ព័ត៌មានភូមិភាគភ្នំពេញ

១០ចំណុចសំខាន់ លោកអភិបាលព្រះសហគមន៍ រំលឹកដល់បូជាចារ្យនៅ ថ្ងៃរំលឹកពាក្យសច្ចា

លោកអូលីវីយេ អភិបាលព្រះសហគម៍កាតូលិកបាន លើកឡើង ១០ចំណុចសំខាន់ៗដើម្បី រំលែក ដល់ អស់លោកបូជាចារ្យទាំងអស់ នៅក្នុងប្រទេសកម្ពុជា ក្នុងពិធី អភិបូជា ប្រសិទ្ធីពរ លើប្រេង   ដែលបាននាល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅព្រះវិហារសន្ត​សិលា​និងសន្តប៉ូល ភ្នំពេញថ្មី។ អភិបូជាប្រសិទ្ធីពរលើប្រេង ជាពិធីយ៉ាង ឧ៝ឡារិកប្រារព្ធ ដើម្បីបង្ហាញ ភាព ជាធ្លុងតែមួយរបស់លោក បូជាចារ្យ និងលោកអិបាល ព្រះសហគមន៍។

ពិធីនេះក៏ជាពេលដែល អស់លោកបូជាចារ្យ ត្រូវប្រកាសពាក្យសច្ចារ្យ របស់ខ្លួនឡើងវិញ​នៅចំពោះមុខលោកអភិបាល និងព្រះសហគមន៍ទាំងមូល។នៅក្នុងធម្មទេសនា​លោកអភិបាល​អលីវីយេមានប្រសាសន៍ទៅកាន់អស់លោកបូជាចារ្យ ដែលជាគង្វាលព្រះសហគមន៍ នូវចំណុច សំខាន់ៗដូចជា៖

ទីមួយ៖ យកចិត្ត ទុកដាក់ថែរក្សាជីវិត ខាងផ្លូវវិញ្ញាណ។ ទីពីរ៖ ការពារថែរក្សាអង្គតែមួយ គឺសំខាន់ណាស់ ដោយមើលគំរូព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណ ដ៏វិសុទ្ធ ដើម្បីស្រឡាញ់​គ្នាជាធ្លុងតែមួយ នៅក្នុងព្រះសហគមន៍។ ទីបី៖ ធ្វើបរិយាបន្ន គឺធ្វើយ៉ាងម៉េចដើម្បី​ឲ្យមនុស្ស​ទាំងអស់​ចូលរួមជាមួយគ្នាបានដូចនៅក្នុងគ្រួសារតែមួយ។ ទីបួន ៖ លើកលែងទោស ដើម្បីចូល​ឲ្យ​ជ្រៅនៅក្នុងព្រះហឫទ័យប្រណីសន្តោសរបស់ព្រះបិតា។ ទីប្រាំ៖ ឲ្យយើងមានបេះដូង​មួយដែល​ចេះ​ស្ដាប់ ដែលចេះស្រឡាញ់នៅក្នុងសេចក្ដីពិត។ 

ទីប្រាំមួយ៖ សន្ទនា(Dialogue) មិនត្រឹមតែការសន្ទនានរវាងគ្នានិងគ្នា ប៉ុន្តែការសន្ទនាជាមួយ​សាសនាដទៃទៀត ការសន្ទនាជាមួយអាជ្ញាធរដែនដី ការសន្ទនានៅក្នុងសង្គមរបស់យើង គឺជាការ​សំខាន់ណាស់។

ទីប្រាំពីរ៖ ឲ្យយើងយកចិត្តទុកដាក់រស់នៅក្នុងសង្គមបច្ចុប្បន្ននេះ មិនមែនរស់នៅក្នុងសុបិន។ ទីប្រាំបី៖ឲ្យយើងធ្វើយ៉ាងម៉េចដើម្បបន្តអប់រំ និងមិនមែនត្រឹមតែអប់រំជំនឿតែប៉ុណ្ណឹងទេ គឺអប់រំ​មនុស្ស​ទាំងស្រុងទៀតផង។ ទីប្រាំបួន៖ ឲ្យយើងមានចិត្តដូចឪពុក និងម្ដាយ។ ព្រះសហគមន៍​ជាគ្រួសារមួយ កុំឲ្យយើងភ្លេចថាព្រះសហគមន៍ជាដើមឈើមួយដ៏ធំបំផុត ដែលមានបេះដូង​ដ៏ធំធេង​ដោយចេះស្វាគមន៍គ្រប់បក្សាបក្សី ដែលចង់បង្កើតសង្គមមួយ។ 

