Tuesday, 23 Oct 2018

ព្រះសហគមន៍កាតូលិកនៅកម្ពុជា

លោកបូជាចារ្យ ម៉ារីយ៉ូ ហ្គេហ្ស៊ី ថ្វាយអភិបូជាលាគ្រីស្តបរិស័ទកម្ពុជា

រាជធានីភ្នំពេញ៖ លោក​បូជា​ចារ្យ​ ម៉ារីយ៉ូ ហ្គេហ្ស៊ី បាន​ថ្វាយ​អភិបូជាលាគ្រីស្តបរិស័ទ​ទាំងរស់ទាំងស្លាប់​ជាលើកចុង​ក្រោយ​មុននឹង​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ ដើម្បី​វិល​ត្រឡប់ទៅ​បម្រើព្រះ​សហ-គមន៍​​ប្រទេស​អ៊ី​តាលី ស្រប​តាម​សេចក្តី​ត្រូវ​ការ​របស់​ប្រធាន​ក្រុម​សាសនទូត​ពីមេ(PIME) កាល​ពី​ថ្ងៃទី​១០ កញ្ញា ២០១៧នេះ នៅព្រះ​វិហារ​ព្រះ​កុមារ​យេស៊ូ បឹង​ទំពុន ដោយ​មាន​គ្រីស្ត​បរិស័​ទ​ចូលរួម​ជា​ច្រើន​កុះករ។​

ជាកិច្ច​ចាប់ផ្តើម​ អ្នកស្រី ងួន​ផល្លា តំណាង​គ្រីស្ត​បរិស័ទ បាន​ថ្លែង​អំណរគុណ​ដល់​លោក​ម៉ារីយូ ចំំពោះ​កិច្ចការ​​ប្រកាស​ដំណឹង​របស់លោក​រយៈពេល​១៧ឆ្នាំមកនេះ និង​សម្តែង​នូវ​ការ​​សោកស្តាយ​ចំពោះ​ការវិល​ត្រឡប់​ទៅវិញ។ អ្នក​ស្រី​បន្ថែមថា ព្រះ​សគមន៍​នៅកម្ពុជា​នឹង​អធិដ្ឋាន ទូលសូមអង្វរព្រះ​ជាម្ចាស់ឲ្យ​ចាត់​លោក​មក​បម្រើនៅ​កម្ពុជាវិញ​ក្រោយ​ពែល​លោក​បញ្ចប់​បេសកកម្ម​នៅ​អ៊ីតាលី។​

នៅក្នុង​ធម្មទេសនា​លើក​ចុង​ក្រោយ​នេះ​ លោក​បាន​ផ្តាំ​ដល់​គ្រីស្ត​បរិស័ទ​ទាំង​អស់​ថា យើង​ជា​បងប្អូនគ្នា គឺ​ដោយ​សារ​​យើង​មាន​ជំនឿតែមួយ ជាព្រះកាយ​ព្រះ​គ្រីស្ត​តែមួយ។ លោក​បាន​រំឮក​ថា​ ពេល​យើង​ទទួលពិធី​ជ្រមុជទឹក​គឺ​យើង​បាន​ចូលរួម​នៅក្នុង​ព្រះ​សហគមន៍​មួយ​ដែល​ជា​ព្រះកាយព្រះ​គ្រីស្ត​តែម្តង តែ​ព្រះ​កាយ​នេះ​ពេល​ខ្លះ​​ត្រូវ​ជួបនឹង​ឧបស័គ្គខ្លះៗ​ ដែល​នាំ​ឲ្យ​មាន​ការ​បែក​ចែក​ជា​ច្រើន​បំណែក​ ដោយ​សារតែបញ្ហាផ្សេងៗ​ចេញ​ចិត្ត​របស់​មនុស្ស គឺ​​យើង​មិនចេះ​ស្រឡាញ់គ្នាទៅវិញទៅមក និង​ដោយ​ការច្រណែនគ្នា​ជាដើម។​

