ព័ត៌មានភូមិភាគភ្នំពេញ

អ្នកស្រី ង៉ាត់ សុជា ចំណាយពេលនៅ​ក្បែរ​អ្នកមានទុក្ខព្រួយ

ដោយសារបទពិសោធន៍របស់ខ្លួនពីអតីតកាល ទទួលរងការឈឺចាប់ និងធ្លាក់ទឹកចិត្ត ស្ត្រីម្នាក់បានចំណាយពេលវេលារបស់ខ្លួនដើម្បីបំពេញឲ្យដទៃដែលមានសេចក្តីត្រូវការទាំងនោះវិញ។ អ្នកស្រីង៉ាន់ សុជា ជាគ្រីស្តបរិស័ទម្នាក់ដែលមានចិត្តខ្នះខ្នែង ក្នុងកិច្ចការបម្រើអ្នកដទៃជានិច្ច។ ទោះបីអ្នកស្រីរៀនមិនបានច្រើនក្តី តែចិត្តមេត្តាករុណាដែលអ្នកស្រីបានទទួលពីព្រះជាម្ចាស់និងព្រះសហគមន៍ធ្វើឲ្យអ្នកស្រី បន្តបេសកកម្មបម្រើនេះ ដោយចិត្តស្រលាញ់និងមិនខ្លាចនឿយហត់។ សូមស្តាប់រឿន ស្រីម៉ាចរៀបរាប់ពីជីវិតរបស់គាត់ដូចតទៅ៖

អ្នកស្រីង៉ាត់ សុជា វ័យ៤០ឆ្នាំ មានទីលំនៅក្នុងភូមិគងនយ ឃុំគងនយ ខណ្ឌដង្កោ ភ្នំពេញ ជាកូនទី២ក្នុងចំណោមបងប្អូនប្រុសស្រី៦នាក់។សព្វថ្ងៃជាប្រធានសង្គហៈនៃព្រះសហគមន៍កាតូលិកហ្វង់ស្វ័រសាវីយ៉េ គងនយ ក្នុងភូមិភាគភ្នំពេញ។

ក្នុងកិច្ចការសង្គហៈអ្នកស្រី សុខជាបានឲ្យដឹងថា«ខ្ញុំសប្បាយចិត្តក្នុងការបំពេញកិច្ចការទាំងអស់នេះបើទោះបីជាពេលខ្លះសឹងតែរកពេលសម្រាកមិនបានក៏ពិតមែន តែអ្វីដែលខ្ញុំធ្វើ គឺមិនសំដៅទៅលើប្រាក់ខែ តែសំដៅទៅលើចិត្តមេត្តានិងក្តីស្រលាញ់រវាងអ្នកជំងឺ អ្នកក្រីក្រ និងអ្នកដែលគេបោះបង់ចោលនៅក្នុងសង្គមឲ្យគេបានដឹងថាព្រះជាម្ចាស់ស្រលាញ់គេបំផុត»

អ្នកស្រីសុជាកើតក្នុងត្រកូលជាអ្នកកាន់ពុទ្ធសាសនារួមទាំងស្វាមីផង។ សព្វថ្ងៃនេះ អ្នកស្រីជាបុគ្គលិករបស់ព្រះសហគមន៍កាតូលិក និងជាសមាជិកនៃគណៈកម្មការសង្គហៈ នៅព្រះសហគមន៍គងនយ នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ អ្នកស្រីមានកូនបីនាក់ក្នុងបន្ទុកដែលកំពុងសិក្សា។

អ្នកស្រីសុជា រំលឹកថា  ក្រោយរៀបការក្នុងអាយុ១៦ឆ្នាំ គាត់ជួបនូវទុក្ខលំបាកជាច្រើនក្នុងជីវិតព្រោះអ្នកស្រីរៀនបានតិចតួចមិនសូវចេះអក្សរ រីឯក្នុងគ្រួសារក៏មានទំនាស់ និងសេដ្ឋកិច្ចគ្រួសារទីទ័លក្រផង។

និយាយបណ្តើរស្រក់ទឹកភ្នែកបណ្តើរ អ្នកស្រីសុជាបានឲ្យដឹងបន្តថា «កាលខ្ញុំជាអ្នកក្រ ជាអ្នកជំងឺ គឺគ្មានអ្នកណាមកចាប់អារម្មរណ៍ និងគ្មានអ្នកមកសួរសុខទុក្ខខ្ញុំឡើយ។ ក្តីស្រលាញ់របស់ព្រះជាម្ចាស់បានផ្តល់ឲ្យខ្ញុំជួបព្រះសហគមន៍កាតូលិកដោយមិនដឹងខ្លួន ហើយបានចូលបំពេញចិក្ចការសង្គហៈដូចនេះ បើទោះបីជាយ៉ាងណាក៏ខ្ញុំត្រូវតែចំណាយពេលវេលាដើម្បីនៅក្បែរពួកគាត់ (អ្នកមានទុក្ខលំបាក) ព្រោះមិនចង់ឲ្យពួកគាត់មានអារម្មណ៍អស់សង្ឃឹមដូចខ្ញុំ»

អ្នកស្រី សុជា រំលឹកថា ក្នុងឆ្នាំ២០០០ គាត់បានជួបជាមួយព្រះសគមន៍កាតូលិកដោយចៃដន្យ។ ដំបូងអ្នកស្រីគិតថា បំណងនៃការចូលសាសនានេះដើម្បីឲ្យព្រះសហគមន៍ជួយជាសម្ភារបន្តិចបន្តួច ដើម្បីជីវភាពប៉ុណ្ណោះ តែដោយការស្រលាញ់ និងចូលចិត្តរបៀបនៃការអធិដ្ឋាន សូត្រធម៌ និង ទេសនារបស់លោកបូជាចារ្យធ្វើឲ្យគាត់សម្រេចចិត្តថាចង់ឈ្វេងយល់អំពីសាសនានេះ បើទោះបីជាមានអ្នកជំទាស់ជាប្រចាំ ឬ ស្អប់ខ្ពើមក៏ដោយ។

