ព័ត៌មានភូមិភាគកំពង់ចាម

យុវជនកំពង់ចាមធ្វើបូជនីចររិះគិតជំនឿ

យុវជនយុវនារីតំបន់កំពង់ចាមក្រុង៦០នាក់បានរួមគ្នាធ្វើដំណើរបូជនីយចរ ដើម្បីរិះគិតនិងពង្រឹងជំនឿរបស់ខ្លួនបន្ថែមទៀត ដោយហែរឈើឆ្កាងនិងសូត្រផ្គាំនៅលើចម្ងាយផ្លូវ១៣គីឡូម៉ែតពីព្រះសហគមន៍កាតូលិក បុសខ្នុរ ទៅដីចំការព្រះសហគមន៍ក្នុងស្រុកចំការលើ កាលពីថ្ងៃទី១៩ កុម្ភៈ កន្លងទៅ។

តាមប្រសាសន៍របស់លោកបូជាចារ្យ សែ សាតជាបូជាចារ្យទទួលខុសត្រូវនៅព្រះសហគមន៍កំពង់ចាមនឹងបានដឹកនាំកម្មវិធីអធិដ្ឋានដោយថ្មើជើងនេះបានអោយដឹងថា ការអធិដ្ឋានតាមរបៀបដើររួមគ្នានៅលើដងផ្លូវនេះ គឺជួយយើងម្នាក់ៗរិះគិតអំពីជំនឿ និងទុក្ខលំបាករបស់ព្រះយេស៊ូផង និងរំលឹកអំពីព្រះនាងម៉ារីដែលជាមាតានៃជំនឿផង។ លោកបូជាចារ្យសែសាត «ហេតុនេះក្រោមពន្លឺថ្ងៃនិងការហត់នឿ អស់កម្លាំង និងការចំណាយពេលវេលានេះគឺអោយយើងម្នាក់ចេះស៊ូទ្រាំ និង តាំងចិត្តអធិដ្ឋាន បើទោះបីជាមានបញ្ហាអ្វីក្នុងជីវិតក៏ដោយត្រូវតែជំនះហើយដើរទៅមុខទៀតដើម្បីប្រកាសជំនឿថាខ្ញុំចង់ដើរតាមព្រះយេស៊ូដើម្បីប្រកាសដំណឹងល្អរបស់ព្រះអង្គ»

លោកបូជាចារ្យរូបនេះបន្តថា នេះជាលើកទីមួយហើយដែលព្រះសហគមន៍របៀបចំឲ្យមានដំណើរបូជនីយចរដោយថ្មើរជើងនេះ។ កន្លងមកព្រះសហគមន៍មានតែរបៀបអធិដ្ឋានដោយការចូលរួមថ្វាយអភិបូជា ការអង្គុយស្ងៀមស្ងាត់ជារៀបតេហ្សេ ការជិះកង់  ការអធិដ្ឋាននិងរិះគិតអំពីព្រះគម្ពីរ ក្នុងកម្មវិធីសំណាក់ធម៌ផ្សេងៗប៉ុណ្ណោះ។

លោក ថុន រិទ្ឋីជាគណៈកម្មការរៀបចំដំណើរបូចនីចរនេះ ឲ្យដឹងថា ដំណើរបូជនីយចរនេះ គឺមានបែងចែកជា៤ដំណាក់កាល ដែលក្នុងនោះរួមមាន  រិះគិតអំពីប្រភពនៃជីវិត  រិះគិតអំពីព្រះពរចេញពីជំនឿ  រិះគិតអំពីអ្នកជឿនិងទទួលបានការសង្គ្រោះ និងរិះគិតអំពីជំនឿទទួលព្រះជន្មរបស់ព្រះជាម្ចាស់នៃជីវិតអស់កលជានិច្ច។

រិទ្ឋីបន្ថែមថា តាមរយៈដំណាក់កាលនីមួយៗ គឺជួយយុវជនច្រើនឲ្យគេរិះគិតអំពីជីវិតផ្ទាល់ខ្លួនផងនិងជំនឿរបស់គេផង។ ហេតុនេះកម្មវិធីបូជនីចរ គឺហុចផលផ្លែច្រើនខាងផ្នែកជំនឿសម្រាប់យុវជន។ហើយតាមគម្រោងការរបស់ព្រះសហគមន៍នឹងមានរៀបចំដំណើរបូជនីចរនេះជាបន្តបន្ទាប់ទៀតក្នុងឆ្នាំនេះ ទៅកាន់ព្រះសហគមន៍ផ្សេងៗក្នុងភូមិភាគកំពង់ចាមផងដែរ។ កម្មវិធីមានយុវជនមកពីព្រះសហគមន៍រលៀក ភូមិថ្មី កំពង់ចាមក្រុង មណ្ឌលយុវជន ប្រុស និងមណ្ឌលស្រី៕

ដោយ៖ រឿន ស្រីម៉ាច