1 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រាកដ​មែន ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មនុស្ស​ខ្លះ​ដែល​នៅ​ទី​នេះ​នឹង​មិន​ស្លាប់​ទេ មុន​បាន​ឃើញ​ព្រះ‌រាជ្យ​របស់​ព្រះ‌ជា‌ម្ចាស់មក​ដល់ ប្រកប​ដោយ​ឫទ្ធា‌នុភាព»។

សិរី‌រុង​រឿង​របស់​ព្រះ‌យេស៊ូ
(ម៉ាថាយ ១៧.១-១៣ លូកា ៩.២៨-៣៦)
2 ប្រាំ​មួយ​ថ្ងៃ​ក្រោយ​មក ព្រះ‌យេស៊ូ​នាំ​លោក​សិលា លោក​យ៉ាកុប និង​លោក​យ៉ូហាន ឡើង​ទៅ​លើ​ភ្នំ គឺ​ព្រះ‌អង្គ​នាំ​តែ​លោក​ទាំង​បី​ទៅ​ដាច់​ឡែក​ពី​គេ។ ពេល​នោះ ព្រះ‌អង្គ​ប្រែ​ជា​មាន​ទ្រង់‌ទ្រាយ​ប្លែក​ពី​មុន​នៅ​មុខ​សាវ័ក*​ទាំង​បី​នាក់ 3 គឺ​ព្រះ‌ពស្ដ្រ​របស់​ព្រះ‌អង្គ​ត្រឡប់​ជា​មាន​ពណ៌​ស​ភ្លឺ​ត្រចះ‌ត្រចង់ ដែល​គ្មាន​មនុស្ស​ណា​នៅ​លើ​ផែន‌ដី​អាច​ធ្វើ​ឲ្យ​ស​យ៉ាង​នេះ​បាន​ឡើយ។ 4 ពេល​នោះ សាវ័ក​ទាំង​បី​នាក់​ឃើញ​ព្យាការី*​អេលី និង​លោក​ម៉ូសេ* សន្ទនា​ជា​មួយ​ព្រះ‌យេស៊ូ។ 5 លោក​សិលា​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌គ្រូ! យើង​ខ្ញុំ​បាន​នៅ​ទី​នេះ​ប្រសើរ​ណាស់ យើង​ខ្ញុំ​នឹង​សង់​ជម្រក​បី គឺ​មួយ​សម្រាប់​ព្រះ​គ្រូ មួយ​សម្រាប់​លោក​ម៉ូសេ និង​មួយ​ទៀត​សម្រាប់​លោក​អេលី»។ 6 លោក​សិលា​មាន​ប្រសាសន៍​ដូច្នេះ មក​ពី​លោក​ពុំ​ដឹង​ថា​ចង់​និយាយ​អំពី​អ្វី​ឡើយ ដ្បិត​សាវ័ក​ទាំង​បី​ភ័យ‌ខ្លាច​យ៉ាង​ខ្លាំង។ 7 ពេល​នោះ ស្រាប់​តែ​មាន​ពពក*​មក​គ្រប​បាំង​គេ​ទាំង​អស់​គ្នា មាន​ព្រះ‌សូរ‌សៀង​បន្លឺ​ពី​ក្នុង​ពពក​មក​ថា៖ «នេះ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង ចូរ​ស្ដាប់​ព្រះ‌អង្គ​ចុះ!»។ 8 រំពេច​នោះ ពួក​សាវ័ក​ក្រឡេក​មើល​ជុំ‌វិញ​ខ្លួន ពុំ​ឃើញ​នរណា​ទៀត​ឡើយ ឃើញ​តែ​ព្រះ‌យេស៊ូ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ​ដែល​គង់​ជា​មួយ​គេ។

