Tuesday, 23 Oct 2018

ព្រះសហគមន៍កាតូលិកនៅកម្ពុជា

និស្សិតនៃវិទ្យាស្ថានសន្តប៉ូលបានទទួលជ័យលាភីលេខមួយក្នុងកម្មវិធី ពានរង្វាន់ត្នោតមាស

និស្សិតនៃវិទ្យាស្ថានសន្តប៉ូលនៅខេត្តតាកែវ បានដណ្តើមយកជ័យលាភីលេខមួយក្នុងកម្មវិធី “ពានរង្វាន់ត្នោតមាស ឆ្នាំ២០១៨” ដែលរៀបចំដោយមូលនិធិគីណាល់ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ នៅទីស្នាក់ការរបស់មូលនិធិគីណាល់ ដែលជាសហគ្រាសផលិតឱសថ ប៉េប៉េអឹម នារាជធានីភ្នំពេញ។ កម្មវិធីប្រកួត “ពានរង្វាន់ត្នោតមាស ឆ្នាំ២០១៨” បង្កើតឡើងក្នុងគោលបំណងលើក ទឹកចិត្តដល់ការសិក្សាស្រាវជ្រាវ និងបង្កើនគំនិតច្នៃប្រឌិត សម្រាប់ចូលរួមគាំទ្រដល់ការអភិវឌ្ឍជនបទក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះជាលើកទី១ហើយដែលមូលនិធីបានរៀបចំកម្មវិធីនេះ ក្រោមប្រធានបទ “ការបង្កើនតម្លៃចេក” និងមាននិស្សិតចំនួន ១៩ក្រុម មកពីសាលានានាចូលរួមប្រកួត។ នៅក្នុងនោះវិទ្យាស្ថានសន្តប៉ូលមាននិស្សិតចំនួន២ ក្រុមចូលរួម ហើយមួយក្រុមទទួលបានជ័យលាភីលេខមួយ ដោយបានកែច្នៃសំបកចេគ ស្ទងចេក និងដើមចេក។

លោក ម៉ក់ រាជ្យ ជានិស្សិតរៀនផ្នែកកសិកម្មនៃវិទ្យាស្ថានសន្តប៉ូល និងជាក្រុមដែលបានទទួលជ័យលាភីលេខមួយ បានប្រាប់ថា កសិករកម្ពុជាសព្វថ្ងៃភាគច្រើនអាចកែច្នៃត្រឹមតែផ្លែចេកប៉ុណ្ណោះ ដោយបោះបង់សំបកចេក ស្ទងចេក និងដើមចេក ដូច្នេះក្រុមរបស់គាត់ក៏នាំគ្នារិះគិតអំពីកាកសំណល់ទាំងនេះ។ រាជ្យបានប្រាប់ទៀតថា ក្នុងកម្មវិធីប្រកួតនេះគណៈគ្រប់គ្រងវិទ្យាស្ថានសន្តប៉ូល មានការជម្រុញនិងគាំទ្រ ដើម្បីឲ្យក្រុមរបស់គាត់ធ្វើការស្រាវជ្រាវ។ ម៉ក់ រាជ្យ “យើងយកសាច់ចេកទៅធ្វើជាស្ករគ្រាប់ សំបកមកធ្វើជាតែនិងចម្រោះទឹក ដើមចេកនិងស្ទងចេកយកមកធ្វើជាក្រដាស ដើម្បីធ្វើការវិចខ្ចប់ស្ករគ្រាប់”។ និស្សិតដដែលបានបន្តថា ជ័យលាភីថ្ងៃនេះ មិនមែនសម្រាប់តែក្រុមយើងខ្ញុំទេ គឺសម្រាប់វិទ្យាស្ថានសន្តប៉ូល ព្រោះថាវិទ្យាស្ថានបានយកចិត្តទុកដាក់ ទៅលើក្នុងការសិក្សារបស់និស្សិតគ្រប់ៗរូប និងមានសម្ភារគ្រប់គ្រាន់ដើម្បីឲ្យនិស្សិតធ្វើការសិក្សា និងធ្វើការស្រាវជ្រាវ។

