ព័ត៌មានភូមិភាគភ្នំពេញ

សិស្សវិទ្យាល័យសន្តហ្វ្រង់ស្វ័រជាប់​សិស្ស​ពូកែ​ថ្នាក់​ខេត្ត

សិស្សសាលា​វិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ ថ្នាក់ទី១២ ចំនួនពីររូបទទួលប័ណ្ណសរសើរនិងប្រាក់រង្វាន់សិស្សពូកែថ្នាក់ខេត្ត លើ​មុខ​វិជ្ជា​អក្សរសិល្បិ៍​ខ្មែរ និង​រូបវិទ្យា​នៅ​ព្រឹក​ថ្ងៃទី​២២​មីនា​។ នេះ​បើ​តាម​ប្រសាសន៍​របស់​​អ្នកគ្រួ ឡៃ មករា នាយិការរងនៃវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ។
អ្នកស្រី​បាន​​ឲ្យដឹងទៀតថា នេះជាលើកទី៣ ហើយដែលសិស្សវិទ្យាល័យ ចំណេះទូទៅ សន្តហ្វ្រង់បានប្រលងជាប់ការជ្រើសរើសថ្នាក់ខេត្ត ដើម្បីចូលរួមប្រលងសិស្សពូកែថ្នាក់ជាតិ។ សម្រាប់ឆ្នាំនេះ​គឺ យុវ​-សិស្ស សែម ស៊ីណា ជាប់សិស្សពូកែលើមុខវិជ្ចាអក្សសិល្ប៍ខ្មែរ និង យុវសិស្ស ភក្ត្រ ច័ន្ទជីវី ជាប់សិស្សពូកែ លើមុខវិទ្យា រូបវិទ្យា។ ទាំង​ពី​រនាក់បានជាប់​ចំណាត់ថ្នាក់លេខ​៧។
តាម​ការ​កំណត់​របស់​ក្រសួង​អប់រំ​យុវជននិង​កីឡា កិច្ច​ប្រលង​ថ្នាក់​ជាតិ​នឹង​ធ្វើ​នៅ​​ថ្ងៃទី២២ ដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។
អ្នក គ្រួ ឡៃ មករាបន្តថា ដើម្បីលើកទឹកចិត្តដល់យុវសិស្សទាំងពីរ សាលានឹងមានរៀបចំពិធីអបអរ និងជូន​ដំណើរសិស្សទាំងពីរ មុនពេលចេញទៅប្រលងបញ្ចប់​ថ្នាក់​ជាតិ​ខាង​មុខនេះ។
វិទ្យាល័យ ចំណេះទូទៅ សន្តហ្វ្រង់ស្វ័រ ជាគ្រឹះស្ថានមធ្យមសិក្សា​របស់​ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដែល​កសាង​ក្នុងឆ្នាំ២០០៣ ក្រោមកិច្ចខិតខំប្រឹងប្រែង របស់លោកអូលីវីយេ ជាស្ថាបនិក។ វិទ្យាល័យនេះ​ ស្ថិត​នៅទីជនបទដាច់ស្រយាល ក្នុងភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានផ្តល់​ឱកាសសិក្សាដល់​យុវជន​ក្រីក្រ​ក្នុងភូមិ​ស្រុក​របស់​​ពួកគេ។ សាលាមានកម្មវិធីច្បាស់លាស់ មានបណ្ណាល័យ មានបន្ទប់ពិសោធន៍ស្តង់ដារ មានគ្រូប្រកបដោយសមត្ថភាព​និងករុកោសល្យ​ច្បាស់លាស់ មានការបង្រៀនបំប៉នបន្ថែមសម្រាប់សិស្សខ្សោយ និងថ្នាក់ត្រៀមប្រលង។
លី សុវណ្ណា