្រះប្រាជ្ញាញាណរបស់ព្រះ​ជាម្ចាស់ជានិច្ច។

លោកអភិបាល ក៏បានជំរុញទៀតថា យើង​​មានគម្រោងការមួយយ៉ាងពិសេស គឺអប់រំណែនាំកូនចៅ ដោយអាចចាក់គ្រឹះបន្តិចម្តងៗតាមគ្រួសារនីមួយៗ ដើម្បី​ឲ្យ​កូនស្រី និងកូនប្រុសចូលបម្រើក្នុងព្រះសហគមន៍ និងឆ្លើយតបទៅនឹងការត្រាស់ហៅរបស់ព្រះជាម្ចាស់។

លោកអភិបាលអូលីវីយេ បានមានប្រសាសន៍ផ្តាំផ្ញើដល់ឪពុកម្តាយទាំងអស់​ទៀតថា “ប្រសិន​បើកូន​ចង់​ធ្វើ​ជា​បូជា​ចារ្យ បងប្រុស បងស្រី សូមកុំ​បដិសេធ​ចំពោះ​កូន”។ លោកមានប្រសាសន៍យ៉ាងដូច្នេះ គឺដើម្បីឲ្យមានយុវជនយុវនារីអាចឆ្លើយតបទៅនឹងការត្រាស់ហៅរបស់ព្រះជាម្ចាស់ដើម្បីបម្រើព្រះសហគមន៍ប្រទេសកម្ពុជា ដែលជាហេតុលោកបង្កើតឲ្យមានការ​អធិ​ដ្ឋានដើម្បីការត្រាស់ហៅ ជារៀងរាល់ដើមខែនីមួយៗតាមមណ្ឌលសកម្មភាពនានា​នៃភូមិភាគភ្នំពេញនាឆ្នាំ​២០១២​កន្ល​ង​មក។ លោកក៏បានប្រកាសផងដែរថា ការអធិដ្ឋានលើកក្រោយគឺធ្វើនៅមណ្ឌលសកម្មភាពភ្នំពេញខាងត្បូង និង​បន្តរហូត​លើកទី​១០០​យ៉ាងតិច។

Your email address will not be published. Required fields are marked *