ព័ត៌មានព្រះសហគមន៍តំបន់សកម្មភាពកណ្តាលភូមិភាគភ្នំពេញ

លោកអភិបាល អូលីវីយេ៖ ឆ្នាំថ្មីសូំបងប្អូនរស់នៅក្នុងសេចក្តីសុខសាន្ត និងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់

នាថ្ងៃទីមួយនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម លោក អូលីវីយេ អភិបាលនៃព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ បានអញ្ជើញទៅលើកទឹកចិត្ត និងជូនពរឆ្នាំថ្មីដល់គ្រីស្តបរិស័ទនៅព្រះវិហារសន្តយ៉ូសែប (ជ្រៃធំ)​ ស្រុកកោះធំ ខេត្តកណ្តាល ដោយមានគ្រីស្តបរិស័ទចូលរួមយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី ៥ កុម្ភៈ ២០១៩ នេះ។

លោក បូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពទន្លេបាសាក់ បានស្វាគមន៍លោកអភិបាលដែលបានមកសួរសុខទុក្ខ និងថ្វាយអភិបូជា អរព្រះគុណព្រះជាម្ចាស់ នៅក្នុងថ្ងៃទីមួយនៃថ្ងៃចូលឆ្នាំ ដែលជាថ្ងៃសំខាន់របស់ប្រពៃណីវៀតណាម។ លោកបានបន្តថា  វត្តមានរបស់លោក នេះមានន័យថាយើង​នឹងមានព្រះពរពេញមួយឆ្នាំ។

លោកអភិបាលអូលីវីយ៉េ ស្មិតហ័រស្លេ ចែកកាដូអាំងប៉ាវដល់ក្មេងៗនៅព្រះសហគមន៍ជ្រៃធំ

ក្នុងធម្មទេសនាលោកអភិបាលអូលីវីយេ បានដាស់តឿនគ្រីស្តបរិស័ទ ក្នុងឆ្នាំថ្មីខាងមុខនេះឲ្យរស់នៅក្នុងសេចក្តីសុខសាន្ត និងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់​គឺ ត្រូវរស់នៅដោយសហការគ្នា ។ ត្រូវលើកលែងទោសឲ្យគ្នាទៅវិញទៅមក រស់នៅក្នុងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ជានិច្ច។ ជាងនេះត្រូវ ត្រូវធ្វីជាសាក្សីអំពីសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ និងនាំពន្លឺដល់មនុស្សគ្រប់រូប។ លោកបន្តថា “ព្រះជាម្ចាស់បានជ្រើសរើសយើងឲ្យទៅជាបុត្រធីតា របស់ព្រះអង្គ និងធ្វើជាសញ្ញាសម្គាល់អំពីសេចក្តីមេត្តាករុណរបស់ព្រះជាម្ចាស់។”

 លោកអភិបាលក៏បានរំឭកចាស់ទុំទាំងអស់ ត្រូវអប់រំកូនចៅឲ្យបានស្គាល់​ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងទទួលយកទៅអនុវត្តក្នុងជីវិត។ ចំពោះយុវជន លោកអភិបាលអូលីវីយេ ក៏បានដាស់តឿនយុវជនទាំងអស់ ត្រូវគោរពឪពុកម្តាយ លោកតា លោកយាយ។ ជាងនេះយុវជន យុវនារី ត្រូវនឹកឃើញ និងយកចិត្តទុកដាក់ បង្កើតគ្រួសារ ឲ្យប្រកបដោយ សេចក្តីសុខសាន្ត ជាសេចក្តីសុខសាន្តដែលមកពីព្រះជាម្ចាស់  នៅក្នុងព្រះសហគមន៍ និងនៅក្នុងសង្គម។