ព័ត៌មានភូមិភាគភ្នំពេញ

លោកអភិបាល​ជំរុញ​ឲ្យ​គ្រីស្តបរិស័ទ​បើកភ្នែកត្រចៀក​ជួយ​អ្នកដទៃ

លោកអភិបាលអូលីវីយេ ជ្មីតអីស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគ_ភ្នំពេញ_ថ្វាយអភិបូជារូមជាមួយលោកបូជាចារ្យ ក្នុងឱកាសបុណ្យរំលឹក_លោក_ប៊ូយៀប និង_សម្ពោធជួងថ្មីនៅផ្លុវត្រី 12-03-2019

កណ្តាល៖ ក្នុងពិធី​​បុណ្យ​រំលឹក​ដល់​លោក​បូជាចារ្យ​ហ្រ្វង់ស្វ័រ​ ត្រឿង ប៊ូយៀប​ ជាអ្នកមាន​សុភមង្គល នាព្រឹក​ថ្ងៃទី១២ មីនា ២០១៩ នៅ​ព្រះ​វិហារ​ព្រះបេះដូង​ព្រះយេស៊ូ​(ផ្លូវត្រី) ក្នុង​ភូមិ​ថ្មគោ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល លោក​អូលី​វីយេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បាន​ដាស់តឿន​ឲ្យ​គ្រីស្តបរិស័ទ​ទាំងអស់ជាពិសេស​ក្នុង​រដូវ​អប់រំពិសេសនេះ​​ឲ្យ​ខិតខំ​កែប្រែចិត្ត​គំនិត មាន​ចិត្ត​អត់ធ្មត់ ស៊ូទ្រាំ ​មាន​ក្តី​សង្ឃឹម ដើម្បី​ធ្វើជាមនុស្ស​សុចរិត​ និង​បើក​ផ្លូវ​ដើម្បី​ឲ្យ​អ្នក​ឯទៀត​ស្គាល់​ព្រះយេស៊ូ​ដូចលោក​ប៊ូយៀប​។

លោកអភិបាល​បាន​ឲ្យ​ដឹងទៀតថា បច្ចុប្បន្ននេះ ព្រះសហគមន៍​នៅក្រុងរ៉ូមកំពុង​រៀបចំ​ឯកសារ​​ដើម្បី​ប្រកាស​ឲ្យ​លោកប៊ូយៀប​ទៅជា​សន្ត​បុគ្គល។

ក្នុងធម្មទេសនាទៅកាន់គ្រីស្ត​បរិស័ទ​ប្រមាណ​ជាង​២០០០នាក់ លោកអភិបាលមាន​ប្រសាសន៍​ថានៅ​ក្នុង​រដូវ​អប់រំ​ពិសេស​នេះ  «យើង​ជា​គ្រីស្ត​បរិស័ទ​​ សូម​​បើក​ភ្នែក បើក​ត្រចៀក​ឲ្យ​ធំៗ​ ដើម្បី​អាច​មើល​ឃើញ​ពី​ទុក្ខលំបាក​របស់​បងប្អូន​នៅគ្រប់ទីកន្លែង​»

លោក​សង្កត់ធ្ងន់ថា គ្រីស្តបរិស័ទ​ត្រូវ​​កែប្រែចិត្ត​គំនិត និង​ធ្វើជាមនុស្ស​សុចរិតថែមទៀត ​ដើម្បី​ចូល​ក្នុង​ជីវិត​ថ្មី​រួមជាមួយ​ព្រះជាម្ចាស់ខាង​ពេល​ខាង​មុខនេះ។

ក្នុងនោះ​ដែរ លោក​អភិបាល​ព្រះសហគមន៍ភូមិភាគ​ភ្នំពេញ​រូបនេះ បាន​ឲ្យ​ដឹង​ថា ក្នុងឱកាសបុណ្យ​ចម្លង​ខាង​មុខនេះ ​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ​មាន​បេក្ខជន ​១៥៣នាក់​ នឹង​ទទួលពិធីជ្រមុជទឹក។

លោកបន្ថែម​ថា «នៅក្នុងជីវិត​របស់​យើងជាគ្រីស្ត​បរិស័ទ​​មិនសូវស្រួលទេ យើងមានទុក្ខលំបាកផង វេទនាផង​ និងការ​ប្រែចិត្តគំនិត។ ប៉ុន្តែយើងមានព្រះយេស៊ូ និង​៤០ថ្ងៃ​ដើម្បី​សម្លឹងមើលព្រះយេស៊ូដែលណែនាំ​ឲ្យ​យើង​មានទីពឹង នាំឲ្យ​យើង​មានចិត្ត​អត់ធ្មត់ និងតស៊ូទៅមុខទៀត »

ដាលីស