9 ពេល​ព្រះ‌យេស៊ូ​យាង​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សាវ័ក​ទាំង​បី ទ្រង់​ហាម‌ប្រាម​គេ​មិន​ឲ្យ​និយាយ​អំពី​ហេតុ‌ការណ៍​ដែល​ខ្លួន​បាន​ឃើញ​ប្រាប់​នរណា​ឡើយ រហូត​ដល់​បុត្រ​មនុស្ស​រស់​ឡើង​វិញ។ 10 អ្នក​ទាំង​បី​ធ្វើ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ តែ​សាក‌សួរ​គ្នា​ថា៖ «តើ​“រស់​ឡើង​វិញ” មាន​ន័យ​ដូច​ម្ដេច?»។ 11 បន្ទាប់​មក គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​បណ្ឌិត​ខាង​វិន័យ​ចេះ​តែ​និយាយ​ថា ព្យាការី​អេលីយ៉ា​ត្រូវ​អញ្ជើញ​មក​មុន?»។ 12 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ព្យាការី​អេលីយ៉ា​អញ្ជើញ​មក​មុន​មែន ដើម្បី​រៀប‌ចំ​សព្វ​គ្រប់​ទាំង​អស់​ឡើង​វិញ។ ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា បុត្រ​មនុស្ស​ត្រូវ​រង‌ទុក្ខ​លំបាក​ជា​ច្រើន ព្រម​ទាំង​ត្រូវ​គេ​មើល‌ងាយ​ផង​ដូច្នេះ?។ 13 ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្យាការី​អេលី​បាន​អញ្ជើញ​មក​រួច​ហើយ តែ​ពួក​គេ​បាន​ធ្វើ​បាប​លោក​សព្វ​បែប​យ៉ាង​តាម​អំពើ​ចិត្ត​របស់​គេ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​អំពី​លោក​ស្រាប់»។

ព្រះ‌យេស៊ូ​ដេញ​វិញ្ញាណ​អាក្រក់​ចេញ​ពី​ក្មេង​ម្នាក់
(ម៉ាថាយ ១៧.១៤-២១ លូកា ៩.៣៧-៤៣)
14 ព្រះ‌យេស៊ូ និង​អ្នក​ទាំង​បី បាន​មក​ជួប​សាវ័ក​ឯ​ទៀតៗ ទ្រង់​ទត​ឃើញ​បណ្ដា‌ជន​ច្រើន​កុះ‌ករ​ឈរ​នៅ​ជុំ‌វិញ​សាវ័ក​ទាំង​នោះ ហើយ​ឃើញ​ពួក​បណ្ឌិត​ខាង​វិន័យ*​ជជែក​ជា​មួយ​គេ​ផង។ 15 កាល​បណ្ដា‌ជន​ឃើញ​ព្រះ‌យេស៊ូ គេ​ស្រឡាំង‌កាំង​គ្រប់​គ្នា ហើយ​រត់​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌អង្គ។ 16 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ជជែក​ជា​មួយ​គេ​អំពី​រឿង​អ្វី?»។ 17 ក្នុង​ចំណោម​បណ្ដា‌ជន មាន​បុរស​ម្នាក់​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ! ខ្ញុំ​ប្របាទ​នាំ​កូន​ប្រុស​របស់​ខ្ញុំ​ប្របាទ​មក​រក​លោក​គ្រូ ដ្បិត​វា​មាន​ខ្មោច​ក្នុង​ខ្លួន ធ្វើ​ឲ្យ​គ​និយាយ​ពុំ​រួច។ 18 នៅ​ទី​ណា​ក៏​ដោយ ពេល​ខ្មោច​ចូល​ម្ដងៗ វា​ផ្ដួល​កូន​ខ្ញុំ​ប្របាទ​លើ​ដី​ឲ្យ​បែក​ពពុះ​មាត់ សង្កៀត​ធ្មេញ ហើយ​រឹង​ខ្លួន។ ខ្ញុំ​ប្របាទ​បាន​សុំ​សាវ័ក​របស់​លោក​ឲ្យ​ដេញ​ខ្មោច​នេះ​ដែរ ប៉ុន្តែ គេ​ពុំ​អាច​ដេញ​វា​ចេញ​បាន​សោះ»។ 19 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​បណ្ដា‌ជន​ថា៖ «នែ៎! ពួក​មនុស្ស​ពុំ​ព្រម​ជឿ​អើយ! តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត? ចូរ​នាំ​ក្មេង​នោះ​មក​ឲ្យ​ខ្ញុំ»។ 20 គេ​ក៏​នាំ​វា​ចូល​មក​ជិត​ព្រះ‌យេស៊ូ។ កាល​វិញ្ញាណ​អាក្រក់​ឃើញ​ព្រះ‌អង្គ វា​ផ្ដួល​ក្មេង​នោះ​ឲ្យ​ប្រកាច់‌ប្រកិន ព្រម​ទាំង​ននៀល​បែក​ពពុះ​មាត់។ 21 ព្រះ‌យេស៊ូ​សួរ​ទៅ​ឪពុក​ថា៖ «តើ​វា​វេទនា​បែប​នេះ តាំង​ពី​អង្កាល់​មក?»។ ឪពុក​តប​ថា៖ «តាំង​តែ​ពី​តូច​ម៉្លេះ។ 22 ខ្មោច​ធ្វើ​ឲ្យ​វា​ដួល​លើ​ភ្លើង ឲ្យ​វា​ធ្លាក់​ក្នុង​ទឹក​ជា​ច្រើន​លើក​ច្រើន​សា ចង់​ឲ្យ​វា​បាត់‌បង់​ជីវិត។ ប្រសិន​បើ​លោក​អាច​ធ្វើ​បាន សូម​មេត្តា​ជួយ​យើង​ខ្ញុំ សូម​អាណិត‌អាសូរ​យើង​ខ្ញុំ​ផង»។ 23 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ពោល​ថា “ប្រសិន​បើ​លោក​អាច​ជួយ​បាន” ដូច្នេះ? ព្រះ‌ជា‌ម្ចាស់​អាច​សម្រេច​កិច្ច‌ការ​សព្វ​គ្រប់​ទាំង​អស់​ដល់​អ្នក​ជឿ»។ 24 ឪពុក​របស់​ក្មេង​បន្លឺ​សំឡេង​ឡើង​ភ្លាម​ថា៖ «ខ្ញុំ​ប្របាទ​ជឿ​ហើយ! សូម​មេត្តា​ជួយ​ឲ្យ​ខ្ញុំ​ប្របាទ ដែល​ជា​អ្នក​មិន​ជឿ​នេះ​ផង!»។ 25 ពេល​នោះ ព្រះ‌យេស៊ូ​ទត​ឃើញ​បណ្ដា‌ជន​រត់​មក ព្រះ‌អង្គ​ក៏​គំរាម​វិញ្ញាណ​អាក្រក់​ដោយ​បញ្ជា​ថា៖ «នែ៎​វិញ្ញាណ​គ​ថ្លង់! យើង​សុំ​ប្រាប់​ថា ចេញ​ពី​ក្មេង​នេះ​ទៅ កុំ​ចូល​វា​ទៀត​ឲ្យ​សោះ!»។ 26 វា​ក៏​ស្រែក​ឡើង ព្រម​ទាំង​ធ្វើ​ឲ្យ​ក្មេង​នោះ​ប្រកាច់‌ប្រកិន​យ៉ាង​ខ្លាំង រួច​ចេញ​ទៅ។ ពេល​នោះ ក្មេង​នៅ​ដេក​ស្ដូក‌ស្ដឹង​ដូច​មនុស្ស​ស្លាប់ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ស្មាន​ថា​វា​ស្លាប់​បាត់​ទៅ​ហើយ។ 27 រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះ‌អង្គ​ចាប់​ដៃ​វា​លើក​ឡើង ក្មេង​នោះ​ក៏​ក្រោក​ឈរ។

