Tuesday, 23 Oct 2018

ព្រះសហគមន៍កាតូលិកនៅកម្ពុជា

បុណ្យភ្ជុំយើងអធិដ្ឋានសម្រាប់មរណបុគ្គល

ខេត្តកំពត៖ ព្រះសហគមន៍កំពត-កែប ប្រារព្ធពិធីបុណ្យរំលឹកដល់មរណបុគ្គល ក្នុងអំឡុងពេល​បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅឯព្រះវិហារកាតូលិកដ៏ចំណាស់មួយ ក្នុងរមណីដ្ឋានឧទ្យាន​ជាតិ​ព្រះមុនីវង្សភ្នំបូកគោ ដែលមានគ្រីស្តបរិស័ទប្រមាណជា២០០នាក់ចូលរួម កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧។

ព្រះសហគមន៍កាតូលិកកម្ពុជា បានទទួលការអនុញ្ញាតពីសន្តអសនៈ ក្នុងការប្រារព្ធ​ពិធីបុណ្យគោរពមរណបុគ្គលដែលត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកាជារៀងរាល់ឆ្នាំ តាមប្រតិទិន​ព្រះសហគមន៍​កាតូលិក​​សកល មកប្រារព្ធនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណី​ជាតិខ្មែររួមជាមួយប្រជាជនកម្ពុជាទាំងអស់។

លោកបូជាចារ្យ តាវ៉ូឡា ចនលូកា ជាបូជាចារ្យទទួលខុសត្រូវព្រះសហគមន៍​កាតូលិក​ក្នុងមណ្ឌលសកម្មភាពកំពត-កែប បានថ្លែងក្នុងធម្មទេសនាថា៖ សម្រាប់ពិធីបុណ្យភ្ជុំ ជាថ្ងៃ​ដែល​យើងគិតដល់មរណបុគ្គល យើងត្រូវតែត្រៀមខ្លួនជានិច្ច ព្រោះយើងមិនដឹងថាពេលណា​ព្រះជាម្ចាស់នឹងត្រាស់ហៅយើងទៅនោះទេ តែយើងត្រូវថែរក្សាពន្លឺនៅក្នុងសេចក្តីស្រឡាញ់​ជានិច្ច។

លោកបូជាចារ្យបន្ថែមទៀតថា បងប្អូនយើងដែលបានទទួលមរណភាព យើងដឹងថា​បច្ចុប្បន្ន​របស់ពួកគាត់មានអំណរសប្បាយណាស់ ព្រោះនៅស្ថានបរមសុខប្រៀបដូចជា​ក្នុង​ពិធី​ជប់លៀងយ៉ាងសប្បាយមួយ។ ដូច្នេះ អ្វីដែលយើងសង្ឃឹមសម្រាប់មរណបុគ្គល គឺបាន​ទទួល​អំណរសប្បាយដែលមកពីព្រះជាម្ចាស់។ យើងត្រូវទូលអង្វរព្រះជាម្ចាស់ សូមព្រះអង្គ​ទទួលបងប្អូនយើងដែលបានចែកស្ថានទៅ បានចូលនៅក្នុងព្រះរាជ្យរបស់ព្រះអង្គ។

ចុងក្រោយលោកបញ្ជាក់ថា យើងមានសំណាងដែលបានមកធ្វើបុណ្យនៅ​ព្រះវិហារ​កាតូលិកលើភ្នំបូកគោនេះ ព្រោះថាមួយរយឆ្នាំមុនក៏មានបងប្អូនយើង​មកធ្វើបុណ្យនៅទីនេះ​ដែរ។ ថ្ងៃនេះ ពេលបងប្អូនអធិដ្ឋានសម្រាប់ជីដូនជីតា សូមសម្លឹងមើលរូបព្រះយេស៊ូដែល​បង្ហាញ​ព្រះហប្ញទ័យមេត្តាករុណា នឹងថ្វាយពួកគាត់ទៅក្នុងព្រះហប្ញទ័យមេត្តាករុណា និង​សេចក្តី​ស្រឡាញ់របស់ព្រះជាម្ចាស់។ សូមព្រះជាម្ចាស់ទទួលពាក្យអធិដ្ឋានរបស់យើង ទទួល​បំណងប្រាថ្នារបស់យើង ដើម្បីជាប្រយោជន៍ដល់ជីដូនជីតារបស់យើង។

ក្រោយបញ្ចប់ពិធីថ្វាយអភិបូជា លោកបូជាចារ្យបានដឹកនាំគ្រីស្តបរិស័ទដង្ហែដង្វាយ​ទាំងអស់ ទៅលើកំពូលភ្នំក្បែរព្រះវិហារនោះថ្វាយទៅព្រះជាម្ចាស់។ បន្ទាប់មកគ្រីស្ត​បរិស័ទ​ទាំងអស់ ក៏បានយកម្ហូបអាហារដែលជាដង្វាយទាំងនោះមកចែករំលែក​បរិភោគ​ជុំគ្នា​យ៉ាង​សប្បាយ​រីករាយ។

Your email address will not be published. Required fields are marked *