លើសពីនេះ​ទៅ​ទៀត លោក​បាន​បញ្ជាក់ថា ដើម្បី​រក្សា​ភាព​ជាធ្លុងតែមួយ យើងត្រូវ​ធ្វើតាមព្រះ​បន្ទូល គឺ​ជួបមុខផ្ទាល់​រាល់ពេលមានបញ្ហា ហើយ​ប្រសិនបើ​មាន​ម្ខាងមិន​ចង់ស្តាប់ គឺ​ត្រូវរកសាក្សី​ពីរឬបីនាក់​ដើម្បី​សម្រុះសម្រួលគ្នា​។ លោក​ថា​យើង​ត្រូវ​សម្រេចចិត្ត​ជារៀង​រាល់​ថ្ងៃ​ថា​ត្រូវ​បំពេញ​តួនាទី​ជាគ្រីស្ត​បរិស័ទ ​ដោយ​ស្រឡាញ់គ្នា​ទៅវិញ​ទៅមក​ និង​ចេះ​សម្រុះ​សម្រួល​ដោយ​ការលើកលែងទោសឲ្យគ្នាទៅវិញ​ទៅមក។ លោក​សង្កត់ធ្ងន់ថា ប្រសិនបើ​យើង​ច្រណែនគ្នា ដណ្តើម​អំណាចគ្នា ប្រព្រឹត្ត​អំពើពុករលួយ តើមាន​ប្រយោជន៍អ្វី​ចំពោះ​ព្រះ​សហគមន៍​និង​ចំពោះសង្គម?​

នៅក្នុង​អភិបូជា​លើកចុងក្រោយ​នេះ លោក​បាន​ផ្តល់អគ្គសញ្ញា​ជ្រមុជទឹក​ដល់​កុមារី​អេលី​សាប៊ែត ហើយ​មុននឹង​បញ្ចប់​អភិបូជាលោក​ម៉ារីយ៉ូ បាន​ថ្លែងថា “​ខ្ញុំសូម​អរ​គុណ​យ៉ាង​ច្រើន​ដល់​បងប្អូន​គ្រីស្ត​បរិស័ទ​ទាំង​អស់​ដែល​បាន​ទទួល​ខ្ញុំ​ដោយ​កក់ក្តៅ និង​មាន​ភាព​អត់ធ្មត់​ជាមួយ​ខ្ញុំ​កន្លង​មក ហើយ​អំណរសប្បាយ​ជាងគេសម្រាប់ជីវិត​ខ្ញុំ​គឺ​១៧ឆ្នាំ​នៅស្រុកខ្មែរ”។​

រីឯលោក​ដាមីញ៉ាំង ហ្វានឺរ បាន​អាន​លិខិត​របស់​សន្ត​ប៉ូល​មុនពេលលោក​ចេញ​ពីក្រុង​អេភេសូ ដែល​បាន​ផ្តល់​សក្ខីភាព​អំពី​ដំណឹងល្អ​ និង​ព្រះ​ហឬទ័យ​ប្រណី​សន្តោស​របស់​ព្រះ​ជាម្ចាស់។ លោក​បូជាចារ្យ​ដាមីញ៉ាំង បាន​ប្រៀប​ប្រដូច​លោក​ម៉ារីយ៉ូទៅ​នឹង​បេសកកម្ម​របស់​សន្ត​ប៉ូល និង​បាន​ថ្លែង​អំណរគុណ​ជាមួយ​នឹង​ពាក្យ​ចងចាំដែល​លោក​ម៉ារី​យ៉ូ​បាន​លើក​ទឹកចិត្ត​​ខណៈពេល​ដែលលោក​មក​បម្រើព្រះ​សហគមន៍​កម្ពុជា និង​រៀនភាសាខ្មែរ​​ដំបូង​ថា “គ្មាន​កិច្ចការអ្វី​​ដែល ព្រះជាម្ចាស់​ធ្វើមិនកើត​នោះទេ”។​

នៅទីបញចប់នៃ​អភិបូជា លោក​ម៉ារី​យ៉ូ រួមជាមួយលោក​ដាមីញាំង និង​គ្រីស្ត​បរិស័ទ​បាន​អធិដ្ឋាន​រួមគ្នា​នៅមុខចេតិយ និង​ទទួលទានអាហារសម្រន់​ជាមួយគ្នា​ដើម្បី​លាដំណើរ​មុន​នឹង​​ត្រប់ទៅកាន់ប្រទេសអ៊ីតាលី នាថ្ងៃទី​១៥​ កញ្ញា ២០១៧​ ខាងមុខនេះ។

ដោយ ដាលីស

Your email address will not be published. Required fields are marked *