28 កាល​ព្រះ‌យេស៊ូ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ ពួក​សាវ័ក*​ទូល​សួរ​ព្រះ‌អង្គ ដាច់​ឡែក​ពី​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​ពុំ​អាច​ដេញ​វិញ្ញាណ​អាក្រក់​នេះ​ចេញ​បាន?»។ 29 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «គេ​អាច​ដេញ​វិញ្ញាណ​ប្រភេទ​នេះ​បាន លុះ​ត្រា​តែ​អធិ‌ស្ឋាន*»។

ព្រះ‌យេស៊ូ​ប្រកាស​សា​ជា​ថ្មី​អំពី​ព្រះ‌អង្គ​ត្រូវ​សោយ​ទិវង្គត
(ម៉ាថាយ ១៧.២២-២៣ លូកា ៩.៤៣-៤៥)
30 ព្រះ‌យេស៊ូ​យាង​ចាក‌ចេញ​ពី​ទី​នោះ​ជា​មួយ​ពួក​សាវ័ក* កាត់​តាម​ស្រុក​កាលី‌ឡេ។ ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​នរណា​ដឹង​ឡើយ។ 31 ព្រះ‌អង្គ​បង្រៀន​ពួក​សាវ័ក​ឲ្យ​ដឹង​ថា បុត្រ​មនុស្ស*​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​លោក គេ​នឹង​ធ្វើ​គុត​ព្រះ‌អង្គ ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​ពី​គេ​ធ្វើ​គុត ទ្រង់​នឹង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ 32 ពួក​សាវ័ក​ពុំ​បាន​យល់​ព្រះ‌បន្ទូល​នេះ​ឡើយ តែ​គេ​មិន​ហ៊ាន​ទូល​សួរ​ព្រះ‌អង្គ​ទេ។

