ព័ត៌មានភូមិភាគបាត់ដំបង

លោកអភិបាល គីកេ ហ្វីករេដូ៖ អធិដ្ឋាន តមអាហារ និងសំដែងមេត្តាករុណា សកម្មភាពទាំងបីនេះសូមប្រព្រឹត្តដោយសេចក្តីស្រឡាញ់

លោកអភិបាលមានប្រសាសន៍បែបនេះ ក្នុងធម្មទេសនា ទៅកាន់បងប្អូនជាបេក្ខជន បេក្ខនារី ចំនួន៤០ នាក់ដែលលោកបាត្រាស់ហៅយ៉ាងឳឡារិក ដើម្បីចុះឈ្មោះក្នុងបញ្ជីព្រះសហគមន៍ត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹកក្នុងពេលឆាប់ៗខាងមុខនេះ។ លោកអភិបាលបញ្ជាក់ថា ក្នុងរដូវត្រណមព្រះសហគមន៍បានតម្រូវឲ្យយើងប្រព្រឹត្ត គឺអធិដ្ឋានឲ្យបានច្រើនជាង ដើម្បីស្តាប់ព្រះជាម្ចាស់ ។ តមអាហារ ដែលជាការលះបង់ និងជំនះរាល់អ្វីៗជាឧបសគ្គក្នុងជីវិតរបស់យើង ដើម្បីដើរតាមព្រះយេស៊ូ។ មួយទៀតជាការប្រព្រឹត្តអំពើល្អ សកម្មភាពមេត្តាករុណា ដើម្បីឲ្យយើងមានស្គាល់ព្រះជាម្ចាស់ច្បាស់ជាង និងខ្លួនឯងកាន់តែច្បាស់ជាងដែរ។ លោកថា សកម្មភាពទាំងបីនេះមិនមែនគ្រាន់តែសម្រាប់ក្នុងរដូវត្រណាមទេ គឺម្នាក់ត្រូវបំពេញ និងអនុវត្តន៍អស់មួយជីវិត ។ “សូមប្រព្រឹត្តដោយសេចក្តីស្រឡាញ់”។

លោកក៏មានប្រសាសន៍ដែរថា ព្រះជាម្ចាស់មានអំណរសប្បាយ ដែលកូនម្នាក់ៗហ៊ានដើរតាមព្រះយេស៊ូ។ “អំណរសប្បាយរបស់ព្រះជាម្ចាស់ជាកម្លាំងរបស់យើង”។ ជាមួយគ្នាក្នុងពេលនោះលោកអភិបាលលើកទឹកចិត្ត ឲ្យបងប្អូនខិតខំប្រព្រឹត្តល្អតាមព្រហឫទ័យរបស់ព្រះជាម្ចាស់ ដើម្បីទទួលកម្លាំង ព្រោះថា ព្រះជាម្ចាស់មានអំណរសប្បាយ យើងក៏មានកម្លាំងដែរ។

លោកអភិបាលបន្តថា ត្រូវប្រព្រឹត្តអំពើល្អជានិច្ចតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ជំហានទីពីរនេះជាពេលវេលាដាក់ខ្លួនទទួលអំណោយទានរបស់ព្រះជាម្ចាស់។ អ្វីៗដែលកូនប្រព្រឹត្ត គឺជាអ្វីដែលព្រះសហគមន៍ប្រព្រឹត្ត។ យើងមកទីនេះទទួលអំណោយទានច្រើនជាង។ អ្វីៗដែលកូនប្រព្រឹត្តក្នុងនាមគ្រីស្តបរិស័ទ។ សូមប្រព្រឹត្ត តាមការប្រកាសរបស់យើង ពីជំនឿ គឺស្រលាញ់ព្រះយេស៊ូលើសអ្វីសអ្វីៗទាំងអស់។

ជាមួយគ្នានេះលោក៏បានអបអរសាទរចំពោះបងប្អូនទាំង៤០នាក់ ដែលបានស្តាប់ឮការត្រាស់ហៅរបស់ព្រះជាម្ចាស់។

បងប្អូនជាបេក្ខជន បេក្ខនារីទាំង៤០នាក់នេះមកពី ព្ឬះសហគមន៍កាតូលិក ស្វាយស៊ីសុផុន ព្រះសហគមន៍កាតូលិកតំបន់សៀមរាប និងព្រះសហគមន៍កាតូលិកតំបន់កំពង់ធំ។

លោកគីកេ ហ្វីការេដូអភិបាលព្រះសហគមន៍ភូមិភាគបាត់ដំបង ក្នុងរដូវអប់រំពិសេសនេះបានត្រាស់ហៅបងប្អូនចំនួន ៨០ នាក់ហើយ ក្នុងភូមិភាគបាត់ដំបង ដើម្បីឲ្យចុះឈ្មោះក្នុងបញ្ជីព្រះសហគមន៍កាតូលិក ត្រៀមខ្លួន ទទួលអគ្គសញ្ញាជ្រមុជទឹកក្នុងឱកាសបុណ្យចម្លងនាពេលខាងមុខនេះ។ បងប្អូនទាំងនោះបានខិតខំឈ្វេងយល់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងព្រះយេស៊ូជាច្រើនឆ្នាំមកហើយដែរ។