ព័ត៌មានភូមិភាគភ្នំពេញ

ព្រះសហគមន៍​កាតូលិក នៅកម្ពុជា ​ខ្វះ​អ្នក​បួស​

នៅ​ក្នុង​​ពិធី​អធិដ្ឋាន​សម្រាប់​ការ​ត្រាស់ហៅ​លើក​ទី​៨៣ នៅ​ព្រះវិហារ​សន្ត​ហ្វ្រង់ស្វ័រ​សាវីយ៉េ​(ចំប៉ា) នៃ​មណ្ឌល​សកកម្មភាព​មេគង្គ លោក​អភិបាល​អូលីវីយេ ជ្មីតអីស្ល៊ែរ ស្នើ​សុំ​ឲ្យ​មាន​ការ​អធិដ្ឋាន​បន្ថែម​ទៀត សម្រាប់​ជីវិត​ជាអ្នក​បួស​ដើម្បីបម្រើ​ដល់​​ព្រះសហគមន៍។ លោក​មាន​ប្រសាសន៍​ថា «យើង​ត្រូវ​ការ​បព្វជិត បព្វជិតា ដើម្បី​បម្រើ​បងប្អូន​ទាំងអស់​ឲ្យ​ចូល​ទៅ​ក្នុង​ជីវិត​ថ្មី​នេះ»។

នៅ​ក្នុង​ធម្មទេសនា​នេះ​ដែរ លោក​អភិបាល​អូលីវីយេ បាន​បញ្ជាក់​ថា សព្វ​ថ្ងៃ​ព្រះសហគមន៍​នៅ​ខ្វះ​បូជាចារ្យ និង​បងស្រី។ ដូច្នេះ​ហើយ លោក​អភិបាល​បាន​អំពាវ​នាវ​ដល់​យុវជន យុវនារី​ឲ្យ​ស្ម័គ្រ​ចិត្ត​ដើម្បី​បម្រើ​ព្រះសហគមន៍​ដែល​ជា​ប្រជារាស្ត្រ​របស់​ព្រះជាម្ចាស់។

លោក​អភិបាល​បាន​ឲ្យ​ដឹង​ថា មុខ​ងារ​ជា​បូជាចារ្យ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​​ព្រះសហគមន៍​ ដោយសារ​ «តាម​រយៈ​អគ្គ​សញ្ញា​នានា​បាន​ធ្វើ​ឲ្យ​គ្រីស្តបរិស័ទ​ចូល​ទៅ​ក្នុង​ជីវិត​ថ្មី​ដែល​បាន​ទទួល​ការ​សង្គ្រោះ»។

លោក​អភិបាល​ក៏​បាន​ជំរុញ​ដល់​គ្រីស្ត​បរិស័ទ​ទាំងអស់​ឲ្យ​ចេះ​លើក​ទឹក​ចិត្ត​កូន​ចៅ ដើម្បី​ក្លាយ​ទៅ​ជា​បព្វជិត បព្វជិតា និង​អប់រំ​កូនៗ​ឲ្យ​ចេះ​អធិដ្ឋាន ស្រឡាញ់​ព្រះយេស៊ូ ស្រឡាញ់​ព្រះនាង​ម៉ារី​ និង​​ចូល​ព្រះវិហារ​រៀង​រាល់​អាទិត្យ ដើម្បី​ភ្ជាប់​ជាមួយ​ព្រះយេស៊ូ ព្រម​ទាំង​ចេះ​គោរព​ចាស់​ទុំ និង​បព្វជិត​បព្វជិតា។ ក្នុង​នោះ​ដែរ​លោក​ក៏​បាន​​ ដាស់​តឿន​យុវជន​យុវនារី​ឲ្យ​ចេះ​គិត​អំពី​អនាគត​របស់​ខ្លួន និង​អនាគត​​របស់​​ព្រះសហគមន៍​ផងដែរ។

កម្មវិធី​អធិដ្ឋាន​នេះ បាន​ធ្វើ​ឡើង​នៅ​ភូមិចំប៉ា ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល នា​ថ្ងៃ​ទី​២ ឧសភា ២០១៩ ដោយ​មាន​គ្រីស្ត​បរិស័ទ​ចូល​រួម​ជា​ច្រើន​កុះករ។ ជា​រៀង​រាល់​មួយ​ខែ​ម្តង​ព្រះសហគមន៍​កាតូលិក​ភូមិ​ភាគ ភ្នំពេញ ​រៀបចំ​កម្មវិធីនេះ នៅ​តាម​​មណ្ឌល​កម្មភាព​នានា​ ដោយ​អធិដ្ឋាន​ពេញ​យប់​ ដើម្បីការ​ត្រាស់ហៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

ដាលីស