Tuesday, 23 Oct 2018

ព្រះសហគមន៍កាតូលិកនៅកម្ពុជា

លោកអូលីវីយេ៖ “ត្រូវត្រៀមខ្លួនជានិច្ច ដើម្បីបង្ហាញខ្លួននៅមុខតុលាកាព្រះជាម្ចាស់”

រាជធានីភ្នំពេញ៖ លោកអភិបាល អូលីវីយេ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងពេលលោកធ្វើជាអធិបតី​ក្នុងពិធីបុណ្យអភិបូជា នាឱកាសបុណ្យភ្ជុំ ព្រះវិហារសន្តយ៉ូសែបផ្សារតូច កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ ដោយមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ។ បុណ្យ​ភ្ជុំ​បិណ្ឌ​ជាបុណ្យប្រពៃណីជាតិខ្មែរ ដែលមានតាំងពីយូរណាស់មកហើយ។ ព្រះសហគមន៍​កាតូលិក​នៅកម្ពុជាប្រារព្ធបុណ្យរួមជាមួយប្រជាពលរដ្ឋកម្ពុជា ដើម្បីនឹករឭកដល់មរណបុគ្គល​ទាំងឡាយ។ ព្រះសហគមន៍កាតូលិកសកលប្រារព្ធបុណ្យនឹករឭកដល់សន្តបុគ្គលនៅថ្ងែទី១ ខែវិច្ឆិការ តាមប្រតិទិនរបស់ខ្លួន។ តែព្រះសហគមន៍នៅកម្ពុជាបានទទួលការអនុញាតិ​ពី​សន្តអាសនៈ មានសិទ្ធិប្រារព្ធបុណ្យនេះនៅថ្ងៃបុណ្យភ្ជុំតែម្តង។

នៅក្នុងធម្មទេសនា លោកអភិបាល បានណែនាំគ្រីស្តបរិស័ទដោយនឹករឭកដល់​បងប្អូន​ទាំងអស់​ដែលទទួលមរណភាព។ លោកថា ពេលមានមនុស្សស្លាប់ យើងនឹកឃើញ​ដល់ព្រះយេស៊ូដែលបានសោយទីវង្គត តែបីថ្ងៃក្រោយមកព្រះយេស៊ូមាន​ព្រះជន្មរស់ឡើង​វិញ​ដ៏រុងរឿង ដែលជាពេលមួយយើង នឹកដល់សេចក្តីស្លាប់ដែលជាដំណាក់កាលមួយនៅក្នុង​ជីវិតរបស់យើង មុននឹងទទួលជីវិតអស់កល្បជានិច្ច។

លោកអភិបាលបញ្ជាក់​ថា ជីវិតរបស់យើងមិនមែនអស់កល្បជានិច្ចនៅផែនដីនេះទេ ដូច្នេះ ត្រូវត្រៀមខ្លួនជានិច្ចដើម្បី បង្ហាញខ្លួននៅមុខតុលាកាព្រះជាម្ចាស់ ហើយព្រះជាម្ចាស់​នឹង​ពិនិត្យមើលសេចក្តីស្រឡាញ់របស់យើងចំពោះមនុស្សទាំងអស់ គឺយើងត្រូវបង្ហាញអ្វីទាំង​អស់​ដែលយើងបានប្រព្រឹត្ត។ លើសពីនេះទៅទៀតលោកបានក្រើនរំឭក​គ្រីស្ត​បរិស័ទទាំង​អស់​ថា៖ ជីវិតរបស់យើងមិនទៀតទាត់ មិនដឹងថាស្លាប់នៅពេលណា? ដូច្នេះត្រូវប្រុងប្រៀប​ពន្លឺនៃជំនឿ ពន្លឺនៃក្តីសង្ឃឹម និងពន្លឺនៃធម៌មេត្តាករុណានៅក្នុងខ្លួន ដោយអធិដ្ឋានជានិច្ច ដើម្បី​ឲ្យ​ព្រះជាម្ចាស់ប្រទានជំនឿឲ្យរឹងមាំ ដូចមរណសាក្សីពីដើម។

លោកអូលីវីយេ​បន្ថែមថា៖ ត្រូវមានក្តីសង្ឃឹមនឹងទទួលបានជីវិតអស់កលជានិច្ច ដែល​ជា​ជំនឿរបស់ព្រះសហគមន៍ និងបង្ហាញពីធម៌មេត្តាករុណាដោយយកចិត្តទុកដាក់​ចំពោះ​មនុស្ស​ឯទៀតៗដូចអ្នកម្តាយតេរេសា។
ក្រោយពីអភិបូជាគ្រីស្តបរិស័ទទាំងអស់ រួមជាមួយលោកអភិបាល​បានទៅអធិដ្ឋាន​នៅ​មុខ​វិមានចេតិយ ដើម្បីឧទ្ទិសដល់មរណបុគ្គលទាំងឡាយ ដោយទូលសូមអង្វរ​ព្រះជាម្ចាស់​ឲ្យ​លើកលែងទោស និងទទួលពួកគេឲ្យនៅស្ថានបរមសុខរួមជាមួយព្រះអង្គ។

ដោយ ដាលីស

Your email address will not be published. Required fields are marked *