ព័ត៌មានភូមិភាគភ្នំពេញ

មណ្ឌលសុខសាន្តផ្តល់ក្តីសង្ឃឹមដល់កុមារ​មានពិការភាពនិងស្ត្រីជាម្តាយ

«តាំងពីបានមកដល់ទទួលសេវាកម្មនៅក្នុងមណ្ឌលភូមិសុខសាន្តកូនខ្ញុំបានប្រសើរជាងមុន​ច្រើន។ កាលពីមុនភ្នែកគេមើលមិនសូវឃើញទេ តែពេលនេះកូនខ្ញុំអាចមើលឃើញ​ប្រសើរ​ជាងមុន»។ នេះជា​សំដីរៀបរាប់របស់ អ្នកស្រីម៉េនយុំ ជាម្តាយម្នាក់​ដែលបានយកកូន​មក​ទទួល​សេវានៅមណ្ឌល​សុខសាន្តរៀងរាល់ថ្ងៃ។

មណ្ឌល​សុខ​សាន្ត​ជា​កន្លែង​មួយ​​ទទួល​​កុមារ​ពិការ​សតិ​បញ្ញា។ ម្តាយរូបនេះបន្តថា​ អ្នកស្រីបានយក​កូនមកមណ្ឌលសុខសាន្តតាំងពីខែសីហា ២០១៨ គឺជាង​មួយ​ឆ្នាំហើយ​។ «ពេលនេះកូនខ្ញុំបានប្រសើរ​ជាងពេល​មិនទាន់យកមកមណ្ឌល ដើម្បីធ្វើ​ចលនាសរសៃ។ ពេលនេះគាត់ប្រសើរជាងមុន​ អាចលើកដៃអីបាន។​ យើងហៅ ​គាត់ដឹង ពេលមុន​ភ្នែកគាត់មិនសូវឃើញទេ តែឥឡូវមើលឃើញច្រើនហើយ»។ អ្នកស្រីយុំ​បានបញ្ជាក់។

នៅជាប់គ្រែអ្នកស្រីម៉េនយុំក្នុងបន្ទប់លំហាត់ចលនាសរសៃ​ ស្រ្តីជាម្តាយម្នាក់ទៀតដែល​​មានកូនប្រុស​មានពិការភាពដែរ កំពុងទទួលសេវាពីមណ្ឌលសុខសាន្តគឺអ្នកស្រី​ធារីបានឲ្យដឹងថារហូតពេល​នេះកូនបញ្ញា ​អាចអង្គុយខ្លួនឯងបានច្រើនជាងមុន​ មានលំនឹងជាងមុន ក-គាត់រឹងជាងផងដែរ។

អ្នកស្រីធារីជាបុគ្គលិកសុខាភិបាលមួយរូបនៅក្នុងខេត្តតាកែវ។ ដោយសារកូនមានបញ្ហា ម្តាយរូបនេះបានព្យួរការងារមួយរយៈដើម្បីមើលថែរកូនរហូតដល់កូនចេះដើរ។ បញ្ញាជាកូន​ទីមួយ​របស់អ្នកស្រីដែល​មានពិការភាព។ ទោះជាយ៉ាងណាម្តាយរូបនេះនៅតែមាន​កម្លាំង​ចិត្តថែរក្សាកូនប្រុសនេះជានិច្ច។ អ្នកស្រីធារីរៀបរាប់ដោយក្តីសង្ឃឹមថា៖ «ខ្ញុំចេះតែ​លើក​ទឹក​ចិត្តខ្លួនឯង ព្រោះខ្ញុំធ្លាប់បានឃើញជំងឺច្រើន​ មានកូនគេពិបាកជាកូនខ្ញុំទៀត។ បើខ្ញុំ​មាន​ពេលគ្រប់គ្រាន់គឺគ្មានគាត់​មានបញ្ហាអ្វីទេ។ គាត់ស្តាប់បានទាំងអស់ គ្រាន់តែរពឹសបន្តិចនិង​ខ្សោយ​សាច់ដុំបញ្ជានៅជើង បើព្យាយាមធ្វើចលនាឲ្យគាត់បានច្រើនគាត់នឹងប្រសើរឡើង​»។

នៅក្នុងសង្គមកម្ពុជា គ្រួសារដែលមានកូនមានពិការភាព គឺជាបន្ទុកមួយយ៉ាងធ្ងន់​ក្នុង​គ្រួសារ។ ចំពោះជំនឿវិញ ពួកគាត់​យល់​ថាជាកម្មដែលមនុស្សម្នាក់ត្រូវទទួលតាមអ្វីដែលគេសាង​ពីអតីតជាតិ។ ខ្លះមិនយកចិត្តទុកដាក់​នឹង​កូននោះក៏មាន ឬគ្រួសារខ្លះមានការខ្មាស​អៀនខ្លាំងផងដែរ។  