អ្នក​ដែល​ធំ​ជាង​គេ
(ម៉ាថាយ ១៨.១-៥ លូកា ៩.៤៦-៤៨)
33 ព្រះ‌យេស៊ូ និង​ពួក​សាវ័ក* ធ្វើ​ដំណើរ​មក​ដល់​ក្រុង​កាផានុម។ កាល​ព្រះ‌អង្គ​គង់​នៅ​ក្នុង​ផ្ទះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ពួក​សាវ័ក​ថា៖ «ពេល​ដើរ​តាម​ផ្លូវ អ្នក​រាល់​គ្នា​និយាយ​អំពី​រឿង​អ្វី?»។ 34 ពួក​សាវ័ក​នៅ​ស្ងៀម ដ្បិត​កាល​ធ្វើ​ដំណើរ​តាម​ផ្លូវ គេ​បាន​ប្រកែក​គ្នា​ចង់​ដឹង​ថា​ក្នុង​ចំណោម​ពួក​គេ អ្នក​ណា​ធំ​ជាង​គេ។ 35 ព្រះ‌យេស៊ូ​គង់​ចុះ ទ្រង់​ត្រាស់‌ហៅ​សាវ័ក​ទាំង​ដប់‌ពីរ​រូប​មក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ណា​ចង់​ធ្វើ​មេ​គេ អ្នក​នោះ​ត្រូវ​ដាក់​ខ្លួន​ឲ្យ​តូច​ជាង​គេ​ក ព្រម​ទាំង​បម្រើ​គេ​ទាំង​អស់​គ្នា​ផង»។ 36 បន្ទាប់​មក ព្រះ‌អង្គ​យក​ក្មេង​ម្នាក់ ឲ្យ​មក​ឈរ​នៅ​កណ្ដាល​ពួក​សាវ័ក។ ព្រះ‌អង្គ​ឱប​ក្មេង​នោះ រួច​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សាវ័ក​ថា៖ 37 «អ្នក​ណា​ទទួល​ក្មេង​ណា​ម្នាក់​ដូច​ក្មេង​នេះ ក្នុង​នាម​ខ្ញុំ ក៏​ដូច​ជា​បាន​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ មិន​ត្រឹម​តែ​ទទួល​ខ្ញុំ​ប៉ុណ្ណោះ​ទេ គឺ​ទទួល​ព្រះ‌អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​ដែរ»។

33 ព្រះ‌យេស៊ូ និង​ពួក​សាវ័ក* ធ្វើ​ដំណើរ​មក​ដល់​ក្រុង​កាផានុម។ កាល​ព្រះ‌អង្គ​គង់​នៅ​ក្នុង​ផ្ទះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ពួក​សាវ័ក​ថា៖ «ពេល​ដើរ​តាម​ផ្លូវ អ្នក​រាល់​គ្នា​និយាយ​អំពី​រឿង​អ្វី?»។ 34 ពួក​សាវ័ក​នៅ​ស្ងៀម ដ្បិត​កាល​ធ្វើ​ដំណើរ​តាម​ផ្លូវ គេ​បាន​ប្រកែក​គ្នា​ចង់​ដឹង​ថា​ក្នុង​ចំណោម​ពួក​គេ អ្នក​ណា​ធំ​ជាង​គេ។ 35 ព្រះ‌យេស៊ូ​គង់​ចុះ ទ្រង់​ត្រាស់‌ហៅ​សាវ័ក​ទាំង​ដប់‌ពីរ​រូប​មក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ណា​ចង់​ធ្វើ​មេ​គេ អ្នក​នោះ​ត្រូវ​ដាក់​ខ្លួន​ឲ្យ​តូច​ជាង​គេ​ក ព្រម​ទាំង​បម្រើ​គេ​ទាំង​អស់​គ្នា​ផង»។ 36 បន្ទាប់​មក ព្រះ‌អង្គ​យក​ក្មេង​ម្នាក់ ឲ្យ​មក​ឈរ​នៅ​កណ្ដាល​ពួក​សាវ័ក។ ព្រះ‌អង្គ​ឱប​ក្មេង​នោះ រួច​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សាវ័ក​ថា៖ 37 «អ្នក​ណា​ទទួល​ក្មេង​ណា​ម្នាក់​ដូច​ក្មេង​នេះ ក្នុង​នាម​ខ្ញុំ ក៏​ដូច​ជា​បាន​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ មិន​ត្រឹម​តែ​ទទួល​ខ្ញុំ​ប៉ុណ្ណោះ​ទេ គឺ​ទទួល​ព្រះ‌អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​ដែរ»។