និងទីដប់៖ ឲ្យចេះច្នៃប្រតិដ្ឋ កុំគិតថាដំណឹងល្អយើងធ្លាប់ស្ដាប់ ទេសនាដដែលៗ ប៉ុន្តែថ្ងៃនេះ​ព្រះបន្ទូលមានអត្ថន័យថ្មី ដោយធ្វើយ៉ាងម៉េចដើម្បីមើលឃើញស្នាព្រះហស្ដរបស់​ព្រះជាម្ចាស់​នៅក្នុងសញ្ញា​ដ៏តូចតាចនៃជីវិត។

ចំណុចសំខាន់ៗទាំងដប់ខាងលើរំលឹកអស់លោកបូជាចារ្យដល់មុនប្រកាសពាក្យសច្ចាឡើងវិញ។

លោកបូជាចារ្យកាតូលិកទាំងអស់ត្រូវប្រកាសពាក្យសច្ចាឡើងវិញជារៀងរាល់នៅថ្ងៃបុណ្យប្រសិទ្ធីពរលើប្រេង នៅចំពោះមុខលោកអភិបាល និងប្រជារាស្ត្ររបស់ព្រះជាម្ចាស់ដោយ​ចង់រួមរស់​រួមស្លាប់​ជាមួយព្រះយេស៊ូ​គ្រីស្ត​អស់ពីចិត្ត លះបង់​ប្រយោជន៍​ផ្ទាល់ខ្លួន​ និង​ប្រកាន់​យ៉ាងស្មោះត្រង់​តាមពាក្យសន្យា ហើយ​បំពេញ​បេសកកម្មរបស់​ខ្លួន​ក្នុង​ព្រះសហគមន៍ និង ធ្វើជាគង្វាលដ៏ប្រពៃ។

ពិធីអភិបូជាប្រសិទ្ធីពរលើ ប្រេង គឺប្រារព្ធធ្វើជារៀងរាល់ថ្ងៃព្រហស្បតិ៍ពិសិដ្ឋនៅចុង រដូវអប់រំពិសេស មុនថ្ងៃបុណ្យព្រះយេស៊ូរងទុក្ខលំបាក។ ប្រេងដែលប្រសិទ្ធីរួចហើយ គឺយកទៅ​ប្រើប្រាស់ក្នុងពិធីផ្សេងៗរបស់ព្រះសហគន៍ពេញមួយឆ្នាំ។

ប្រេងដែលប្រសិទ្ធីពរនោះមានបីយ៉ាង គឺ៖ ១) ប្រេងសម្រាប់លាប ដើម្បីផ្តល់កម្លាំងឲ្យអ្នកជម្ងឺ ចាស់ជរា ជនពិការ និងអស់អ្នកដែលរងទុក្ខលំបាក។ ២) ប្រេងសម្រាប់អ្នករៀបចំ​ខ្លួនទទួល​អគ្គសញ្ញាជ្រមុជទឹក និងអស់អ្នកដែលមិនទាន់ស្គាល់ព្រះយេស៊ូ។ ៣) ប្រេងគ្រីស្មា ដែលប្រើសម្រាប់ អគ្គសញ្ញាលាបថ្ងាស សម្រាប់អស់អ្នកដែលស្ម័គ្រចិត្តថ្វាយខ្លួន​ជាអ្នកបម្រើ​ព្រះជាម្ចាស់ សម្រាប់និស្សិតទេវវិទ្យាល័យ អគ្គសញ្ញាតែងតាំងជាបូជាចារ្យជាអភិបាល និងសម្រាប់​ទីសក្ការៈនានានៃព្រះសហគមន៍ទាំងអស់ដើម្បីធ្វើជាសាក្សីនៃព្រះយេស៊ូ។ 

លោកបញ្ជាក់ថា មានតែលោកអភិបាលទេដែលមានសិទ្ធិប្រសិទ្ធិពរប្រេងទាំងនោះបាន ដោយ​សូម​ព្រះជាម្ចាស់គង់នៅជាមួយព្រះសហគមន៍ ដែលជាមូលហេតុមានបងប្អូនមកពី​តំណាង​​ព្រះសហគមន៍ទាំងអស់។  

ដោយដាលីស