ករណីនេះ អ្នកស្រីម៉េនយុំនិយាយថា «ពេលទៅណាមកណា​យកកូន​មានពិការនេះតាម ខ្ញុំខ្មាសគេណាស់។ ខ្ញុំមិនហ៊ានចេញមុខទេ។ ខ្ញុំមានអារម្មណ៍​ពិបាកណាស់»។ ប៉ុន្តែពេលនេះ​អារម្មណ៍​ដ៏​តាន​តឹង​នេះ បាន​រសាយ​ពី អ្នកស្រី ដោយ​សារ​តែ​អ្នកស្រី​បាន​ជួប​មនុស្ស​ជាច្រើន​ដែល​មាន​កូន​មាន​សភាព​ប្រហាក់​ប្រហែល​នឹង​គាត់​នៅ​មណ្ឌលសុខសាន្តនេះ។ ម្តាយរូបនេះបញ្ជាក់ថា​ «ខ្ញុំគិតថា​មាន​តែម្នាក់​​ឯងទេ ដែលមានកូនបែបនេះ។ តែពេលមកទីនេះមានគេ​ឯងក៏មានសភាព​បែប​នេះដែរ ដូច្នេះអាចជួយកាត់បន្ថយផ្លូវចិត្តខ្ញុំ។ មកទីនេះគឺមានការលើកទឹកចិត្តច្រើននិងមានកម្លាំង​ជានិច្ច​ក្នុងការរក្សាកូនម្នាក់នេះ។ មិនខ្មាសគេទៀតទេទៅណាក៏ពរកូនខ្ញុំទៅដែរ»។​

ទោះបីដឹងថា​ថ្ងៃ​កូន​ម្នាក់នេះគ្មានសង្ឃឹមថាដូចក្មេងដទៃ ប៉ុន្តែអ្នកស្រីម៉េនយុំនៅតែខិតខំ​យកកូនមកដើម្បីធ្វើចលនា​សរសៃជារៀងរាល់ថ្ងៃ។

មណ្ឌលភូមិសុខសាន្តបានបង្កើតឡើងដោយលោកអូលីវីយេ ជ្មីត​អីស៊្លែរ នៅដើមទសវត្សឆ្នាំ២០០០ នៅភ្នំវល្លិ៍ ក្នុងខេត្ត​កំពត​ជាមួយក្រុមគ្រួសារ ដែលរស់នៅជាមួយមេរោគអេដស៍រហូតឆ្នាំ២០១០ បានប្តូរទីតាំង​មកកាន់ភូមិពងទឹកខាងត្បូង ឃុំគូស ស្រុកត្រាំកក់ ​ខេត្តតាកែវ​។ តាមរបាយការរបស់លោកកែវ ភោគ ប្រធានមណ្ឌលសុខសាន្តបានឲ្យដឹងថា សម្រាប់ទីតាំងថ្មីមានផ្ទះសម្រាប់គ្រួសាររស់នៅជាមួយមេរោគអេដស៍​១០ខ្នង ​មត្តេយ្យសាលា​តាមគរុកោសល្យម៉ុតេសូរី ផ្ទះស្នាក់នៅសម្រាប់សិស្សចំនួន​២ខ្នង  អាគារស្វាគមន៍ និងថែទាំ​កុមារមានពិការភាពចំនួន២ខ្នង រួមនិងអាគារមួយចំនួនដែល​បម្រើដល់សកម្មភាព​ក្នុងមណ្ឌល​ភូមិសុខសាន្ត។

លោកកែវ​ ភោគបន្តថាសម្រាប់អាគារថ្មីមួយខ្នងដែលសម្ពោធដាក់ឲ្យប្រើប្រាស់សម្រាប់សកម្មភាពថែទាំកុមារមានពិការ​ភាពនាព្រឹកថ្ងៃសុក្រទី ៥ ខែមេសា ឆ្នាំ២០១៩នេះ មានចំនួន៧បន្ទប់ គឺមានបន្ទប់ ព្យាបាលដោយចលនាមួយបន្ទប់ បន្ទប់​សម្រួលអារម្មណ៍កុមារ​១បន្ទប់ បន្ទាប់ថ្នាក់អប់រំពិសេសមួយបន្ទប់ បន្ទប់ហាត់ភាសាមួយបន្ទប់ បន្ទប់ការិយាល័យ បន្ទប់ដាក់សម្ភារ២បន្ទប់ បន្ទប់ទឹក៣បន្ទប់ និងអាងហែលទឹកសម្រាប់លំហាត់ប្រាណនិងព្យាបាលដោយចលនាចំនួនមួយ។ អាគារថ្មីនេះ ជាអំណោយ​របស់ក្រុមសប្បុរសជនបេសកកម្ម​កម្ពុជា (Mission Cambodge)។   

តាមលោកកែវ ភោគ រហូតមកដល់ពេលនេះមណ្ឌលភូមិសុខសាន្តបានទទួលកុមារមានពិការភាពចំនួន ៨៤នាក់ ក្នុងនោះកុមារដែលមានទទួលសេវាប្រចាំថ្ងៃមានចំនួន ពី១៥ ទៅ​២០នាក់ ពីថ្ងៃចន្ទដល់ថ្ងៃសុក្រដោយទទួលព្យាបាលដោយចលនា ថែទាំសុខភាពអនាម័យ ទទួលអាហារបំប៉នជាដើម។  មណ្ឌលក៏មានបង្រៀនអក្សរលេខនិងបង្រៀនអំពីការរស់ប្រចាំថ្ងៃដល់កុមារផងដែរ។

