ព័ត៌មានភូមិភាគកំពង់ចាម

អធិដ្ឋានតាមផ្ទះពង្រឹង​ជំនឿ និង​លើកទឹកចិត្ត​គ្នា

គ្រីស្ត​បរិស័ទនៅ​ព្រះសហគមន៍​កាតូលិកកោះរការ នាំ​គ្នា​អធិដ្ឋាន​តាម​ផ្ទះ​នីមួយៗ ដើម្បី​ពង្រឹង​ជំនឿ​និង​លើក​ទឹកចិត្ត​គ្នា​ទៅវិញ​មក ក្នុង​រដូវ​អប់រំពិសេស​នេះ។

លោកបូជាចារ្យផាន បូរី ទទួល​បន្ទុក​ព្រះសហគមន៍នេះ បានឲ្យដឹងថា កម្មវិធីអធិដ្ឋានតាមផ្ទះគ្រីស្តបរិស័ទនេះ មានសារៈសំខាន់ ព្រោះជាពេលវេលាមួយក្នុងការសួរសុខទុក្ខគ្នាទៅវិញ​ទៅមក ជាការប្រទានសេចក្តីសុខសាន្តដល់ក្រុមគ្រួសារនីមួយៗ និង​ជាការ​ប្រកាស​ដំណឹង​ល្អ​ដល់​អ្នកជិត​ខាង​​ដែលមិនទាន់ស្គាល់ព្រះសហគមន៍។

លោកបូជាចារ្យ​បន្ត​ថា  កម្មវិធីនេះ ក៏​រំលឹកដល់​ក្រុម​គ្រូសារថា ក្នុងរដូវអប់រំពិសេស គឺត្រូវយកចិត្តទុកដាក់យ៉ាងសំ​ខាន់ក្នុងកិច្ចការអធិដ្ឋាន «ទោះបីរវល់យ៉ាងណា កុំភ្លេចព្រះជាម្ចាស់»

គ្រីស្តបរិស័ទចូលរួមអធិដ្ឋាននៅផ្ទះ_គ្រីស្តបរិស័ទក្នុងភូមិ_កោះរការ ខេត្តកំពង់ចាម

រហូតមកដល់ពេលនេះព្រះសហគមន៍បានចុះទៅអធិដ្ឋានតាមផ្ទះចំនួន៥គ្រួសារ និងបន្តរហូតដល់ចប់រដូវអប់រំពិសេសនៅពេលខាងមុខ ដែលស្ថិតនៅក្នុងភូមិ​កោះរការក្រៅ ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

លោកបូរីសំណូមពរដល់​គ្រីស្ត​បរិស័ទ​ឲ្យ​យកចិត្ត​ទុកដាក់​បន្ថែម​ ក្នុងការអធិដ្ឋានដោយពឹងផ្អែកលើព្រះបន្ទូលដើម្បីពង្រឹងជំនឿរបស់​ខ្លួនឲ្យកាន់តែរឹងមាំឡើង​ និងមិនឲ្យឃ្លាតឆ្ងាយពីព្រះជាម្ចាស់។ លោក​បូជាចារ្យ​បន្តថា សូម​​ចេះ​​តមអាហារ ដើម្បីចូលរួមរកទុក្ខលំបាកជាមួយព្រះយេស៊ូក្នុងរយៈពេល៤០ថ្ងៃនេះ និងដើម្បីរិះគិតអំពីជីវិតប្រចាំថ្ងៃដោយ​មិន​ត្រូវ​ពឹង​លើអាហារខាងក្រៅតែមួយមុខនោះទេ គឺត្រូវការអាហារខាងផ្លូវវិញ្ញាណ។

លោក​បាន​បន្ថែម​ទៀតថា មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ គ្រីស្តបរិស័ទ​ត្រូវ​​យកចិត្តទុកដាក់អំពីការចែកទានដល់អ្នក​ដទៃ។ លោក​បូជាចារ្យ​បូរី «យើងដឹងថាមនុស្សម្នាក់ៗមិនមែនជាអ្នកមានទ្រព្យសម្បិត្តខ្លាំងសម្រាប់ចែកទាន​ឲ្យគេផ្សេងតែអ្វីសំខាន់នោះគឺសេចក្តីស្រលាញ់ ដែលយើងត្រូវបង្ហាញឲ្យគ្នាទៅវិញ​ទៅ​មក ទោះតិចឬច្រើនក្តីតែចេញពីចិត្តពិតៗ នោះយើងនិងទទួលអំណរសប្បាយក្នុងជីវិត​រស់នៅដែរ»

លោក​បាន​បញ្ជាក់ កិច្ច​ការ​ទាំង​អស់​ខាង​លើ​នេះ គឺ​មិន​ត្រូវ​ធ្វើ​តែ​នៅ​ក្នុង​រដូវ​៤០​ថ្ងៃ​នោះ​ទេ តែ​ត្រូវ​ប្រព្រឹត្តរាល់​ពេល ​ដើម្បីចូលរួមប្រកាសដំណឹងល្អអំពីព្រះយេស៊ូនិងជាសក្ខីភាពនៃជំនឿផងដែរ៕

ដោយ៖ រឿន ស្រីម៉ាច