លោក ផុន សុផល នាយកនៃវិទ្យាស្ថានសន្តប៉ូលឲ្យដឹងថា តាមគម្រោងរបស់សាលាសម្រាប់និស្សិតដែលទទួលជ័យលាភីនឹងទទួលបានការគាំទ្របន្ថែមទៀតលើការស្រាវជ្រាវបន្ថែម ជាពិសេសលើការអភិវឌ្ឍ ជនបទដល់ជនក្រីក្រតាមមូលដ្ឋាន និងដើម្បីលើកកម្ពស់តម្លៃចេកនៅក្នុងប្រទេស។ លោកបានបន្តទៀតថា រាល់អត្ថបទស្រាវជ្រាវរបស់និស្សិតទាំងពីរក្រុម សាលានឹងដាក់បញ្ចូលក្នុងបណ្ណាល័យ និងផ្តល់ជូនដល់ម្ចាស់មូលនិធិទុកជាឯកសារ។ បន្ថែមលើសនេះ អ្វីដែលនិស្សិតទាំងពីរក្រុមបានធ្វើគឺនឹងយកទៅអនុវត្តផ្ទាល់នៅក្នុងសិប្បកម្មស្ករគ្រាប់ របស់លោកអភិបាលព្រះសហគមន៍ កាតូលិកភូមិភាគភ្នំពេញ។

ឯកឧត្តម យុទ្ធ ភូថង រដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា កម្មវិធីត្នោតមាសឆ្នាំ២០១៨ មានសារសំខាន់ណាស់ ដើម្បីឲ្យនិស្សិតមានចំណេះដឹងចំណេះធ្វើ គឺធ្វើជាទំពាំងស្នងឬស្សី ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ ជាពិសេសប្រធានបទនៃការស្រាវជ្រាវនេះ គឺយកវត្ថុធាតុដើមដែលប្រជាកសិករនៅក្នុងប្រទេសកម្ពុជាមានស្រាប់ទៅកែច្នៃជាផលិតផលសិប្បកម្ម ឬឧស្សាហកម្ម ដើម្បីនាំចេញទៅលក់នៅក្រៅប្រទេស។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបន្ថែមទៀតថា បច្ចុប្បន្នវិស័យកសិកម្មនៅប្រទេសកម្ពុជាបានប្រឈមនឹងបញ្ហាជាច្រើន ដូចជា បញ្ហាបច្ចេកវិទ្យាថ្មី បញ្ហាការប្រែប្រួលអាកាសធាតុ បញ្ហាការស្វែងរកទីផ្សារ។

លោកឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ បានពន្យល់ថា កម្មវិធីពានរង្វាន់ត្នោតមាសឆ្នាំ២០១៨ នេះ ជាក្តីស្រមៃរបស់លោកក្នុងការចូលរួមលើកតម្កើងការកែច្នៃផលិតផល កសិកម្ម នៅប្រទេសកម្ពុជាយើង។ នេះជាលើកទីមួយ នៃកម្មវិធីពានរង្វាន់ត្នោតមាស ដែលមានគោលបំណងចង់ឲ្យនិស្សិតដែលកំពុងរៀនកសិកម្ម យកចំណេះដឹងទៅជួយប្រជាកសិករ ដើម្បីចាប់ដៃជាមួយពួកគាត់ ដោយពួកគាត់ជាអ្នកដាំនិស្សិតជាអ្នកកែច្នៃ ឲ្យផលិតផលរបស់ខ្មែរយើងមានអត្តសញ្ញាណផង និងដើម្បីបង្ហាញពីភាពអស្ចារ្យនៃសមត្ថភាពកែច្នៃ។