ក្រៅពីនេះមណ្ឌលក៏បានទៅតាមផ្ទះ ក្នុងមួយ​សប្តាហ៍៣ដង ដើម្បីផ្តល់សេវា​ដល់កុមារដែលមានពិការភាពធ្ងន់ និងស្រាលនៅតាមផ្ទះផងដែរ។

លោកអភិបាលអូលីវីយេដែលជាស្ថាបនិកនៃមណ្ឌលសុខសាន្តមានប្រសាសន៍ថា មនុស្សគ្រប់រូបមិនថាចាស់ ក្មេងប្រុសស្រី មិនថាជនមានពិការភាពនោះទេ គ្រប់គ្នាសុទ្ធតែជាមនុស្សដូចគ្នា មានសិទ្ធិស្មើគ្នា ដូច្នេះត្រូវចេះស្រលាញ់​សាមគ្គីគ្នានិងឲ្យតម្លៃគ្នាទៅវិញទៅមកកុំមានការរើសអើង និងត្រូវជំរុញលើកទឹក​ចិត្ត​គ្នាទៅវិញទៅមក ដើម្បីទទួលបានជោគជ័យនិងសុភមង្គលក្នុងជិវិត។

លោកបានឲ្យដឹងថា ការកសាងអាគារថ្មីក្នុងមណ្ឌលសុខសាន្តនេះ គឺដើម្បីជួយផ្តល់ការថែទាំសុខភាពដល់​កុមារមានពិការភាពនៅទីនេះ ឲ្យពួកគេទទួលបានក្តីស្រលាញ់ ការយកចិត្តទុកដាក់ និងការថែទាំសុខ​ភាពបាន​ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងអប់រំពួកគេឲ្យមានចំណេះដឹងនិងឈ្លាសវៃដូចកុមារធម្មតាដែរ។​

លោក​អភិបាល​បន្ថែម​ថា ការថែទាំកុមារពិការមិនមែនជាការងាយស្រួលនោះទេ គឺមានការលំបាកទ្វេរដងបើប្រៀបធៀបទៅនឹងការថែទាំកុមារធម្មតា។ លោកអភិបាលក៏បានលើកទឹកចិត្តឲ្យគ្រប់មជ្ឈដ្ឋានទាំងអស់ ចូលរួមជួយដល់កុមារមានពិការភាពកុំមានការរើសអើង និងថែទាំសុខភាពរបស់ពួកគេឲ្យបានល្អ។ ជនពិការខ្លួនឯងក៏ត្រូវខិតខំប្រឹងប្រែងតស៊ូនិងរឹងមាំកុំបាក់ទឹកចិត្តព្រោះជនមានពិការមិនមែននៅឯកោនោះឡើយ។​

លោកសែចាន់ថុនជាបុគ្គលិកមណ្ឌលសុខសាន្ត​ ផ្នែកសម្រួលអារម្មណ៍កុមារមានពិការភាព​ បាននិយាយថា ធ្វើការជាមួយកុមារមានពិការភាពសតិបញ្ញាមានការលំបាក ព្រោះគេមិនរឹងមាំដូចធម្មតា ហើយ​ភាសារក៏ពិបាកទំនាក់ទំនង ព្រោះគាត់មិនចេះនិយាយ ស្តាប់ក៏ពិបាក។ ជារួមត្រូវការយកចិត្តទុកដាក់ បំផុតព្រោះពិបាកណាស់។

លោកបានឲ្យដឹងពីអារម្មណ៍របស់លោកថា «​ពេលខ្លះខ្ញុំក៏ធុញថប់​ជាមួយគាត់ដែរ។ តែ​ព្រោះតែការស្រលាញ់ចំពោះកុមារទាំងនោះ ហេតុនេះត្រូវព្យាយាមនៅជាមួយគាត់ លេងជាមួយគាត់​ ជួយគាត់គ្រប់ពេលវេលាពេលគាត់ត្រូវការ។ ការងារនេះខ្ញុំធ្វើដោយចិត្តស្រលាញ់។ ពេលកុមារញញឹមដាក់ គឺមានអារម្មណ៍សប្បាយរីករាយណាស់»។

ចាន់ ថុនបញ្ជាក់ថា «ខ្ញុំចង់ជួយកុមារទាំងនោះ ​ទោះបីមិនបាន១០០%​ល្អដូចក្មេងធម្មតា។​ ផ្តល់កម្លាំងចិត្តដល់ពួកគាត់ឲ្យមានកម្លាំងចិត្តនិងសេចក្តីសង្ឃឹម​ក្នុងជីវិតរបស់ពួកគាត់។ ពេលគាត់មានអំណរនាំឲ្យរស់នៅបានយូរដែរ»៕