ដោយការជំនះនិងការប្រឹងប្រែងរៀនអប់រំជំនឿ អ្នកស្រីបានទទួលអគ្គសញ្ញាជ្រមុជទឹកក្នុងឆ្នាំ២០០៨នៅព្រះវិហារគងនយ។

ស្ត្រីរូបនេះ បានឲ្យដឹងថា ក្នុងពេលវេលាដ៏តឹងតែងនៃទុក្ខព្រួយ រហូតស្ទើរតែបាក់ទឹកចិត្តលែងចង់រស់នៅតទៅទៀត អ្នកស្រីព្យាយាមពង្រឹងខ្លួនឡើងវិញ ហើយរិះគិតច្រើនអំពីជំនឿ។ អ្នកស្រីទទួលស្គាល់ថា ជំនឿបានជួយឲ្យជីវិតរបស់គាត់ទទួលអំណរសប្បាយពិតប្រាកដ។

អ្នកស្រីសុជា «ដោយគ្មានអ្នកលើកទឹកចិត្ត គ្មានផ្លូវដោះស្រាយ ធ្វើឲ្យខ្ញុំចង់សម្លាប់ខ្លួនតែដោយនឹកឃើញក្តីស្រលាញ់របស់ព្រះជាម្ចាស់និងការលះបង់របស់ទ្រង់ រួមទាំងពាក្យប្រៀនប្រដៅរបស់លោកបូជាចារ្យធ្វើឲ្យខ្ញុំមានកម្លាំងចិត្តតស៊ូរស់នៅបន្ត ដោយជឿថាបើទោះបីជាមានមនុស្សជាច្រើនស្អប់ខ្ពើមខ្ញុំជាស្រី្តមេម៉ាយ អ្នកក្រីក្រ តែព្រះជាម្ចាស់មិនបោះបង់ខ្ញុំចោលទេ។ ហេតុនេះខ្ញុំត្រូវតែរឹងមាំដើម្បីលើកទឹកចិត្តដល់អ្នកដែលកំពុងតែជួបបញ្ហាក្នុងជីវិតដូចខ្ញុំ»

ជារៀងរាល់ថ្ងៃ មិនថាយប់ឬថ្ងៃទេ អ្នកស្រីតែងតែទៅជួបមនុស្សជាច្រើននៅក្នុងភូមិ ដើម្បីសួរសុខទុក្ខ លើកទឹកចិត្ត ជូនអ្នកជំងឺទៅមន្ទីរពេទ្យ និងស្វែងរកតម្រូវការរបស់ពួកគាត់ដែលចាំបាច់។  អ្នកស្រីបន្តថា «ប្រសិនបើខ្ញុំមិនបានស្គាល់ព្រះសហគមន៍កាតូលិកទេ ប្រហែលពេលនេះ ខ្ញុំមិនដឹងក្លាយជាមនុស្សបែបណា?ហើយធ្វើកិច្ចការអ្វីខ្លះ? តែពេលនេះ គឺខ្ញុំសូមអរគុណព្រះសហគមន៍កាតូលិកព្រោះមិនត្រឹមតែស្រោចស្រង់ជីវិតខ្ញុំឲ្យមានក្តីសង្ឃឹមនោះទេ ថែមទាំងបង្រៀនឲ្យចេះស្រលាញ់មនុស្សនៅជុំវិញខ្លួន»។  

ស្ត្រីរូបនេះ បន្តថា កិច្ចការរបស់គាត់គឺធ្វើឡើងដោយក្តីស្រលាញ់ មិនមែនចង់យកមុខមាត់នោះទេ។ អ្នកស្រីថា« ការធ្វើដូចនេះមិនមែនជាការយកមុខមាត់តែផ្ទុយទៅវិញគឺជាការចូលរួមដោយអំណរសប្បាយបើទោះបីជាហត់នឿយបន្តិចក្តី»

អ្នកស្រីសុជាបន្ថែមថា រាល់ថ្ងៃគាត់ព្យាយាមអធិដ្ឋាន និងអានព្រះគម្ពីជាប្រចាំ។ អ្នកស្រីបន្ថែមថា ជំនឿមិនមែននិយាយចេញក្តែងៗឲ្យគេស្តាប់ ដើម្បីឲ្យគេសសើរនិងគោរពទេ។ អ្នកស្រីសុជា«សម្រាប់ខ្ញុំទង្វើ គឺជាសក្ខីភាពយ៉ាងសំខាន់ក្នុងការប្រកាសដំណឹងល្អ។ មនុស្សគ្រប់គ្នានឹងសប្បាយចិត្តព្រមទាំងស្គាល់ព្រះសហគមន៍ នៅពេលដែលគ្រីស្តបរិស័ទបង្ហាញចិត្តមេត្តាដល់អ្នកដទៃតាមរយៈសក្មភាពផ្សេងៗដោយមិនចាំបាច់និយាយពាក្យថាយេស៊ូ»

អ្នកស្រីបាននិយាយទៀតថា «ខ្ញុំនឹងបន្តកិច្ចការងារនេះ ព្រមទាំងរក្សាចិត្តបរិសុទ្ធបែបនេះជារៀងរហូត បើទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ»

ដោយ៖ រឿន ស្រីម៉ាច