ការប្រកួតប្រជែងនេះ មានគណៈមេប្រយោគ ដែលដឹកនាំ​ដោយ លោក​សាស្ត្រាចារ្យ តាន់ ប៊ុន​ស៊ុយ និង​មានការ​ចូលរួម​ពី មេ​ប្រយោគ​ឯករាជ្យ​មួយចំនួន ដូចជា លោក​ប្រាក់ សេរី​វឌ្ឍន៍ មកពី​អង្គការ CIRD លោក​សុខ សា​រ៉ង មកពី​អង្គការ ECOCERT លោក​ហ្ស​ង់ ម៉ា​រី​ប្រង់ (Jean-Marie Brun) មកពី​អង្គការ IRAM លោក ហ៊ឹម ពិសិដ្ឋ តំណាង​ខន​ហ្វី​រេល សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ និង​កញ្ញា អេ​ឡែ​ន អូ​ប្រ៊ី (Hélène Obry ) តំណាង​ក្រុមហ៊ុន​ខន​ហ្វី​រេល សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​។

នៅវគ្គដំបូងនៃកម្មវិធីនេះ មាន​និស្សិតចំនួន ១៩ក្រុម ដែលបាន​ចុះឈ្មោះ​ចូលរួម​ប្រកួតប្រជែង ក្រោមប្រធានបទ “ការបង្កើន​តម្លៃចេក”។ ហើយនៅវគ្គផ្តាច់ព្រ័ត្រនេះ នៅ​សល់​និស្សិតតែ ៦ក្រុម ដែលបានចូលរួម​ធ្វើការ​ប្រកួត​ប្រជែង គឺមាននិស្សិតមក​ពី​សាកល​វិទ្យាល័យ​ភូមិន្ទកសិកម្ម(ចំការដូង) វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា(តិចណូ) និងវិទ្យាស្ថានសន្តប៉ូល។ ប្រធានបទដែលនិស្សិតទាំង៦ក្រុម ​លើក​យក​មកធ្វើការប្រកួតប្រជែង រួមមាន៖ ការប្រៀបធៀបម្ស៉ៅប៊ិចទីនដែលចម្រាញ់បានពីសំបកចេកសើម និងចេកស្ងួត។ ការធ្វើឲ្យប្រសើរឡើងនៃដំណើរការផលិតម្ស៉ៅចេក។ ការធ្វើឲ្យប្រសើរឡើងនូវរសជាតិស្ករគ្រាប់ចេក។​ គ្រប់ផ្នែកនៃដើមចេកគឺសុទ្ធតែមានតម្លៃ។ ការអភិវឌ្ឍទៅលើរសជាតិ វិធីសាស្ត្រក្នុងការផលិត និងប្រភពទីផ្សារនៃ​ផលិតផល​ ចេក​ឆាប។ ការកែច្នៃទឹកក្បុងចេក។

ក្រោយពីការវាយតម្លៃរបស់គណៈមេប្រយោគ គឺ ជ័យលាភីលេខមួយ បានទៅលើនិស្សិតមកពីវិទ្យាស្ថាន សន្តប៉ូល ក្រោមប្រធានបទ “គ្រប់ផ្នែកនៃដើមចេកគឺសុទ្ធតែមានតម្លៃ” ដោយទទួលបានទឹកប្រាក់ចំនួន ៤,០០០,០០០រៀល។ ជ័យលាភីជ័យលាភីលេខពីរ បានទៅលើនិស្សិតមកពីវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា ក្រោមប្រធានបទ “ការអភិវឌ្ឍទៅលើរសជាតិ វិធីសាស្ត្រក្នុងការផលិត និងប្រភពទីផ្សារនៃផលិតផល ចេកឆាប” ដោយទទួលបានទឹកប្រាក់ចំនួន ២,០០០,០០០រៀល និង​ជ័យលាភីលេខបី បានទៅលើនិស្សិតមកពីវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា ក្រោមប្រធានបទ “ការធ្វើឲ្យប្រសើរឡើងនៃដំណើរការផលិតម្ស៉ៅចេក” ដោយទទួលបានទឹកប្រាក់ចំនួន ១,០០០,០០០រៀល។

Your email address will not be published. Required fields are marked *