អ្នក​ណា​មិន​ជំទាស់​យើង អ្នក​នោះ​ជា​ពួក​យើង
(លូកា ៩.៤៩-៥០)
38 លោក​យ៉ូហាន​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌គ្រូ! យើង​ខ្ញុំ​បាន​ឃើញ​បុរស​ម្នាក់​ដេញ​ខ្មោច ក្នុង​នាម​ព្រះ‌គ្រូ។ យើង​ខ្ញុំ​បាន​ឃាត់​គេ ព្រោះ​គេ​មិន​មក​តាម​យើង​ខ្ញុំ​ទេ»។ 39 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​ឃាត់​គេ​អី ពុំ​ដែល​មាន​នរណា​អាច​ធ្វើ​ការ‌អស្ចារ្យ​ក្នុង​នាម​ខ្ញុំ រួច​បែរ​ជា​និយាយ​អាក្រក់​អំពី​ខ្ញុំ​ភ្លាម​នោះ​ឡើយ 40 ដ្បិត​អ្នក​ណា​មិន​ជំទាស់​នឹង​យើង អ្នក​នោះ​ជា​គ្នា​យើង​ហើយ។ 41 ម្យ៉ាង​ទៀត បើ​អ្នក​ណា​ឲ្យ​ទឹក​មួយ​កែវ​ដល់​អ្នក​រាល់​គ្នា ក្នុង​នាម​អ្នក​រាល់​គ្នា​ជា​សាវ័ក​របស់​ព្រះ‌គ្រិស្ដ*​ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​នោះ​នឹង​ទទួល​រង្វាន់​ជា​មិន​ខាន»។

កុំ​នាំ​អ្នក​ដទៃ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប
(ម៉ាថាយ ១៨.៦-៩ លូកា ១៧.១-២)
42 «អ្នក​ណា​នាំ​អ្នក​តូច‌តាច​ម្នាក់ ក្នុង​បណ្ដា​អ្នក​ជឿ​ទាំង​នេះ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចំពោះ​អ្នក​នោះ ប្រសិន​បើ​គេ​យក​ត្បាល់​ថ្ម​យ៉ាង​ធំ​មក​ចង​ក​គាត់​ទម្លាក់​ទៅ​ក្នុង​សមុទ្រ នោះ​ប្រសើរ​ជា​ជាង​ទុក​ឲ្យ​គាត់​នៅ​រស់។ 43 ប្រសិន​បើ​ដៃ​នាំ​អ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចូរ​កាត់​ចោល​ទៅ ព្រោះ​បើ​អ្នក​ចូល​ទៅ​ក្នុង​ជីវិតមាន​ដៃ​តែ​ម្ខាង ប្រសើរ​ជាង​មាន​ដៃ​ពីរ ហើយ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​នរក ដែល​មាន​ភ្លើង​មិន​ចេះ​រលត់ [44 ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់ មាន​ភ្លើង​មិន​ចេះ​រលត់]។ 45 ប្រសិន​បើ​ជើង​នាំ​អ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចូរ​កាត់​ចោល​ទៅ ព្រោះ​បើ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​មាន​តែ​ជើង​មួយ នោះ​ប្រសើរ​ជាង​មាន​ជើង​ពីរ ហើយ​ត្រូវ​គេ​បោះ​ទៅ​ក្នុង​នរក [46 ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់ មាន​ភ្លើង​មិន​ចេះ​រលត់]។ 47 ប្រសិន​បើ​ភ្នែក​នាំ​អ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចូរ​ខ្វេះ​ចេញ​ទៅ ព្រោះ​បើ​អ្នក​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​ព្រះ‌ជា‌ម្ចាស់​មាន​តែ​ភ្នែក​ម្ខាង នោះ​ប្រសើរ​ជាង​មាន​ភ្នែក​ពីរ ហើយ​ត្រូវ​គេ​បោះ​ទៅ​ក្នុង​នរក 48 ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់ មាន​ភ្លើង​មិន​ចេះ​រលត់ 49 ដ្បិត​មនុស្ស​គ្រប់ៗ​រូប​នឹង​មាន​ជាតិ​ប្រៃ​ដោយ‌សារ​ភ្លើង។ 50 អំបិល​ជា​របស់​មួយ​សំខាន់​ណាស់ ប៉ុន្តែ បើ​វា​បាត់​ជាតិ​ប្រៃ​ហើយ តើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ម្ដេច​នឹង​ឲ្យ​វា​ប្រៃ​ឡើង​វិញ​បាន? 51 ចូរ​មាន​ជាតិ​ប្រៃ​នៅ​ក្នុង​ខ្លួន ហើយ​រស់​នៅ​ជា​មួយ​គ្នា​ដោយ​សុខ‌សាន្ត​ទៅ»។