ព័ត៌មានភូមិភាគភ្នំពេញ

មជ្ឈមណ្ឌលវប្បធម៌ និងភាសាបរទេស ក្រុងកំពតប្រារព្ធពិធី បុណ្យព្រះយេស៊ូប្រសូត

ខេត្តកំពត៖ មជ្ឈមណ្ឌលវប្បធម៌ និងភាសាបរទេស ក្រុងកំពតជាគ្រឹះស្ថាន អប់រំនៃព្រះសហគមន៍កាតូលិក ដែលបានបង្កើតឡើង ដោយលោកបូជាចារ្យ អូលីវីយេ ក្នុងឆ្នាំ ២០០៧ បានប្រារព្វកម្មវិធី បុណ្យព្រះយេស៊ូប្រសូតនៅព្រឹកថ្ងៃទី ២២ ខែធ្នូ២០១៨ នេះ ក្រោមអធិបតីភាពរបស់លោកអូលីវីយេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។

តាមសម្តីកញ្ញា ញ៉ែម សុភាព នាយិការងមជ្ឈមណ្ឌល បានឲ្យដឹងថា មជ្ឈមណ្ឌលមានថ្នាក់មត្តេយ្យសិក្សាតាមកម្មវិធី ម៉ុងតេសូរី ដែលទទួលកុមារ ពីអាយុ ៣ឆ្នាំ ដល់៥ឆ្នាំ ។ មានបឋមសិក្សា ថ្នាក់ទី១ និងថ្នាក់ទី២ ដោយបង្រៀនចំណេះដឹងទូទៅ និងមានបញ្ចូលភាសាអង់គ្លេស កំព្យុទ័រ ព្រមទាំងតន្ត្រី។ មានសិស្សសរុបចំនួន១០៤ ក្នុងនោះមត្តេយ្យសិក្សា ចំនួន ៧៥ នាក់ និង សិស្សបឋមសិក្សា ចំនួន២៩នាក់ ។ នាយិការូបនេះបន្តថា មជ្ឈមណ្ឌលក៏មានកម្មវិធីសិក្សាភាសាអង់គ្លេស ក្រៅម៉ោងសម្រាប់សិស្សផ្សេងទៀត ផងដែរ។

ក្រៅពីកម្មវិធីសិក្សា មជ្ឈមណ្ឌលក៏មានសកម្មភាពផ្សេងៗ សម្រាប់បុណ្យធំៗ ដូចជាបុណ្យចូលឆ្នាំខ្មែរ និងបុណ្យព្រះយេស៊ូប្រសូតនេះ។

កញា សុភាព បន្តថា យើងប្រារព្ធបុណ្យព្រះយេស៊ូ ប្រសូត គឺ ដើម្បីចែករំលែកអំណរសប្បាយជាមួយបងប្អូនជាអណាព្យាបាល និងសិស្សានុសិស្ស ព្រោះបុណ្យនេះជាបុណ្យនៃអំណេសប្បាយ រំលឹកអំពីសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់។

នៅក្នុងឨកាសនោះបូជាចារ្យ យ៉ាំងលូកា តាវ៉ូឡា ជាបូជាចារ្យទទួលខុសត្រូវព្រះសហគមន៍តំបន់កំពត បានថ្ងែងថា លោកមានអំណរសប្បាយ ទទួលស្វាគមន៍បងប្អូនទាំងអស់ កូនៗ នៅក្នុងពិធីបុណ្យណូអែលនេះនៅក្នុងមជ្ឈមណ្ឌល ជាសាលារបស់ព្រះសហគមន៍កាតូលិក។ លោកថាបុណ្យណូអែល ជាពេលអំណរសប្បាយ ចែកការដូ និង មានម្ហូបអាហាររួមគ្នា។ ព្រះយេស៊ូប្រសូតក្នុងភាពសមញ្ញ នៅក្នុងក្រោលសត្វ។ គេផ្តេកព្រះកុមារ ក្នុងស្នូកសត្វ។ នោះព្រះសង្គ្រោះរបស់យើងបានយាងមក ដើម្បីសង្គ្រោះមនុស្សទាំងអស់ ។ លោកបន្តថា សូមឲ្យយើងមាន ចិត្តទូលំទូលាយ ចេះទទួលមនុស្សគ្រប់រូប ដើម្បីកសាងសន្តិភាព សេចក្តីសុខសាន្ត។ “សូមព្រះយេស៊ូប្រសូតនាំ សេចក្តីស្រលាញ់ ដល់យើងទាំងអស់គ្នា”។

ជាអធិបតីក្នុងពិធី លោកអភិបាលអូលីវីយេ មានប្រសាសន៍ទៅកាន់កុមារា កុមារីជាសិស្សានុសិស្ស និងអាណាព្យាបាល ព្រមទាំងលោកគ្រូអ្នកគ្រូថា ថ្ងៃនេះ យើងមានអំណរសប្បាយ និងបានជួបជុំ នៅក្នុងបុណ្យព្រះយេស៊ូប្រសូត ជាថ្ងៃដែលយើងសម្តែងសេចក្តីស្រលាញ់។ លោកអភិបាលក៏បានសរសើរ ដល់កូនៗដែលបានបង្ហាញទេពកោសល្យ តាមរយៈការសម្តែងរបាំ សិល្បៈ និងកាយវិកាយអំពីកំណើតព្រះយេស៊ូ។

លោកអភិបាលបន្តថា កម្ពុជាបច្ចុប្បន្ន កម្ពុជាកំពុងរីកចម្រើន បើធៀបនឹង២០ឆ្នាំមុន។ ហើយ ឆ្នាំ ២០៥០ កម្ពុជានឹងទៅជាប្រទេសអភិវឌ្ឍ រីកចម្រើន។ ហេតុនេះ កុមារទាំងនេះ ចូលសាលាមត្តេយ្យរបស់យើង ដែលមានកម្មវិធី ម៉ុងតេសូរី ដែលកសាងគ្រឹះរឹងមាំរបស់គេ ហើយដល់ឆ្នាំ២០៥០ កុមារទាំងនេះទៅជាមាតាបិតា ល្អ និងរួមគ្នា យ៉ាងសកម្មក្នុងសង្គម។

លោកបន្តផ្តាំអ្នកគ្រូ សិស្សានុសិស្ស មាតាបិតា សិស្សថា សូមយកចិត្តទុកដាក់ ធ្វើឲ្យសាលាយើងទៅជាសាលាល្អ ធ្វើជាគ្រូល្អ ធ្វើជាសិស្សល្អ ដើម្បីមានអនាគតល្អ និងកសាងសង្គមល្អ។

ចុចដើម្បីមើលរូប http://catholiccambodia.org/%E1%9E%A2%E1%9E%94%E1%9E%A2%E1%9E%9A%E1%9E%9F%E1%9E%B6%E1%9E%91%E1%9E%9A%E1%9E%94%E1%9E%BB%E1%9E%8E%E1%9F%92%E1%9E%99%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%99%E1%9F%81%E1%9E%9F%E1%9F%8A%E1%9E%BC-2/